ស្ថានទូតចិននៅក្នុងទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលីបានរិះគន់ការដាក់បម្រាមធ្វើដំណើរចូលប្រទេសអូស្ត្រាលីដោយសារបញ្ហាការរាលដាលនៃកូរ៉ូណាវីរុស។ បម្រាមនេះហាមជនបរទេសដែលធ្វើដំណើរពីប្រទេសចិនដីគោកមិនឲ្យចូលប្រទេសអូស្ត្រាលីយ៉ាងហោចណាស់២សប្តាហ៍។ ក្មេងប្រុសអាយុ ៨ឆ្នាំ ម្នាក់នៅរដ្ឋ Queensland បានក្លាយទៅជាករណីទី១៣នៃការឆ្លងមេរោគកូរ៉ូណានេះ។ មានជនជាតិអូស្ត្រាលីពីរនាក់ស្ថិតនៅក្នុងចំណោមមនុស្ស១០នាក់ ដែលត្រូវគេរកឃើញថាមានកូរ៉ូណាវីរុស ខណៈពួកគេកំពុងស្ថិតនៅលើនាវាកម្សាន្ត Diamond Princess នៅក្រុង Yokohama ប្រទេសជប៉ុន។
និស្សិតចិនជាងមួយសែននាក់ (១០០.០០០) នឹងមិនអាចចាប់ផ្តើមការសិក្សាក្នុងឆមាសថ្មីរបស់ខ្លួននៅតាមសាកលវិទ្យាល័យនានានៅក្នុងប្រទេសអូស្ត្រាលី ដោយសារមានការដាក់បម្រាមការធ្វើដំណើរចូលប្រទេសនេះ ដើម្បីទប់ទល់នឹងការរាលដាលនៃមេរោគកូរ៉ូណាវីរុស។ និស្សិតទាំងនេះនឹងខកខានមិនបានចូលរៀនតាមថ្នាក់ក្នុងសប្តាហ៍ដំបូងៗនៃឆមាសថ្មី ហើយត្រូវធ្វើការសិក្សាតាមអនឡាញពីគេហដ្ឋានខ្លួនវិញ។
ការចេញបម្រាមមិនឲ្យចូលប្រទេសអូស្ត្រាលីនេះ បាននាំឲ្យមាននិស្សិតចិនប្រមាណ៧០នាក់ត្រូវគេឃាត់ខ្លួននៅតាមអាកាសយានដ្ឋានប្រទេសអូស្ត្រាលី កាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយទិដ្ឋការរបស់ពួកគេត្រូវបានលុបចោល។
ការទទួលនិស្សិតអន្តរជាតិមកសិក្សាជាវិស័យនាំចេញសំខាន់ជាងគេទី៣របស់ប្រទេសអូស្ត្រាលី ហើយក្រុមមន្ត្រីសង្ឃឹមថាបម្រាមនេះនឹងត្រូវគេដកវិញក្នុងពេលឆាប់ៗនេះ។ ក៏ប៉ុន្តែការដកបម្រាមធ្វើដំណើរនេះ នឹងអាស្រ័យលើពេលណាគេអាចបន្ថយនិងបញ្ឈប់ការរាលដាលនៃមេរោគកូរ៉ូណាវីរុសនៅជុំវិញពិភពលោក៕