សកម្មជនខ្មែនៅរដ្ឋកាលីហ្វញ៉ា កំពុងតែជំនះឧបសគ្គនានាទាំងផ្នែកសុខាភិបាលនិងការព្រួយបារម្ភក្នុងចំណោមសមាជិកសហគមន៍ ដើម្បីជំរុញឲ្យពលរដ្ឋខ្មែរ-អាមេរិកាំងបំពេញជំរឿនឆ្នាំ២០២០ឲ្យបានមុនពេលផុតកំណត់នៅដំណាច់ខែតុលាខាងមុខ។
សកម្មជនសង្ឃឹមថា លទ្ធផលចូលរួមបានច្រើន នឹងធ្វើឲ្យពួកគេមានសិទ្ធិកាន់តែច្រើន ដើម្បីកំណត់អាទិភាពលើបញ្ហានៅក្នុងមូលដ្ឋាន និងទទួលបានថវិកាបន្ថែមពីថ្នាក់ដឹកនាំរដ្ឋនិងរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់បំពេញតម្រូវការចាំបាច់នៅក្នុងសហគមន៍ ក៏ដូចជាមានតំណាងនៅថ្នាក់រដ្ឋ និងរដ្ឋាភិបាលសហព័ន្ធជាដើម។
លោក ឆល សុង នៃសមាគមខ្មែរនៅទ្វីបអាមេរិកដែលស្ថិតនៅក្នុងទីក្រុងឡុងប៊ិចនិងជាអ្នកសម្របសម្រួលក្រុមរាប់ជំរឿននៃកម្ពុជា បានបញ្ជាក់ប្រាប់វីអូអេក្នុងបទសម្ភាសនៅដើមខែកក្កដាថា ក្រុមការងារជួបបញ្ហាប្រឈមជាច្រើន ដែលមានដូចជាការរឹតត្បិតដោយសារជំងឺកូវីដ១៩ ការមិនសូវយល់ដឹងពីសារៈសំខាន់នៃជំរឿននិងពលរដ្ឋមិនសូវបើកទូលាយចូលរួមជាដើម។
«យើងដឹងថាទីក្រុងឡុងប៊ិច គឺជាទីក្រុងមួយដែលពិបាករាប់បញ្ចូលជាទីបំផុតនៅក្នុងចំណោមទីក្រុងធំៗទាំងប៉ុន្មាននៅក្នុងរដ្ឋកាលីហ្វញ៉ា។ មិនដឹងថា ទីក្រុងនៅភូមិភាគខាងកើតនោះយ៉ាងម៉េចទេ ប៉ុន្តែនៅខាងលិចនេះ គឺភាគច្រើនជាតំបន់អាប៉ាតតឺម៉ង់ ហើយពួកគាត់មានទ្វាររបងចាក់សោរទៀត។ ដល់អីចឹងទៅយើងមានការពិបាកណាស់ក្នុងការជំរឿនស្ថិតិ»។
លោក ឆល សុង បន្ថែមថា ទន្ទឹមនឹងនេះ ក៏មានការនិយាយបំភ័យពលរដ្ឋមិនឲ្យបំពេញ។
លោក ឆល សុង បន្ថែមថា៖
«ដោយសារមាត់ចាបមាត់ព្រាប ពេលខ្លះទៅគាត់ឮព័ត៌មានមិនសមហេតុមិនសមផល។ ឧទាហរណ៍ដូចថាពេលថា ខ្ញុំចុះឈ្មោះទៅ ខ្ញុំឲ្យព័ត៌មានទៅគេ នឹងកាត់បន្ថយបៀវត្សរ៍របស់ខ្ញុំពាក់ព័ន្ធនឹង SSI ឬ Disability អីចឹង។ តាមពិត គឺចង់ជម្រាបគាត់ឲ្យបានយល់ថាមិនអីចឹងទេ។ គេដឹងថា ចំនួនប្រជាពលរដ្ឋប៉ុន្មានដែលបានទទួល។ តាមពិតជំរឿនស្ថិតិនេះ ជួយពួកគាត់បានប្រាក់កាសថែមលើហ្នឹងទៀតក៏មានដែរ»។
លោក ឆល សុង បន្ថែមថា កាលពីជំរឿនឆ្នាំ២០១០ គឺមានពលរដ្ឋចំនួនជាង១,៥លាននាក់មិនត្រូវបានគេរាប់បញ្ចូលទេនៅក្នុងរដ្ឋនេះ។ ការណ៍នេះធ្វើឲ្យបាត់បង់ផលប្រយោជន៍សម្រាប់សហគមន៍នានានៅពេលដែលរដ្ឋបែងចែកថវិកាអភិវឌ្ឍន៍មូលដ្ឋាន។
