បើទោះបីជាកោះតៃវ៉ាន់មិនមែនជាសមាជិកអង្គការសហប្រជាជាតិក្តី ក៏ដែនកោះមួយនេះនិយាយថា ខ្លួនមានឆន្ទៈរួមចំណែកនៅក្នុងមូលនិធិរ៉ាប់រងការខូចខាត បង្កឡើងដោយការប្រែប្រួលអាកាសធាតុនៅឯសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុអង្គការសហប្រជាជាតិ ដែលហៅកាត់ថា COP28 នៅក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
មូលនិធិរ៉ាប់រងការបាត់បង់និងការខូចខាតនេះ មានគោលដៅបង្គាប់ឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្លាំងក្លា ផ្តល់សំណងលើផលប៉ះពាល់ ដែលទទួលរងដោយប្រទេសងាយរងគ្រោះក្នុងតំបន់ភាគខាងត្បូវនៃពិភពលោកឬ Global South។
ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ដែនកោះតៃវ៉ាន់ ដែលគ្រប់គ្រងប្រទេសដោយខ្លួនឯងនេះ ស្ថិតក្នុងទំហំតូចនៅឡើយ ប៉ុន្តែបើគិតតាមចំនួនមនុស្សម្នាក់ៗវិញ គឺមានលើសពីចិន សហភាពអឺរ៉ុប និងជប៉ុន។
ស្របពេលប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានចាត់ទុកជាប្រទេសកំពុងអភិវឌ្ឍន៍ បានសន្យាផ្តល់ប្រាក់ចំនួន ១០០លានដុល្លា រទៅឱ្យមូលនិធិខាងលើ សម្ពាធលើបណ្តាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងបរិមាណច្រើនឱ្យចូលរួម កំពុងតែកើនឡើងផងដែរ។
រដ្ឋមន្រ្តីក្រសួងបរិស្ថានតៃវ៉ាន់ លោក Fuh-sheng Shieu និយាយថា ក្នុងឋានៈជាសេដ្ឋកិច្ចអភិវឌ្ឍន៍ កោះតៃវ៉ាន់មានឆន្ទៈបំពេញទំនួលខុសត្រូវផ្នែកអាកាសធាតុរបស់ខ្លួន។ លោកថ្លែងដូចនេះថា៖«ប្រសិនបើកោះតៃវ៉ាន់ត្រូវបានដាក់បញ្ចូលក្នុងកិច្ចប្រជុំចរចា ស្តីពីការប្រែប្រួលអាកាសធាតុ COP28 នោះ តៃវ៉ាន់នឹងចូលរួមចំណែកជាសាច់ប្រាក់ទៅឱ្យមូលនិធិរ៉ាប់រងការបាត់បង់និងការខូចខាត(loss and damage fund)»។
លោក Shieu មិនត្រូវបានអនុញ្ញាតឱ្យចូលសូម្បីតែក្នុងទីកន្លែងសន្និសីទ ពីព្រោះកោះតៃវ៉ាន់មិនមែនជាភាគីនៅក្នុងសន្ធិសញ្ញាស្តីពីអាកាសធាតុនោះឡើយ។ ដូច្នេះ ការចូលរួមពីសំណាក់កោះតៃវ៉ាន់គឺ ភាគច្រើនធ្វើឡើងតាមរយៈជំនួបទ្វេភាគីនៅក្រៅកិច្ចប្រជុំតែប៉ុណ្ណោះ។
តៃវ៉ាន់ធ្លាប់បានផ្តល់ហិរញ្ញប្បទានទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួន ដែលភាគច្រើនជាប្រទេសកោះតូចៗ។ ឧទាហរណ៍មួយក្នុងចំណោមនោះ គឺការផ្តល់ប្រាក់១លានដុល្លារទៅកាន់ប្រជុំកោះ Marshall ចំពោះវិធានការដើម្បីសម្របឱ្យបានប្រសើរជាងមុន លើផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។
នេះជាមធ្យោបាយមួយ ដែលលោក Shieu បាននិយាយថា កោះតៃវ៉ាន់កំពុងប្រើប្រាស់ដើម្បីព្យាយាមបំពេញទំនួលខុសត្រូវផ្នែកអាកាសធាតុរបស់ខ្លួន។ លោកបានបន្ថែមថា កោះតៃវ៉ាន់អាចផ្តល់ «ការរួមចំណែកច្រើនជាងនេះ» ប្រសិនបើកោះនេះអាចចូលរួមក្នុងជំនួបប្រជុំស្តីពីអាកាសធាតុ។
ប៉ុន្តែចិនបានរអ៊ូរទាំពីរវត្តមានរបស់កោះតៃវ៉ាន់នៅក្នុងសន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP28 ដោយចាត់ទុកថា នេះជា«រឿងមិនអាចទទួលយកបាន» និងបានលើកឡើងពីអំណះអំណាងដែលថា កោះតៃវ៉ាន់ដែលដឹកនាំគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនោះ គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
ប៉ុន្តែអ្នកស្រី Isatis Cintron អ្នកវិទ្យាសាស្រ្តផ្នែកអាកាសធាតុនិងប្រធានអង្គការ Climate Trace បាននិយាយថា ការមិនដាក់បញ្ចូលប្រទេសក្រោមចំណុះឬដែនដី ដូចជាតៃវ៉ាន់ជាដើម គឺជាការបំពានយុត្តិធម៌ផ្នែកអាកាសធាតុ។
អ្នកស្រីថ្លែងដូចនេះថា៖ «យើងមិនអាចនិយាយពីយុត្តិធម៌ផ្នែកអាកាសធាតុបានពេញលេញនោះទេ ប្រសិនបើយើងមិនដាក់បញ្ចូលគ្រប់ភាគីពាក់ព័ន្ធនោះ»។
កោះតៃវ៉ាន់កំពុងប្រើប្រាស់ឥន្ធនៈផូស៊ីលនាំចូល ដូចជាធ្យូងថ្មនិងប្រេងជាដើម សម្រាប់ថាមពលមួយភាគធំរបស់ខ្លួន។ កាលពីដើមឆ្នាំនេះ កោះតៃវ៉ាន់បានដាក់ចេញច្បាប់ស្តីពីគោលដៅទ្រទ្រង់បរិស្ថាន ដើម្បីសម្រេចបានការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនក្នុងកម្រិតសូន្យក្នុងឆ្នាំ ២០៥០។
គេរំពឹងថា មូលនិធិរ៉ាប់រងសម្រាប់ការបាត់បង់និងការខូចខាត ដែលបង្កឡើងពីការប្រែប្រួលអាកាសធាតុ នឹងត្រូវដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៤ ខាងមុខនេះ៕
កោះតៃវ៉ាន់ «មានឆន្ទៈ» រួមចំណែកក្នុងមូលនិធិរ៉ាប់រងការបាត់បង់និងការខូចខាតពីការប្រែប្រួលអាកាសធាតុក្នុងសន្និសីទកំពូល COP28
ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម —