មន្ទីរពេទ្យពីរកន្លែងនៅប្រទេសបារាំងត្រូវគេរំពឹងថា នឹងចាប់ផ្តើមពិសោធន៍ប្រើឈាមជន្លេនម្យ៉ាងនៅតាមឆ្នេរខ្សាច់សមុទ្រ ឬហៅថា sandworm ក្នុងការព្យាបាលអ្នកជំងឺដែលមានបញ្ហាផ្លូវដង្ហើមបណ្តាលមកពីវីរុសកូរ៉ូណាប្រភេទថ្មី។
គ្រូពេទ្យនៅមន្ទីរពេទ្យ Pitie-Salpetriere និង Georges Pompidou ក្នុងទីក្រុងបារីស នៅក្នុងប៉ុន្មានថ្ងៃខាងមុខនឹងពិសោធន៍មើលថា តើអាចមានសុវត្ថិភាពទេក្នុងការចាក់ឈាមជន្លេនបញ្ចូលទៅក្នុងឈាមមនុស្ស ដោយសង្ឃឹមថាអាចបង្កើនជាតិអុកស៊ីហ្ស៊ែននៅក្នុងកោសិកាអ្នកជំងឺកូវីដ១៩។
ទីភ្នាក់ងារឱសថបារាំង ANSM បានអនុម័តយល់ព្រមចំពោះដំណាក់កាលទី១នៃការព្យាបាលសាកល្បងបែបវេជ្ជសាស្ត្រកាលពីថ្ងៃទី២៧ ខែមីនា ហើយគណៈកម្មាធិការសីលធម៌បារាំងបានយប់ព្រមកាលពីថ្ងៃទី៤ ខែមេសា។
អ្នកជំនាញជីវសាស្ត្រ Franck Zal ដែលបានរកឃើញការព្យាបាលបែបនេះ បានសង្កេតឃើញថាជន្លេន sandworm អាចរស់នៅក្នុងខ្សាច់ដោយមិនដកដង្ហើមរហូតដល់៦ម៉ោង ហើយឈាមជន្លេនទំនងអាចរក្សាជាតិអុកស៊ីហ្ស៊ែនបានច្រើន។
ការសាកល្បងវីធីព្យាបាលថ្មីនេះនឹងធ្វើដំបូងលើអ្នកជំងឺកូវីដ១៩ចំនួន១០នាក់ ដែលជិតស្លាប់ ដោយរង់ចាំមើលលទ្ធផលសិនមុននឹងអាចឈានដល់ការពិសោធន៍ដំណាក់កាលបន្តទៀត។
ការព្យាបាលសាកល្បងនេះត្រូវគេធ្វើឡើងដល់អ្នកជំងឺម្នាក់ម្តងៗ ហើយប្រើតែលើអ្នកជំងឺណាដែលក្រុមគ្រួសារពួកគេបានយល់ព្រមប៉ុណ្ណោះ។
គ្រូពេទ្យបារាំងទទួលស្គាល់ថាវិធីព្យាបាលនេះមិនប្រក្រតីហើយស្ថិតនៅក្នុងដំណាក់កាលសាកល្បង ប៉ុន្តែដោយសារគេមិនទាន់មានវិធីព្យាបាលជំងឺកូវីដ១៩ ពួកគេគិតថាការសាកល្បងនេះប្រសើរ។
គិតមកត្រឹមថ្ងៃច័ន្ទនេះ ប្រទេសបារាំងបានរាយការណ៍ថា មានអ្នកស្លាប់ពីកូវីដ១៩កើនឡើងដល់ជាង៨.០០០នាក់ហើយ៕