ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសនានាវាយតម្លៃពីផលប៉ះពាល់នៃការបោះឆ្នោតនៅតៃវ៉ាន់ ខណៈយុទ្ធនាការឃោសនាចូលដល់ប៉ុន្មានសប្ដាហ៍ចុងក្រោយ


រូបឯកសារ៖ ក្រុមអ្នកគាំទ្រគណបក្ស​ Kuomintang កាន់​ទង់ជាតិ​កោះតៃវ៉ាន់​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​​មួយ​ នៅ​ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ ក្រុមអ្នកគាំទ្រគណបក្ស​ Kuomintang កាន់​ទង់ជាតិ​កោះតៃវ៉ាន់​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​​មួយ​ នៅ​ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។

ខណៈ​ដែល​ការ​បោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៣ ខែ​មករាឆាប់ៗ​ខាងមុខ ការ​ស្ទាបស្ទង់​មតិ​នានា​បង្ហាញ​ថា ការ​នាំមុខ​របស់​បេក្ខជន​ប្រធានាធិបតី​ទៅ​លើ​គូប្រជែង​របស់​លោក​បាន​ធ្លាក់​ចុះ ដែល​ការ​នេះ​នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​ប្រជែង​នេះ​កាន់​តែ​មាន​ភាព​ក្ដៅ​គគុក។

ការ​បោះឆ្នោត​នេះ មិន​ត្រឹម​តែ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​សារព័ត៌មានក្នុង​ស្រុក​ដែល​បានចុះ​ផ្សាយ​យ៉ាង​ទូលំទូលាយ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​បាន​ជំរុញ​ឱ្យ​ប្រទេស​ជាច្រើន រួមមាន​ទាំងចិន សហរដ្ឋ​អាមេរិក និង​ ជប៉ុន ឃ្លាំមើល​យ៉ាង​ដិតដល់​ទៅ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត និងផល​ប៉ះ​ពាល់​ទៅលើ​សណ្ដាប់​ធ្នាប់​ក្នុង​តំបន់។

ទោះបីជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ប្រហែល​ជា​មិន​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ជា​ដុំ​កំភួន​ទៅ​លើ​ច្រក​សមុទ្រ​តៃវ៉ាន់​ក៏ដោយ អ្នក​វិភាគ​ខ្លះ​និយាយ​ថា រដ្ឋាភិបាល​ចិន​អាច​នឹង​កែ​សម្រួល​សម្ពាធ​របស់​ខ្លួន​ដែល​ដាក់​ទៅ​លើ​តៃវ៉ាន់ អាស្រ័យ​ទៅ​លើ​ថា​តើ​អ្នក​ណា​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​នេះ។

លោក Ian Chong គឺជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី។ លោក​បាន​ថ្លែង​ប្រាប់​វីអូអេ តាម​ទូរស័ព្ទ​ថា៖ «ជាទូទៅ ខ្ញុំ​យល់​ថា សម្ពាធ​របស់​ចិន​ទៅ​លើ​តៃវ៉ាន់​នឹង​មិន​ថមថយ​ទេ មិនថា​អ្នកណា​ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​នេះ​ទេ​ ពីព្រោះ​គោលដៅ​ចុងក្រោយ​របស់​ទីក្រុង​ប៉េកាំង​គឺ​ដាក់​ការគ្រប់គ្រង​ទៅ​លើ​កោះ​តៃវ៉ាន់»។

លោក​បន្ត​ថា៖ «ប្រសិន​បើ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ DPP ទទួល​បាន​ជ័យ​ជម្នះនោះ​ ទីក្រុង​ប៉េកាំង​នឹង​មាន​វិធានការ​ដែល​អាច​មាន​លក្ខណៈ​បង្កហេតុ​ខ្លាំង​ជាង​មុន ប៉ុន្តែ​ប្រសិន​បើ​ជ័យជម្នះ​បាន​ទៅ​លើ​គណបក្ស​គួមីងតាង KMT វិញ​នោះ ចិន​ប្រហែល​ជា​នឹង​ព្យាយាម​រៀបចំ​អ្វី​មួយ​ជាមួយ​គណបក្ស​នេះ ​ធ្វើ​យ៉ាងណា​ឱ្យ​កោះ​តៃវ៉ាន់​មាន​ការ​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​ទៅ​លើ​ចិន»។

