ម្តាយជនបង្កក្នុងគ្រោះថ្នាក់ចរាចរណ៍មួយដែលសម្លាប់មនុស្សម្នាក់នៅរាជធានីភ្នំពេញបានសម្រេចដកពាក្យបណ្តឹងដែលប្តឹងក្រុមគ្រួសារជនរងគ្រោះ បន្ទាប់ពីមានការរិះគន់ជាបន្តបន្ទាប់នៅតាមបណ្តាញសង្គមហ្វេសប៊ុក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញផ្សាយកាលពីថ្ងៃពុធ។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងថា អយ្យការបានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌដែលឈ្មោះ សុខ លីណា ម្តាយជនបង្ក បានប្តឹងឈ្មោះ គ្រុយ ឈិញលាំង ដែលជាភរិយារបស់ជនរងគ្រោះ និងបងប្អូនរបស់ជនរងគ្រោះ ៣ នាក់ផ្សេងទៀត ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បរិហារកេរ្តិ៍តាមសារព័ត៌មាន និងជេរប្រមាថតាមបណ្តាញសង្គម និងបណ្តាញព័ត៌មាន។ ប៉ុន្តែកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ អ្នកស្រី សុខ លីណា ដែលត្រូវជាម្តាយរបស់ជនបង្កហេតុ បានសម្រេចដកពាក្យបណ្តឹងនោះវិញ។
តំណាងអយ្យការបានសម្រេចតម្កល់សំណុំរឿងព្រហ្មទណ្ឌនេះទុកឥតចាត់ការ ដោយយោងតាមមាត្រា ៣០៩ នៃក្រមព្រហ្មទណ្ឌ «ពាក្យប្តឹងរបស់សាមីខ្លួនគឺជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ហើយការដកពាក្យបណ្តឹងរបស់អ្នកប្តឹងវិញនាំឱ្យបណ្តឹងអាជ្ញារលត់»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
ម្តាយជនបង្កធ្លាប់អះអាងថា មូលហេតុដែលអ្នកស្រីដាក់ពាក្យបណ្តឹងទៅតុលាការ ដោយសារតែអ្នកស្រីមិនចង់ឱ្យមានការជេរប្រមាថមកកាន់គ្រួសារខ្លួនជាបន្តទៀត។
គួររំឭកថា កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងវេលាម៉ោង ១០និង២០នាទីយប់ ដោយបុគ្គលឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ត្រូវបានរាយការណ៍ថា បើករថយន្ត Jeep ពណ៌ខ្មៅបុកបុរសជិះម៉ូតូម្នាក់ស្លាប់ នៅលើផ្លូវ ៥៦៦កែង ៣១៧ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក។ ជនបង្កបានរត់គេចខ្លួន ប៉ុន្តែបានចូលខ្លួនមកសារភាពវិញ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣។ តុលាការបានសម្រេចឱ្យឃុំខ្លួនជនបង្កនោះ ក្រោមបទចោទ «ធ្វេសប្រហែសក្នុងការបើកបរ» និង«រត់គេចខ្លួន»៕
វេទិកាបញ្ចេញមតិ