ក្នុងចំណោមមន្រ្តីជាន់ខ្ពស់ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនចំនួន១៤នាក់កាលពី ២សប្តាហ៏មុន ក៏មានលោក Joseph Andre Eyebe Eyebe មន្រ្តីជាន់ខ្ពស់បំផុតនៅទីក្រុង Bangante នៅភាគខាងលិចនៃប្រទេស។
មន្រ្តីក្រសួងយុត្តិធម៌របស់ប្រទេសកាមេរូននិយាយថា លោកព្រមទាំងមន្រ្តី១៣នាក់ទៀត ត្រូវបានចោទប្រកាន់ពីករណីពុករលួយដោយតុលាការឧក្រិដ្ឋកម្មពិសេសរបស់ប្រទេសនេះ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារក្នុងរដ្ឋធានីយុនដេ។
អ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ លោក Etienne Dika និយាយថាមនុស្ស១៤នាក់ត្រូវបានចោទប្រកាន់ពីបទបន្លំលួចថវិកាចំនួន៩លានដុល្លារ។ ថវិកានេះគឺសម្រាប់ទូទាត់សងប្រជាជនដែលត្រូវបានជម្លៀសចេញពីដីដែលត្រូវប្រើប្រាស់សម្រាប់សាងសង់កំពង់ផែសមុទ្រដ៏ជ្រៅមួយនៅទីក្រុង Kribi។
លោក Dika និយាយថាជនជាតិកាមេរូនដែលគាំទ្រតម្លាភាព គួរតែជួយរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយជាជាងត្អូញត្អែអំពីការថ្កោលទោសផ្នែកនយោបាយ។ លោកនិយាយថាការចាប់ខ្លួនជនដែលត្រូវបានចោទប្រកាន់នឹងជួយបញ្ចេញការពិត។
យ៉ាងហោចណាស់អតីតមន្រ្តី២៤នាក់ រួមទាំងអតីតនាយករដ្ឋមន្រ្តី លោក Ephraim Inoni និងថ្នាក់ដឹកនាំនៃសាជីវកម្មរដ្ឋផ្សេងៗ ត្រូវបានចាប់ខ្លួនក្នុងអ្វីដែលរដ្ឋាភិបាលហៅថាយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
លោក Marafa Hamidou Yaya ជាអតីតរដ្ឋមន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងចំណោមមនុស្សដែលត្រូវបានចាប់ខ្លួន។ លោកបានអះអាងថា ជនដែលត្រូវបានឃុំខ្លួនទាំងនោះគឺជាជនរងគ្រោះនៃមហិច្ឆិតារបស់លោកប្រធានាធិបតី Paul Biya ក្នុងការកាន់កាប់អំណាចមួយជីវិត។
នៅក្នុងលិខិតមួយទៅកាន់អ្នកសារព័ត៌មានដែលលោក Yaya បានបញ្ជាក់នៅក្នុងឆ្នាំ២០០៨ លោកបានណែនាំលោកប្រធានាធិបតី Biya កុំឲ្យផ្លាស់ប្តូររដ្ឋធម្មនុញ្ញដែលកំណត់អាណត្តិរបស់លោក។ ប៉ុន្តែ លោកប្រធានាធិបតីមិនខ្វល់ពីការដាស់តឿនរបស់លោក ដោយផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ឈរឈ្មោះប្រធានាធិបតីហើយត្រូវបានប្រកាសជាអ្នកឈ្នះ។
លោក Etienne Haman នៃអង្គការក្រៅរដ្ឋាភិបាលនៃប្រទេសកាមេរូន «សិទ្ធិរបស់មនុស្ស ឬ People's Rights» និយាយថាយុទ្ធនាការប្រឆាំងអំពើពុករលួយនេះ ដូចជាសំដៅរកគូប្រកួតប្រជែងរបស់លោក Biya។
លោកនិយាយថាមនុស្សគ្រប់គ្នាគិតថាការឃុំខ្លួនមន្រ្តីពុករលួយនេះមានជាប់ពាក់ព័ន្ធនឹងនយោបាយដោយសារតែអំពើពុករលួយនៅតែបន្ត ទោះបីជាមានការចាប់ខ្លួន និងឃុំខ្លួនជនសង្ស័យទ្រង់ទ្រាយធំក៏ដោយ។ លោកនិយាយថាប្រជាជនកាមេរូនជាច្រើនមិនបានអើពើអំពីការចាប់ខ្លូនដែលពីដំបូងគឺដើម្បីបន្លាចអ្នកដែលលួចថវិការដ្ឋនោះទេ។
អ្នកស្រី Beatrice Animbom លេខាធិការផ្នែកទំនាក់ទំនងរបស់គណបក្សប្រឆាំងចម្បងនៃប្រទេសកាមេរូន «Social Democratic Front» និយាយថាលោកប្រធានាធិបតី Biya គួរតែសុំឲ្យជនសង្ស័យប្រគល់ថវិកាមកវិញជាជាងចាប់ខ្លួនពួកគេ។
«ដំបូង ជនបន្លំប្រាក់គឺរដ្ឋមន្រ្តីនៃប្រទេសនេះ និងមនុស្សដែលស្ថិតនៅក្នុងតំណែងទាំងនោះ។ ឥឡូវ ដល់វេនអ្នកដឹកនាំផ្នែករដ្ឋបាលតាមតំបន់។ ប្រជាជនកាមេរូនកំពុងសួរថាតើជនបន្លំប្រាក់ទាំងនេះនឹងប្រគល់ប្រាក់ត្រឡប់មករតនាគារវិញដើម្បីជួយសាងសង់ផ្លូវ និងផ្គត់ផ្គង់ទឹក និងអគ្គិសនីដែរឬទេ។ នោះជាអ្វីដែលប្រជាជនកាមេរូនចង់បាន»។
រដ្ឋាភិបាលបានត្អូញត្អែអំពីដំណើរការច្បាប់ដែលមានរយៈពេលយូរ និងផលវិបាកក្នុងការតាមដានថវិកាដែលត្រូវបានលួចនៅឯធនាគារបរទេស។ ប៉ុន្តែ ឆ្នាំមុន ប្រទេសកាមេរូនបាននិយាយថាខ្លួនទទួលបានថវិកាសាធារណៈ ចំនួន៤លានដុលា្លរមកវិញ។
រដ្ឋប៉ាន់ស្មានថា ថវិកាសាធារណៈប្រមាណជា ១៥២ លានដុល្លារត្រូវបានលួច។
ច្បាប់ប្រទេសកាមេរូនបានបញ្ជាក់ថាជនសង្ស័យក្នុងអំពើពុករលួយអាចត្រូវឃុំខ្លួន ហើយឯកសារសម្រាប់ធ្វើដំណើររបស់ពួកគេត្រូវបានរឹបអូសក្នុងពេលស៊ើបអង្កេត៕
ប្រែសម្រួលដោយ ទុំ ម្លិះ