ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បិទ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ថៃ​ ដោយសារ​វីរុស​កូរ៉ូណា​ ប៉ះពាល់​ខ្លាំង​ដល់​​សេវាកម្ម​ផ្លូវ​ភេទ​ ដែល​ធ្លាប់​តែ​រីកចម្រើន​


រូបឯកសារ៖ អ្នករកស៊ីផ្លូវភេទរង់ចាំភ្ញៀវនៅតំបន់ភ្លើងពណ៌មួយក្នុងក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នករកស៊ីផ្លូវភេទរង់ចាំភ្ញៀវនៅតំបន់ភ្លើងពណ៌មួយក្នុងក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។

នៅ​សប្តាហ៍​ណា​ដែល​កាក់កប​ នាង Nupchan អាច​រក​ចំណូលបាន​រហូត​ដល់​២៣០ ដុល្លារ​ ដែល​នេះ​ច្រើន​ជាង​ចំនួន​ប្រាក់​ឈ្នួល​អប្បបរមា​រហូត​ដល់​ទៅ​បី​ដង ពី​ភ្ញៀវ ទេសចរ​ដែល​ចេញ​ចូល​ក្រុង​ឈៀងម៉ៃ។ ក្រុង​ឈៀងម៉ៃ​ស្ថិត​នៅ​តំបន់​ជម្រាលភ្នំ​ភាគខាងជើង​ប្រទេស​ថៃ ដែល​ល្បី​ឈ្មោះ​ដោយសារ​ប្រាង្គ​ប្រាសាទ​ពណ៌​មាស និង​ជា​កន្លែង​សម្រាក​លំហែកាយ​មួយ។

​ជា​អ្នក​ប្រកប​របរ​រកស៊ី​ផ្លូវ​ភេទ​ម្នាក់ នាង Nupchan បំពេញតម្រូវ​ការចំណង់​ផ្លូវភេទរបស់​ភ្ញៀវ​ទេសចរ​ទាំងនោះ។

ប៉ុន្តែ​ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​បិទ​សកម្មភាព​សេដ្ឋកិច្ច​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី១៨ ខែ​មីនា​មក ដោយ​បាន​បញ្ឈប់ការ​ធ្វើ​ដំណើរ​តាម​ជើង​អាកាស​សម្រាប់​ហេតុផល​ការងារ និង​ការ​ធ្វើ​ដំណើរ​តាម​ជើង​អាកាស​ជា​ទូទៅ​ចូល​ក្នុងប្រទេស​ថៃ​ នាង Nupchan បាន​បាត់បង់​ភ្ញៀវ​ ហើយ​ជីវភាព​របស់​នាង​ក៏​បាន​បាត់បង់​ដូចគ្នា​ផងដែរ។ ស្រប​ពេល​ដែល​រង្គសាល ក្លឹប​កម្សាន្ត និង​កន្លែង​ម៉ាស្សាផ្សេងៗ​ត្រូវ​បង្ខំ​ឲ្យ​បិទ​ទ្វារ ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ជា​សាកលបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្នែក​អាជីវកម្ម​មួយ ដែល​មាន​ទំហំ​ដល់​ទៅ​មួយ​ពាន់​លាន​ដុល្លារ។

​តំបន់កម្សាន្ត​ក្រោមភ្លើង​ពណ៌​នៅ​ក្រុង​បាងកក​ ក្រុង​ប៉ាតាយ៉ា និង​កោះ​ភូកេត ដែល​ពី​មុនមកធ្លាប់​មាន​ទៅ​ដោយ​តន្រ្តី​រាំ និង​ភ្លើង​ចម្រុះ​ពណ៌ បាន​ក្លាយ​ទៅជា​ទី​ស្ងាត់ជ្រងំ និង​ងងឹត។ ទោះបី​ជា​មាន​ភាព​ល្បី​រន្ទឺ​ក៏ដោយ ក៏វិស័យ​សេវាកម្ម​ផ្លូវភេទនៅ​ប្រទេស​ថៃ​មិន​ទាន់​ត្រូវ​បាន​ចាត់​ទុក​ជា​សកម្មភាព​ស្រប​ច្បាប់​នៅ​ឡើយ​ទេ ដែល​ការណ៍​នេះ​បង្ក​ការ​លំបាក​ក្នុង​ការ​វាស់វែង​ពី​ទំហំ​ពិតប្រាកដ​នៃ​វិស័យ​មួយ​នេះ។ ​

ការ​សិក្សា​ដោយ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០០៣ បាន​ប៉ាន់ស្មាន​តម្លៃ​វិស័យ​នេះ​ក្នុង​ទំហំ ៤ ពាន់ ៣ រយ ​លាន​ដុល្លារ។ នេះ​បើ​យោង​ទៅ​តាម​អង្គការ Empower ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាលមួយ ដែល​ជួយ​គាំពារអ្នករកស៊ីផ្លូវភេទ​នៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​អតីត​អ្នក​នយោបាយ​ថៃ និង​ម្ចាស់​ហាង​ម៉ាស្សា​ម្នាក់បាន​វាយតម្លៃ​តម្លៃ​ទំហំ​នេះ​រហូត​ដល់ ៦ ពាន់ ៤ រយ លាន​ដុល្លារ​នៅ​ឆ្នាំ​២០១២។ ហើយ​ចំនួន​មនុស្ស​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​នេះ​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​មាន​ពី​មួយ​សែន​ទៅ​បី​សែន​នាក់។​

អង្គការ​ Empower និង​អង្គការ​ដទៃ​ទៀតនិយាយ​ថា ឥឡូវ​នេះ អ្នករកស៊ី​ផ្លូវ​ភេទ​មួយ​ភាគ​ធំកំពុង​អត់​ការងារ​ធ្វើ ហើយ​ពួកគេ​កំពុង​តែ​ប្រើប្រាស់​លុយ​សន្សំ និង​ទ្រព្យសម្បត្តិ​ដែល​មាន។

នាង​ Nupchan ដែល​ផ្ដល់​តែ​នាម​ខ្លួន​ ដោយសារ​តែ​ការ​ព្រួយបារម្ភ​ពី​ការ​ចាប់ខ្លួន​ បាន​និយាយ​ថា៖ «វា​ពិត​ជា​ធ្វើ​ឲ្យតានតឹង​អារម្មណ៍​ខ្លាំង​ណាស់។ ខ្ញុំ​គិត​ច្រើន​ពី​រឿងបន្ថយ​ការ​ចាយវាយ ការ​បង់ថ្លៃ​ផ្សេងៗ និង​ការ​រក​លុយ»។

នាង​បាន​បន្ត​ថា៖ «ខ្ញុំ​បាន​ដាក់​បញ្ចាំ​ទ្រព្យ​ទាំងអស់​ដែល​ខ្ញុំ​មាន ទាំង​ចិញ្ចៀន ខ្សែក គ្រឿង​អលង្ការ។ ខ្ញុំ​បានដាក់​បញ្ចាំ​ទាំងអស់»។

ដូច​អ្នក​រកស៊ី​ផ្លូវ​ភេទ​ដទៃ​ទៀត​ដែរ នាង​ Nupchan ក៏​មាន​សមាជិកគ្រួសារ​ដែល​ពឹង​ផ្អែក​លើ​ចំណូល​របស់​នាង​ផង​ដែរ ដែល​រួម​មាន​បងប្រុស​ច្បង​ពីរ​នាក់ និង​ជីដូន​ម្នាក់។ អ្នក​រកស៊ី​ផ្លូវភេទ​មួយ​ចំនួន​ទៀត​ក៏​មាន​កូន​ក្នុង​បន្ទុក​ផង​ដែរ។

អ្នកស្រី Liz Hilton នាយិកា​អង្គការ​ Empower បាន​និយាយ​ថា អ្នករកស៊ី​ផ្លូវ​ភេទ​ ដែល​អាច​វិលត្រឡប់​ទៅស្រុក​កំណើត​វិញ​បាន បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ ហើយ​អ្នក​រកស៊ី​ផ្លូវភេទ​ ដែល​គ្រួសារ​មាន​ចម្ការ​ បាន​ងាក​មក​ធ្វើ​ចម្ការ​វិញ ខណៈ​ការ​បិទ​សកម្មភាព​សេដ្ឋកិច្ច​នៅ​តែបន្ត​ធ្វើ​ឡើង។ អ្នក​រកស៊ី​ផ្លូវ​ភេទ​ដទៃ​ទៀត​ត្រូវ​បង្ខំ​ចិត្ត​ស្នាក់​នៅ​មួយ​កន្លែង ដោយ​សារ​តែ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ ឬ​ការ​បិទ​ព្រំដែន។

អ្នកស្រី Surang Janyam នាយិកា​អង្គការ​ Service Workers in Group (SWING) ដែល​ជា​អង្គការ​គាំពារអ្នករកស៊ី​ផ្លូវភេទ​មួយ​ទៀត បាន​និយាយ​ថា ក្រុម​ការងារ​របស់​អ្នកស្រី​បាន​រកឃើញ​ថា មាន​អ្នករកស៊ីផ្លូវភេទ​ប្រមាណ ២០​នាក់ លែង​មាន​លទ្ធភាព​បង់ថ្លៃផ្ទះ​ជួល ហើយត្រូវ​មក​រស់​នៅ​តាម​ជើងភ្នំ​នៅ​ជាយក្រុង​ប៉ាតាយ៉ា ដែល​ជា​ទីក្រុង​ជាប​មាត់​សមុទ្រមួយ​ល្បី​ឈ្មោះ​សម្រាប់​អ្នកទេសចរ​ផ្លូវភេទ។

​ជាមួយ​នឹង​ជម្រើស​តិច​ជាង​មុន អ្នក​រកស៊ី​ផ្លូវភេទ​មួយ​ចំនួន​នៅ​តែ​បន្ត​ទទួល​ភ្ញៀវ ដោយ​ធ្វើ​ឲ្យ​ពួកគេប្រឈម​នឹងការ​ឆ្លង​វីរុស​កូរ៉ូណា និង​ការ​ប៉ះពាល់សុវត្ថិភាព​ផ្ទាល់ខ្លួន ដោយ​ត្រូវ​ងាក​ពី​រង្គសាល និង​ក្លឹប​កម្សាន្ត​ មក​ឈរ​តាម​ចិញ្ចើម​ផ្លូវ ឬ​ផ្លូវ​កែង។

អ្នកស្រី Surang និយាយ​ថា៖ «មនុស្ស​ខ្លាច​ជំងឺ​កូវីដ១៩ ប៉ុន្តែ​តើ​ពួកគេ​អាច​ធ្វើ​អ្វី​ទៅ ប្រសិន​បើ​ពួកគេ​មិនមាន​លុយ? ពួកគេ​នឹង​ត្រូវ​ព្យាយាម​រក​ការងារ​ធ្វើ​ហើយ»។

អ្នករកស៊ី​ផ្លូវភេទកាន់​តែ​ច្រើន​នឹង​ជ្រើស​យក​ការ​ផ្តល់​សេវាកម្ម​ផ្លូវភេទ​ ប្រសិន​បើ​មាន​ភ្ញៀវ​ច្រើន​ជាង​នេះ។ ប៉ុន្តែពួកគេ​និយាយ​ថា ភាព​ភ័យខ្លាច​នឹង​វីរុស​កូរ៉ូណា​ និង​វិធានការ​បិទ​សកម្មភាព​សេដ្ឋកិច្ច​បាន​ប៉ះពាល់​ដល់​ចំនួន​អ្នក​ផ្តល់​សេវាកម្ម​ផ្លូវភេទក៏ដូចជា ចំនួន​ភ្ញៀវ។

ដោយ​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ការងារ​រកស៊ី​ផ្លូវភេទ​ថា​ជា​ការងារ​ស្រប​ច្បាប់​ អ្នក​រកស៊ី​ផ្លូវភេទមិនមាន​សិទ្ធិ​ទទួល​បាន​ប្រាក់​ជំនួយ​ឧបត្ថម្ភ ដែល​រដ្ឋាភិបាល​បានផ្តល់​ឲ្យ​អ្នកបាត់បង់​ការងារ​ធ្វើ​ ដោយសារ​ការ​បិទ​សកម្មភាព​សេដ្ឋកិច្ចទេ ដែល​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​កាន់​តែ​លំបាក​សម្រាប់​អ្នក​រកស៊ីផ្លូវភេទ។

ការស្ទង់មតិ​ទៅ​លើ​អ្នក​រកស៊ី​ផ្លូវភេទ​ជិត​ ១០០​ នាក់ បាន​រក​ឃើញ​ថា មាន​តែ​អ្នក​រកស៊ី​ផ្លូវ​ភេទ ២៣ ​នាក់ ​ប៉ុណ្ណោះ​ ដែល​ព្យាយាម​ដាក់​ពាក្យ​សុំប្រាក់​ជំនួយ​ឧបត្ថម្ភ​ប្រចាំ​ខែ ហើយមាន​តែ​បួន​នាក់​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ជោគជ័យ និង​ដោយសារ​តែ​បិទ​បាំង​មុខរបរ​ពិត​ប្រាកដ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ ​

