ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​គាប​សង្កត់​សិទ្ធិ​មូលដ្ឋាន​ដែល​នៅកើត​មាន​ នាំឱ្យ​ពលរដ្ឋ​រារែក​ចូល​រួម​សកម្មភាព​សង្គម


ក្រុមអង្គការសង្គមស៊ីវិលធ្វើសន្និសីទសារព័ត៌មាន​ស្តីពីលទ្ធផលនៃវេទិកាប្រជាពលរដ្ឋកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)
ក្រុមអង្គការសង្គមស៊ីវិលធ្វើសន្និសីទសារព័ត៌មាន​ស្តីពីលទ្ធផលនៃវេទិកាប្រជាពលរដ្ឋកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)

មន្ត្រី​អង្គការ​សង្គមស៊ីវិលមួយ​ចំនួននៅ​ថ្ងៃអង្គារ​នេះ​ បាន​រក​ឃើញ​បញ្ហា​ប្រឈម​ និង​កង្វល់​ពាក់​ព័ន្ធ​នឹងលម្ហ​សិទ្ធិ​ស៊ីវិល​ ដែល​នៅ​បន្ត​ស្ថិត​ក្រោម​ការ​រឹតត្បិត​របស់​អាជ្ញាធរ​ ព្រោះ​ប្រជាពលរដ្ឋ​ខ្លះ​ត្រូវ​បាត់​បង់​ការ​គាំទ្រ​ខាង​សេដ្ឋកិច្ច​សង្គម​ពី​រដ្ឋាភិបា​ល​ នៅ​ពេល​កំណត់​បាន​ការ​ប្រកាន់​និន្នាការ​នយោ​បាយ​ផ្ទុយ​ពីបក្ស​កាន់អំណាច​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពីលទ្ធផលនៃ​«វេទិកា​ប្រជាពល​រដ្ឋ​កម្ពុជា»រៀប​ចំឡើង​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ អ្នក​ស្រី​ សឺនកេត​ សិរីលក្ខណ៍ ​អ្នក​សម្រប​សម្រួល​កម្មវិធី​អប់រំ និង​យេន​ឌ័រ​នៃ​អង្គការ​ឃ្លាំមើល​កា​របោះឆ្នោត​ខុម​ហ្វ្រែល ​បាន​និយាយ​ថា​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​និង​ការ​រើស​អើង​និន្នា​ការន​យោ​បាយ​ នៅ​តែ​បន្ត​កើត​មាន​ទៅលើ​ប្រជាពល​រដ្ឋ ​និង​សកម្ម​ជន​នយោបាយ​ដែល​មាន​សមាន​ចិត្ត​ទៅ​រកគណបក្ស​ប្រឆាំង​។

បើ​តាម​អ្នក​ស្រី សិរីលក្ខណ៍ សិទ្ធិ​ពល​រដ្ឋ​និង​លំហ​សង្គមស៊ីវិល​ កាន់តែ​ទ្រុឌទ្រោម និង​រួម​តូច​ទៅ​ ដោយ​សារ​តែ​អាជ្ញាធ​រនៅ​តែបន្តប្រើ​ប្រាស់​យុទ្ធសាស្ត្រយាយី តាមរូបភាព​មួយ​ចំនួន​ ដូច​ជា​ការ​បំភិត​បំភ័យ​តាម​ផ្លូវចិត្ត​សាស្ត្រ​ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ។

អ្នក​ស្រី​ថ្លែង​ថា​៖«ការអនុវត្ត​សិទ្ធិ​ឬ​សកម្មភាពសង្គមផ្សេងៗ​ ត្រូវរង​ការគំរាមកំហែង​ និង​បំភិត​បំភ័យ​ តាម​រយៈការ​ថតអត្តសញ្ញាណបណ្ណ​ដោយមិនបញ្ជាក់​មូល​ហេតុ​ ការបង្ខំ​ឱ្យស្បថ​ ការ​ថតរូប ​និង​ថតវីដេអូ​ អំពីការ​គូស​សន្លឹក​ឆ្នោត​ ឬការ​បង្ខំ​ឱ្យសន្យា​ដើម្បី​ធ្វើ​អ្វី​មួយ​។ ហើយបញ្ហា​ផ្សេងទៀតមានដូចជា​ ការ​ដក​ហូត​ឬ​កាត់​ប្រាក់​ឧបត្ថម្ភ ការ​កាត់​អាហារូបករណ៍​សិក្សា​របស់​កូន​ ការដកហូត​បណ្ណក្រីក្រ និងការ​ប្រើ​ប្រាស់​ស្ថាប័នតុលាការ​និង​មន្ត្រី​សាធារណៈ​ដោយ​មិនប្រក្រតី​ និង​មិនស្រប​តាម​នីតិ​វិធី​»។

