ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សា​ធម្មនុញ្ញ​​សម្រេច​ដាក់​ទណ្ឌកម្ម​មន្ត្រី​​មូលដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត


អ្នកសង្កេត​ការណ៍ និង​​អ្នក​យក​​ព័ត៌មាន​​សង្កេត និងយកព័ត៌មាន​ពីទូរទស្សន៏​នៅក្រៅ​បន្ទប់​សវនាការ ព្រោះក្រុម​ប្រិក្សាធម្មនុញ្ញ្​មិនអនុញ្ញាត​ឲ្យចួល។​​
អ្នកសង្កេត​ការណ៍ និង​​អ្នក​យក​​ព័ត៌មាន​​សង្កេត និងយកព័ត៌មាន​ពីទូរទស្សន៏​នៅក្រៅ​បន្ទប់​សវនាការ ព្រោះក្រុម​ប្រិក្សាធម្មនុញ្ញ្​មិនអនុញ្ញាត​ឲ្យចួល។​​
នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​បង្គាប់​ឲ្យ​ដាក់​ទណ្ឌ​កម្ម​លើ​មន្ត្រី​ទទួល​ខុស​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ចំនួន​ប្រាំបី​ការិយាល័យ​ក្នុង​ខេត្ត​ក្រចេះ​ដោយ​សំអាង​ថា ​មន្ត្រី​ទាំងនោះ​បាន​ប្រព្រឹត្តខុស​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន។​

មន្ត្រី​ទទួល​ខុសត្រូវ​ទាំង​ប្រាំបី​ការិយាល័យ​នេះ​ស្ថិត​ក្នុង​ឃុំ​ស្វាយ​ជ្រះ​នៃ​ខេត្ត​ក្រចេះ។​ ហើ​យ​ការ​ពិន័យ​ទោស​ទៅ​លើ​ពួក​គេ​សម្រេច​ឡើង​ដោយសារ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​រក​ឃើញ​ថា​ ពួក​គេ​បាន​ប្រព្រឹត្ត​កំហុស​ដោយ​មិន​បាន​បិទ​កញ្ចប់​សុវត្ថិភាព ​«ក»​ក្រោយ​ពី​ការ​រាប់​សន្លឹក​ឆ្នោត​រួច។​

កញ្ចប់​នេះ​មាន​សារៈ​សំខាន់​ដែល​ផ្ទុក​ដោយ​ទិន្នន័យ​បោះ​ឆ្នោត​គ្រប់​បែប​យ៉ាង​ និង​កំណត់​ត្រា​ក្នុង​អំឡុង​ពេល​រាប់​សន្លឹក​ឆ្នោត ​និង​ក្នុង​ពេល​បោះ​ឆ្នោត។​

សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​កំពូល​ចុង​ក្រោយ​ក្នុង​ការ​សម្រេច​លើ​បណ្តឹង​នានា​ក្នុង​ការ​បោះ​ឆ្នោត​បាន​បើក​សវនាការ​ជិត​ពេញ​មួយ​ថ្ងៃ​លើ​បណ្តឹង​ស្តី​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការិយា​ល័យ​បោះ​ឆ្នោត​ចំនួន​១៣​ក្នុង​ឃុំ​ស្វាយ​ជ្រះ​នេះ។​ បណ្តឹង​ទាំង​នេះធ្វើ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ឯក​ សំអុល​ ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​អាន​សេចក្តី​សម្រេច​នេះ​បន្ទាប់​ពី​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដកខ្លួន​ទៅ​ពិចារណា​ជា​ច្រើន​ម៉ោង​ក្រោយ​ពី​បញ្ចប់​សវនាការ។​

លោក​ឯក សំអុលប្រកាសថា៖ ​«ប្រគល់​ភារកិច្ច​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ចាត់​វិធាន​ការ​ដាក់​ទណ្ឌ​កម្ម​លើ​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស​ដូច​មាន​ចែង​ក្នុង​មាត្រា​២»។​

មាត្រា​២​ក្នុង​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សាធម្មនុញ្ញ​គឺ​កំណត់​ថា​ មន្ត្រី​ទាំង​នេះ​បាន​ប្រព្រឹត្ត​កំហុស ​ប៉ុន្តែ​មិន​បាន​ទទួល​ទណ្ឌកម្ម។​ ទោះជា​យ៉ាងណា ​គេ​នៅ​មិន​ទាន់​ដឹង​ ថា​តើ​ទណ្ឌកម្ម​លើ​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​ទាំង​នោះ​មាន​អ្វីខ្លះ​នោះ​ទេ។​

លោក​ម៉ៅ​ សុភារិទ្ធ​ មន្ត្រី​គ.ជ.ប.ដែល​បាន​ចូល​ការពារ​ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ​ថ្លែង​ប្រាប់​អ្នក​រាយ​ការណ៍​ព័ត៌មានថា​ គ.ជ.ប.នឹង​ត្រូវ​ប្រជុំ​សមាជិក​ទាំង​៩​រូប​ជា​មុន​សិន។​
លោក​និយាយថា៖ ការ​សម្រេច​ណាមួយ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​អាស្រ័យ​លើ​ការ​ប្រជុំ​របស់​សមាជិក​ទាំង​ប្រាំបួនរូប​ ថា​តើ​សម្រេច​ដាក់​ពិន័យ​នោះ​យ៉ាងណា»។​

លោក​គួយ​ ប៊ុនរឿន​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​បោះ​ឆ្នោត​ខាង​ភាគី​ដើម​បណ្តឹង​ មាន​ប្រសាសន៍​ថា​ នេះ​ជា​ការ​សម្រេច​ដែល​មិន​យុត្តិធម៌​នោះ​ទេ។​

លោក​និយាយថា៖​ «យើង​ឃើញ​ថា ​សេចក្តី​សម្រេច​នេះ​អយុត្តិធម៌​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ។​ ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​តាម​ការិយាល័យ​គឺជា​អំពើ​អយុត្តិ​ធម៌​មួយទៀត​សម្រាប់​មន្ត្រី​ការិយាល័យ​ទាំង​នោះ​ ដោយសារ​តែ​កំហុស​របស់​គាត់​មិនមែន​គាត់​ធ្វើ​ដោយ​ចិត្ត​ឯង​ទេ​គឺ​ដោយ​សារ​មាន​ការ​បញ្ជា»។​

លោក​គួយ​ ប៊ុនរឿនបញ្ជាក់​ថា​ គណបក្ស​ជំទាស់​នឹង​ពិចារណា​ប្តឹង​ពី​បទ​ព្រហ្ម​ទណ្ឌ​ទៅ​កាន់​តុលាការ។​

មេធាវី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ជូ​ ជូងងី​ និង​លោក​កែត​ ឃី​បាន​លើក​ក្នុង​សវនាការ​ថា​ មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត​ មាន​ការ​កែ​តួលេខ​សន្លឹក​ឆ្នោត​មិន​បានការ​ និង​សុំ​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​នៅ​ទូ​ទាំង​ខេត្តក្រចេះ​ដើម្បី​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត​ ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពី​ប្រព័ន្ធ​បញ្ជា​ឲ្យ​ប្រព្រឹត្ត​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​ សុំ​ឲ្យ​ផ្តន្ទាទោស​ជន​ប្រព្រឹត្ត​ខុស​ និង​សុំ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ​ក្នុង​ឃុំ​មួយ​ចំនួន។​

លោក​ម៉ៅ​ សុភារិទ្ធ​ តំណាង​គ.ជ.ប.ទទួល​ស្គាល់​ថា​ មន្ត្រី​មូលដ្ឋាន​របស់​គ.ជ.ប.បាន​ប្រព្រឹត្ត​ខុស​ ហើយ​នេះ​មិនមែន​ជា​បញ្ហា​បច្ចេក​ទេស​ទេ។​

ដោយឡែក​លោក​ឯក​ សំ​អុល​ ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ បាន​ទទួល​ស្គាល់​ថា ​មាន​ភាព​មិន​ប្រក្រតី​បាន​កើត​ឡើង​ដូច​បាន​លើក​ឡើង​ក្នុង​បណ្តឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​ឃុំ​ស្វាយ​ជ្រះ ​ប៉ុន្តែ​ភាព​មិន​ប្រក្រតី​ទាំង​នោះ​មិន​បាន​ធ្វើ​ឲ្យ​ប្រែប្រួល​សំឡេងឆ្នោត​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ឈ្នះ​ឆ្នោត​នោះ​ទេ។​ មួយ​វិញទៀត​ ការ​បោះ​ឆ្នោត​នៅ​ក្នុង​ខេត្ត​មិន​បាន​រំខាន​ដោយ​បញ្ហា​អសន្តិសុខ​នោះ​ទេ។​

លោក​ឯក​ សំ​អុល​បាន​លើក​ឡើង​ក្នុង​សេចក្តី​សន្និដ្ឋាន​មុន​សេចក្តី​សម្រេច​ថា​ គ.ជ.ប.ត្រូវ​ទទួល​ខុសត្រូវ​ខាង​សីលធម៌​អំពី​ការងារ​គ្រប់គ្រង​របស់​ខ្លួន​លើ​បុគ្គលិក​មូលដ្ឋាន។​

លោក​នី​ ចរិយា​ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុ​ក​ ដែល​បាន​ចូល​ឃ្លាំ​មើល​ការ​បើក​សវនាការ​ដោយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ ​អធិប្បាយ​ថាប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​លើក​សំណួរ​ដេញដោល​ខុស​នឹង​បរិបថ​បណ្តឹង​ដូច​ជា​ការ​ចោទ​សួរ​ពី​ភាព​សេរី​ត្រឹមត្រូវ​ និង​យុត្តិធម៌​ អំពី​ការ​ភ័យ​ខ្លាច​របស់​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ជា​ដើម។​

លោក​នី ចិរយា​មាន​ប្រសាសន៍​ថា ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​គួរ​តែអនុញ្ញាត​ឲ្យ​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ។​

លោក​និយាយថា៖​ «នៅ​ពេល​ដែល​ទម្រង់​១១០២​មានការ​ប្រែប្រួល​ ទំរង់​១១០២​មាន​ភាព​មិន​ប្រក្រតី​ ហើយ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​គួរតែ​សម្រេច​ឲ្យ​ធ្វើ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ទៅ​តាម​សំណើ​របស់​ដើម​បណ្តឹង​ ​ពីព្រោះ​យើង​ឃើញ​ថា ​ទិន្នន័យ​នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព ​«ក»​បាន​ខូចខាត​ទៅ​ហើយ។​ នៅ​ពេល​ដែល​កញ្ចប់​«ក»​បាន​របើក ​ហើយ​មិន​ត្រឹមតែ​របើក​ទេ​ ថែម​ទាំង​ខូច​ទិន្នន័យ​ខាង​ក្នុង​ទៀត​ នោះ​ហើយ​គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ»។​

សូម​បញ្ជាក់​ថា​ ប្រសិន​បើ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​សម្រេច​ប្រើប្រាស់​មាត្រា​១២៥​ថ្មី​នៃ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​ មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​ទាំង​ប្រាំបី​ដែល​ត្រូវ​រក​ឃើញ​ថា ​មាន​កំហុស​ អាច​នឹង​ប្រឈម​នឹង​ទោស​ពិន័យ​ជា​ប្រាក់​ពី​១០​ទៅ​២៥​លាន​រៀល ​ឬ​ស្មើ​នឹង​ប្រហាក់​ប្រហែល​ពី​២៥០០​ទៅ​ដប់​៦២៥០​ដុល្លារ​អាមេរិក៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG