ខណៈប្រធានអង្គការសុខភាពពិភពលោកប្រកាសថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាឡើងទ្វេដងក្នុងពេល៦សប្តាហ៍ គឺឡើងដល់ជិត១៦លាននាក់ និងស្លាប់ជាង ៦៤ម៉ឺននាក់កាលពីចុងខែកក្កដា ឆ្នាំ២០២០នោះ ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរនៅក្រុងឡូវែល ទីក្រុង Lynn និងទីក្រុងផ្សេងៗទៀតក្នុងរដ្ឋម៉ាស្សាឈូសេតបានជួបជុំគ្នា ចែករំលែកអាហារ និងបរិភោគជុំគ្នាជារៀងរាល់ថ្ងៃ ជាពិសេសនៅចុងសប្តាហ៍ ដើម្បីសម្អាតវត្តភ្នំសេរីដែលទើបជាវបានថ្មីៗតម្លៃប្រមាណ៥១ម៉ឺនដុល្លារ ហើយដែលនឹងបើកទូលាយសេរីភាពខាងនយោបាយ។
«បាទ កាលណាយើងមានបុណ្យច្រើនហើយ អាកូវីដអត់អាចមកជិតយើងបានទេបាទ! ខ្ចាត់ខ្ចាយទៅអស់ហើយ!»
ក្តីបារម្ភអំពីវីរុសកូរ៉ូណាមិនអាចឈ្នះទឹកចិត្តសប្បុរសប្រកេនបច្ច័យព្រះសង្ឃប៊ុត ប៊ុនតិញ ដែលមិនមានវត្តគង់ដោយសារបញ្ហានយោបាយនោះទេ។ បច្ច័យដែលប្រមូលបានមានសន្ទុះខ្លាំងគឺរវាងពី៥ពាន់ដុល្លារទៅជាង៨ពាន់ដុល្លារក្នុងមួយថ្ងៃ នៅសប្តាហ៍ទីមួយនៃកម្មវិធីសម្អាតវត្ត កាលពីចុងខែមុន ដោយមានការចូលបច្ច័យដោយផ្ទាល់ តាមទូរស័ព្ទផ្ញើតាមគ្នាឬផ្ទេរចូលគណនេយ្យធនាគាររបស់វត្តដោយផ្ទាល់។
ទោះជាព្រះតេជគុណ ប៊ុត ប៊ុនតិញ អតីតស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមធ្លាប់ត្រូវបានគេចោទថា លួចនិងធ្វើឲ្យបាត់លុយសពលោកកែម ឡីកាលពីបួនឆ្នាំមុនក៏ដោយ ក៏អ្នកចូលរួមនិយាយថា គេមានជំនឿលើភាពស្មោះត្រង់របស់ព្រះអង្គ។
ក្រោយពីអ្នកស្រីទាំងពីរបានចូលបច្ច័យចំនួន៦ពាន់៤០ដុល្លារដែលប្រមូលបានពីសប្បុរសជននៅទីក្រុងLynnនោះ អ្នកស្រីយីម ប៊ុននិងអ្នកស្រីសារឿន សានថ្លែងប្រាប់វីអូអេព្រមគ្នាកាលពីថ្ងៃទី២៥ខែកក្កដាថា៖
«ខ្ញុំឮអីតើ! អត់ជឿ! ពួកខ្ញុំអត់ជឿទេ ទោះបីគេចោទលោកថា យកលុយបុណ្យលោកកែម ឡីយកទៅធ្វើអី មិនឲ្យប្រពន្ធលោកកែម ឡីគឺអត់ជឿ។ មិនមែនការណ៍ពិតទាំងអស់។ ខ្ញុំមើលទៅអំពើដែលលោកខំកសាង ដែលលោកធ្វើអំពើល្អទាំងអម្បាលមាណ ខ្ញុំអត់ជឿថា លោកយកលុយរបស់បុណ្យលោកកែម ឡីហ្នឹងទេ។ អត់មានរឿងហ្នឹងទេ។ គេចេះតែប្រតិដ្ឋចោទលោកទេ»។
ឆ្លើយតបនឹងការចោទប្រកាន់នោះដែរ ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា ព្រះអង្គមិនប្រកាន់អ្នកចោទព្រះអង្គដោយសារហេតុផលនយោនាយនោះទេ តែផ្ទុយទៅវិញ បទពិសោធន៍និងការចោទប្រកាន់នេះ ធ្វើឲ្យព្រះអង្គពិចារណាហើយគិតឃើញយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងឲ្យមានតម្លាភាព។
«ចម្រើនពរ ដូចអាត្មាលើកពីរឿងកែម ឡី ធ្វើគណៈកម្មការតែមិនកាន់ប្រាក់។ ដូច្នេះវត្តភ្នំសេរីធ្វើគណៈកម្មការកាន់ប្រាក់ខ្លួនឯង។ អាត្មាអ្នកមើលបញ្ជី។ អត្មាអ្នកកាន់។ សព្វថ្ងៃនេះមិនឲ្យអ្នកណាកាន់តែម្នាក់ឯងដាច់ដោយឡែកទេ។វត្តភ្នំសេរីនេះខុសគេ អ្នករាប់បានតែរ៉ាប់ទេ។ អ្នកកាន់អង្គុយកន្លែងផ្សេង។ អ្នកកាន់ប្រាក់បានតែកាន់ទេ អ្នកចាយអាត្មា។ ដូច្នេះយើងមានឋានៈបី»។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា ក្នុងសប្តាហ៍ទីមួយ បច្ច័យប្រមូលបានគឺជាង២ម៉ឺនដុល្លារ ហើយបច្ច័យសល់តាំងពីមុនមានគម្រោងជាវវត្តមានចំនួន១៧ម៉ឺនដុល្លារ។ ព្រះអង្គបន្តថា តាមសន្ទុះបច្ច័យនេះ ព្រះអង្គអាចបង់ថ្លៃជំពាក់នៅសល់៣១ម៉ឺនដុល្លារចប់សព្វគ្រប់នៅពាក់កណ្តាលឆ្នាំ២០២១។ បន្ទាប់មកព្រះអង្គមានផែនការជួសជុលលើកដំបូលកុដិ ប៉ុន្តែមិនមានគម្រោងកសាងអាគារព្រះវិហារដូចវិហារនៅប្រទេសកម្ពុជាទេ។
«អត្មាមានគម្រោងធ្វើព្រះចេតីយ៍មុន។ ធ្វើព្រះចេរតីយ៍ឲ្យស្អាត ឱ្យធំ ធ្វើរង្វង់មូលអាចចូលទៅបង្សុកូលក្នុងនោះបាន។ ដាក់កញ្ចក់ខាងៗនៅក្នុងនោះបាន ហើយដាក់ធាតុម៉ែឪ យាយយាគេក្នុងនោះទៅ។ចំណាយលុយធ្វើអាហ្នឹងឲ្យវាចេញ អស់លុយតិចជាងវិហារទៀត តែបានផលធំជាង។គេទៅបង្សុកូល គេទៅលេងម៉ែឪគេ។ម៉ែឪគេទុកនៅវត្ត»។
ព្រះអង្គ ប៊ុត ប៊ុនតិញ មានសង្ឃដីកាបន្តថា នេះជាផ្នែកមួយនៃគម្រោងនិរត្តរភាពដែលរួមមានធ្វើសួនច្បារ កែម ឡី ដាក់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ព្រះតេជគុណ សំ ប៊ុនធឿន លោក កែម ឡី លោក ជា វិជ្ជា លោក ឈុត វុទ្ធី និងអ្នកផ្សេងទៀតដែលត្រូវបានសម្លាប់ផងដែរ។ បន្ថែមពីនេះ ព្រះអង្គនឹងបង្កើតមូលនិធិមនុស្សធម៌និងមូលនិធិអាហារូបករណ៍សម្រាប់សិស្សក្រីក្រដែលរៀនពូកែតែគ្មានលទ្ធភាពបន្តសិក្សាយកជំនាញ។
ព្រះអង្គនឹងលាលែងពីតំណែងប្រធានអនុគណៈកម្មការព័ត៌មានគណបក្សសង្គ្រោះជាតិដែលគ្រប់គ្រងកម្មវិធីទូរទស្សន៍ព្រះអាទិត្យ ក្រោយពេលព្រះអង្គនិមន្តទៅគង់នៅវត្តភ្នំសេរីក្នុងខែកញ្ញាព្រោះការគ្រប់គ្រងវត្តនេះជាបន្ទុកធំមួយ ហើយតួនាទីប្រធានអនុគណៈកម្មការព័ត៌មាននេះក៏ទាមទារពេលវេលាច្រើនដែរ។ ប៉ុន្តែព្រះអង្គនឹងនៅតែគាំទ្រគណបក្សសង្គ្រោះជាតិ ហើយបន្តការងារក្នុងគណៈកម្មការស្រាវជ្រាវចងក្រងផ្សព្វផ្សាយឯកសារឈ្មោះ«ឃាតកម្មមិនរកឃាតក» ដូចជាឃាតកម្មសម្លាប់ព្រះតេជគុណ សំ ប៊ុនធឿន លោក កែម ឡី លោក ជា វិជ្ជា លោក ឈុត វុទ្ធី អ្នកស្រីពិសិដ្ឋពិលិកា និងអ្នកសារព័ត៌មានដូចជាលោក ឃឹម សម្បូរ និងលោក ធន់ ប៊ុនលីជាដើម។
ដោយបញ្ជាក់ថា វត្តភ្នំសេរីបើកសេរីភាពនយោបាយដែលបម្រើជាតិខ្មែរនោះ ព្រះអង្គប៊ុត ប៊ុនតិញ ប្រកាសថា ព្រះអង្គនឹងអញ្ជើញលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស មកសម្ពោធវត្តនេះ ប៉ុន្តែមិនទាន់កំណត់ថ្ងៃច្បាស់លាស់នៅឡើយ។
«អ្នកគាំទ្រអាត្មាភាគច្រើនបាញ់ព្រួញទៅនយោបាយ ដូច្នេះថ្ងៃណេះ ទៅស្តាប់ក្រុមណាក៏និយាយដែរថា វត្តយើងធ្វើកិច្ចការឲ្យស្រុក។ អ៊ីចឹងបានអាត្មាបង្កើតបាវចនាបីហ្នឹងកើតមកពីញាតិញោម “កសាងវត្ត ធ្វើប្រយោជន៍ ការពារជាតិ”»។
នៅថ្ងៃទីមួយនៃកម្មវិធីសម្អាតវត្តកាលពីថ្ងៃសៅរ៍ទី២៥ខែកក្កដា ព្រះតេជគុណមី ឡែម ដែលបានចាកចេញពីតួនាទីជាចៅអធិការវត្តមួយក្នុងក្រុងឡូវែល ដោយសារការរំខានពីនយោបាយមិនចេញមុខ បានប្រាប់វីអូអេថា ជាការល្អដែលព្រះតេជគុណ បុ៊ត ប៊ុនតិញបង្ហាញគោលនយោបាយច្បាស់លាស់អំពីវត្តភ្នំសេរីនេះជាជាងនយោបាយលាក់មុខក្នុងវត្ត។
«វត្តនេះគឺជាវត្តមួយពេញ ចង់និយាយថា ចេញមុខណា៎ អត់លាក់បំបាំង ចេញមុខខាងគណបក្សសង្គ្រោះជាតិផ្ទាល់ដូច្នេះអាត្មាសង្ឃឹមថា ព្រះសង្ឃ លោកម្ចាស់ប៊ុត ប៊ុនតិញគឺមិនពិបាកចំណាយថវិកាទៅជួលក្លឹបអីទេ ព្រោះកន្លែងនេះធំមែនទែន ដាក់មនុស្សបានច្រើន»។
កន្លងមក ការជួបជុំរបស់គណបក្សសង្គ្រោះជាតិច្រើនតែជួលភោជនីយដ្ឋានឯកជន ដោយត្រូវចំណាយថវិកាច្រើន។ ព្រះតេជគុណបុ៊ត ប៊ុនតិញមានសង្ឃដីកាថា វត្តភ្នំសេរីនឹងកាត់បន្ថយចំណាយនេះ។
ដោយបង្ហាញអំពីតម្លាភាពក្នុងការគ្រប់គ្រងវត្តដែលជាវថ្មីនេះ ព្រះអង្គបុ៊ត ប៊ុនតិញបន្ថែមថា លក្ខន្តិកៈវត្តភ្នំសេរីនេះមានចំណងដែលចង់មិនឲ្យព្រះក្បត់ជាតិ ក្បត់ញាតិញោម សន្សំបច្ច័យសឹក ហើយការប្រពន្ធនោះទេ។
ព្រះអង្គបន្ថែមថា មានតែញាតិញោមចាស់ៗប៉ុណ្ណោះរាប់អានព្រះអង្គ ដូច្នេះ ឱកាសដែលព្រះអង្គសឹកការប្រពន្ធនោះគឺមិនអាចទេ។
«បេសកកម្មរបស់អាត្មាបួនឆ្នាំវាអត់វែង។ បើសិនជាអាត្មាចង់យកប្រពន្ធ បួនឆ្នាំ ទ្រាំបួនឆ្នាំទៀតទៅ!បួស២០ឆ្នាំហើយទ្រាំបួនឆ្នាំទៀតមិនបានហ្អេះ។ បួនឆ្នាំសឹក ទៅរកប្រព្ធទៅមានអី?ប៉ុន្តែអាត្មាវាសំណាងជីវិតនេះ កើតមកសំណាង។ សំណាងត្រង់ថា អង្កាលពីនៅជាគ្រហស្ថ អត់មានអាវពាក់នឹងគេ អាវរហែកខ្នង ខោរហែកគូថ គ្មានអ្នកណាគេមើលយើងទេ មនុស្សស្រីហ្នឹង។ដូច្នេះវាសំណាង!សំណាងឲ្យអាត្មាបន្តទៅមុខ ព្រោះអត់មានមិត្តស្រីហ្នឹងគេ។អត់មានវាសនាដឹកមិត្តស្រីនឹងគេទេតាំងពីនៅគ្រហស្ថ។ ដល់ពេលបួសមកវឹកនឹងធ្វើការ វឹកហ្នឹងរៀន។រៀនៗ ទៅ វឹកៗ ទៅ ភ្លេចៗទៅ!»
ព្រះអង្គបន្តទៀតថា វត្តដ៏ច្រើននៅស.រ.អា.យកឈ្មោះអង្គការដាក់តែមានអុ្នកឈរឈ្មោះទិញឲ្យ។ ប៉ុន្តែវត្តភ្នំសេរីអត់មានអ្នកឈរឈ្មោះទេគឺដាក់ឈ្មោះវត្តភ្នំសេរី ជាម្ចាស់កម្មសិទ្ធតែម្តងគឺគ្រាន់តែមានឈ្មោះអ្នកទទួលខុសត្រូវក្នុងអង្គការប៉ុណ្ណោះ។ បើអង្គការត្រូវបានរំលាយ ទ្រព្យសម្បត្តិនេះត្រូវប្រគល់ឲ្យរដ្ឋ៕