ស្រប​ពេល​ដែល​បញ្ហា​កោះ​តៃវ៉ាន់ នៅ​តែ​ជា​បញ្ហា​រសើប​បំផុត​រវាង​សហរដ្ឋ​អាមេរិក និងចិន អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា ទំនាក់ទំនង​រវាង​មហាអំណាច​ទាំង​ពីរមាន​សារៈសំខាន់​ក្នុង​ការ​ទប់ស្កាត់​កុំ​ឱ្យ​ភាព​តានតឹង​រវាង​ទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​ប៉េកាំង​ឡើង​កម្ដៅ​សាជាថ្មី។

អ្នកស្រី Amanda Hsiao អ្នកវិភាគ​ជាន់​ខ្ពស់​នៅ​អង្គការ​ International Crisis Group បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ទាំង​ទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​ប៉េកាំងមាន​ភាព​រសើប​ទៅ​លើ​របៀប​ដែល​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​តៃវ៉ាន់​អាច​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​ឡើង​វិញ។​ នេះ​ជា​ហេតុផល​មួយ​ដែល​មេដឹកនាំប្រទេស​ទាំង​ពីរ​ប្រើប្រាស់​ជំនួប​របស់​ពួក​គេ​នៅ​ទីក្រុង​ San Francisco សហរដ្ឋ​អាមេរិក ដើម្បី​បន្ថយ​កម្ដៅ​នៃ​ភាព​តានតឹង​នេះ»។

រូបឯកសារ៖ រូបភាព​នៃ​ល្បែង​កូនអុកដែលមាន​ទង់ជាតិ​ចិន​និង​ទង់ជាតិ​កោះតៃវ៉ាន់នៅពីខាងក្រោយ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១១។
រូបឯកសារ៖ រូបភាព​នៃ​ល្បែង​កូនអុកដែលមាន​ទង់ជាតិ​ចិន​និង​ទង់ជាតិ​កោះតៃវ៉ាន់នៅពីខាងក្រោយ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១១។

ចិន​រំពឹង​ថា​នឹង​ទប់ស្កាត់​មិន​ឱ្យ​មាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស DPP ​ម្ដង​ទៀត

ចាប់តាំង​ពី​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​ DPP បាន​ឡើង​កាន់​អំណាច​នៅ​កោះ​តៃវ៉ាន់​កាល​ពី​ឆ្នាំ​ ២០១៦​ មក ទំនាក់ទំនង​ចិន​និង​កោះ​តៃវ៉ាន់បាន​ជាប់​គាំង​ ដោយ​ទីក្រុង​ប៉េកាំង​បាន​កាត់​ផ្ដាច់​សារគមនាគមន៍​ផ្លូវការជាមួយ​ទីក្រុង​តៃប៉ិ។ លោក Chong ពី​ប្រទេស​សិង្ហបុរី និយាយ​ថា សេណារីយ៉ូ​ដែល​គួរ​ឱ្យ​បារម្ភ​សម្រាប់​ទីក្រុង​ប៉េកាំង​ទាក់​ទិន​នឹង​ការ​បោះឆ្នោត​នេះ ​គឺ​ជ័យ​ជម្នះ​របស់​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​សម្រាប់​តំណែង​ប្រធានាធិបតី និងការ​រក្សា​បាន​សំឡេង​ភាគច្រើន​របស់​គណបក្ស​នេះ​នៅ​ក្នុង​រដ្ឋសភា​ Yuan នៃ​កោះ​តៃវ៉ាន់។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ខ្ញុំ​យល់​ថា នេះ​ជា​សេណារីយ៉ូ​ដែល​គួរ​ឱ្យ​រំខាន​យ៉ាង​ខ្លាំង​សម្រាប់​ទីក្រុង​ប៉េកាំង ពីព្រោះ​ពួក​គេ​នឹង​យល់​ថា ពួក​គេ​មិន​មាន​អំណាច​អ្វី​ទៅ​បង្ខិត​បង្ខំ​តៃវ៉ាន់​តាម​តែ​ពួកគេ​ចង់​នោះ​ទេ»។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ចិន​កំពុង​ព្យាយាម​ប្រមែ​ប្រមូល​ការ​គាំទ្រ​សម្រាប់​ការ​បោះឆ្នោត​នៅ​ពីក្រោយ​បេក្ខជន​ដែល​ប្រឆាំង​នឹង​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ ចិន​បាន​បន្ថែម​សម្ពាធ​បែប​បង្ខិត​បង្ខំ​ដើម្បី​ព្យាយាម​ជ្រៀត​ជ្រែក​ការ​បោះឆ្នោត​នៅ​តៃវ៉ាន់ និង​បាន​ដាក់​ពង្រាយ​យន្តហោះ​យោធា និងបាឡុង​ហោះ​នៅ​តំបន់​ក្បែរ​កោះ​តៃវ៉ាន់ ព្រម​ទាំងបាន​ផ្អាក​ការអនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំចូល​ផលិតផល​គីមី​ឥន្ធនៈ​របស់​តៃវ៉ាន់​ចំនួន ១២​ មុខ។

