ក្រុមអ្នកសារព័ត៌មានអាជីពដែលជាសមាជិកនៃក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសក្នុងប្រទេសថៃ (Foreign Correspondents' Club of Thailand) បានសម្ដែងការស្រងាកចិត្តរបស់ពួកគេ ចំពោះការចាប់ខ្លួន និងចោទប្រកាន់អតីតអ្នកសារព័ត៌មានអាស៊ីសេរីពីរនាក់ក្នុងប្រទេសកម្ពុជាដែលអស់ការងារធ្វើ ពីបទធ្វើចារកម្មឲ្យបរទេស។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រុមអ្នកសារព័ត៌មានបរទេសនេះ ដែលបានចេញផ្សាយតាមគេហទំព័ររបស់ខ្លួននៅថ្ងៃសុក្រនេះ។
ប្រតិកម្មរបស់ក្លឹបអ្នកសារព័ត៌មានបរទេសនៅប្រទេសថៃនេះ កើតឡើង បន្ទាប់ពីអតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីរនាក់ គឺលោក អ៊ួន ឈិន និងលោកយាង សុធារិន ហៅ យាង សុជាមេត្តា ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ហើយក្រោយមក ពួកគេទាំងពីរ ក៏ត្រូវបានចោទប្រកាន់ពីបទ«ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ» តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ដែលធ្វើឲ្យអ្នកទាំងពីរប្រឈមនឹងការជាប់ទោសពី៧ទៅ១៥ឆ្នាំ ប្រសិនបើពួកគេ ត្រូវបានរកឃើញថា មានទោសកំហុសមែននោះ។
សេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកសារព័ត៌មានបរទេសក្នុងប្រទេសថៃ បន្តថា ការចាប់ខ្លួនអតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់នេះ ធ្វើឡើង ក្រោយពីរដ្ឋាភិបាលកម្ពុជា បានបង្កើនយុទ្ធនាការ ប្រឆាំងនឹងសារព័ត៌មានឯករាជ្យនៅប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ យុទ្ធនាការនេះ រួមបញ្ចូលទាំងការបិទកាសែត The Cambodia Daily និងការិយាល័យរបស់អាស៊ីសេរីក្នុងប្រទេសកម្ពុជាទាំងបង្ខំចិត្តផងដែរ។
ថ្មីៗនេះ ក្រុមអ្នកសារព័ត៌មានខ្មែរ ប្រមាណ៦០នាក់ ក៏បានសរសេរញត្តិចំហទៅកាន់តុលាការក្រុងភ្នំពេញ ដោយស្នើឲ្យព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ ទម្លាក់ចោលបទចោទប្រកាន់ទៅលើអតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់នេះផងដែរ ដោយក្រុមអ្នកសារព័ត៌មានខ្មែរទាំងនេះ លើកឡើងថា រដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ស្ដីពីរបបសារព័ត៌មានរបស់កម្ពុជា បានធានាសេរីភាពសារព័ត៌មាន។
ក្រុមអ្នកសារព័ត៌មាននៃក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសនៅប្រទេសថៃ បានថ្លែងថា ពួកគេគាំទ្ររាល់ការអំពាវនាវនានា ឱ្យមានការដោះលែងលោក អ៊ួន ឈិន និងលោកយាង សុធារិន ហៅ យាង សុជាមេត្តា ជាបន្ទាន់ ដោយសារអ្នកទាំងពីរ មិនត្រឹមតែត្រូវបានគេដកហូតសិទ្ធិប្រកបរបរចិញ្ចឹមជីវិតរបស់ខ្លួនប៉ុណ្ណោះទេ តែសេរីភាពរបស់អ្នកទាំងពីរ ក៏ត្រូវបានគេដកហូតដែរ៕