នៅពេលដែលអគ្គនាយកដ្ឋានពន្ធដារប្រកាសថារដ្ឋនឹងចាប់ផ្តើមអនុវត្តពន្ធលើប្រាក់ចំណេញមូលធន ចាប់ពីដើមឆ្នាំ២០២៤ មានប្រតិកម្ម និងការលើកឡើងមតិចម្រុះមួយចំនួន ក្នុងនោះមានការមិនពេញចិត្ត ដោយបារម្ភអំពីផលចំណេញ។
ទោះជាយ៉ាងណា អ្នកជំនាញវិស័យអចលទ្រព្យមើលឃើញទាំងផលវិជ្ជមាន និងអវិជ្ជមាននៃការប្រមូលពន្ធចំណេញមូលធន២០%ពីការលក់ឬផ្ទេរអចលនទ្រព្យ។
អ្នកជំនាញបញ្ជាក់ពីរូបភាពវិជ្ជមាននៃការប្រមូលពន្ធនោះ នឹងបង្កើនតម្លាភាពក្នុងវិស័យអចលទ្រព្យ ដែលធ្វើឱ្យវិស័យនេះរឹងមាំ ជាពិសេសអាចកាត់បន្ថយការទិញ-លក់អចលនទ្រព្យរយៈពេលខ្លី ដើម្បីចំណេញ ដោយទទួលបានមកវិញនូវអ្នកប្រើប្រាស់ពិតប្រាកដ។ ដោយឡែកត្រង់ចំណុចអវិជ្ជមានវិញ អ្នកជំនាញថា វាអាចប៉ះពាល់ពលរដ្ឋដែលខ្ចីលុយធនាគារ ដើម្បីទិញលក់អចលនទ្រព្យក្នុងរយៈពេលខ្លី ព្រោះមិនបានចំណេញ និងអាចធ្វើឱ្យការទិញ-លក់អចលនទ្រព្យថយចុះបន្តិចផងដែរ។
លោក នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal(KFA) ប្រាប់វីអូអេថា រដ្ឋាភិបាលបានពន្យារពេលមិនប្រមូលពន្ធមូលធននេះអស់រយៈពេល៣ឆ្នាំមកហើយ។ លោកបន្តថា ការបង់ពន្ធមូលធននេះមិនមែនមានតែប្រទេសកម្ពុជានោះទេ។ លោកបញ្ជាក់ទៀតថា ការបង់ពន្ធលើពន្ធមូលធននេះគឺធ្វើឡើងនៅពេលដែលការលក់ដូរអចលនទ្រព្យទទួលបានផលចំណេញប៉ុណ្ណោះ និងដើម្បីបង្ហាញតម្លាភាពរវាងអ្នកចុះបញ្ជីរកស៊ីត្រឹមត្រូវ និងអ្នកមិនបានចុះបញ្ជី។
លោកថ្លែងថា៖ «ចំពោះខ្ញុំជាវិស័យអចលនទ្រព្យ ខ្ញុំគិតថាមិនមានបញ្ហាអីប៉ះពាល់ ដោយសារតែក្រុមហ៊ុនយើងស្របច្បាប់ ក្រុមហ៊ុនយើងយកទៅបង់ពន្ធរហូតតាំងពីដើមរៀងមក។ ហើយវាមិនជាបន្ទុកអីធំដុំសម្រាប់ការរកស៊ីរបស់យើង ដោយសារតែទាល់តែយើងចំណេញបានយើងបង់ពន្ធ បើខាតយើងមានបង់ពន្ធឯណា។ អ៊ីចឹងគេទាមទារអ្វីដែលតម្លាភាព អ្វីដែលយើងឃើញថាយើងមានតម្លាភាព យើងអត់ខ្លាចនឹងការធ្វើការរកស៊ីបង់ពន្ធនោះទេ»។
ទាក់ទងនឹងការប្រកាសប្រមូលពន្ធលើចំណេញមូលធនចំនួន២០%នេះ ពលរដ្ឋមួយចំនួនក៏បានលើកឡើងពីការមិនពេញចិត្តរបស់ពួកគេតាមបណ្តាញសង្គម ដោយអ្នកខ្លះថាពួកគេបានខ្ចីលុយធនាគារយកទៅទិញអចលនទ្រព្យ ដើម្បីទុកចំណេញ ប៉ុន្តែបែរជាត្រូវបង់ទាំងការប្រាក់ធនាគារ និងត្រូវបង់ពន្ធ២០%លើប្រាក់ចំណេញបែបនេះទៀត។
អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodiaប្រាប់វីអូអេថា ប្រសិនបើរដ្ឋប្រមូលពន្ធចំណេញមូលធននៅឆ្នាំ២០២៤ គឺក្រុមហ៊ុនអភិវឌ្ឍន៍មិនប្រឈម ឬប៉ះពាល់ខ្លាំងនោះទេ ដោយសារអ្នកអភិវឌ្ឍន៍ទាំងនោះបានគិតរួចជាស្រេចចំពោះពន្ធចំណេញមូលធននេះ ប៉ុន្តែវាអាចធ្វើឱ្យការលក់អចលនទ្រព្យធ្លាក់ចុះបន្តិច។
អ្នកស្រី អាន សុធីតា មើលឃើញថា ការប្រមូលពន្ធចំណេញមូលធននេះ រដ្ឋអាចមានចំណូលច្រើនដើម្បីយកទៅអភិវឌ្ឍប្រទេស និងកសាងហេដ្ឋារចនាសម្ព័ន្ធ។ ទោះជាយ៉ាងណា អ្នកស្រីថាការប្រមូលពន្ធបែបនេះនឹងកាត់បន្ថយចំនួនអ្នកដែលទិញ-លក់អចលនទ្រព្យរយៈពេលខ្លី ដើម្បីចំណេញ។
អ្នកស្រីថ្លែងថា៖ «ចំណុចល្អមួយទៀត គឺមានន័យថាយើងកាត់បន្ថយSpeculator[ឈ្មួញកណ្តាល] អ្នកវិនិយោគដែលគាត់ទិញលក់ៗ។ បើសិនគាត់មានធនមូលធនហ្នឹង គាត់ត្រូវពន្យារពេលក្នុងការទិញលក់ហើយ ព្រោះអីគាត់ត្រូវការបង់ពន្ធខ្ពស់ អ៊ីចឹងក៏ទទួលបានអ្នកវិនិយោគល្អៗ មានន័យថាអ្នកទិញលក់ៗ ចំណេញវាធ្វើឱ្យបំប៉ោងតម្លៃអចលនទ្រព្យ។ អ៊ីចឹងជួយកាត់បន្ថយSpeculator [ឈ្មួញកណ្តាល]ហ្នឹង»។
អ្នកស្រីបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋខ្ចីលុយធនាគារ ដើម្បីទិញលក់អចលនទ្រព្យក្នុងរយៈពេលខ្លី ឬទិញ-លក់ត្រឹមរយៈពេល១ឆ្នាំ នោះវានឹងពិបាកចំណេញ លុះត្រាទិញ ដោយទុករយៈពេលយូរឆ្នាំ ទើបពលរដ្ឋអាចទទួលបានប្រាក់ចំណេញមួយចំនួន ដោយសារតែកំណើនតម្លៃអចលទ្រព្យតាមឆ្នាំនីមួយៗ។
អ្នកស្រីថ្លែងបន្តថា៖ «បើសិនជាយើងនិយាយថាគាត់ខ្ចីលុយធនាគារ យកមកវិនិយោគលើវិស័យអចលទ្រព្យ គឺពិតជាប៉ះពាល់ខ្លាំងណាស់។ បើសិនជាកម្ចីពីធនាគារ អាចនិយាយថា៨% ហើយថែមទាំងពន្ធប្រថាប់ត្រា៤% ហើយថែមទាំងពន្ធលើប្រាក់ចំណេញអាចនិយាយជាអាត្រានៃតម្លៃលក់ ប្រហែលជា៤% អ៊ីចឹងប្រហែលគិតថាមួយឆ្នាំគឺ១៦%បាត់ហើយ។ អ៊ីចឹងបើគាត់ទិញលក់ក្នុងមួយឆ្នាំ គឺត្រូវតែឱ្យមានប្រាក់ចំណេញខ្ពស់លើសពី១៦% ទើបគាត់អាចលក់បាន»។