លោក​ Chong និយាយ​ថា ប្រសិន​បើ​លោក​ ​ Lai Ching-te ឈ្នះ​ការ​បោះឆ្នោត​សម្រាប់​តំណែង​ប្រធានាធិបតី​ ប៉ុន្តែ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ DPP ​របស់​លោក​មិន​អាច​ទទួល​បាន​កៅអី​ភាគ​ច្រើន​នៅ​រដ្ឋសភា​នោះ ទីក្រុង​ប៉េកាំង​អាច​នឹង​ព្យាយាម​ទ្វេ​ដង​ដើម្បី​ធ្វើ​ឱ្យ​លោក Lai ​ជ្រុល​ខ្លួន​មាន​កំហុស ឬទ្រាំ​មិន​បាន​ «ស្រែក​ថ្កោល​ទោស‍»​តែ​ម្ដង។

លោក​ Chong ពន្យល់​ថា៖ «ប្រទេស​ចិន​ប្រហែល​នឹង​ធ្វើ​តេស្ត​លោក​ដើម្បី​ដឹង​ថា តើ​ចំណុច​ណា​ជា​បន្ទាប់​ក្រហម ហើយ​ចំណុច​ណា​ដែល​លោក​អាច​ជ្រុល​ធ្វើ​កំហុស‍»។

រូបឯកសារ៖ នាវា​បាញ់​កម្ទេច​មីស៊ីល USS Ralph Johnson របស់​សហរដ្ឋអាមេរិក​ធ្វើ​ប្រតិបត្តិការ​នៅ​ច្រក​សមុទ្រ​កោះតៃវ៉ាន់​ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។
រូបឯកសារ៖ នាវា​បាញ់​កម្ទេច​មីស៊ីល USS Ralph Johnson របស់​សហរដ្ឋអាមេរិក​ធ្វើ​ប្រតិបត្តិការ​នៅ​ច្រក​សមុទ្រ​កោះតៃវ៉ាន់​ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។

ទីក្រុង​វ៉ាស៊ីនតោន​សម្លឹងរក​លទ្ធភាព​ព្យាករ​បាន

ខណៈ​ពេល​ដែល​ទីក្រុង​ប៉េកាំង​ព្យាយាម​រារាំង​គណបក្ស​ DPP​ មិន​ឱ្យ​ឡើង​កាន់​អំណាច​សម្រាប់​អាណត្តិ​ទី ៣ ​ដែល​មិន​ធ្លាប់​មាន​ពី​មុននោះ​ អ្នក​ជំនាញ​មួយ​ចំនួន​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ជំហរ​របស់​បេក្ខជន​ប្រធានាធិបតី​ទាក់​ទិន​នឹង​ទំនាក់ទំនង​រវាង​អាមេរិក​និង​តៃវ៉ាន់ និងទំនាក់​ទំនង​ចិន​និង​តៃវ៉ាន់។

លោក Lev Nachman អ្នកជំនាញ​ផ្នែក​នយោបាយ​តៃវ៉ាន់​ នៅ​សាកល​វិទ្យាល័យ​ជាតិ Chengchi នៅ​កោះ​តៃវ៉ាន់ បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា៖ «បេក្ខជន​ប្រធានាធិបតី​ទាំង​បី​រូប បាន​ប្ដេជ្ញា​ដើរ​តាម​គោលការណ៍​មួយ​ដែល​គេ​ហៅ​ថា «ខ្ញុំ​គឺជា​អ្នកស្រី ​Tsai Ing-wen 2.0» នៅ​ពេល​និយាយ​អំពី​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និងកោះ​តៃវ៉ាន់ ហើយ​ការ​ថ្លែង​បែប​នេះ​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​ធូរ​ក្នុង​ចិត្ត​បាន​មួយ​កម្រិត»។

ប៉ុន្តែដោយ​សារ​លោក Jaw Shao-Kang បេក្ខជន​អនុ​ប្រធានាធិបតី​របស់​គណបក្ស​គួមីងតាង​បាន​លើក​ឡើង​អំពី​ «ការ​មន្ទិល​សង្ស័យ​លើ​អាមេរិក» ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ការ​នេះ​ធ្វើ​ឱ្យ​អ្នក​វិភាគ​មួយ​ចំនួន​យល់​ថា ទីក្រុង​វ៉ាស៊ីនតោន​អាច​រៀបចំ​យុទ្ធសាស្ត្រ​ដោយ​ប្រុង​ប្រយ័ត្ន​ដើម្បី​ធ្វើ​ការ​ជាមួយ​រដ្ឋបាល​កោះ​តៃវ៉ាន់​ ដែល​មិន​សូវ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក។

លោក Jaw Shao-Kang ថ្លែងថា៖ «ការ​មន្ទិល​សង្ស័យ​លើ​អាមេរិក» គឺជា​ឃ្លា​ក្រើន​រំលឹក​ដែល​ថា​ តៃវ៉ាន់​គួរ​តែ​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ពួក​គេ​មាន​ទំនាក់ទំនង​ជាមួយ​អាមេរិក ដោយសារ​តែ​ការ​យល់​ឃើញ​អំពី​ភាព​កម្សោយ ឬ ភាព​អាត្មានិយម​របស់​អាមេរិក។ ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ភាគច្រើន​នៃ​ការ​លើក​ឡើង​បែប​នេះ​កើត​ចេញ​ពី​កោះ​តៃវ៉ាន់​ផ្ទាល់​ ប៉ុន្តែការ​សារ​ខ្លះ​ទៀត​ក៏​បាន​ចេញ​ពី​ចិន និង រុស្ស៊ី ផង​ដែរ។

អ្នកស្រី Sara Newland គឺជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​មហា​វិទ្យាល័យ Smith College។ អ្នកស្រីបាន​សរសេរប្រាប់​វីអូអេ​ថា៖ «ប្រសិន​បើ​លោក Jaw ក្នុង​នាម​ជា​អនុ​ប្រធានាធិបតី​ ដឹកនាំ​គណបក្ស​គួមីងតាង​ ឱ្យ​ផ្ដេកផ្ដួល​ទៅ​លើ «ការ​មន្ទិល​សង្ស័យ​លើ​អាមេរិក» ពេល​នោះ​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​ដៃគូ​ចរចា​នៅ​កោះ​តៃវ៉ាន់ ដែល​មាន​លក្ខណៈ​ប្រឆាំង​ជាមួយ​អាមេរិក​ខ្លាំង​ជាង​រដ្ឋាភិបាល​មុន​ក្រោម​ការដឹកនាំ​របស់​លោក Ma Ying-jeou (ម៉ាអ៊ីងចូ) និង​រដ្ឋាភិបាល​បច្ចុប្បន្ន​របស់​លោក​ស្រី Tsai Ing-wen។

លោក Nachman និយាយ​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​មាន​ក្ដី​បារម្ភ ប្រសិន​បើ​ប្រធានាធិបតី​ថ្មី​របស់​កោះ​តៃវ៉ាន់​ពិបាក​នឹង​ព្យាករ​ ឬមិន​រួម​ចំណែក​ធ្វើ​ទំនាក់​ទំនង​អាមេរិក និងកោះ​តៃវ៉ាន់​មាន​ភាព​រីកចម្រើន។

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ដើរ​អម​គ្នា ក្រោយ​កិច្ច​ប្រជុំ​មួយ នៅ​ក្រុង Woodside រដ្ឋ California កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ដើរ​អម​គ្នា ក្រោយ​កិច្ច​ប្រជុំ​មួយ នៅ​ក្រុង Woodside រដ្ឋ California កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជប៉ុន​ចង់​រក្សា​ស្ថានភាព​បច្ចុប្បន្ន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់

ក្រៅ​ពី​សហរដ្ឋ​អាមេរិក និងចិន ប្រទេស​ជប៉ុន​ ក៏​កំពុង​ឃ្លាំ​មើល​យ៉ាង​ដិតដល់​ទៅ​លើ​ការ​វិវត្ត​នៃ​ការ​បោះឆ្នោត​តៃវ៉ាន់។ ចាប់តាំង​ពី​ឆ្នាំ​ ២០២២​ មក ជប៉ុន​បាន​កែប្រែ​គោលនយោបាយ​ក្នុង​វិស័យ​ការពារ និងសន្តិសុខ​គួរ​ឱ្យ​កត់​សម្គាល់​ ដោយសារ​តែ​ភាព​តាន​តឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​នៅ​តំបន់​ជុំវិញ​នោះ។

ទោះបី​ជា​ទីក្រុង​តូក្យូ​ពង្រឹង​សមត្ថភាព​ការពារ​របស់​ខ្លួន​ក៏​ដោយ ក៏​អ្នក​ជំនាញ​ខ្លះ​យល់​ថា រដ្ឋាភិបាល​ជប៉ុន​សង្ឃឹម​ថា អ្នក​ដែល​នឹង​ឡើង​កាន់​អំណាច​បន្ទាប់​នៅ​កោះ​តៃវ៉ាន់ នឹង​ប្ដេជ្ញា​រក្សា​ស្ថានភាព​បច្ចុប្បន្ន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

លោក Stephen Nagy អ្នកជំនាញ​ផ្នែក​សន្តិសុខ​តំបន់​ នៅ​សាកល​វិទ្យាល័យ International Christian University​ ក្នុង​ប្រទេស​ជប៉ុន​ បាន​ថ្លែង​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា៖ «ខ្ញុំ​គិត​ថា ទីក្រុង​តូក្យូ​កំពុង​សម្លឹង​មើល​លើ​ជំហរ​របស់​បេក្ខជន​ប្រធានាធិបតី​ ដោយ​ផ្ដោត​ទៅ​លើ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​ពួក​គេ​ជាមួយ​ចិន។

បើតាម​ការយល់​ឃើញ​របស់​លោក ស្រប​ពេលដែល​ទីក្រុង​តូក្យូ​សង្ឃឹម​ថា​នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​ជាមួយ​តៃប៉ិ​កាន់​តែ​ស៊ីជម្រៅ​នោះ​ ជប៉ុន​នឹង​ប្រើ​ប្រាស់​វិធី​មួយ​ដែល​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ទៅ​លើ​បញ្ហា​ដែល​ងាយ​ប្រេះ​ឆា​នេះ។

លោក​ Nagy ​បន្ថែម​ថា៖ «ជប៉ុន​មិន​ចង់​ផ្លាស់​ប្ដូរ​ជំហរ​ពី​បរិបទ​ចិន​តែ​មួយ​នោះ​ទេ ហើយ​ជប៉ុន​ក៏​យល់​អំពី​បន្ទាត់​ក្រហម​ពី​សំណាក់​ចិន​ផង​ដែរ»។

លោក Nachman ដែល​ស្ថិត​នៅ​កោះ​តៃវ៉ាន់​យល់​ថា ប្រសិន​បើ​គណបក្ស​គួមីងតាង​ ឈ្នះ​ឆ្នោត​នោះ វា​អាច​នឹង​ធ្វើ​ឱ្យ​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​មាន​ភាព​ធូរស្រាល ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា ទីក្រុង​ប៉េកាំង​នឹង​បញ្ឈប់​សកម្មភាព​គឃ្លើន​របស់​ខ្លួន​នៅ​ផ្នែក​ផ្សេង​ទៀត​នៃ​ទ្វីប​អាស៊ី​នោះ​ទេ។

លោក​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ផល​ប៉ះពាល់​សម្រាប់​តំបន់​ដែល​កើត​ចេញពី​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​តៃវ៉ាន់​ នឹង​មាន​នៅ​តែ​ច្រក​សមុទ្រ​តៃវ៉ាន់​ប៉ុណ្ណោះ។ វា​ជា​ទម្រង់​មួយ​នៃការ​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ក្នុង​តំបន់ ប៉ុន្តែ វា​មិន​អាច​លុប​បំបាត់​ភាព​តានតឹង​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​នោះ​ទេ»៕

ប្រែសម្រួល​ដោយ​លោក នៀម ឆេង

XS
SM
MD
LG