ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ព្រួយបារម្ភ​​កើន​ឡើង​​ជុំវិញ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​​តួកគី​បន្ទាប់​​ពី​រដ្ឋប្រហារ​បរាជ័យ


ក្រុម​អ្នក​សារព័ត៌មាន​បាន​ជួប​ជុំ​គ្នា​នៅ​អគារ​តុលាការ​ កាល​ពី​ថ្ងៃទី​២៧ ខែ​កក្កដា ដើម្បី​គាំទ្រ​ដល់​សហ​ការី​របស់​ពួក​គេ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​​​​ពាក់​ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​លើ​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ខែ​មុន។
ក្រុម​អ្នក​សារព័ត៌មាន​បាន​ជួប​ជុំ​គ្នា​នៅ​អគារ​តុលាការ​ កាល​ពី​ថ្ងៃទី​២៧ ខែ​កក្កដា ដើម្បី​គាំទ្រ​ដល់​សហ​ការី​របស់​ពួក​គេ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​​​​ពាក់​ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​លើ​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ខែ​មុន។

មនុស្ស​រាប់​ម៉ឺន​នាក់​​ត្រូវ​បាន​ឃុំ​ខ្លួន និង​​ចាប់​ខ្លួននៅ​ក្នុង​ការ​បង្រ្កាប​​ក្រោយ​រដ្ឋប្រហារ​បរាជ័យ​មួយ​​ កាល​ពី​ថ្ងៃទី​១៥ ​ខែកក្កដា​នេះ។​ មាន​​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​​ឡើង​ថា ​ការ​បង្រ្កាប​នេះ​នឹង​រាល​ដាល​ដល់​ក្រុម​​អ្នក​រិះគន់​រដ្ឋាភិបាល និង​ក្រុម​អ្នក​ប្រឆាំង​ ជាពិសេស​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

អ្នកកាសែត​ចំនួន​២៩​នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ចាប់​តាំង​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​មក និង​មាន​ការ​ចេញដីកា​ចាប់​ខ្លួនអ្នកកាសែតរាប់​សិប​នាក់​ផ្សេង​ទៀត។ ​លោក​ Cafer Solgun ​អ្នក​កាសែតដែល​ធ្វើការ​នៅ​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ក្នុង​ចំណោម​ស្ថាប័នជាង​១០០​ដែលត្រូវ​បាន​បិទទ្វារ​នៅ​ក្នុង​ការ​បង្ក្រាប​នោះ ​មិន​យល់​ថា​ហេតុ​អ្វី​បាន​ជា​មនុស្ស​ដូច​គាត់​បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​បង្ក្រាប​ទៅ​វិញ។

លោក​ Solgun​ បាន​និយាយ​ថា៖ «គឺ​ពួក​អ្នក​ធ្វើ​គម្រោង​រដ្ឋ​ប្រហារ​ទេ​ដែល​ឆ្កួត​លីលា​ ទៅ​បំផ្ទុះ​គ្រាប់​បែក​លើ​រដ្ឋ​សភា​តួកគី និង​បាន​ព្យាយាម​ដណ្ដើម​អំណាច។ ប៉ុន្តែ​ហេតុ​ដូចម្តេច​បាន​ជា​ខ្ញុំ​ Cafer Solgun និង​អ្នក​កាសែត​រាប់​សិប​នាក់​ផ្សេង​ទៀត​ត្រូវ​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ?»

លោក​ Erdogan​ បាន​ទទូច​ថា​ ជន​ដែល​ត្រូវ​បាន​យក​ជា​ទីដៅ​នៃ​ការ​បង្ក្រាប​នេះ​ មាន​ចំណង​ទាក់ទង​ជាមួយនឹង​បព្វជិត​តួកគី​លោក​ Fethullah Gulen​ ដែល​មានមូលដ្ឋាន​នៅសហរដ្ឋអាមេរិក។ លោក​ Gulen​ ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ប្រើ​ប្រាស់​បណ្តាញ​អ្នក​គាំទ្រ​សម្ងាត់ ​ដើម្បី​អនុវត្ត​ការប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារ​នោះ។

អាជ្ញាធរ​តួកគី​បាន​អះអាង​ថា​ លោក​ Gulen ​បាន​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ ​និង​ថ្នាក់​មូលដ្ឋាន​របស់​លោក​ ដើម្បី​គាំទ្រ​ដល់​ការបះបោរ​ដោយ​យោធា​ដែល​បរាជ័យ។ លោក​ Gulen ​បាន​បដិសេធ​ថា ​លោក​មិន​ជាប់​ពាក់​ព័ន្ធ​ដូច​ការ​ចោទ​ប្រកាន់ទាំង​អស់​នោះ​ឡើយ។ ​នៅ​ពេល​នេះ​ ហេតុផល​នៅ​ពី​ក្រោយ​ការ​បង្រ្កាប​ដែល​កើត​មាន​ក្រោយ​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារ​ ​ត្រូវ​បាន​គេ​ចោទ​សួរ​កាន់​តែ​ខ្លាំង។

លោក​ស្រី ​Nina Ognianova​ នៃ​គណៈ​កម្មាធិការការពារ​អ្នកកាសែត​ ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ញូវយ៉ក បាន​និយាយ​ថា ​ទំហំ​និង​វិសាលភាព​នៃ​ការ​ចាប់​ខ្លួន ​ជា​ពិសេស​នៅ​ក្នុង​ស្ថាប័ន​ប្រព័ន្ធផ្សព្វ​ផ្សាយ​នេះ​ នាំ​ឲ្យ​មាន​ការសន្និ​ដ្ឋាន​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ។

«ការ​បង្ក្រាប​នោះ​វា​ជ្រុល​ហួស​ពីអ្វី​ដែល​ចាំ​បាច់​ក្នុង​ការ​ការពារ​សុវត្ថិភាព​របស់​រដ្ឋ។ វា​ហាក់បី​ដូចជា​ ​លោក Erdogan ​និង​រដ្ឋាភិបាល ​AKP ​បាន​ប្រើ​ប្រាស់​រដ្ឋ​ប្រហារ​ដែល​បរាជ័យ​មួយ​នេះ​ដើម្បី​បោស​សម្អាត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បោស​សម្អាត​រដ្ឋ​ ​និងបោស​សម្អាត​សម្លេង​ជំទាស់​នៅ​ក្នុងប្រទេស​នេះ»។

ទោះ​យ៉ាង​ណា​ ការ​ចោទ​ប្រកាន់​បែប​នេះ​ ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ​យ៉ាង​ដាច់​អហង្ការដោយ​បាន​លើក​ឡើង​ថា ​មាន​តែ​ស្ថាប័នផ្សព្វផ្សាយ ​និង​អ្នកកាសែត ​ដែល​មាន​ទំនាក់​ទំន​ង​នឹង​លោក ​Gulen ទេ​ដែល​ត្រូវ​បាន​យកជា​ទីដៅ​នៃ​ការ​បង្ក្រាប។ សម្ព័ន្ធមិត្ត​លោក​ខាងលិច​របស់តួកគី ​ក៏​បាន​សម្តែង​ការព្រួយ​បារម្ភ​ផង​ដែរ​លើ​ការ​បង្រ្កាប​នេះ​ ជាពិសេស​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ប៉ុន្តែ​ប្រធានាធិបតី​ Erdogan ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ ដោយ​ចោទ​ប្រកាន់​ក្រុម​អ្នក​រិះគន់​ថា​បាន​កាន់​ជើង​ពួកផ្សំ​គំនិត​ធ្វើ​រដ្ឋប្រហារ។

លោក​ Ayse Sozen Usluer​ ប្រធាន​ទំនាក់​ទំនង​ការបរទេស​របស់​លោក​ Erdogan ​បាន​ការពារ​ការ​ចាប់​ខ្លួន​និង​ការ​ឃុំខ្លួន​ទាំង​នោះ ​ដោយ​ប្រៀប​ធៀប​ទៅ​នឹង​ស្ថានភាព​នៅ​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃទី​១១ ​ខែ​កញ្ញា។

«បន្ទាប់​ពី​ភេរវកម្ម​ថ្ងៃទី​១១ ខែកញ្ញា​ ខ្ញុំ​សូម​សួរ​អ្នក​ថា​ នៅ​គុក ​Guantanamo​ តើ​មនុស្សទាំង​នោះ​ជា​ជន​សង្ស័យ​ ឬ​មួយពួក​គេ​ត្រូវ​បាន​ចាប់​ដាក់​គុក​ដោយ​បាន​ឆ្លង​កាត់​ដំណើរការ​តុលាការ​រួច​ហើយ? ពួក​គេ​ជាជន​សង្ស័យ។ ដូច្នេះ​ហើយ​ ទាំង​នេះ​គឺ​ជាការប្រុង​ប្រយ័ត្ន​ ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​ឡើង​នា​ពេល​នេះ​នៅ​ក្នុង​ប្រទេស​តួកគី»។

លោក​ប្រធានាធិបតី Erdogan ​បាន​ក្តាប់​យក​អំណាច​ក្នុង​ពេល​មាន​អាសន្ន​ ​ដែល​អនុញ្ញាត​ឲ្យ​លោក​គ្រប់​គ្រងតាម​ក្រឹត្យ​ច្បាប់។ ហើយ​នោះ​ជា​អ្វី​ដែល​ក្រុមអ្នក​វិភាគ​និយាយ​ថា ​ជា​ការ​ព្រួយ​បារម្ភ​ និង​ចោទ​ជា​សំណួរ​ថា​ តើ​ការ​បង្រ្កាប​នោះ​នឹង​ក្លាយ​ទៅ​ជាការ​តាម​ប្រមាញ់​គ្រប់ជន​ដែល​ធ្វើ​ការ​រិះគន់​ឬ​យ៉ាង​ណា៕

ប្រែ​សម្រួល​ដោយ ឆាយ គីមហ៊ង

XS
SM
MD
LG