អ្នកស្រី​ Hilton បាន​និយាយ​ថា អ្នក​រកស៊ី​ផ្លូវភេទ​ ដែល​អង្គការ Empower បាន​ទាក់ទង​ក្នុង​អំឡុងពេល​មាន​វិធានការ​បិទ​សកម្មភាព​សេដ្ឋកិច្ច មាន​សំណាង​ជាង​អ្នក​ដទៃ ដោយសារ​តែ​ប្រហែល​ជាង​ពាក់កណ្តាល​នៃ​ពួកគេ​ទទួល​បានប្រាក់ជំនួយ​ឧបត្ថម្ភ។ ទោះ​បី​យ៉ាង​ណា​ក៏ដោយ អ្នករកស៊ី​ផ្លូវ​ភេទ​ទាំង​នោះនៅ​តែ​លាក់​បាំង​មុខរបរ​ពិតប្រាកដរបស់​ពួកគេ និង​ប្រាប់​តែ​ការងារ​បន្ទាប់បន្សំ​ប៉ុណ្ណោះ។​

អ្នកស្រី​ Hilton បាន​និយាយ​ថា៖ «ការ​ផ្តល់​សេវាកម្ម​ផ្លូវ​ភេទ​អាច​ចំណាយ​ពេល​តែ​ប្រាំ​នាទី​ប៉ុណ្ណោះ។ ប៉ុន្តែ​វា​ត្រូវ​ការ​ការ​រង់ចាំ ការ​បម្រើ​ភេសជ្ជៈ ការ​រាំរែក និង​ការ​ម៉ាស្សា​ជា​ដើម»។ ​

​អ្នកស្រី​បាន​បន្ត​ថា៖ «មាន​ការងារ​ច្រើន​ពាក់ព័ន្ធ​នឹង​មុខរបរ​បម្រើសេវាកម្ម​ផ្លូវ​ភេទ គឺ​មិនមែន​ត្រឹម​តែរួមភេទ​ដើម្បី​បាន​ប្រាក់​នោះ​ទេ ដូច្នេះ​ហើយ​ពួកគេ​អាច​ដាក់​ពាក្យ​សុំ​ប្រាក់​ឧបត្ថម្ភ​ចំពោះ​ការងារ​ផ្សេងៗ​ក្រៅ​ពី​ការ​ផ្តល់​សេវាកម្ម​ផ្លូវភេទ»។

ជន​ចំណាកស្រុក ជនជាតិដើម ​ឬ​ជនដែល​មិនមាន​ប្រទេស​កំណើត​ច្បាស់លាស់​នៅ​ក្នុង​វិស័យ​សេវាកម្ម​ផ្លូវភេទ ដែល​ត្រូវ​បាន​បដិសេធ​មិនផ្តល់​ប្រាក់​ឧបត្ថម្ភ​ឲ្យ​ដោយសារ​តែ​ភាព​មិនស្របច្បាប់​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​ថៃ មិន​អាច​សូម្បី​តែ​ដាក់​ស្នើ​សុំ​ប្រាក់ជំនួយ​ឧបត្ថម្ភ​សម្រាប់​ការងារ​បន្ទាប់បន្សំ​ដូចខាង​លើ​នេះ។

​ប៉ុន្តែ​ទាំង​អង្គការ​ SWING និង​អង្គការ​ Empower ក៏​បាន​និយាយ​ផង​ដែរ​ថា វីរុស​កូរ៉ូណាបាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​សេវាកម្ម​ផ្លូវភេទ​នៅ​ប្រទេស​ថៃ​ជាង​ជំងឺ​អេដស៍​ក្នុងទសវត្សរ៍ ១៩៨០ ទៅ​ទៀត​។ កាល​ពី​គ្រា​នោះ មិនមាន​ការ​បិទ​រង្គសាល ក្លឹបកម្សាន្ត​ និង​កន្លែង​ម៉ាស្សា​ ដែល​ជា​កន្លែង​អ្នករកស៊ី​ផ្លូវ​ភេទ​ភាគច្រើន​ធ្វើ​ការ​នោះទេ ហើយ​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​រហូត​មក​ បាន​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​អេដស៍​ពី​ការ​រួមភេទ។

អ្នក​ស្រី​ Hilton បាន​និយាយថា ឥឡូវនេះ​ «មិន​ច្បាស់​ថា មាន​វិធី​ណា​មួយ​ក្នុង​ការ​រួមភេទ​ដោយ​សុវត្ថិភាព​ ដោយ​មិន​ឲ្យ​ឆ្លង​ជំងឺ​កូវីដ១៩ នោះ​ទេ។ មិន​ថា ការ​រួមភេទ​ដើម្បី​ប្រាក់ ឬ​ក៏​អត់​ទេ» រហូត​ដល់​ថា ទាល់តែ​វ៉ាក់សាំង​ត្រូវ​បាន​រកឃើញ [ទើប​អាច​ធានាបាន]។

​អ្នកស្រី​ Surang បាន​និយាយ​ថា នេះ​ជា​ការ​ធ្លាក់​ចុះ​មួយ​នៅ​ក្នុង​វិស័យ​សេវាកម្ម​ផ្លូវភេទ ដែលអ្នកស្រី​មិន​ធ្លាប់​ដែល​បាន​ឃើញ​ពី​មុន​មក​។

​នាយិកា​អង្គការ SWING រូប​នេះ​បាន​បន្ថែម​ថា ក្នុង​ការ​មិន​ដាក់​វិស័យ​សេវាកម្ម​ផ្លូវ​ភេទ​ក្នុង​ផែនការជំនួយ​ឧបត្ថម្ភ​របស់​ខ្លួន រដ្ឋាភិបាល​ថៃ​គួរ​តែ​គិតគូរ​ឡើង​វិញ​ពី​វិស័យ​នេះ​នៅពេល​ធ្វើ​ផែនការ​ជំរុញ​សេដ្ឋកិច្ច​ឡើងវិញ​។ អ្នក​ស្រី Hilton បាន​លើកឡើង​ដូចនេះ​ក្នុង​អំឡុងពេល​វេទិកា​ពិភាក្សាមួយតាម​ប្រព័ន្ធ​អ៊ីនធឺណិត​ពាក់ព័ន្ធ​នឹង​សេវាកម្មផ្លូវភេទ​នៅប្រទេស​ថៃ ​ដែល​រៀបចំឡើង​ដោយ​ក្លឹប​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​បរទេស​នៅ​ប្រទេស​ថៃ (Foreign Correspondents Club of Thailand)។

លោក Chalidaporn សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកលវិទ្យាល័យ Thammasat ក្នុង​ប្រទេស​ថៃ​ បាន​និយាយ​ថា៖ «ប្រសិន​បើ​ប្រទេស​ថៃ​នៅ​តែ​បន្ត​ពឹង​ផ្អែក​លើ​វិស័យ​សេវាកម្ម​ផ្លូវភេទ​សម្រាប់​ប្រាក់​ចំណូល​ ​រដ្ឋាភិបាល​ថៃ​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​ពី​ការ​ការពារ​អ្នក​ធ្វើការ​នៅ​ក្នុង​វិស័យ​នេះ​ ដើម្បី​អាច​រក​ចំណូល​បាន​»។

ជាមួយ​នឹង​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​បាន​ថយចុះ​ក្រោម​១០​ រដ្ឋាភិបាល​ថៃចាប់​ផ្តើម​អនុញ្ញាត​ឲ្យ​ភោជនីយដ្ឋាន ហាងកាត់សក់ និង​អាជីវកម្ម​មួយ​ចំនួន​ដំណើរការ​ឡើង​វិញ​នៅ​ខែ​មិថុនានេះ។ កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ថា ខ្លួន​នឹង​លុបចោល​ការ​បិទ​សកម្មភាព​សេដ្ឋកិច្ច​ទាំងស្រុង​នៅ​ថ្ងៃ​ទី០១ ខែ​កក្កដា​ ខាង​មុខ​នេះ។

នៅ​ស្រប​ពេល​ដូចគ្នា​នេះ​ដែរ តំបន់​ភ្លើង​ពណ៌​ដូចជា​ តំបន់​ Soi Cowboy នៅ​ក្រុង​បាងកក និង​តំបន់​របៀប​នេះ​នឹង​បើក​ដំណើរការ​ឡើងវិញ។ រង្គសាល​នឹង​បើក​ទ្វារ​វិញ ហើយ​អតិថិជន​នឹង​វិលត្រឡប់​មកវិញ ទោះ​បី​ជា​ក្នុង​ចំនួន​តិច​ជាង​មុន​ក៏ដោយ ហើយ​នាង​ Nupchan នឹង​រង់ចាំ​ពួកគេ មិន​ថា ​មាន​ឬ​មិនមាន​វ៉ាក់សាំងព្យាបាល​ជំងឺ​កូវីដ​១៩ នោះ​ទេ។

នាង​ Nupchan បាន​និយាយ​ថា៖ «​ពិតណាស់ ខ្ញុំ​នៅ​តែភ័យខ្លាច និង​ព្រួយបារម្ភ។ ខ្ញុំ​មិន​ច្បាស់​ថា យើង​នឹង​ការពារ​ខ្លួន​បាន​យ៉ាង​ដូចម្តេច​នោះ​ទេ។ យើង​អាច​ពាក់ម៉ាស់ ឬ​ធ្វើ​អ្វី​បែប​ហ្នឹង ប៉ុន្តែ​យើង​មិនមាន​ផែន​ការ​ច្បាស់លាស់​ដើម្បីអាច​ការពារ​ខ្លួន​យើង និង​ភ្ញៀវបាន​ទេ»៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG