ខេត្តនិងទីក្រុងមួយចំនួនរបស់ប្រទេសចិនដូចជាទីក្រុងសៀងហៃ ទីក្រុង Guangdong និងទីក្រុង Jiangsu ជាដើម បានបញ្ជាឱ្យបិទកន្លែងអាជីវកម្មនានានៅក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ដែលមានរយៈពេលពេញមួយសប្ដាហ៍កន្លងមក និងបន្តបិទទ្វាររហូតដល់ថ្ងៃទី ១០ ខែកុម្ភៈខាងមុខ។
នៅក្នុងខេត្ត Hubei ដែលជាកន្លែងនៃការផ្ទុះមេរោគកូរ៉ូណាវីរុសប្រភេទថ្មី កន្លែងអាជីវកម្មនានានៅតែបន្តបិទទ្វាររហូតដល់ថ្ងៃទី ១៤ ខែកុម្ភៈខាងមុខ។ ការបន្តបិទទ្វារនេះគឺជាការពន្យារពេលរយៈពេល ២ សប្ដាហ៍បន្ថែមទៀតបន្តពីការឈប់សម្រាកសម្រាប់ពិធីបុណ្យចូលឆ្នាំចិន។
ការបន្តបិទទ្វារនេះធ្វើឱ្យកន្លែងអាជីវកម្មនានានៅក្នុងប្រទេសចិន រួមទាំងកន្លែងអាជីវកម្មមកពីកោះតៃវ៉ាន់ផងដែរ មានការព្រួយបារម្ភ នៅពេលពួកគេចាប់ផ្តើមគិតពីលទ្ធភាពនៃការអាក់ខានដល់សង្វាក់ផ្គត់ផ្គង់ ប្រសិនបើរដ្ឋាភិបាលចិនបរាជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគប្រភេទថ្មីនេះក្នុងពេលឆាប់ៗខាងមុខ។
ការអាក់ខានដល់សង្វាក់ផ្គត់ផ្គង់
លោក Tsai Lien-sheng ដែលជាអគ្គលេខាធិការនៃសហព័ន្ធជាតិឧស្សាហកម្មចិន (Chinese National Federation of Industries) នៅក្នុងទីក្រុងតៃប៉ិ កោះតៃវ៉ាន់ បាននិយាយថា៖ «តៃវ៉ាន់មានចំណងសេដ្ឋកិច្ចជិតស្និទជាមួយនឹងប្រទេសចិន។ គ្រឿងបន្លាស់សំខាន់ៗជាច្រើនត្រូវបានផលិតនៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងទីក្រុង Wuhan ដែលជាតំបន់ផលិតផលិតផលបច្ចេកវិទ្យាដ៏សំខាន់មួយ។ យើងបារម្ភខ្លាំងណាស់ថា ការខកខានបើកដំណើរការរោងចក្រឡើងវិញនឹងធ្វើឱ្យមានការអាក់ខានដល់សង្វាក់ផ្គត់ផ្គង់»។
លោក Tsai បានបញ្ជាក់ថា កោះតៃវ៉ាន់មានកន្លែងអាជីវកម្មចំនួន ៥ ម៉ឺន កន្លែង ដែលកំពុងដំណើរការនៅក្នុងប្រទេសចិន ហើយក្នុងចំណោមនោះ កន្លែងអាជីវកម្ម ១ ពាន់កន្លែង មានមូលដ្ឋាននៅក្នុងទីក្រុង Wuhan និងមានមនុស្សជាង ២ លាននាក់កំពុងធ្វើការ និងរស់នៅទីនោះ។
ក្រោយពីការសម្រេចចិត្តរបស់ប្រទេសចិននៅក្នុងការពន្យារពេលឈប់សម្រាក រោងចក្រផលិតកម្មរបស់តៃវ៉ាន់ជាច្រើនបានប្ដូរកាលបរិច្ឆេទសម្រាប់ការបញ្ជូនទំនិញទៅឲ្យអតិថិជនដែលបញ្ជាទិញ ឬក៏ផ្លាស់ប្ដូរការបញ្ជាទិញទៅឱ្យខ្សែសង្វាក់ផលិតកម្មផ្សេងទៀតនៅក្រៅប្រទេសចិន។
លោក Tsai បានបន្ថែមថា មិនមែនគ្រប់គ្នាអាចសម្របខ្លួនបានលឿននោះទេ។
ការបង្វែរការបញ្ជាទិញ
លោកបានបន្ថែមថា «ក្រុមហ៊ុនដែលបានដាក់ខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅទូទាំងពិភពលោកអាចសម្របខ្លួនបាន។ ប្រសិនបើប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសចិនឈប់ដំណើរការ ខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេសវៀតណាម ឬកន្លែងផ្សេងទៀតនឹងទទួលបន្ត។ ប៉ុន្តែអ្វីដែលធ្វើឱ្យយើងបារម្ភគឺថា មិនមែនអាជីវកម្មទាំងអស់មានលទ្ធភាពក្នុងការបង្វែរការបញ្ជាទិញនោះទេ។ អញ្ចឹង យើងសង្ឃឹមថា ការផ្ទុះឡើងនៃមេរោគថ្មីនេះអាចត្រូវបានគេទប់ស្កាត់បានក្នុងពេលឆាប់ៗខាងមុខ»។
ក្រុមហ៊ុន ABC Taiwan Electronics Corp គឺជាក្រុមហ៊ុនមួយ ដែលអាចសម្របខ្លួនបានយ៉ាងលឿន ដោយបានប្តូរខ្សែផលិតរបស់ខ្លួនចេញពីប្រទេសចិន ដោយប្ដូរទៅប្រទេសម៉ាឡេស៊ី និងកោះតៃវ៉ាន់ជាដើម ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
បើតាមលោក Joseph Hsu ដែលជាប្រធានក្រុមហ៊ុន ABC Taiwan Electronics Corp ក្រុមហ៊ុនរបស់លោកកំពុងធ្វើអ្វីដែលខ្លួនអាចធ្វើបានដើម្បីកាត់បន្ថយផលប៉ះពាល់អាក្រក់ៗដែលបង្កឡើងដោយការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះ និងមានទំនុកចិត្តចំពោះការផ្គត់ផ្គង់ដល់ការបញ្ជាទិញទាំងអស់ ទោះបីជាខ្សែផលិតដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនរបស់ខ្លួនមានការអាក់ខាននៅក្នុងពេលដ៏ខ្លីខាងមុខក៏ដោយ។
ទោះជាយ៉ាងនេះក្តី លោកក៏មានក្តីបារម្ភផងដែរ។ លោក Hsu បាននិយាយថា៖ «យើងអាចងើបឡើងវិញបានលឿន ប៉ុន្តែផលិតផលចាស់ៗរបស់យើងមួយចំនួនអាចផលិតបានតែនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ ដែលនេះជាបញ្ហាប្រឈមដ៏សំខាន់មួយចំពោះយើង។ វាជាបញ្ហាដ៏លំបាក ប៉ុន្តែយើងព្យាយាមស្វែងរកដំណោះស្រាយ»។
លោកក៏បានព្រមានផងដែរថា ឧស្សាហកម្មផលិតបន្ទះអេឡិចត្រូនិករបស់ចិនអាចនឹងរងផលប៉ះពាល់ខ្លាំងជាងការរំពឹងទុក ដោយសារតែឧស្សាហកម្មនេះភាគច្រើនមានមូលដ្ឋាននៅក្នុងទីក្រុង Wuhan។ ទោះជាយ៉ាងនេះក្តី បញ្ហានេះអាចជួយដល់ក្រុមហ៊ុននៅតៃវ៉ាន់របស់ខ្លួន ប្រសិនបើការបញ្ជាទិញចាប់ផ្តើមប្តូរទៅក្រៅប្រទេសចិននោះ។
ការប៉ះពាល់លើអ្នកប្រើប្រាស់
លោក Ker Gibbs ប្រធានសភាពាណិជ្ជកម្មអាមេរិកាំងនៅក្នុងទីក្រុងសៀងហៃ បាននិយាយថា ចំពោះអាជីវកម្មអាមេរិកាំងដែលដំណើរការនៅក្នុងប្រទេសចិន ការពន្យារពេលឈប់សម្រាកនេះប្រាកដជាព័ត៌មានអាក្រក់សម្រាប់ពួកគេ ប៉ុន្តែវាបង្ហាញថា ចិនកំពុងចាត់វិធានការត្រឹមត្រូវដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃមេរោគនេះ។
លោកបានបញ្ជាក់ដូច្នេះថា៖ «ការឈប់សម្រាកចំនួន ១៤ ថ្ងៃ ច្បាស់ជាមិនជួយដល់ដំណើរការអាជីវកម្មនោះទេ។ ប៉ុន្តែជាការពិត មនុស្សម្នាប្រហែលជានឹងមិនចង់ចេញទៅហាងទំនិញ មណ្ឌលកម្សាន្ត និងកន្លែងធំៗ ដែលមនុស្សម្នាច្រើននោះទេ»។
សភាពាណិជ្ជកម្មអឺរ៉ុបនៅក្នុងទីក្រុងសៀងហៃក៏បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនផងដែរថា៖ «ការខាតបង់សេដ្ឋកិច្ចនៅពេលនេះអាចនឹងមានខ្ពស់ជាង [ការខាតបង់នៅក្នុងការផ្ទុះឡើងនៃជំងឺ SARS កាលពីឆ្នាំ ២០០៣] ដោយសារតែប្រទេសចិនមានតួនាទីកាន់តែខ្លាំងនៅក្នុងកំណើនផលិតផលក្នុងស្រុកសរុបក្នុងសាកលលោក និងដោយសារការប្រើប្រាស់ឯកជននៅក្នុងប្រទេសចិនមានការកើនឡើងច្រើន ក៏ដូចជាដោយសារមេរោគថ្មីនេះមានងាយនឹងឆ្លងរាលដាល» នៅក្នុងពេលឈប់សម្រាកនេះ។
សភាពាណិជ្ជកម្មអឺរ៉ុបនេះបន្ថែមថា៖ «នៅក្រៅប្រទេសចិន បញ្ហាសេដ្ឋកិច្ចនេះអាចនឹងប៉ះពាល់ដល់ទ្វីបអឺរ៉ុប ដែលការប៉ះពាល់នោះមានតាំងពីការអាក់ខានចំពោះសង្វាក់ផ្គត់ផ្គង់ រហូតដល់ការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនភ្ញៀវទេសចរ»។
ការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់
ច្បាស់ណាស់ ការលក់របស់អាជីវកម្មរបស់ចិនមានការធ្លាក់ចុះ ដោយសារតែមនុស្សម្នាស្នាក់នៅក្នុងផ្ទះ ហើយហាងទំនិញនៅបន្តបិទទ្វារ។
ដោយសារតែការធ្វើដំណើររបស់អ្នកទេសចរចិនត្រូវបានលុបចោល ក្រុមហ៊ុនLion Travel Service Co. របស់តៃវ៉ាន់បានបញ្ជាក់ថា ខ្លួនបានបាត់បង់ទឹកប្រាក់ចំនួន ៨ លាន ៦ សែនដុល្លារគិតត្រឹមថ្ងៃទី ២៩ ខែមករាកន្លងទៅនេះ។
ស្របពេលជាមួយគ្នានេះដែរ ហាងដុតនំនៅតៃវ៉ាន់ដែលមានឈ្មោះថា 85°C បានបញ្ជាក់កាលពីថ្ងៃទី ៣០ ខែមករាកន្លងទៅនេះថា ប្រហែលជា ២៥ ភាគរយនៃហាងជិត ៦ រយកន្លែងរបស់ខ្លួននៅក្នុងប្រទេសចិន នឹងបិទដំណើរការអាជីវកម្មរហូតដល់ថ្ងៃទី ១០ ខែកុម្ភៈខាងមុខ។
ទោះជាយ៉ាងនេះក្តី គេឃើញមានផលប្រយោជន៍ជាសក្តានុពលមួយសម្រាប់កោះតៃវ៉ាន់ ដែលជាទីផ្សារសេវាកម្មកម្សាន្តតាមកប៉ាល់ធំជាងគេបំផុតទីពីរនៅទ្វីបអាស៊ី។
កាសែត Liberty Times របស់តៃវ៉ាន់ដែលផ្សាយជាភាសាចិនកុកងឺ បានរាយការណ៍កាលពីថ្ងៃទី ២៨ ខែមករាកន្លងទៅនេះថា កប៉ាល់ទេសចរណ៍ Spectrum of the Seas របស់ក្រុមហ៊ុន Royal Caribbean International កំពុងពិចារណាផ្លាស់ប្ដូរទីតាំងចម្បងរបស់ខ្លួននៅទ្វីបអាស៊ីពីទីក្រុងសៀងហៃ ទៅកោះតៃវ៉ាន់ នៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ ដោយសារតែការផ្ទុះឡើងនៃមេរោគថ្មីនេះ។
ប៉ុន្តែលោក Lee Chi-yueh ប្រធានក្រុមហ៊ុន Chung Hsing Travel Service ដែលជាភ្នាក់ងារបម្រើសេវាកម្មរបស់ក្រុមហ៊ុន Royal Caribbean International នេះ បានបដិសេធមិនបញ្ជាក់អំពីព័ត៌មាននេះជាមួយនឹង VOA៕
ប្រែសម្រួលដោយ លោក ប៊ុន ប៉េងហ៊ុយ