នាយករដ្ឋមន្ត្រីប្រទេសអេត្យូពី បានបង្កើនការវាយប្រហារយោធា ក្នុងតំបន់ខេត្ត Tigray (ធិក្រេ) ភាគខាងជើងប្រទេសកាលពីថ្ងៃចន្ទ ដោយការវាយប្រហារតាមយន្តហោះ ដែលជាផ្នែកមួយនៃអ្វីដែលលោកហៅថា «ជាប្រតិបត្តិការអនុវត្តច្បាប់» ដែលបង្កើនឲ្យមានក្តីបារម្ភពីសង្គ្រាមស៊ីវិលមួយដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសនៃទ្វីបអាហ្វ្រិកដែលមានចំនួនពលរដ្ឋដ៏ច្រើនបំផុតទី២នេះ។
នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed (អាប៊ី អាម៉េដ) ដែលទទួលបានពានរង្វាន់ណូបែលសន្តិភាពពិភពលោក (Nobel Peace Prize) កាលពីឆ្នាំទៅ មិនបានស្តាប់ការអំពាវនាវរបស់អង្គការសហប្រជាជាតិ និងសម្ព័ន្ធមិត្តក្នុងតំបន់ ដើម្បីចរចាជាមួយមេដឹកនាំក្នុងតំបន់ខេត្ត Tigray ដែលជាតំបន់ជាតិសាសន៍ភាគតិច ដែលធ្លាប់កាន់កាប់រដ្ឋាភិបាលសហព័ន្ធអេត្យូពី មុនលោកឡើងកាន់អំណាច ក្នុងឆ្នាំ២០១៨ នោះទេ។
លោក Abiy កាលពីសប្តាហ៍មុន បានបើកយុទ្ធនាការវាយប្រហារយោធានៅក្នុងខេត្តនេះ ដោយលើកឡើងថា កងកម្លាំងដែលស្មោះត្រង់នឹងមេដឹកនាំក្នុងខេត្តនោះ បានធ្វើការវាយប្រហារទៅលើមូលដ្ឋានយោធាមួយ និងបានប៉ុនប៉ងលួចយកឧបករណ៍មួយចំនួន។
លោក Abiy បានចោទប្រកាន់មេដឹកនាំខេត្ត Tigray ថា បានបំផ្លាញកំណែទម្រង់ប្រជាធិបតេយ្យរបស់លោក។
ផ្ទុយទៅវិញ ជនជាតិ Tigray ចោទលោក Abiy ដែលមកពីក្រុមជាតិសាសន៍ Oromo (អូរ៉ូម៉ូ) ដែលជាក្រុមជាតិសាសន៍ដែលមានចំនួនច្រើនបំផុតក្នុងប្រទេសអេត្យូពី នោះថា បានចាប់យកពួកគេជាគោលដៅដោយមិនស្មើភាព ក្នុងសកម្មភាពបង្ក្រាបអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្សដែលកើតមានពីអតីតកាល៕