អ្នកស្រី សំ សាទួន អ្នកសម្របសម្រួលការងារជំរឿននៃសហគមន៍ខ្មែរ (United Cambodian Community) បញ្ជាក់ថា ពលរដ្ឋនៅតែមិនយល់ថា ជំរឿននោះមានសារៈសំខាន់អ្វីដល់ពួកគាត់ទេដូច្នេះទាមទារឲ្យមានការពន្យល់ច្រើនដល់ពួកគាត់។
«សហគមន៍ខ្មែរនៅអាមេរិក គឺជាប្រជុំជនជាតិខ្មែរយើងច្រើនជាងគេបង្អស់ក្រៅពីព្រះរាជាណាចក្រកម្ពុជា ដូច្នេះយើងចង់ឲ្យគេទទួលស្គាល់ថា យើងមានចំនួនច្រើន ប៉ុន្តែយើងអត់ចូលរួមជំរឿនអីចឹងគេអត់ដឹងថា ចំនួនប្រជាជនយើងហ្នឹងប៉ុន្មានទេនៅក្នុងទឹកដីអាមេរិកហ្នឹង។ ឧទាហរណ៍តូចមួយដូចជាសហគមន៍ខ្មែរនៅទីក្រុងឡុងប៊ិច កាលពី១០ឆ្នាំមុន យើងថាយើងអត់បានចូលរួមធ្វើជំរឿនហ្នឹងទេ ដូច្នេះនៅក្នុងទិន្នន័យផ្លូវការគេមានយើងតែចំនួនប្រហែល២ ឬ ៣ម៉ឺន ប៉ុណ្ណោះ តែជាក់ស្តែងយើងមាន៧ ឬ ៨ម៉ឺន ឬ អាចឈានទៅដល់១០ម៉ឺន ដូច្នេះការណ៍ដែលគេរៀបចំមកជួយសហគមន៍យើង គឺទៅតាមចំនួនទិន្នន័យដែលគេមានជាផ្លូវការហើយនឹងចំនួនជាក់ស្តែងវាខុសគ្នា ដូច្នេះគេមិនអាចរៀបចំមកជួយសហគមន៍យើងបានទេ»។
បញ្ហាប្រឈមដែលសកម្មជនសហគមន៍ត្រូវបញ្ចុះបញ្ចូលពលរដ្ឋឲ្យស្ងប់ចិត្ត គឺស្ថានភាពរស់នៅរបស់ពួកគាត់ដោយសារពួកគាត់ខ្លះព្រួយបារម្ភថា នឹងបញ្ជូនត្រឡប់ទៅវិញប្រសិនបើពួកគាត់រស់នៅមិនស្របច្បាប់ដោយពួកគេមិនអាចបែងចែកការខុសគ្នារវាងក្រុមជំរឿន និងអាជ្ញាធរអន្តោប្រវេសន៍។
លោក ឆល សុង បានបន្ថែមថា៖
«ពិតណាស់ការបារម្ភយើងត្រូវតែមាន ប៉ុន្តែសូមឲ្យបងប្អូនមានការកក់ក្តៅចំពោះផ្នែកសហព័ន្ធផ្នែកស្ថិតិពីព្រោះគេមានច្បាប់របស់គេ។ ព័ត៌មានរបស់បងប្អូនដែលផ្តល់ទៅតាមជំរឿនស្ថិតិ គឺគេរក្សាទុកយ៉ាងសម្ងាត់ជាទីបំផុតគេអត់បញ្ជូនទៅណាទេ។ អីចឹងសុំបងប្អូនកុំយល់ច្រឡំ»។
ការបំពេញជំរឿនត្រូវចំណាយពេលប្រហែល២០នាទី ដោយមានសំណួរខ្លះដែលមានដូចជាថាតើក្នុងគ្រួសារមានសមាជិកប៉ុន្មាននាក់ ប្រភេទផ្ទះដែលកំពុងរស់នៅតើជាផ្ទះល្វែង ឬ ផ្ទះដាច់ពីគេនិងជាផ្ទះជួល ឬ ផ្ទះផ្ទាល់ខ្លួន លេខទូរស័ព្ទអ្នកបំពេញ និងព័ត៌មានបន្ថែមពីសមាជិកគ្រួសារម្នាក់ៗដែលមានដូចជាឈ្មោះ អាយុ ដើមកំណើត ជាដើម។ នេះបើតាមគំរូបញ្ជីសំណួរដែលផ្សាយតាមគេហទំព័ររបស់ជំរឿន។
ក្រុមសកម្មជនដែលចូលរួមមាន May Center សហគមន៍ខ្មែរ (UCC) សមាគមខ្មែរនៅទ្វីបអាមេរិក (CAA) សមាគមសកម្មភាពយុវនារីខ្មែរ (KGA) និងមន្ទីរពេទ្យ St. Mary។ ពលរដ្ឋទីក្រុងឡុងប៊ិច អាចឲ្យសហគមន៍ខ្មែរជួយបំពេញបាន បើពួកគេមានការលំបាកផ្នែកភាសានិងមិនយល់សំណួរ។
លោក ឡាឌីន ចាន់ ដែលជាអ្នកសម្របសម្រួលកម្មវិធីនៅមន្ទីរពេទ្យ St. Mary ក្នុងទីក្រុងឡុងប៊ិចនិងក្រុមយុវជនស្ម័គ្រចិត្តចំនួន៩នាក់ទៀតក៏កំពុងធ្វើសកម្មភាពជាច្រើនសំដៅលើក្រុមពលរដ្ឋដែលមានអាយុពី៣០ដល់៥០ឆ្នាំ។ ពួកគេ បានធ្វើការងារតាំងពីខែមីនាដោយបានដើរគោះទ្វារផ្ទះនៅក្នុងក្រុងខ្មែរដើម្បីពន្យល់ពីជំរឿននេះ។ បច្ចុប្បន្នពួកគេមិនអាចចុះតាមលំនៅដ្ឋានដូចមុនទេដោយសារតែជំងឺកូវីដ១៩។
«នៅមុនពេលកូវីដ យើងបានដើរគោះទ្វារដោយយើងបានទៅដល់ជាច្រើនប្លុកនៅទីក្រុងខ្មែរដើម្បីប្រាប់គេពីជំរឿននិងសារៈសំខាន់។ នៅពេលកូវីដកើតឡើងយើងត្រូវរៀបចំយុទ្ធសាស្ត្រការងារដោយសារយើងមិនអាចទៅសហគមន៍បាន។ ដូច្នេះហើយយុទ្ធសាស្ត្រដ៏ល្អរបស់យើងគឺទូរស័ព្ទនិងប្រើបណ្តាញសង្គមដែលយុវជនយើងប្រើដែលមានដូចជាអ៊ីនស្តាក្រាម និងហ្វេសប៊ុក»។
អ្នកស្រី អែមី លាងហួន អ្នករៀបចំសហគមន៍នៃសមាគមសកម្មភាពយុវនារីខ្មែរ (Khmer Girls in Action) យល់ថា សហគមន៍ខ្មែរនៅមិនទាន់បានរាប់បញ្ចូលបានច្រើននៅឡើយ ហើយការឆ្លើយតបនៅយឺតយ៉ាវដោយសារតែជំងឺកូវីដ១៩ ប៉ុន្តែ ក៏មើលឃើញថាស្ថានភាពវិបត្តិសុខភាពនេះគឺជាការដាស់ស្មារតីមួយឲ្យសហគមន៍ខ្មែរ-អាមេរិកាំងមើលឃើញពីតម្រូវការ និងបញ្ហាប្រឈមដែលសហគមន៍នេះជួបប្រទះ ក្នុងពេលបច្ចុប្បន្ន និង១០ឆ្នាំទៅមុខទៀត។
អ្នកស្រីបន្ថែមថា សហគមន៍ខ្មែរនៅតែមិនទាន់មានតំណាងបានគ្រប់គ្រាន់ដោយអ្នកស្រី បានលើកឡើងថា ជំរឿនឆ្នាំនេះមិនមានដាក់ភាសាខ្មែរសម្រាប់អ្នកបំពេញគូសទេ។ រីឯថ្នាក់រៀនវិញ មានសិស្សច្រើនក្នុងមួយថ្នាក់ៗ។
អ្នកស្រី អេមី លាងហួនធ្លាប់ទទួលបានផលប្រយោជន៍ពីកម្មវិធីដែលរដ្ឋបានជួយ។
«គ្រួសាររបស់ខ្ញុំអាចរីកលូតលាស់បានដោយសារយើងអាចប្រើប្រាស់កម្មវិធីនិងធនធានទាំងនេះដែលបានមកពីការធ្វើជំរឿន។ នៅពេលដែលយើងនិយាយទៅក្រុមយុវជន ហើយប្រាប់ពួកគេពីសារៈសំខាន់នៃការធ្វើជំរឿន គឺមានអ្នកខ្លះបានយល់ពីការភ្ជាប់គ្នានេះភ្លាម។ ក្រុមយុវជននិយាយថាទាំងនេះ គឺជាអ្វីដែលភ្ជាប់នឹងជីវិតរបស់ពួកគេ ដែលមានដូចជាសាលារៀន និងសៀវភៅសិក្សា។ ទាំងនេះ គឺជាមូលនិធិដែលភ្ជាប់នឹងជីវិតពួកគេ។ ដូច្នេះហើយ វាជាការសំខាន់ណាស់ដែលក្រុមយុវជនត្រូវពិភាក្សាជាមួយនឹងសហគមន៍របស់គេពីសារៈសំខាន់នៃជំរឿននេះ»។
ក្នុងនាមជាម្តាយដែលមានកូនពីរនាក់ អ្នកស្រីមើលឃើញថា កម្មវិធីអប់រំមាតា គឺមានសារៈសំខាន់ណាស់សម្រាប់គ្រួសារ ក៏ដូចជាកម្មវិធីផ្តល់អាហារសម្រាប់សិស្សតាមសាលារៀន និងផ្ទះសម្បែងសម្រាប់អ្នកដែលមានចំណូលទាប។
ការធ្វើជំរឿននៅសហរដ្ឋអាមេរិក បានចាប់ដំណើរការតាំងពីខែដើមខែមីនា ហើយនឹងបញ្ចប់នៅថ្ងៃទី៣១ខែតុលាដែលជាកាលបរិច្ឆេទថ្មីដោយសម្របតាមស្ថានភាពវិបត្តិសុខភាពដែលបង្កឡើងដោយវីរុសកូរ៉ូណា។ ពលរដ្ឋអាចបំពេញតាមអនឡាញ ហៅទូរស័ព្ទតាមប្រព័ន្ធសុវត្ថិភាព និងបំពេញដោយក្រដាសក៏បាន។ សារៈសំខាន់នៃជំរឿន គឺដើម្បីឱ្យរដ្ឋាភិបាលសហព័ន្ធបែងចែកថវិកាប្រចាំឆ្នាំទៅដល់រដ្ឋនិងសហគមន៍នីមួយៗ។ លទ្ធផលក៏សម្រេចពីអាសនៈនៅសភាជាតិនៃរដ្ឋនីមួយៗផងដែរ។ នេះបើតាមការបញ្ជាក់របស់គេហទំព័រជំរឿន។
លោក ស្រី ស៊ូលី សារ៉ូ ដែលជាបេក្ខជនចៅសង្កាត់លេខ៦នៃទីក្រុងឡុងប៊ិច បានបញ្ជាក់ប្រាប់វីអូអេថា លោកស្រីជំរុញឲ្យពលរដ្ឋខ្មែរ-អាមេរិកាំងទាំងអស់ចូលរួមបំពេញជំរឿននេះ។
«ចាស ខ្ញុំចង់ឲ្យអ៊ំស្រី អ៊ំប្រុសលោកពូអ្នកមីងទាំងអស់គ្នាបំពេញក្រដាសCensus ពីព្រោះវាសំខាន់មែនទែន។ សំខាន់ខាងបែងចែកថវិកាចែកលុយឲ្យទីក្រុង។ បើគេអត់ដឹងថាមានមនុស្សប៉ុន្មាននាក់នៅទីក្រុងណាគឺគេមិនដឹងចែកលុយយ៉ាងម៉េច។ បានអីចឹងវាសំខាន់ជាងគេ។ ឥឡូវនេះពេលវេលាកូវីដបើរដ្ឋចែកលុយមិនដឹងចែកយ៉ាងម៉េចបើគេអត់ដឹងថាមនុស្សនៅទីក្រុងប៉ុន្មាននាក់។ តាមធម្មតានៅទីក្រុងឡុងប៊ិចមានខ្មែរយើងច្រើនប៉ុន្តែបើយើងមិនបំពេញគេអត់ដឹងទេ។ អីចឹងហើយបានជាខ្ញុំថាវាសំខាន់។ ខ្ញុំសូមឲ្យយើងទាំងអស់គ្នាបំពេញក្រដាសហ្នឹង»។
ការិយាល័យជំរឿនបានឱ្យដឹងថាពលរដ្ឋនៅរដ្ឋកាលីហ្វញ៉ាបានបំពេញចំនួន៦៤,១ភាគរយ នៅត្រឹមដំណាច់ខែកក្កដា ដែលមានពលរដ្ឋជាង៩,៧លានគ្រួសារ។ ក្នុងចំណោមនេះ គឺ៥៣,៥ភាគរយ បានបំពេញតាមអ៊ីនធឺណិតដោយខ្លួនឯង។ នៅទូទាំងសហរដ្ឋអាមេរិកពលរដ្ឋបំពេញបានចំនួន៦២,៨ភាគរយ៕