គណៈកម្មការសុខភាពជាតិចិនបាននិយាយនៅថ្ងៃសុក្រនេះថា ការឆ្លងមេរោគថ្មីឈ្មោះកូរ៉ូណា មានចំនួន៨៣០ករណីនៅទូទាំងប្រទេស ខណៈមនុស្សយ៉ាងតិច២៥នាក់បានស្លាប់។
រដ្ឋាភិបាលចិនបានបិទចរាចរណ៍ទីក្រុងជាច្រើនទៀតនៅថ្ងៃសុក្រ ដែលជាសកម្មភាពមិនធ្លាប់មានពីមុនមក ដើម្បីការទប់ស្កាត់ការរាលដាលមេរោគនេះដែលបានរាលដាលដល់ប្រទេសជាច្រើនទៀត។ យ៉ាងហោចណាស់មានទីក្រុងចំនួន១០ និងមនុស្សសរុបយ៉ាងតិច៣៣ លាននាក់ត្រូវជាប់នៅក្រុង Wuhan, Huanggang, Ezhou, Chibi, Qianjiang, Zhijiang; Jingmen, Xiantao, Xiaogan and Huangshi ក្នុងខេត្ត Hubei ភាគកណ្តាលនៃប្រទេសចិន នៅមុនថ្ងៃបុណ្យចូលឆ្នាំចិននៅពេលដែលជនជាតិចិនរាប់លាននាក់ចង់ធ្វើដំណើរពេលបុណ្យចូលឆ្នាំ។
រមនីយដ្ឋាន Shanghai Disney Resort បានប្រកាសនៅលើគេហទំព័រថា រមនីយដ្ឋាននេះបិទទ្វារកន្លែងកម្សាន្ត Shanghai Disneyland ជាបណ្តោះអាសន្ន ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីឆ្លើយតបទៅនឹងការការពារនិងការត្រួតពិនិត្យការរាលដាលជំងឺនេះនិងដើម្បីការពារនូវសុខភាពនិងសុវត្ថិភាព។
អាជ្ញាធរក្រុង Wuhan ដែលគេជឿថា ជាកន្លែងប្រភពមេរោគនេះ បាននិយាយនៅថ្ងៃសុក្រថា ទីក្រុងនេះកំពុងសាងសង់មន្ទីរពេទ្យមាន១,០០០ គ្រែដែលរំពឹងថា នឹងបញ្ចប់នៅថ្ងៃទី៣ ខែកុម្ភៈ។ កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរបានបិទចរាចរណ៍យន្តហោះនិងរថភ្លើងមិនឱ្យចាកចេញពីទីក្រុង Wuhan។
ផ្លូវ សាឡាង រថភ្លើងក្រោមដី និងឡានក្រុងក៏ត្រូវបានផ្អាកផងដែរ។ ទីភ្នាក់ងារព័ត៌មានស៊ីនហួដែលបានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលថា អាជ្ញាធរ Wuhan បានឱ្យប្រជាជនទាំងអស់ពាក់ម៉ាសគឺរបាំងមុខនៅទីសាធារណៈនិងជំរុញឱ្យបុគ្គលិករដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនពាក់ពាក់ម៉ាសនៅក្នុងកន្លែងធ្វើការ។
បុគ្គលិកពេទ្យចំនួន១៥នាក់ស្ថិតក្នុងចំណោមអ្នកដែលបានឆ្លងវីរុសនេះ។ អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មេរោគនេះមិនទាន់ក្លាយគ្រោះអាសន្នផ្នែកសុខភាពទូទាំងពិភពលោកនៅឡើយទេ៕