ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ជំនាញ​៖ ​គោលនយោបាយ​ស្តីពីទំនាក់ទំនង​រវាង​​សហរដ្ឋ​អាមេរិក​និង​​ចិនទំនងជាបន្តទៅមុខ ​ជា​ជាង​កែប្រែ


រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងគណៈប្រតិភូអាមេរិក ចូលរួមក្នុងកិច្ចប្រជុំកំពូលមួយជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងគណៈប្រតិភូចិន នៅទីក្រុង Anchorage រដ្ឋ Alaska កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១។
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងគណៈប្រតិភូអាមេរិក ចូលរួមក្នុងកិច្ចប្រជុំកំពូលមួយជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងគណៈប្រតិភូចិន នៅទីក្រុង Anchorage រដ្ឋ Alaska កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១។

កិច្ច​ចរចាតឹងតែង​ពីរ​ថ្ងៃ​រវាងសហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន ​ក្នុង​រដ្ឋ​ Alaska បាន​បញ្ចប់​ កាល​ពី​ថ្ងៃ​សុក្រ ទី ១៩​ ខែ​មីនា​ ដោយគណៈប្រតិភូចិន​បាន​ចាកចេញ​ដោយ​គ្មាន​ធ្វើ​អត្ថាធិប្បាយអ្វី​ទេ។​

ការ​ខ្វែងមតិ​គ្នានៅ​តែមានពាក់ព័ន្ធនឹង​ការ​ប្រព្រឹត្តរបស់​អាជ្ញាធរ​ចិនលើជន​អំបូរ​ភាគ​តិច​ Uyghur និងសកម្មភាព​គឃ្លើនរបស់​ចិន​នៅ​ក្រុង​ហុងកុង​ តំបន់ទី​បេត៍ និង​កោះតៃវ៉ាន់។​

លោករដ្ឋ​មន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក Anthony Blinken បាន​ថ្លែង​ថា៖

«គ្មាន​អ្វីគួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ​ដែល​នៅពេលយើង​លើកយក​បញ្ហា​ទាំង​នេះ​មក​និយាយយ៉ាង​ច្បាស់លាស់​និង​ចំៗ​តែម្តង យើងបានទទួល​ការ​ឆ្លើយ​តបការពារ​ខ្លួន​»។

លោក Zhao Lijian អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ បាន​ថ្លែង​ថា៖

«ប្រទេស​ចិនមិន​សម្របសម្រួល​បញ្ហា​អធិបតេយ្យភាព​ សន្តិសុខ​ និង​ផលប្រយោជន៍​ស្នូលរបស់​ខ្លួន​ទេ។​ ការប្តេជ្ញារបស់​យើង​និង​ការ​ថែរក្សា​ផល​ប្រយោជន៍​ស្នូលរបស់​យើង​ មិន​ងាករេ​ឡើយ»។

លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Blinken បានមានប្រសាសន៍ថា បញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិជ្ជា និងការប្រហារតាមអនឡាញ នឹងត្រូវពិនិត្យសើរើជាថ្មីជាមួយសភានិងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដើម្បីជំរុញផលប្រយោជន៍របស់ធុរកិច្ចនិងក្រុមអ្នកធ្វើការងារ។​

ជំនួបដំបូងរបស់រដ្ឋបាល​លោក​ Biden រវាង​មហាអំណាចទាំង​ពីរនេះ​បានធ្វើឡើង​ នៅ​ក្រោយ​ការ​ធ្វើដំណើរ​របស់​លោក Blinken ទៅ​ជូបសម្ព័ន្ធមិត្ត​សហរដ្ឋ​អាមេរិក​ គឺ​កូរ៉េខាង​ត្បូង​និង​ជប៉ុន​ នៅពេល​ដែល​ប្រទេស​ចិន​បាន​ចាត់​វិធានការ​កាន់តែ​មោះមុត​ជាង​មុន​នៅ​តំបន់​អាស៊ី។

លោក Blinken​ បាន​មានប្រសាសន៍​ថា ​គោលដៅ​នៃ​ជំនួប​នេះ ​គឺបង្ហាញ​អាទិភាពរបស់​រដ្ឋបាល​លោក Biden។ នៅពេលមាន​បញ្ហា​ជា​ច្រើនដែល​ប្រទេស​ទាំង​ពីរ​មិន​យល់​ស្រប​គ្នា ចិននិង​សហរដ្ឋ​អាមេរិក​យល់ស្របគ្នា​លើ​បញ្ហា​មួយ​ចំនួន។