បើតាមអ្នកស្រី អាន សុធីតា ប្រសិនបើរដ្ឋចង់ប្រមូលពន្ធផង និងចង់ធ្វើឱ្យវិស័យអចលនទ្រព្យរីកចម្រើនផង រដ្ឋគួរពិចារណាកំណត់ភាគរយនៃការយកពន្ធមូលធននេះ តាមកម្រិតនៃការទិញលក់អចលនទ្រព្យ ដូចក្នុងករណីការទិញលក់អចលនទ្រព្យធ្វើឡើងក្រោម២ឆ្នាំ តម្រូវឱ្យយកពន្ធចំនួន២០% ប៉ុន្តែបើក្នុងករណីទិញលក់អចលនទ្រព្យ ធ្វើឡើងលើសពី២ឆ្នាំ គួរតែយកត្រឹមតែ១០% ឬ៥%។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក មាស សុខសេនសាន ប្រាប់វីអូអេថា ឆ្នាំ២០២៤ គឺជាពេលវេលាសមរម្យ ដើម្បីប្រមូលពន្ធចំណេញមូលធន ដោយរួមទាំងអចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិ និងរូបិយបណ្ណបរទេស។
លោកបញ្ជាក់ជាអក្សរថា៖ «ការអនុវត្តពន្ធលើចំណេញមូលធនក្រៅពីអចលនទ្រព្យ នៅឆ្នាំ២០២៤ ជាពេលវេលាសមស្របមួយ ព្រោះកន្លងមកអគ្គនាយកដ្ឋានពន្ធដារបានផ្សព្វផ្សាយ និងផ្ដល់ព័ត៌មានយ៉ាងទូលំទូលាយដល់សាធារណជន តាមរយៈកម្មវិធីសិក្ខាសាលា កម្មវិធីពន្ធដារកម្ពុជា កម្មវិធីរៀនអំពីពន្ធដារ ឬកម្មវិធីផ្សេងៗរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីសាធារណជន និងអ្នកជាប់ពន្ធបានយល់ដឹងអំពីប្រភេទពន្ធនេះ»។
នៅក្នុងកម្មវិធីស្តីពី«ការយល់ដឹងអំពីពន្ធដារ» ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោក គង់ វិបុលអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារឱ្យដឹងថា ប្រសិនបើរដ្ឋាភិបាលអាណត្តិទី៧មិនមានការបន្តពន្យារពេលលើការប្រមូល«ពន្ធលើចំណេញមូលធន»នេះទេ អគ្គនាយកដ្ឋានពន្ធដារនឹងចាប់ផ្តើមអនុវត្តការប្រមូលនេះនៅដើមឆ្នាំ២០២៤។
លោក គង់ វិបុល បានការពារថា ការប្រមូលពន្ធលើចំណេញមូលធននេះនឹងមិនប៉ះពាល់វិស័យអចលនទ្រព្យនោះ ដោយសារការទិញនិងលក់ចំណេញ ទើបត្រូវដកយកប្រាក់ចំណេញ២០% សម្រាប់បង់ពន្ធ។ លោកបន្ថែមថាការបង់ពន្ធចំណេញមូលធន២០%នេះ តម្រូវឱ្យអ្នកលក់អចលនទ្រព្យជាអ្នកបង់ ដោយខុសគ្នានឹងការបង់ពន្ធប្រថាប់ត្រា៤% ដែលតម្រូវឱ្យអ្នកទិញអចលនទ្រព្យជាអ្នកបង់។
លោកថ្លែងថា៖ «ប៉ុន្តែសួរថាប៉ះវិស័យអចលនទ្រព្យអត់? វិស័យអចលនទ្រព្យនេះ គេបង់ជាកញ្ចប់ជាអី គេបានគិតគូរចំណេញមូលធននៅក្នុងហ្នឹងរួចទៅហើយ។ កន្លងទៅ គេបានបង់ហើយ មានន័យថាពន្ធលើប្រាក់ចំណេញហ្នឹង។ បើរកស៊ីក្នុងវិស័យហ្នឹងចំណេញ ឬខាតគេធ្វើបញ្ជីស្នាមបង់ពន្ធរួចទៅហើយ។ មិនមែនចាំតែ២០២៤ ត្រូវតែបង់ទេ ពីព្រោះគាត់រកស៊ីខាងអចលនទ្រព្យ គឺគេគិតពន្ធលើប្រាក់ចំណេញ ដែលចំណេញ គឺចំណេញមូលធនហ្នឹង គេបូកចូលគ្នារួចហើយ។ អ៊ីចឹង វាអត់មានប៉ះពាល់អីទេ យើងខ្ញុំបានបង់ជាកញ្ចប់ បង់ជាអី បានគិតគូររួចហើយនៅក្នុងពន្ធ»។
លោកបន្ថែមថា៖ «អ្វីដែលអនុវត្តសម្រាប់ពលរដ្ឋទូទៅ សម្រាប់ប្រជាជនសាមញ្ញទូទៅ ដែលមានអចលនទ្រព្យសិបលានដុល្លារដែលលក់ទៅ ហើយចំណេញ បានផលមកច្រើន វាជាកាតព្វកិច្ចដល់ពេលត្រូវបង់ពន្ធហើយ»។
បើតាមលោក គង់ វិបុល ការប្រមូលពន្ធមូលធននេះ គឺដើម្បីយកមកអភិវឌ្ឍប្រទេស ការពារសន្តិសុខ សុវត្ថិភាពប្រជាជន និងបើកប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ។ លោកបន្ថែមថាក្នុងអំឡុងវិបតិ្តជំងឺកូវីដ១៩ រដ្ឋាភិបាលបានយកលុយពន្ធមកទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩សម្រាប់ប្រជាពលរដ្ឋ។
លោកលើកឧទាហរណ៍ថា រដ្ឋាភិបាលបារាំង និងអូស្រ្តាលីយកពន្ធចំណេញមូលធនរហូតដល់៤០% ទៅ៥០%។
លោកថ្លែងថា៖ «ហើយបើយើងមិនបង់ពន្ធទាំងអស់គ្នា ប្រទេសយើងមានអីអភិវឌ្ឍ អ្នកខ្លះមានឡានជិះទំនើប ប៉ុន្តែរកថ្នល់បើកគ្មាន ធ្វើម៉េចទៅ ជិះក្នុងភក់ហ្ហេ? អ៊ីចឹងសូមគិតមើលផងសាធារណជនមួយចំនួនគិតផង វិស័យការពារជាតិ វិស័យសន្តិសុខ...ចោរកម្មពេញស្រុក គ្មានសន្តិសុខគ្មានអី គ្មានប្រាក់ខែបើកឱ្យពួកមន្ត្រីនគរបាល ពួកកងការពារជាតិទាំងអស់ហ្នឹង តើមានយន្តការអី ទៅការពារសន្តិសុខជូនប្រជាពលរដ្ឋបាន»។
នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ លើកឡើងថា ការប្រមូលពន្ធផ្សេងៗពីប្រជាពលរដ្ឋគឺជាការប្រមូលថវិកាក្នុងការជួយសម្រាលជីវភាពទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយ ក៏ដូចជាការប្រើប្រាស់ក្នុងប្រយោជន៍រួម ក្នុងការអភិវឌ្ឍប្រទេស និងតម្រូវការណាមួយដែលរដ្ឋាភិបាលត្រូវការ។
លោកបន្តថា ការរិះគន់របស់ប្រជាពលរដ្ឋចំពោះការប្រមូលពន្ធមូលធននេះ គឺជាសេរីភាពក្នុងការបញ្ចេញមតិរបស់ពួកគេ ប៉ុន្តែការប្រមូលពន្ធថ្មីណាមួយគួរតែមានការគិតគូរពីពេលវេលា និងស្ថានភាពនៃប្រាក់ចំណូលរបស់អ្នករកស៊ី ឬធ្វើជំនួញក្នុងវិស័យអចលនទ្រព្យ។
លោកថ្លែងថា៖ «ក៏ប៉ុន្តែអ្វីដែលយើងមើលឃើញថា ការប្រមូលពន្ធអ្វីដែលថ្មី ដូចជាពន្ធទៅលើមូលធននេះខ្ញុំយល់ថាគួរតែជាការគិតគូរអំពីពេលវេលាសមរម្យ ដោយសារតែការប្រមូលពន្ធនេះ បើយើងមើលពីស្ថានភាពនៃប្រាក់ចំណូលរបស់អ្នករកស៊ី បានន័យថាអ្នករកស៊ី ដូចជាការគួរីយេរ (Courrier)ការទិញដីធ្លីទុកលក់ ក៏ដូចជាប្រាក់ចំណូលមួយចំនួនដែលបានមកពីប្រាក់ចំណេញហ្នឹង ហើយពេលវេលានេះជាពេលវេលាដ៏លំបាកមួយតាមដែលខ្ញុំមើល។ គេឃើញមានអាជីវកម្មតូចធំមួយចំនួនបានបិទទា្វរ ឬក៏រកទាំងលំបាកអីជាដើម»។
លោក សន ជ័យ បន្តថាដើម្បីធានាបាននូវតម្លាភាព និងការទទួលខុសត្រូវថាពន្ធដែលប្រជាពលរដ្ឋបង់នោះ ត្រូវបានប្រើប្រាស់ចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលត្រូវមានការជជែកដេញដោល រហូតដល់កម្រិតថា្នក់សភា និងពិនិត្យមើលពីការចំណាយថវិកាជាតិឱ្យបានត្រឹមត្រូវ។
លោកបន្ថែមថា៖ «អ៊ីចឹងដើម្បីធានាថាលុយពន្ធដែលពលរដ្ឋបង់ទៅនេះ ត្រូវយកទៅប្រើប្រាស់ឱ្យមានតម្លាភាព និងការទទួលខុសត្រូវ ឬក៏គណនេយ្យភាពនេះ គេចាំបាច់ជំរុញឱ្យមានការពិគ្រោះយោបល់ ការជជែកដេញដោលតាំងពីកម្រិតរដ្ឋាភិបាល រហូតដល់ទៅសភាដើម្បីធានាថាថវិកាជាតិនៃឆ្នាំនីមួយៗហ្នឹងមានការឆ្លើយតប មានយន្តការតម្លាភាព ដើម្បីធានាថាថវិកានោះយកទៅប្រើឱ្យចំគោលដៅ»។
គួរបញ្ជាក់ថាកាលពីឆ្នាំ២០២០ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញប្រកាសមួយស្តីពី«ពន្ធលើចំណេញមូលធន» ប៉ុន្តែមិនទាន់អនុវត្តភ្លាមៗឡើយ ក្នុងអំឡុងពេលកម្ពុជារងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ ដោយរដ្ឋាភិបាលបានសម្រេចពន្យារពេលអនុវត្ត រហូតដល់ចុងឆ្នាំ២០២៣៕