ក្នុងរយៈពេល១២ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងធ្វើឡើងនៅថ្ងៃអាទិត្យនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យបណ្តឹងជាង៥០ ដែលភាគច្រើនជាករណីទំនាស់ពាក្យសម្តី។ នេះបើតាមមន្ត្រីជាន់ខ្ពស់នៃស្ថាប័នគ.ជ.ប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គ.ជ.ប ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថាក្នុងចំណោមបណ្តឹងសរុបទាំង៥២ ភាគច្រើនគឺប្តឹងដោយមន្រ្តីគណបក្សប្រជាជនកម្ពុជា ហើយវាពាក់ព័ន្ធនឹងទំនាស់ពាក្យសម្តីប្រមាថមើលងាយគ្នា។ លោកបន្ថែមថាមិនមានករណីណាដែលធ្ងន់ធ្ងរ ឈានទៅដល់ការប្តឹងទៅតុលាការឡើយ។
បើតាមលោក ហង្ស ពុទ្ធា ពាក្យបណ្តឹងចំនួន៤៣ត្រូវបានដោះស្រាយរួចរាល់។
លោកថ្លែងថា៖ «និយាយរួមមិនមានករណីអីធ្ងន់ធ្ងរនោះទេ ពីព្រោះការឃោសនាបោះឆ្នោតមិនប្រព្រឹត្តទៅដោយហិង្សា ឬក៏ដោយការប្រទូសរ៉ាយគ្នានោះទេ»។
នៅក្នុងចំណោមករណីផ្សេងៗពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត គេក៏សង្កេតឃើញករណីចោទប្រកាន់មួយមកលើលោក គង់ រ៉ៃយ៉ា ប្រធានក្រុមទ្រទ្រង់ស្រុកកងមាសរបស់គណបក្សភ្លើងទៀនក្នុងខេត្តកំពង់ចាម និងជាបេក្ខជនលេខ១សម្រាប់តំណែងមេឃុំនៅឃុំស្តៅផងដែរ។
អតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិរូបនេះបានរងការបឹ្តងផ្តល់ពីតំណាងគណបក្សប្រជាជនកម្ពុជាមួយរូប ជុំវិញការបង្ហោះវីដេអូចែកថវិកាឱ្យបេក្ខភាពមេឃុំក្នុងស្រុកកងមាស ចំនួន១១ឃុំ ដោយក្នុងមួយឃុំទទួលបាន១០០ដុល្លារ។ លោកត្រូវគ.ជ.ប ពិន័យឲ្យបង់ប្រាក់៥លានរៀលចូលរដ្ឋ ប៉ុន្តែលោក គង់ រ៉ៃយ៉ា បានប្តឹងទាស់នឹងសេចក្តីសម្រេចនេះ។ គ.ជ.ប នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានសម្រេចទម្លាក់ចោលការពិន័យនេះ។ នេះបើតាមលោក គង់ រ៉ៃយ៉ា។
យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល១៤ថ្ងៃ ដោយបានចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ហើយនិងបញ្ចប់នៅថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់វីអូអេថាស្ថានការណ៍ជាទូទៅនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ក្នុងអាណត្តិទី៥នេះ ប្រព្រឹត្តទៅដោយរលូន និងក្នុងបរិយាកាសល្អជាងពេលមុនៗ ដោយសារគណបក្សនយោបាយនីមួយៗមានភាពចាស់ទុំ និងបទពិសោធន៍ច្រើននៅក្នុងដំណើរការឃោសនារកសំឡេងឆ្នោត។
លោកនិយាយថា៖ «អ៊ីចឹងក្នុងរយៈពេល១២ថ្ងៃកន្លងមកនេះ គឺដំណើរការប្រព្រឹត្តទៅដោយរលូន ដោយសន្តិសុខ មានសណ្តាប់ធ្នាប់ល្អ។ អត់មានបញ្ហាអីដែលជាអំពើហិង្សា ក៏ដូចជាមានឃាតកម្មទេ អត់មានទាល់តែសោះ»។
ទោះជាយ៉ាងណា អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ អះអាងថាសកម្មជនថ្នាក់ក្រោមរបស់គណបក្សនៅតែជួបប្រទះការលំបាក មិនថាមុនពេល និងអំឡុងពេលនៃការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនោះទេ ដោយសារពួកគាត់ខ្លះត្រូវបានគំរាមកំហែង រហូតដល់មានការលាឈប់ពីបេក្ខជនមេឃុំចៅសង្កាត់ ខ្លះទៀតបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបញ្ជាក់ថា៖ «ហើយចុងក្រោយនេះមាននៅក្នុងច្បារអំពៅ២ បួនប្រាំនាក់បានរត់ចូលទៅគណបក្សប្រជាជនទៅ។ នេះជាបញ្ហានៃការបំភិតបំភ័យ»។
អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន ប្រាប់វីអូអេថាមិនមានបញ្ហាធំដុំឡើយក្នុងរយៈពេលឃោសនារកសំឡេងឆ្នោត។ លោកបន្ថែមថាគណបក្សរបស់លោកក៏មិនបានរងពាក្យបណ្តឹង ឬក៏ប្តឹងផ្តល់គណបក្សនយោបាយណាមួយឡើយ។ ទោះជាយ៉ាងណា លោកថាបេក្ខជនចៅសង្កាត់គណបក្សរបស់លោកមួយរូបក្នុងខេត្តកំពត បានរងការគំរាមកំហែងឲ្យលាលែងពីតំណែងជាមន្រ្តីរាជការ។
លោកថ្លែងថា៖ «ជាបរិយាកាសទូទៅ ចូលរួមយើងមិនឃើញមានបញ្ហាប្រឈមធំដុំ ដូចជាអំពើហិង្សាអីកើតឡើងទេ។ យើងមានឱកាសឃោសនា ឱកាសដើរចែកខិតប័ណ្ណ ធ្វើការដង្ហែក្បួនអីផ្សេងៗ ប្រព្រឹត្តទៅដោយធម្មតា គ្រាន់តែវាមានបញ្ហាប្រឈមខ្លះៗ ដូចជាមិនមានការផ្តល់កងនគរបាលជួយសម្រួលចរាចរណ៍អីជាដើម ហើយនៅឃុំសង្កាត់មួយចំនួនមានការគំរាមកំហែងមួយចំនួនដែរមកលើបេក្ខជនមេឃុំរបស់យើង»។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល ដែលឃ្លាំមើលការបោះឆ្នោត លើកឡើងថាក្រុមលោកនៅមិនទាន់ទទួលបានរបាយការណ៍ជាក់លាក់ពីខាងមូលដ្ឋាននោះទេ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីដែលកើតមានឡើងក្នុងអំឡុងពេលនៃការធ្វើយុទ្ធនាការបោះឆ្នោត។ ទោះជាយ៉ាងណា លោកថាគណបក្សនយោបាយនីមួយៗបានអនុវត្តទៅតាមអ្វីដែលគ.ជ.ប បានគ្រោងទុក។
លោកថ្លែងថា៖ «យើងមិនទាន់មានរបាយការណ៍ជាក់លាក់លម្អិតពីខាងមូលដ្ឋានមកទេ។ សំខាន់ជាងគេ អ្វីដែលយើងមើលជាទូទៅហ្នឹងគឺទាក់ទងនឹងដំណើរការនេះ គឺថាគណបក្សនយោបាយបានដំណើរការទៅតាមកាលវិភាគរបស់ស្ថាប័នគ.ជ.ប.»។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាអាណត្តិទី៥នេះ ជាការបោះឆ្នោតថ្នាក់មូលដ្ឋានជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សរុបជាង១ម៉ឺននាក់នៅទូទាំងប្រទេស ដែលក្នុងនោះមានមេឃុំចៅសង្កាត់ប្រមាណ១.៦៥០នាក់។ នៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០១៧ គណបក្សសង្គ្រោះជាតិដណ្ដើមបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៥.០០៧ និងទទួលបានតំណែងជាមេឃុំចៅសង្កាត់ចំនួន៤៨៩ ក្នុងចំណោមឃុំសង្កាត់ទាំងអស់នៅទូទាំងប្រទេស។ គណបក្សប្រឆាំងនេះទទួលបានសំឡេងឆ្នោតគាំទ្រប្រមាណ៣លាននាក់។
គួរបញ្ជាក់ថាគណបក្សដែលចូលរួមការបោះឆ្នោតដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ សប្តាហ៍នេះ មានចំនួន១៧។ គណបក្សខ្លះបានដាក់បេក្ខជន នៅគ្រប់ឃុំសង្កាត់ ខណៈគណបក្សខ្លះទៀត មិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ដាក់បេក្ខជន ឬមិនដាក់បេក្ខជនឱ្យឈរឈ្មោះបានគ្រប់ឃុំសង្កាត់នោះទេ៕