ក្រុមអង្គការសង្គមស៊ីវិលធ្វើសន្និសីទសារព័ត៌មាន​ស្តីពីលទ្ធផលនៃវេទិកាប្រជាពលរដ្ឋកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)
ក្រុមអង្គការសង្គមស៊ីវិលធ្វើសន្និសីទសារព័ត៌មាន​ស្តីពីលទ្ធផលនៃវេទិកាប្រជាពលរដ្ឋកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ (ហាន ណូយ/វីអូអេ)

ការកត់​សម្គាល់​របស់​មន្ត្រី​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ កើតមានឡើង​ក្រោយ​ការ​រៀប​ចំ​«វេទិកា​ប្រជា​ពល​រដ្ឋកម្ពុ​ជា ស្តី​ពីការ​ការពារ​លម្ហ​ពលរដ្ឋ​ ប្រជាធិ​បតេយ្យ និង​សិទ្ធិ​មនុស្ស​ ដើម្បីសមធម៌​និង​យុត្តិ​ធម៌​នៅកម្ពុជា​» កាល​ពី​ថ្ងៃទី​១៦ដល់១៧ ខែតុលា ឆ្នាំ២០២២ ក្រោម​ការ​គាំទ្រ​ពី​អង្គការ​សង្គម​ស៊ីវិល​ជាង​ ២១ស្ថា​ប័ន​ និង​មាន​ការ​ចូលរួមពី​ប្រជាពល​រដ្ឋកម្ពុជា​ចំនួនជាង​ ​ ៤០០នាក់ដែលមកពី​បណ្តា​ខេត្ត​ផ្សេងៗ​គ្នា។

នាយក​ប្រតិបត្តិអង្គការសម្ពន្ធ​សិទ្ធិកុមារកម្ពុជា​ លោក សុន ពេញ ដែល​បាន​ចូលរួម​វេទិកា​ខាង​លើ​លើក​ឡើង​ថា​ ការ​បញ្ចេញមតិ​នៅតាម​បណ្តាញ​អ៊ីន​ធឺណិត​ របស់​ប្រជាពល​រដ្ឋ​ បន្តស្ថិត​ក្រោម​ការ​គំរាម​កំហែង ​និង​ខ្លះ​ឈាន​ដល់​ការ​ចាប់​ខ្លួនពី​សំណាក់អាជ្ញាធរ នៅ​ពេល​ខ្លឹម​សារ​ច្បាប់ដែល​ប្រើ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាពលើ​បណ្តាញ​អ៊ីនធឺណិត​ ​ត្រូវ​មន្ត្រីអនុវត្តន៍​ច្បាប់​បាន​បក​ស្រាយ​ក្នុង​ភាព​មិន​ច្បាស់​លាស់។​

លោក សុន ពេញ​ និយាយ​ថា៖​ «បញ្ហាធំទី​៣ គឺ​យើងបាន​មើលឃើញ ហើយ​យើង​បាន​ទទួល​ព័ត៌​មានពី​ប្រជាពល​រដ្ឋ​ថាមាន website (គេហទំព័រ​) មួយចំនួន ជាពិសេស​website​ ដែល​ពាក់ព័ន្ធជាមួយ​សកម្ម​ភាព​ដែល​ចូលរួមចំណែក​ការពារបរិស្ថាន ការពារធនធាន​ធម្មជាតិ និង website មួយចំនួន​ទៀត​ត្រូវ​បាន ​block [បិទចោល​] ត្រូវ​បាន​លុប​ចោល ត្រូវ​បាន​គ្រប់​គ្រង។ អ៊ីចឹង​អានេះក៏ជាបញ្ហា​នៃការ​ព្រួយ​បារម្ភ​មួយ ដែល​ប្រជាពល​រដ្ឋកម្ពុជា​នៅ​តែគិត​ថា​ ប្រសិនបើ​ជា​នៅ​បន្ត​ការងារ​ទាំងអស់​នេះ​ទៀត អត់​អាច​ឱ្យ​គាត់​មាន​សេរី​ភាព​ឬក៏​លម្ហ​សេរីភាព​ទៅលើ​ប្រព័ន្ធ​ឌីជីថល​បានទេ»។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្សលីកាដូ​លោក​ អំ សំអាត ​ប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ​នេះ​ថា សិទ្ធិសេរីភាព​ជាមូល​ដ្ឋាន​របស់​ប្រជាពល​រដ្ឋ​នៅ​តែ​រងការ​រឹតត្បិត​ ព្រោះ​ការ​បញ្ចេញមតិ និង​ការ​ជួបជុំ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធីជារឿយៗ​បានពើបប្រទះ​បញ្ហា​ប្រឈមជាមួយ​នឹង​អាជ្ញាធរ​មាន​សមត្ថកិច្ច។

លោកថ្លែង​ថា៖ «មនុស្សជាច្រើន​ដែល​ត្រូ​វបានចោទប្រកាន់ទាក់ទងនឹង​បទញុះញង់​ឬ​ក៏​បទ​ល្មើស​ផ្សេង​ជាមួយ​នឹង​ការបញ្ចេញមតិ​របស់ពួក​គេ​ទៅ​តាម​បណ្តាញសង្គម​អី​ជាដើម​»។​

អ្នក​នាំ​ពាក្យគណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ាលីន យល់ថា​ ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​សង្គមស៊ីវិល​ មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​ពិត​នៅកម្ពុជា​ឡើយ​ ​ក្រោម​ហេតុ​ផល​ថា​ មន្ត្រី​អនុវត្ត​ច្បាប់បាន​ដាក់ទោសទណ្ឌតែ​ទៅលើ​ជនណា​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ប៉ុ​ណ្ណោះ។

លោកថ្លែង​ថា៖«សេរីភាព​ប្រជាធិប​តេយ្យ​នៅកម្ពុជា​ដូច​ជាមិនរឹតត្បិត​អី​នោះទេ​។ វា​អាច​រឹត​ត្បិត​សម្រាប់​តែក្រុមឱ​កាស​និយម ក្រុម​ជ្រុលនិយម​មួយចំនួន ដែល​មានចេត​នាមិនល្អ ចេត​នាទុច្ចរិត​ ដែល​ធ្វើ​សកម្មភាព​ក្នុងគោលដៅមួយបង្កនូវភាព​ចលាចល​»។

​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​រៀបចំ​«វេទិកា​ប្រជាពល​រដ្ឋ​កម្ពុជា»​ បានផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិ​បាល​ចំនួន​ពី​រ​ ដើម្បី​បើក​លម្ហសិទ្ធិ​ស៊ីវិល​ឡើង​វិញ​។ ទី១​រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​រាល់​ការ​រើស​អើង ការ​គំរាម​កំហែង​ ការ​បំភិតបំភ័យ និងការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ផ្នែក​នយោបាយ​គ្រប់​រូប​ភាព​ទៅលើ​អ្នក​នយោ​បាយ​ សកម្មជន​នយោបាយ​ ពល​រដ្ឋម្ចាស់ឆ្នោត និងសង្គមស៊ីវិល​។ ទី២ រដ្ឋាភិបាល​និង​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់​ ត្រូវ​បើក​ចំហ​លម្ហ​ពល​រដ្ឋ​ និង​សង្គមស៊ីវិល​ ដោយ​រាប់​បញ្ចូលតាំង​ពី​បញ្ហា​តូច​តាចឡើង​ទៅ​ ចៀស​វាង​ទុក​ឱ្យក្លាយ​ជាបញ្ហា​ធំ​ដែលមានសមាសភាព​កាន់តែ​ស្មុគស្មាញនិង​កាន់​តែ​ប្រឈម​ដាក់គ្នា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG