ស្ថានទូតចិនក្នុងទីក្រុងកង់បេរ៉ាបានរិះគន់ការចេញបម្រាមធ្វើដំណើរដោយសារកូរ៉ូណាវីរុសរបស់អាជ្ញាធរអូស្តា្រលី។ បម្រាមនោះហាមឃាត់ជនបរទេសទាំងអស់ដែលធ្វើដំណើរពីចិនដីមិនឲ្យចូលក្នុងប្រទេសអូស្តា្រលីក្នុងរយៈពេលយ៉ាងហោច២សប្តាហ៍។
ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់នៅក្នុងរដ្ឋ Queensland បានក្លាយជាមនុស្សទី១៣ដែលត្រូវបានអះអាងថា បានឆ្លងមេរោគនេះនៅក្នុងប្រទេសអូស្ត្រាលី។ ជនជាតិអូស្តា្រលីពីរនាក់ក្នុងចំណោម១០នាក់ដែលបានធ្វើតេស្តវិជ្ជមានថា ឆ្លងមេរោគបានឡើងជិះនាវាកម្សាន្តឈ្មោះ Diamond Princess ក្នុងទីក្រុង Yokohama ប្រទេសជប៉ុន។
និស្សិតចិនជាង១សែននាក់មិនអាចចូលរៀនទាន់ពេល និងមិនអាចចាប់ផ្តើមថ្នាក់មហាវិទ្យាល័យក្នុងប្រទេសអូស្តា្រលីបាន ដោយសារតែបម្រាមមិនឲ្យធ្វើដំណើរដែលត្រូវបានចូលជាធរមាន ដើម្បីព្យាយាមបញ្ឈប់ការឆ្លងរាលដាលកូរ៉ូណាវីរុស។ ពួកនិស្សិតទាំងនោះនឹងខកខានចូលរៀននៅប៉ុន្មានសប្តាហ៍ដំបូងសម្រាប់ឆមាសនេះ ហើយពួកគេត្រូវតែរៀនតាមអនឡាញពីផ្ទះជំនួសវិញ។ បម្រាមនេះធ្វើឲ្យនិស្សិតចិនប្រហែល៧០នាក់ជាប់នៅក្នុងព្រលានយន្តហោះក្នុងប្រទេសអូស្ត្រាលីកាលពីចុងសប្តាហ៍ ហើយទិដ្ឋាការរបស់ពួកគេត្រូវបានលុបចោល។
អ្នកការទូតចិនបាននិយាយថា ពួកអ្នកដំណើរមិនបានទទួលព័ត៌មានគ្រប់គ្រាន់អំពីការចេញបម្រាមនេះ ខណៈពួកគេភាគច្រើនបានចេញដំណើរតាមយន្តហោះរួចទៅហើយ នៅពេលដែលបម្រាមនេះបានចូលជាធរមានកាលពីថ្ងៃទី១ ខែកុម្ភៈ។
លោក Wang Xining ភារៈធារីទូតចិនប្រចាំក្រុងកង់បេរ៉ាបានថ្លែងថា៖ «យើងមិនពេញចិត្តនឹងស្ថានភាពនេះទេ ព្រោះថាពួកនិស្សិតទាំងនោះមិនទទួលបាន ការជូនដំណឹងជាមុនទេ។ ពួកគេមិនទុកពេលគ្រប់គ្រាន់ដើម្បីជូនដំណឹងអំពីបម្រាមនេះទេ»។
ការអប់រំសម្រាប់និស្សិតអន្តរជាតិគឺជាវិស័យនាំចេញធំបំផុតទីបីរបស់អូស្តា្រលី ហើយ ក្រុមមន្រ្តីសង្ឃឹមថា បម្រាមនេះនឹងត្រូវដកចេញក្នុងពេលឆាប់ៗនេះ។ ការណ៍នេះអាស្រ័យលើថាតើការឆ្លងរាលដាលកូរ៉ូណាវីរុសនៅទូទាំងសកលោកនេះនឹងថយចុះនៅពេលណា ហើយនឹងអាចបញ្ចប់នៅពេលណាបាន។
ជនជាតិអូស្ត្រាលីរាប់សិបនាក់ដែលត្រូវបានដឹកចេញពីក្រុងវូហាន ប្រទេសចិនជាទីកន្លែងផ្ទុះមេរោគកូរូណាវីរ៉ុស ត្រូវបានដាក់នៅដាច់ដោយឡែកនៅលើកោះ Christmas នៃដែនដីមហាសមុទ្រឥណ្ឌាដើម្បីតាមដានសុខភាព។
ជនជាតិនូវែលហ្សេឡង់មួយក្រុមនិងជនជាតិផ្សេងទៀតរួមទាំងជនជាតិអង់គ្លេស អូស្រា្តលី ប៉ាពូនូហ្គីណេ និងជនជាតិសាម័រក៏ត្រូវបានដឹកចេញពីក្រុងវូហានផងដែរតាមជើងយន្តហោះដែលមានរយៈពេល១២ម៉ោងឆ្ពោះទៅទីក្រុង Auckland ជាទីកន្លែងដែលពួកគេនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល២សប្តាហ៍។
អង្គការសុខភាពពិភពលោកបានប្រកាសអំពីការផ្ទុះឆ្លងរាលដាលកូរ៉ូណាវីរ៉ុសថាជាស្ថានភាពអាសន្នរបស់សកលលោក។
ករណីឆ្លងមេរោគកូរ៉ូណាកម្រិតស្រាលអាចមានអាការៈដូចជំងឺផ្តាសាយធម្មតា ខណៈការឆ្លងកម្រិតធ្ងន់ធ្ងរអាចបណ្តាលឲ្យរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ប៉ះពាល់ដល់ក្រលៀន និងរហូតដល់ស្លាប់បាត់បង់ជីវិត៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា