ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​អភិរក្ស​និយម៖ តំបន់​អភិរក្ស​សត្វព្រៃ​នៅ​មីយ៉ាន់ម៉ា រង​ការ​គំរាមកំហែង​ពី​ទំនប់​វារីអគ្គិសនី​ដែល​ចិន​ឧបត្ថម្ភ


រូបឯកសារ៖ សត្វដំរី​នៅ​ព្រៃ​តំបន់អភិរក្ស​ក្នុង​រដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ា។
រូបឯកសារ៖ សត្វដំរី​នៅ​ព្រៃ​តំបន់អភិរក្ស​ក្នុង​រដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ា។

ប្រធាន​អង្គការ​ Wildlife Asia​ គឺ​លោកស្រី​ Clare Campbell បាន​និយាយ​ថា​ ការ​​ការពារ​តំបន់​នេះ​ពី​ការ​គំរាមកំហែង​ ដែល​កំពុង​តែ​កើន​ឡើង រួម​មាន​ការ​អភិវឌ្ឍន៍​​និង​ការ​ប្រមាញ់​ខុស​ច្បាប់​គឺ​ត្រូវ​ការ​ការ​គាំទ្រ​​ជា​អន្តរជាតិ។

ក្រុម​អ្នក​អភិរក្ស​កំពុង​អំពាវនាវ​សុំការ​គាំទ្រ​ ដើម្បី​ការពារ​តំបន់​អភិរក្ស​សត្វព្រៃ​ដ៏​ធំ​មួយ​នៅ​រដ្ឋ​ Karenប៉ែក​ខាងជើងប្រទេស​មីយ៉ាន់ម៉ា​ ដែល​ពួកគេ​និយាយ​ថា​ កំពុង​រង​ការ​គំរាម​កំហែង​ពី​ទំនប់​វារីអគ្គិសនី​មួយដែល​ប្រទេស​ចិន​ឧបត្ថម្ភ​ នៅ​លើ​ទន្លេ​ Salween។

គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​លើទន្លេ Salween​ ដែល​ជា​ទន្លេ​វែង​ជាងគេ​បង្អស់ដែល​គ្មាន​ទំនប់​វារីអគ្គិសនីនៅ​តំបន់ដីគោក​អាស៊ីអាគ្នេយ៍​ នៅតែ​ជា​បញ្ហា​ចម្រូងចម្រាសនៅឡើយ។ នា​ពេល​បច្ចុប្បន្ន គម្រោង​សាងសង់​ទំនប់​ចំនួន​៧​ ត្រូវ​បាន​ស្នើ​ឡើង​ នៅ​លើ​ដង​ទន្លេ ​Salween​នេះ។

ប៉ុន្តែ​ ទំនប់​វារីអគ្គីសនី Hatgyi ដែល​មាន​សមត្ថភាព​ផលិត​អគ្គិសនី​បាន​ ​១.៣៦៥​មេហ្គាវ៉ាត់ ត្រូវ​បាន​គេ​យល់ឃើញ​ថា ជាការ​គំរាម​កំហែង​ទៅ​លើតំបន់​អភិរក្ស​សត្វព្រៃ​ពីរ​កន្លែង​នៅ​រដ្ឋ​Karen ប៉ែក​ខាងជើង​ប្រទេស។ ទំនប់​នេះ​ គឺជាគម្រោង​រួម​គ្នារវាង​ក្រុមហ៊ុន​ Sinohydro ​របស់​ប្រទេស​ចិន​ និង​អាជ្ញាធរ​ថាមពល​អគ្គិសនី​ (Electricity Generating Authority/EGAT) របស់​ប្រទេស​ថៃ។

ប្រធាន​បណ្ដាញ​បរិស្ថាន​ និង​សកម្មភាព​សង្គម​រដ្ឋ ​Karen​ ( Karen Environmental and Social Action Network/KESAN)​ លោក​ Saw Paul Sein Twa​ និយាយ​ថា​ ទំនប់​វារីអគ្គិសនីនេះ ​ជា​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​មួយ​ទៅលើ​តំបន់​អភិរក្ស​ ហើយ​លោក​កំពុង​អំពាវនាវ​សុំ​ឲ្យមាន​ការ​ពន្យារគម្រោង​នេះ។

លោក​និយាយ​ថា៖ «ទំនប់​នេះ​នឹង​ពន្លិច​តំបន់​ដែល​យើង​រក​ឃើញ​ថា​ មាន​ពូជ​សត្វ​ជាច្រើន​ ដូចជា​សត្វ​ខ្លា​ ជា​ដើម ដែល​យើងត្រូវការ​ការ​ការពារ​ជាចាំបាច់។ យើង​ត្រូវតែ​ធ្វើ​ការស្រាវជ្រាវ​ និង​ការ​ចុះ​វាស់វែង​ដល់​ទី​កន្លែង​បន្ថែម​ទៀត ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​របស់​ពួកវា»។

រួបឯកសារ៖ សត្វខ្លា​ឃ្មុំ​ខ្មៅ និង​កូន​ នៅ​តំបន់​អភិរក្ស​ក្នុង​រដ្ឋ Karen ប្រទេស​មីយ៉ាន់ម៉ា។
រួបឯកសារ៖ សត្វខ្លា​ឃ្មុំ​ខ្មៅ និង​កូន​ នៅ​តំបន់​អភិរក្ស​ក្នុង​រដ្ឋ Karen ប្រទេស​មីយ៉ាន់ម៉ា។

លោក​ Saw Paul ​ប្រាប់​ VOAថា៖ «យើង​បាន​រក​ឃើញ​សត្វ​មួយ​ចំនួន​ហើយ​ ប៉ុន្តែ​យើង​ត្រូវ​តែ​ធ្វើ​ការ​បន្ថែម​ទៀត។ ប៉ុន្តែ​ តំបន់​នេះ​នឹង​ត្រូវ​លិច​ទឹក​ មុន​ពេល​យើង​អាច​ធ្វើ​ការងារ​នៅ​លើ​ដីគោក​បាន។ នេះ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​ប្រកាស​ឲ្យ​មាន​ការ​ពន្យារ​ ដើម្បី​បញ្ឈប់​ការ​សាងសង់​ទំនប់​ និង​ពិនិត្យមើល​លើ​ការស្រាវជ្រាវ​សត្វព្រៃវិញ»។

ក្នុង​ទស្សនាវដ្ដី​ Oryx​ ចេញផ្សាយ​ថ្ងៃ​ទី៦​ ខែ​កុម្ភៈ​ សហ​អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ លោក ​Saw Sha Bwe Moo​ លោក​Graden Froese និង​លោក​Thomas Gray​ បាន​រៀបរាប់​យ៉ាង​លម្អិត​ពី​លទ្ធផល​នៃ​ការអង្កេត​ស្រាវជ្រាវ​នៅ​តំបន់​អភិរក្ស​សត្វ​ព្រៃ​នៃ​រដ្ឋ​ Karen។ ពួកគេ​និយាយ​ថា​ ក្នុង​ការ​ដាក់​កាំម៉េរ៉ា​ថត​ចោល​ក្នុង​ព្រៃចំនួន​៩.៥១១​យប់​ ពួកគេ​ថត​បាន​សត្វ​ខ្លា​ ខ្លាដំបង​ ខ្លាឃ្មុំ​ខ្មៅ​អាស៊ី​ និង​ដំរី​ ចំនួន ៤.១៩១​ ដង។

រូវ​បាន​ចាត់​ទុក​ថា ​កំពុង​រង​ការ​គំរាមកំហែង​ ងាយ​រងគ្រោះ​ ឬ​ជិត​ផុត​ពូជ​ក្នុង​បញ្ជី​«ក្រហម»របស់​អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ ដើម្បី​អភិរក្ស​ធម្មជាតិ ​( International Union for the Conservation of Nature/IUCN)។

ក្រុម​អ្នកស្រាវជ្រាវ​បាន​ប្រកាស​ឲ្យ​មាន​សកម្មភាព​ជា​បន្ទាន់​ ដើម្បី​ផ្ដល់​ជំនួយ​ដល់​ប្រជាជន​នៅ​រដ្ឋ Karen​ ក្នុង​ការ​ការពារ​ «ប្រព័ន្ធ​អេកូចម្រុះ និង​សម្បូរ​បែប​ចុង​ក្រោយ​គេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍»។

ការ​ស្រាវជ្រាវ​រយៈពេល​៥ឆ្នាំ​នេះ​ ទទួល​បាន​ការ​គាំទ្រ​នៅ​លើ​ឆាក​អន្តរជាតិ​ ដែល​ក្នុង​នោះ​មាន​អង្គការ​ មូលនិធី​សត្វព្រៃ​ពិភពលោក​ ដើម្បី​ធម្មជាតិ (World Wide Fund for Nature) សមាគម​សត្តវិទ្យា​នៅប្រទេស​ស្កុតឡែន​ និង​អឺរ៉ុប​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​Wildlife Asia នៅ​អូស្ត្រាលី។

ប្រធាន​អង្គការ​ Wildlife Asia​ គឺ​លោកស្រី​ Clare Campbell បាន​និយាយ​ថា​ ការការពារ​តំបន់​នេះ​ពី​ការ​គំរាមកំហែង​ ដែល​កំពុង​តែ​កើន​ឡើង រួម​មាន​ការ​អភិវឌ្ឍន៍និង​ការ​ប្រមាញ់​ខុស​ច្បាប់​គឺ​ត្រូវ​ការ​ការ​គាំទ្រជា​អន្តរជាតិ។

លោក​ស្រី​ Campbell ​ បាន​ប្រាប់​ VOAថា៖ «ការ​គំរាមកំហែង​គឺ​កើត​មាន​ឡើងគ្រប់​ពេល​ ហើយ​ការ​គំរាមកំហែង​មួយ​ចំនួនទាមទារការ​ប្រើប្រាស់​ធនធាន​ជាច្រើន​ ការ​យល់ដឹង និង​ចំណាប់​អារម្មណ៍​អន្តរជាតិ។ កត្តា​មួយទៀត​គឺ​ ថា​តើ​សហគមន៍​ក្នុង​ស្រុកអាច​មើល​ឃើញ​ទស្សនវិស័យ​សម្រាប់​តំបន់​នេះ​ ដែល​អាច​នឹង​ខុស​ពី​ទស្សនវិស័យ​របស់​អ្នក​អភិវឌ្ឍ​បរទេស​ឬ​ទេ»។

កម្មវិធី​មួយ​ដើម្បី​ការពារ​តំបន់​អភិរក្ស​ប្រឆាំង​នឹង​ការ​ប្រមាញ់​ខុសច្បាប់​ បាន​នាំឲ្យ​មាន​ក្រុម​អ្នកស្រុក​ រដ្ឋ​Karen​ ដែល​ដើរ​ល្បាត​ប្រឆាំង​នឹង​ការ​ប្រមាញ់​សត្វ​ ហើយ​ពួកគេ​ទទួល​បាន​ជំនួយឧបត្ថម្ភ​ផ្នែក​សព្វាវុធ​ពី​ក្រុម​ឧទ្ទាម​សហភាព​ជាតិ (KNU)។

លោក​ស្រី​ Campbell​ និយាយ​ថា​ ពួកគេ​មាន​គម្រោង​ពង្រីក​តំបន់​ដែល​ក្រុម​ទាំងនេះ​ដើរ​ល្បាត​ ប៉ុន្តែនឹង​ត្រូវការ​ធនធាន​ច្រើន​ជាង​នេះ។

រូបឯកសារ៖ សត្វខ្លាដំបង​នៅ​តំបន់អភិរក្ស​ក្នុងរដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ា។
រូបឯកសារ៖ សត្វខ្លាដំបង​នៅ​តំបន់អភិរក្ស​ក្នុងរដ្ឋ Karen ប្រទេសមីយ៉ាន់ម៉ា។

រដ្ឋាភិបាល​ប្រទេស​មីយ៉ាន់ម៉ា​ សម្រេច​បាន​បទ​ឈប់​បាញ់​គ្នាជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធជនភាគតិច ដែល​មាន​ទាំង​ជនភាគតិច ​Karenផង ស្រប​ពេល​ដែល​ស្ថិរភាព​នយោបាយ​ និង​កំណែទម្រង់​បាន​បើកផ្លូវ​ឲ្យ​សេដ្ឋកិច្ច​មាន​ការ​រីកចម្រើន។ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ការ​ថយ​ចុះ​នៃជម្លោះ​បាន​បើក​ឱកាស​ឲ្យ​មាន​ការប្រមាញ់​ខុស​ច្បាប់ និង​ការ​ជួញដូរ​សត្វ​ព្រៃ។

តាំង​ពី​ឆ្នាំ​២០១២​ ប្រទេស​មីយ៉ាន់ម៉ា​ បាន​រាយការណ៍​ការ​កើន​ឡើង​នៃ​ការ​ប្រមាញ់សត្វ​ដំរី​ដល់​ទៅ​១០ដង​ គឺ​ប្រមាណ​ពី​២៥​ទៅ​៣០​ក្បាល​ក្នុង​មួយ​ឆ្នាំ​ ដោយ​ក្រុម​អាជ្ញាធរ​បាន​ទម្លាក់​កំហុស​ទៅលើ​កង្វះ​ខាង​ព័ត៌មាន​ និង​តម្រូវ​ការ​សរីរាង្គ​សត្វ​ ជាពិសេស​ពី​ប្រទេស​ចិន។

ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ក៏​បាន​កើត​ឡើង​ផង​ដែរ។ អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ​ (UN's Food and Agricultural Organization/ FAO) បាន​ចាត់​ចំណាត់​ថ្នាក់​ដាក់ប្រទេស​មីយ៉ាន់ម៉ា​ ក្រោយ​ប្រទេស​ប្រេស៊ីល​ និង​ប្រទេស​ឥណ្ឌូណេស៊ី​ប៉ុណ្ណោះ ​ក្នុង​បរិបទ​បាត់បង់​ព្រៃឈើ។

ប៉ុន្តែ​ក្រុមអ្នក​អភិរក្ស មាន​ការភ័យខ្លាច​ថា​ កំណើន​ឥទ្ធិពល​របស់​ប្រទេស​ចិន ​អាច​ធ្វើឲ្យ​មានការ​បាត់បង់​ការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ក្រុម​ឧទ្ទាម​នៅ​រដ្ឋ ​Karen​ ក្នុង​ការ​បន្ត​ការ​គាំទ្រ​តំបន់​អភិរក្ស​ តាមរយៈ​កងទ័ព​រំដោះ​ជាតិ ​Karen​ (Karen National Liberation Army/KNLA)​ ដែល​ជា​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​របស់សហភាព​ជាតិ KNU។

ក្នុង​អំឡុង​ពេល​ចរចារ​ពី​បទ​ឈប់​បាញ់​គ្នា​នា​ពេលថ្មីៗនេះ​ ប្រធាន​ក្រុម​ឧទ្ទាម​សហភាព​ជាតិ (KNU)​ លោក​ Mutu Say Poe​ បាន​ក្លាយ​ជា​អ្នកដឹកនាំ​ក្រុម​ឧទ្ទាម ​Karen​ ដំបូង​ដែល​ធ្វើទស្សនកិច្ច​នៅ​ប្រទេស​ចិន។

លោក​Saw Paul​ ប្រធាន​បណ្ដាញ​បរិស្ថាន និង​សកម្មភាព​សង្គម​នៅ​រដ្ឋ​ Karen និយាយ​ថា​ នៅ​មាន​ការ​ព្រួយបារម្ភ​ថា ​ក្រុម​ឧទ្ទាម​សហភាព​ជាតិអាច​នឹង​បោះបង់​ការ​គាំទ្រ​ចំពោះ​តំបន់​អភិរក្ស​នេះ។

លោក​និយាយ​ថា៖ «យើង​បារម្ភ​ថា​ ភាគី​ចិន​នឹង​លើក​ឡើង​ពី​គម្រោង​(តំបន់​អភិរក្ស)នេះ ពេល​និយាយ​អំពីការ​សហការ​ជាមួយ​នឹង​ក្រុម​ឧទ្ទាម​សហជីព​ជាតិ​ ឬ​ក្នុង​ដំណាក់កាល​ស្វែងរក​សន្តិភាព។ ខ្ញុំ​មិន​ដឹង​ដែរ។ ប៉ុន្តែ​ ប្រាកដ​ណាស់​ ដោយសារ​ភាគី​ពាក់ព័ន្ធ​ចម្បង​ក្នុង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនីនេះ​គឺ​ប្រទេស​ចិន​ ហើយ​ទីពីរ​គឺ​អាជ្ញាធរ​អគ្គិសនី​ ​EGAT ​របស់​ប្រទេស​ថៃ​ ដូចនេះ​ យើង​ពិតជា​មាន​ការ​ព្រួយបារម្ភ​មែន»។

VOA មិន​អាច​ទាក់ទង​ក្រុម​ឧទ្ទាមសហភាព​ជាតិ​ ដើម្បី​ស្នើ​សុំ​ការ​អធិប្បាយ​សម្រាប់រឿង​នេះ​បាន​ទេ។

ក្នុង​កិច្ចប្រឹងប្រែងដើម្បី​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ឲ្យ​ឈប់​គាំទ្រ​ការសាងសង់​ទំនប់​វារីអគ្គិសនី Hatgyi​ ប្រជាជន​ភាគតិច​រដ្ឋ Karen​បាន​បង្កើត​គំនិត​ផ្ដួចផ្ដើមក្រុម​អភិរក្ស​សត្វព្រៃ​ការ៉ែន​(Karen Wildlife Conservation Initiative/ KWCI)​ ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​អភិវឌ្ឍ​តាមមធ្យោបាយ​ដទៃ​វិញ។

ក្រុម​អភិរក្ស​សត្វព្រៃ​ការ៉ែន (KWCI​) បាន​សហការ​ជាមួយ​នឹង​ក្រសួង​រុក្ខា​ប្រមាញ់​ Karen​ បណ្ដាញ​បរិស្ថាន និង​សកម្មភាព​សង្គម​នៅ​រដ្ឋ​ Karen​ និង​អង្គការ​Wildlife Asia។ គម្រោង​ដែល​មានឈ្មោះ​ថា ​សួន​សន្តិភាព​(Peace Park)​បាន​កំណត់​យកតំបន់​មួយ​រហូត​ដល់​តំបន់​ទំនប់​ ជា​តំបន់​អភិរក្ស​វប្បធម៌​ និង​សហគមន៍​ ហើយ​ក៏​ជា​តំបន់​អភិរក្ស​សត្វព្រៃ​មួយ​ផងដែរ។

លោក​Saw Paul​ ប្រធាន​បណ្ដាញ​បរិស្ថាន និង​សកម្មភាព​សង្គម​នៅ​រដ្ឋ​ Karen បាននិយាយ​ថា៖ «កម្មវិធី​ដែល​យើង​កំពុង​តែ​ពិនិត្យមើលនេះ​ គឺ​ជា​ជម្រើសមួយ ជំនួស​គម្រោង​អភិវឌ្ឍ​ធំៗ​របស់រដ្ឋាភិបាល»៕

ប្រែសម្រួលដោយ វិញ សុជាតា

XS
SM
MD
LG