សកម្មជនសហគមន៍នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ទទូចឲ្យពលរដ្ឋខ្មែរ-អាមេរិកាំង យកឱកាសនៃការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ ដើម្បីជម្នះការព្រួយបារម្ភនឹងជំងឺកូវីដ១៩ ហើយបោះឆ្នោតឲ្យបានច្រើន នៅក្នុងការបោះឆ្នោត នៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ។
ក្រុមសកម្មជនកំពុងតែរៀបចំសកម្មភាពផ្សព្វផ្សាយជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់សកម្មភាពមួយរយៈដោយសារតែជំងឺរាតត្បាត។
លោកឆល សុង សកម្មជនសហគមន៍មួយរូប បានបញ្ជាក់ប្រាប់វីអូអេ៖ «យើងប្រកាសប្រកូកប្រកាសផ្សាយ ដើម្បីជម្រាបជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យគាត់បានយល់។ ខ្ញុំបានចែកចាយជូនផងដែរ ទៅតាមចំណេះដឹងរបស់ខ្ញុំ នូវអ្វីដែលខ្ញុំបានទទួលពីរដ្ឋ ដូចជាសំបុត្រដែលគេបានផ្ញើមកពីស្មៀនក្រុង បញ្ជាក់ថា មានអ្វីកើតឡើងខ្លះ នៅក្នុងសំបុត្រនោះ ហើយថា តើការបោះឆ្នោតនោះ របៀបម៉េច នៅក្នុងខែ ១១ [វចិ្ឆកា] ថ្ងៃទី៣»។
រដ្ឋកាលីហ្វ័រញ៉ា នឹងអនុវត្តនីតិវិធីបោះឆ្នោតថ្មីនៅឆ្នាំនេះ គឺអ្នកដែលបានចុះឈ្មោះបោះឆ្នោតទាំងអស់នឹងទទួលបានសន្លឹកឆ្នោត ដែលផ្ញើតាមប្រៃសណីយ៍ ក្នុងរយៈពេល ២៩ ថ្ងៃ មុនថ្ងៃបោះឆ្នោត។ ប៉ុន្តែពួកគេក៏មានជម្រើសទៅបោះឆ្នោតដោយផ្ទាល់ផងដែរ។ នេះបើតាមការបញ្ជាក់របស់គេហទំព័រស្មៀនរបស់ខោនធី Los Angeles។
ការណ៍នេះនាំឲ្យសកម្មជនសហគមន៍ព្រួយបារម្ភខ្លាចពលរដ្ឋខ្លះបោះចោលសន្លឹកឆ្នោត ដែលទទួលបាននោះ។
លោក ឆល សុង បានពន្យល់បន្ថែមថា៖ «បើសិនណា យើងមិនខិតខំទប់ស្កាត់ ឬព្យាយាមផ្សព្វផ្សាយនូវព័ត៌មាន និងជម្រាបជូនគាត់ឲ្យបានដឹងទេ រឿងមួយដែលប្រហែលជានឹងកើតមានឡើង គឺប្រហែលជាធុងសម្រាម ហើយក្រដាសហ្នុង ពីព្រោះធម្មតាគ្រប់ឆ្នាំទាំងអស់ ហើយនឹងអ្វីៗទាំងអស់ដែលកូវីដ១៩ កើតមានឡើង គឺយើងបានទៅរំលឹកគាត់ដល់ផ្ទះតែម្តង»។
ដោយសារតែជំងឺកូវីដ១៩ បានឆ្លងយ៉ាងច្រើននៅក្នុងរដ្ឋនេះ ដែលតម្រូវឲ្យមានការរឹតត្បិតសកម្មភាពផ្សព្វផ្សាយមួយចំនួន ដូចជាការហាមឃាត់ការជួបជុំគ្នា ដូច្នេះក្រុមសកម្មជនប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុក និងទូរស័ព្ទដើម្បីផ្សព្វផ្សាយការអប់រំណែនាំ។
ទីក្រុងឡុងប៊ិចមានពលរដ្ឋខ្មែររស់នៅជាង ៥០.០០០ នាក់ ដែលជាសហគមន៍ខ្មែរក្រៅប្រទេសដ៏ធំជាងគេបំផុត ហើយទទួលបានរហ័សនាមថា «ប្រទេសកម្ពុជាទីពីរ»។ ភាគច្រើននៃពួកគេបានមករស់នៅក្រោយពីការដួលរលំនៃរបបខ្មែរក្រហម កាលពីជាង ៤០ ឆ្នាំមុន។
ការបោះឆ្នោតនៅឆ្នាំនេះ គឺមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតី អ្នកតំណាងរាស្ត្រថ្នាក់ជាតិនិងថ្នាក់រដ្ឋ និងថ្នាក់ដឹកនាំមូលដ្ឋាន ក៏ដូចជាសម្រេចលើវិធានការជាច្រើនទៀត។
សមាគមសកម្មភាពយុវនារីខ្មែរ ដែលធ្វើការខាងផ្នែកអប់រំពលរដ្ឋពីការបោះឆ្នោត យល់ថា នេះគឺជាឆ្នាំបោះឆ្នោតដ៏សំខាន់មួយ ដោយសារច្បាប់ថ្មី និងជំងឺកូវីដ១៩។ សមាគមនឹងចាប់ផ្តើមធ្វើសកម្មភាពជាច្រើន នៅខែកញ្ញានេះ។
អ្នកស្រី អេមី លាងហ៊ន អ្នកសម្របសម្រួលកម្មវិធីបោះឆ្នោតនៃសមាគមបានបន្ថែមថា៖ «នៅរដូវស្លឹកឈើជ្រុះនេះ នឹងមានកិច្ចខិតខំប្រឹងប្រែងគ្រប់យ៉ាង ហើយបន្ថែមពីនោះ យើងនឹងរៀបចំក្បួនរថយន្តអប់រំ និងវេទិការអប់រំតាមអនឡាញ ដើម្បីជួយសហគមន៍ បំពេញសន្លឹកឆ្នោត។ យើងដឹងថា នីតិវិធីគឺខុសពីមុន ដោយសារសុវត្ថិភាពនៃជំងឺកូវីដ១៩ ហើយរដ្ឋកាលីហ្វ័រញ៉ា ក៏នឹងប្រើច្បាប់បោះឆ្នោតថ្មី»។
លោកប្រធានាធិបតី Trump តែងតែរិះគន់ការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ ទូទាំងសហរដ្ឋអាមេរិក ដោយមិនបានបង្ហាញភស្តុតាងច្បាស់លាស់ ថាជាការនាំឲ្យមានការលួចបន្លំសន្លឹកឆ្នោត។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី អេមី លាងហ៊ន បានផ្តល់ជំនឿចិត្តដល់ប្រព័ន្ធបោះឆ្នោតថ្មីនេះ៖ «យើងលើកទឹកចិត្តពលរដ្ឋឲ្យបោះឆ្នោតតាមសំបុត្រ បើទោះបីជាផ្ញើតាមប្រៃសណីយ៍ ឬក៏ទម្លាក់នៅកន្លែងបោះឆ្នោតជិតបំផុតក៏ដោយ ពីព្រោះយើងអាចទុកចិត្តបាន។ យើងមិនត្រូវព្រួយបារម្ភថា សន្លឹកឆ្នោតរបស់យើង ត្រូវគេលួចទេ ពីព្រោះនេះគឺជាបទល្មើសថ្នាក់ជាតិ»។
នៅសង្កាត់លេខ ៦ នៃទីក្រុងឡុងប៊ិច មានបេក្ខជនខ្មែរអាមេរិកាំងមួយរូប កំពុងប្រកួតប្រជែងផ្តាច់ព្រាត់នឹងលោក Dee Andrews ជាចៅសង្កាត់បច្ចុប្បន្ន និងជាចៅហ្វាយរងក្រុងឡុងប៊ិច ដែលបានកាន់តំណែងជាច្រើនអាណត្តិហើយ។
អ្នកស្រី ស៊ូលី សារ៉ូ ដែលជាបេក្ខជនចៅសង្កាត់លេខ ៦ នេះ បានថ្លែងពីការពិបាកក្នុងការធ្វើយុទ្ធនាការឃោសនា៖ «ចាស វាខុសគ្នាឥឡូវហ្នឹង ពីព្រោះកូវីដ១៩ យើងមិនអាចគោះទ្វារបានទេ។ ឥឡូវនេះយើងនិយាយតាមទូរស័ព្ទ នៅពេលដែលយើងចែកម្ហូប ចែកម៉ាស់អី គឺយើងអាចនិយាយគ្នាតាមហ្នឹង។ ប៉ុន្តែ ឥឡូវយើងត្រូវនិយាយគ្នាតាមហ្វេសប៊ុក តាមទូរស័ព្ទ ឬតាមបងប្អូនយើងស្គាល់គ្នា។ បានអីចឹងខ្ញុំត្រូវការសង្គមយើង ជួយនិយាយមែនទែន ឲ្យគេបោះឆ្នោតឲ្យខ្ញុំ»។
អ្នកស្រី ស៊ូលី ក៏ក្រើនរំលឹកដល់ពលរដ្ឋខ្មែរអាមេរិកាំង កុំឲ្យបោះបង់សន្លឹកឆ្នោតចោល។
«ឥឡូវនេះវាខុសគ្នាបន្តិច ដោយគេផ្ញើសំបុត្រដល់ផ្ទះទាំងអស់គ្នា បោះឆ្នោតខែ១០ [តុលា]។ ខ្ញុំចង់សុំកុំបោះចោល បើសិនជាអត់យល់យ៉ាងម៉េចត្រូវសួរបងប្អូនសួរមិត្តភក្តិថា បោះឆ្នោតឬអត់ ដើម្បីយើងបានឈ្នះខែ១១ [វិច្ឆិកា]។ ខ្ញុំដឹងថា យើងនឹងបានហើយ បើសិនជាសង្គមយើងបោះឆ្នោត»។
វីអូអេបានព្យាយាមទាក់ទងទៅក្រុមយុទ្ធនាការរបស់លោក Dee Andrews ជាច្រើនដង ប៉ុន្តែលោក Matthew Miller អ្នកនាំពាក្យរបស់លោក បញ្ជាក់ថា លោកចៅសង្កាត់ជាប់រវល់ និងមិនទាន់អាចផ្តល់បទសម្ភាសបាននៅឡើយ។
លោក អាន់តូនី គីម ប្រធានសភាខ្មែរអាមេរិកាំងទំនាក់ទំនងផ្នែកសង្គមកិច្ច (Cambodian American Civic Engagement Council) បានបញ្ជាក់ថា ការជួយពន្យល់ពីក្រុមអ្នកស្ម័គ្រចិត្តនឹងជួយដល់ពលរដ្ឋឲ្យយល់ដឹងកាន់តែច្រើន សម្រាប់ការបោះឆ្នោតនេះ។
«ភាគច្រើនបងប្អូនខ្មែរយើង ឬអ្នកនៅសង្កាត់ទី ៦ គេធ្លាប់បោះឆ្នោតតាមសំបុត្រ។ ឥឡូវនេះភាគច្រើនគេនឹងផ្ញើសន្លឹកឆ្នោតទៅអ្នកបោះឆ្នោតតាមប្រៃសណីយ៍ ប៉ុន្តែក៏វានឹងមានបញ្ហាខ្លះ ព្រោះអ្នកខ្លះអត់សូវយល់ការបោះឆ្នោតតាមសំបុត្ររបៀបម៉េច យើងត្រូវស៊ីញ៉េរបៀបម៉េច យើងត្រូវផ្ញើទៅតាមខាងណាអីចឹង សង្ឃឹមថា ពួកបេក្ខជននិងអ្នកធ្វើការផ្សព្វផ្សាយជាសាធារណៈ នឹងជួយពន្យល់ពីការបោះឆ្នោតជាមុននេះដូចម្តេចខ្លះ»។
សកម្មជនសហគមន៍ខ្មែរ-អាមេរិកាំង នៅទីក្រុងឡុងប៊ិច បានទទួលជោគជ័យដ៏ធំក្នុងអំឡុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាលពីឆ្នាំ ២០១៨ ដោយវិធានការមួយដែលស្នើឱ្យបែងចែកឡើងវិញនូវខ្សែបន្ទាត់ព្រំប្រទល់សង្កាត់ ដែលសហគមន៍ខ្មែរយល់ថា បានធ្វើឱ្យសហគមន៍បាត់បង់លទ្ធភាពប្រមូលកម្លាំងគាំទ្រពីពលរដ្ឋខ្មែរអាមេរិកាំង ក្នុងការបោះឆ្នោតនៅថ្នាក់មូលដ្ឋានត្រូវបានអ្នកបោះឆ្នោតសម្រេចគាំទ្រ។
សម្រាប់ការបោះឆ្នោតនេះ សកម្មជនមើលឃើញថា បញ្ហាផ្ទះសម្បែងនិងធនធានសម្រាប់សហគមន៍សម្រាប់ផ្នែកអប់រំ និងសុខាភិបាល នៅតែជាបញ្ហាដ៏សំខាន់សម្រាប់ពលរដ្ឋ៕