មេរោគកូរ៉ូណាថ្មីដែលបានឆ្លងរាលដាលនៅទូទាំងពិភពលោក គឺជាមេរោគដែលឆ្លងតាមទឹកមាត់ ឬក៏វត្ថុរាវរបស់អ្នកជំងឺ ដែលអាចរស់នៅក្នុងខ្យល់អាកាសបានជាច្រើនម៉ោង និងរស់នៅលើផ្ទៃណាមួយបានជាច្រើនថ្ងៃ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ ដែលអាចផ្ដល់ជាការណែនាំជួយដល់មនុស្សឲ្យជៀសវាងការឆ្លងមេរោគដែលបណ្ដាលឲ្យកើតជំងឺ COVID-19 នេះ។
អ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានជាតិផ្នែកអាឡ៊ែកហ្ស៊ី និងជំងឺឆ្លង ដែលជាផ្នែកមួយនៃវិទ្យាស្ថានជាតិសុខាភិបាលសហរដ្ឋអាមេរិក បានយកវត្ថុរាវដែលជាប់មេរោគនេះពីអ្នកជំងឺទៅដាក់លើផ្ទៃនានាដែលប្រើប្រាស់ប្រចាំថ្ងៃនៅតាមផ្ទះ ឬក៏មន្ទីរពេទ្យ។
ពួកគេបានប្រើឧបករណ៍មួយដើម្បីបំបែកវត្ថុរាវនោះឲ្យទៅជាឧស្ម័ននៅក្នុងខ្យល់ ដូចទៅនឹងកម្ទេចកម្ទីទឹកមាត់តូចៗដែលបានមកពីការកណ្ដាស់ ឬក៏ក្អកដូច្នេះដែរ។
បន្ទាប់មកអ្នកវិទ្យាសាស្ត្រតាមដានមើលថាតើមេរោគនេះអាចនៅមានសមត្ថភាពរស់នៅលើផ្ទៃនានាបានយូរប៉ុណ្ណា។ នេះបើយោងតាមការសិក្សាស្រាវជ្រាវនៅក្នុងព្រឹត្តិប័ត្រ New England Journal of Medicine ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញ។
ការធ្វើតេស្ដបានបង្ហាញថា មេរោគនេះអាចរស់នៅក្នុងខ្យល់បានយ៉ាងតិច ៣ ម៉ោង ហើយអាចឆ្លងដល់មនុស្សបាន។ នៅលើរបស់របរធ្វើពីជ័រ ឬធ្វើពីដែកដែលមិនច្រេះ មេរោគនេះអាចរស់បានយ៉ាងតិច ៣ ថ្ងៃ។ នៅលើក្រដាស់កាតុង មេរោគនេះអាចរស់បានមិនលើសពី ២៤ ម៉ោង។ ហើយនៅលើរបស់របរធ្វើពីស្ពាន់ មេរោគនេះអាចរស់បានតែ ៤ ម៉ោងប៉ុណ្ណោះ៕