ប្រធានាធិបតីតួកគី Recep Tayyip Erdogan បានជួបប្រជុំជាមួយក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោកនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីមានរដ្ឋប្រហារប៉ុនប៉ងទម្លាក់រូបលោកចេញពីតំណែងកាលពីសប្តាហ៍មុន។
លោកបានជួបជាមួយគណរដ្ឋមន្រ្តីរបស់លោកនៅឯពេលបញ្ចប់នៃកិច្ចប្រជុំស្តីពីបញ្ហាសន្តិសុខ។
កាលពីព្រឹកថ្ងៃពុធនេះ ក្រុមប្រឹក្សាអប់រំកំរិតឧត្តមសិក្សារបស់ប្រទេសតួកគីបានប្រកាសហាមឃាត់អ្នកសិក្សាស្រាវជ្រាវមិនឲ្យធ្វើដំណើរទៅបរទេស និងជំរុញដល់អ្នកសិក្សាស្រាវជ្រាវដែលកំពុងស្នាក់នៅបរទេសឲ្យវិលត្រឡប់មកកាន់មាតុប្រទេសវិញជាបន្ទាន់។
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសតួកគីបានរាយការណ៍ថា ក្រសួងអប់រំបានបញ្ឈប់ការងារគ្រូបង្រៀន ចំនួន ១៥២០០នាក់ នៅទូទាំងប្រទេស ក្រសួងមហាផ្ទៃបានបញ្ឈប់បុគ្គលិករបស់ខ្លួនជិត ៩០០០នាក់ ក្រសួងហិរញ្ញវត្ថុបានបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ១៥០០នាក់។ រីឯក្រសួងកិច្ចការសាសនា ក្រសួងគោលនយោបាយសង្គម និងការិយាល័យនាយករដ្ឋមន្រ្តី បានបញ្ឈប់បុគ្គលិករបស់ខ្លួនអស់ជាច្រើនរយនាក់ផ្សេងទៀត។
ការបញ្ឈប់នេះធ្វើឡើងបន្ថែមទៅលើចំនួនមនុស្សប្រហែល ៩០០០នាក់ ដែលរដ្ឋាភិបាលក្រុងអង់ការ៉ា ប្រទេសតួកគីបានឃុំខ្លួនពាក់ព័ន្ធនឹងបទសង្ស័យថាបានចូលរួមនៅក្នុងការប៉ុនប៉ងទម្លាក់ រដ្ឋាភិបាលលោកប្រធានាធិបតី Erdogan។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងផ្តល់ការគាំទ្រដល់ការស៊ើបអង្កេតអំពីការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីសប្តាហ៍មុននេះ។
សេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ថា លោក Barack Obama និងលោក Erdogan បាននិយាយគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គារម្សិលមិញនេះ។ លោក Obama បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងផ្តល់ការជួយជ្រោមជ្រែងដ៏សមហេតុសមផលដល់ការស៊ើបអង្កេតនេះ៕