«ចំពោះ​បញ្ហា​ប្រទេស​អ៊ីរ៉ង់ កូរ៉េខាង​ជើង អាហ្វហ្គានីស្ថាន និង​បញ្ហាអាកាសធាតុ យើង​មាន​ផល​ប្រយោជន៍​ដូច​គ្នា»។

លោក Jamese Jay Carafano នៃមូលនិធិ Heritage​ បាន​និយាយ​ថា​ ទោះណា​គេនៅ​មិនទាន់​អាច​សន្និដ្ឋាន​អំពីគោលនយោបាយ​របស់​លោក Biden ចំពោះ​ប្រទេស​ចិន​នៅ​ឡើយ​ក៏ដោយ ​ក៏ក្រុម​អ្នកវិភាគ​មិន​រំពឹងថា​នឹង​ខុសគ្នា​ច្រើន​ពី​គោល​នយោបាយ​របស់​រដ្ឋបាល​លោក ​Trump ​នោះទេ។

«មកដល់​ពេល​នេះ ខ្ញុំឃើញ​មានការ​បន្ត​ច្រើន​ជាង​ការ​ផ្លាស់​ប្តូរនៅ​ក្នុង​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ពី​រដ្ឋបាល Trump ទៅកាន់​រដ្ឋបាល​លោក ​Biden។ ​យើង​ត្រូវ​សម្គាល់​ចំណុច​ទាំងឡាយ​ដែល​យើង​និង​ចិនមិនយល់​ស្របគ្នា ហើយ​ព្យាយាម​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ និង​បង្ហាញឆន្ទៈរបស់​យើង​ ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​យើង។ ការ​ធ្វើ​ដូច្នេះ​ទំនង​ជា​នាំ​ឱ្យ​យើង​មានទំនាក់ទំនង​ប្រកប​ដោយ​ស្ថិរភាព​ឆាប់​ជាងមុន»។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ទោះ​ជា​ចិន​បាន​ប្រើ​ប្រាស់​វោហារសាស្ត្រ​តឹង​រ៉ឹង ​ដែល​ភាគច្រើន​ដើម្បី​បង្ហាញ​ពលរដ្ឋ​ចិនក៏ដោយ ប្រទេស​ចិន​ចង់​កាត់បន្ថយ​ភាព​តានតឹងជា​មួយ​សហរដ្ឋ​អាមេរិក។

អ្នកស្រី Abby Bard ដែលធ្វើការ​នៅ​ឯ​មជ្ឈមណ្ឌល​នៃ​ការ​ជឿនលឿន​អាមេរិកាំង​ បាន​និយាយ​ថា៖ «​ប្រទេសចិន​ស្រមៃ​ថា​ សហរដ្ឋ​អាមេរិក​នឹង​ដក​ថយពី​ការ​ចង់​ធ្វើ​ជាមហា​អំណាច​មួយក្នុងតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ខ្ញុំ​មិនយល់​ថា​ រឿង​នេះនឹងកើត​ឡើង​ទេ»។

ជាពិសេស​ក្រោយ​ពី​អ្វី​ដែល​លោក​ Michael Kugelman នៃមជ្ឈមណ្ឌលស្រាវជ្រាវ​ Wilson បានពណ៌នា​ថា​ជា​ «ទំនាក់​ទំនង​អាក្រក់»រ វាង​ប្រទេស​ចិន​និង​សហរដ្ឋ​អាមេរិក​ ក្នុងអំឡុង​រដ្ឋបាល Trump។

លោក​បាន​ថ្លែងថា៖ «មានការ​រំពឹង​ថា​រដ្ឋបាល​លោក Biden​ នឹង​អាច​លើកទឹក​ចិត្ត​ឱ្យមានការ​បន្ថយ​ភាព​តានតឹង​រវាង​ប្រទេសទាំង​ពីរ។ តែ​យើង​ឃើញថា​ មកទល់នឹង​ពេល​នេះ ការទាក់ទង​គ្នា​នេះ​កាន់​តែ​ធ្លាក់​ដុនដាន​ថែមទៀត»។

ការ​ប្រជុំ​គ្នានេះ​គ្រាន់​តែ​ជា​ជំហានដំបូង​ប៉ុណ្ណោះ។ ក្រុម​អ្នក​វិភាគនិយាយ​ថា សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន ​នឹង​បោះ​ជំហាន​ទៅមុខតែនឹងត្រូវការ​ពេលវេលា​ ដើម្បី​ឱ្យ​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​នេះ​សម្រេច​ថា តើ​ទំនាក់​ទំនងប្រកប​ដោយ​ចីរភាព​រវាង​ប្រទេស​ទាំងពីរ​នឹង​មាន​លក្ខណៈ​យ៉ាង​ដូចម្តេច។

ប្រែសម្រួលដោយលោក ឈឹម សុមេធ

XS
SM
MD
LG