ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​តាម​ដង​ទន្លេ​មេគង្គ​​​​ព្រួយ​បារម្ភ​ពី​​ទំនប់​វារី​អគ្គិសនី និង​បម្រែ​បម្រួល​អាកាស​ធាតុ​ ​​ធ្វើ​ឱ្យ​​​​ត្រី​​ធ្លាក់​ចុះ​យ៉ាង​​គំហុក​


លោក អ៊ួន បាឋម ហៅ​សាយ ដៃ​កាន់​មេក្រូ ថ្លែង​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ ក្នុង​សន្និសីទ​សារព័ត៌មាន​ ក្នុង​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ «តាម​ដងទន្លេ​មេគង្គ​ជាមួយ​សាយ» របស់​អង្គការ​អុកស្វាម​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៣ ខែ​មិថុនា ឆ្នាំ​២០២២។ (លាស់ លីបលីប/វីអូអេ)
លោក អ៊ួន បាឋម ហៅ​សាយ ដៃ​កាន់​មេក្រូ ថ្លែង​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ ក្នុង​សន្និសីទ​សារព័ត៌មាន​ ក្នុង​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ «តាម​ដងទន្លេ​មេគង្គ​ជាមួយ​សាយ» របស់​អង្គការ​អុកស្វាម​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៣ ខែ​មិថុនា ឆ្នាំ​២០២២។ (លាស់ លីបលីប/វីអូអេ)

ប្រជា​សហគមន៍​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​ប្រែប្រួល​នៃ​កម្រិត​ទឹក​ទន្លេ​មេគង្គ​ ​ ដែល​ធ្វើ​ឱ្យ​ទិន្នផលត្រីធ្លាក់​ចុះ​យ៉ាងគំហុក​ និង​ធ្វើ​ឱ្យ​ប៉ះ​ពាល់ដល់​ជីវភាព​របស់ពល​រដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​ ខណៈ​ពួកគេ​លើក​ឡើង​អំពី​ការ​សាង​សង់ទំនប់​វារី​អគ្គិសនី និង​ការ​ប្រែប្រួល​អាកាស​ធាតុ។

​ពួក​គេ​បង្ហាញក្តី​បារម្ភ​ដែល​ជា​បញ្ហាកំពុង​ជួប​ប្រទះ​ក្នុង​មូលដ្ឋាន​សហគមន៍​របស់​ខ្លួន ​នៅ​ក្នុង​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនា​ការ​ដែល​មាន​ឈ្មោះ​ថា​«តាម​ដង​ទន្លេ​មេគង្គ​ជាមួយ​សាយ»របស់​អង្គការ​អុក​ស្វាម (OXFAM) ដែល​បាន​ធ្វើ​យុទ្ធ​នា​ការរយៈ​ពេល​៤​ខែ ចាប់​ពី​ខែ​មីនា​ឆ្នាំ​២០​២២​នេះ។ សាយ​គឺ​ជា​ឈ្មោះ​របស់​តារា​ចម្រៀង​ខ្មែរ​មួយ​រូប។

នៅ​ក្នុង​ពិធី​បិទ​យុទ្ធនាការ​នោះ តំណាង​សហគមន៍​ដែល​រស់​នៅ​ជាប់​ដងទន្លេ​មេគង្គ​ បាន​ថ្លែង​ថាទំនប់​វារីអគ្គិសនី​បាន​ធ្វើ​ឱ្យ​ទិន្នផល​ត្រី​ធ្លាក់​ចុះ​យ៉ាង​គំហុក​ ​ដែល​ធ្វើ​ឱ្យ​ការ​នេសាទសម្រាប់​បរិ​ភោគ​ជា​លក្ខណៈ​គ្រួសារ​សឹង​តែ​មិន​បាន​។ មិន​តែ​ប៉ុណ្ណោះ​ ពួក​គេ​ថា​ការ​ប្រែប្រួល​នៃ​ទឹក​ទន្លេ​មេគង្គ ដោយ​សារ​ការ​សាង​សង​ទំនប់​វារី​អគ្គិសនី ​ក៏​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​កសិ​កម្ម និង​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់សេដ្ឋ​កិច្ច​របស់ប្រជា​សហ​គមន៍ផងដែរ។

អ្នកស្រី ប៊ុន សំផាន ប្រធាន​សហគមន៍​សម្រស់​កោះ​ហាន​ ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ ថ្លែង​ក្នុង​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនា​ការ​នោះ​ថា​ ​ជីវភាព​របស់​ប្រជា​សហគមន៍​មានការ​ប្រែប្រួល​យ៉ាង​ខ្លាំង​ ដោយ​សារ​ការ​សាង​សង​ទំនប់​វារី​អគ្គិ​សនី និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដែល​ធ្វើ​ឱ្យ​លំហូរ​ទឹក​ឡើង​ចុះ​ខ្លាំង​ ហើយ​វាធ្វើ​ឱ្យ​ទិន្នផល​ត្រី​ធ្លាក់​ចុះ​ សល់​ត្រឹម​២០​%​តែ​ប៉ុណ្ណោះ។ ចំណែក​ជម្រកសត្វ​ក៏​រង​ការ​គំរាម​កំហែង​ បូក​រួម​ការ​បាត់​បង់​ព្រៃ​លិច​ទឹក ​ដែល​ជា​ជម្រកត្រី​ដ៏​សំខាន់។

អ្នក​ស្រី​ថ្លែង​ថា៖ ​«ក្នុង​ការ​រស់​នៅ ​ជីវភាព​ប្រៀបធៀប​ពី​មុន​មក​ឥឡូវ​វា​ខុសគ្នា​ប្លែក​គ្នា​ឆ្ងាយ​ ដោយសារ វា​ធ្លាក់​ចុះ​ អ្វី​ដែល​ប្រែ​ប្រួល​តាម​លំហូរ​របស់​ទឹក​ឡើង​ចុះ​ ហើយ​អាកាស​ធាតុ​ប្រែប្រួល។ ​សំខាន់​មែន​ទែន​ការ​សាង​សង់​វារី​អគ្គិ​ស​នី​ធំៗ ដែល​ធ្វើ​ឱ្យ​យើង​កាត់​បន្ថយ​ត្រី​ ប៉ះ​ពាល់​ដល់​ត្រី ដល់​ជម្រក​សត្វ​ស្លាបផ្សេងៗ ដែល​យើង​តែង​តែ​អភិ​រក្ស​ទុក»។

រូបឯកសារ៖ ទិដ្ឋភាពដងទន្លេមេគង្គមើលពីលើអាកាស មើលពីស្រុកប៉ាកជុម (Pak Chom) ខេត្តឡូអ៊ី (Loei) ប្រទេសថៃ ដែលកំពុងរីងស្ងួតហួតហែងគួរឲ្យព្រួយបារម្ភ។
រូបឯកសារ៖ ទិដ្ឋភាពដងទន្លេមេគង្គមើលពីលើអាកាស មើលពីស្រុកប៉ាកជុម (Pak Chom) ខេត្តឡូអ៊ី (Loei) ប្រទេសថៃ ដែលកំពុងរីងស្ងួតហួតហែងគួរឲ្យព្រួយបារម្ភ។

​ប្រធាន​សហគមន៍​សម្រស់​កោះ​ហាន​រូប​នោះ មិន​ចង់​ឱ្យ​មាន​ការ​សាង​សង់​ទំនប់​វារីអគ្គិ​សនីធំៗ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពល​រដ្ឋ​កាន់​តែ​បាត់​បង់​មុខ​របរ​នេសាទ ហើយការ​ងារកសិកម្ម ​ក៏​ប្រឈម​ការ​បាត់​បង​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យពលរដ្ឋ​ខ្លះ​ចំណាក​ស្រុក។

អ្នក​ស្រី​បន្ត​ថា៖ ​«ចង់​ឱ្យ​រាជ​រដ្ឋាភិបាល ទប់​ស្កាត់​អ្វី​ដែល​មិន​ទាន់​កកើត​ឡើង អ្វី​ដែល​មិន​ទាន់​មាន ហើ​យ​ធ្វើ​ថ្មី​ទៀត [ គឺ]​មីង​មិន​ចង់​ឱ្យ​មាន​ការ​សាង​សង​ទំនប់​វារីអគ្គិ​សនី​ខ្នាត​ធំ​ឡើយ។ ដោយ​សារ​យើង​នៅ​កៀក​កន្លែង​ទំនប់​វារី​អគ្គិសនី ដល់​អ៊ីចឹង​វា​មាន​ផល​ប៉ះពាល់​ដល់​ប្រជា​ពល​រដ្ឋ​ ដល់​អាយុ​ជីវិត ដល់​ការងារ​ ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​ អត់​មាន​ទី​ស្នាក់​នៅ​...​និយាយ​រួម ​គឺ​ចំណាក​ស្រុក​ យើង​ផ្លាស់​ទី​លំ​នៅ​ចំណាក​ស្រុក​ មិន​មែន​ជា​រឿង​ធម្មតា​សម្រាប់​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​ដង​ទន្លេ​ទេ គឺ​មាន​ការ​លំបាក​ណាស់»។

អ្នកស្រី​ក៏ព្រួយ​បារម្ភ​អំពី​វប្បធម៌​ទំនៀម​ទម្លាប់​ថា​ខ្លាច​បាត់​បង់​នៅថ្ងៃ​ណា​មួយ​ផង​ដែរ​ ប្រសិន​បើ​សហគមន៍​នៅ​តែ​ជួប​បញ្ហា​ប្រឈម​ដូច​សព្វ​ថ្ងៃ​នេះ។

ចំណែក​អ្នក​ស្រី សួត ណាង អាយុ​៣៨​ឆ្នាំ តំណាង​សហគមន៍​ភូមិហ្វាំង​ ឃុំពុង ស្រុក​វើនសៃ ខេត្ត​រតន​គិរី ដែលបាន​ចូល​រួម​ក្នុង​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនា​ការ«តាម​ដង​ទន្លេ​មេគង្គ​ជាមួយ​សាយ»​ ក៏​បាន​កត់​សម្គាល់​ស្រដៀង​គ្នា​នឹងអ្នកស្រី ប៊ុន សំផាន ថា​ផល​ត្រី​ក្នុង​ទន្លេ​មេគង្គធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដោយ​អ្នកស្រី​លើក​ឡើង​ពី​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី និង​ការ​នេសាទ​ខុស​ច្បាប់​ ឬ​ដោយ​សកម្ម​ភាព​ឆក់​ត្រី​របស់​ពល​រដ្ឋ​មួយ​ចំនួន។ ​

​អ្នកស្រី​បញ្ជាក់​ថា៖ ​«ពួក​ខ្ញុំ​ នៅ​ប្រឡោះ​កណ្តាល​សេសាន​ក្រោម​២​ ខាង​លើ​វារី​អគ្គិ​សនី​ ហើយ​ពួក​ខ្ញុំ​នៅ​ប្រឡោះ​កណ្តាល​អ៊ីចឹង កាលណា​ត្រី​ឡើង​ពី​ទន្លេ​មេគង្គ អត់​មាន​កន្លែង​ឡើង​ទេ​ វា​ស្កក​កន្លែង​គេ​ធ្វើ​វារី​អគ្គិ​សនី​សេសាន​ក្រោម​២​ហ្នឹង គឺ​នៅ​កន្លែង​ហ្នឹង​ហើយ​ត្រី​»។

អ្នក​ស្រីបន្ថែម​ថា៖ ​«អ៊ីចឹង​មួយ​ថ្ងៃ​រក​ត្រី​មិន​បាន ​ដូច​ជា​លោក​គ្រូ​សាយ​ បាន​បង់​សំណាញ​តាំង​ពី​ព្រឹក​ដល់​ថ្ងៃ​ ដល់​នាំ​គ្នា​ពេល​យប់​ហូប​មាន់​ទៅ​វិញ»។

អ្នក​ស្រី​ក៏​បាន​រអ៊ូរទាំ​អំពី​ការ​ឡើង​ចុះ​ទឹក​ទន្លេ​មេគង្គ​មិន​នឹង​ន​រ​ ដែល​ធ្វើ​ឱ្យ​ប្រជា​សហគមន៍​មាន​ការ​លំបាក​ក្នុង​ការ​ប្រកប​របរ​កសិ​កម្ម​ ឬ​បោះបង់​ការ​ធ្វើ​ស្រែ​ចម្ការ​តែ​ម្តង។​

អគ្គលេខា​ធិការ​រង​នៃ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ​លោក​ គល់ វឌ្ឍនា ​ប្រាប់​វីអូអេ​ថា​ការ​ប្រែប្រួល​ទឹក​ទន្លេ​មេគង្គ ​មាន​កត្តារួម​ផ្សំ​ជាច្រើន​ ដូច​ជា​កា​រប្រែប្រួល​អាកាសធាតុ ការ​ប្រែ​ប្រួល​របប​ទឹក​ភ្លៀង ​កត្តា​គម្រប​ដី​ឬ​គម្រប​ព្រៃ​ឈើ​អាង​ទន្លេ​មេគង្គ​ និងការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​ជា​ដើម។

លោក​ថ្លែង​ថា​៖ ​«​ការ​សាង​សង់​ទំនប់ ​គឺ​ជា​ការ​រួម​ចំណែក​ធ្វើ​ឱ្យ​ទឹក​ប្រែប្រួល ហើយ​មិន​មែន​ដោយ​សារ​តែ​ការ​សាង​សង់ទំនប់​ទាំង​ស្រុង​ទេ។ វា​ពាក់​ព័ន្ធ​របប​ទឹកភ្លៀង​ អាកាសធាតុ​មាន​ការ​ប្រែប្រួល​នេះ​ផង​ដែរ​ អាហ្នឹង​រឿង​មួយ។ វា​ពាក់​ព័ន្ធ​កា​រប្រែប្រួល​នៃ​គម្របដី​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ គម្រប​ព្រៃ​ អាហ្នឹ​ង​មួយ​ទៀត។ អ៊ីចឹង​វា​មាន​កត្តា​ច្រើន​ណាស់​ដែល​រួម​ផ្សំ​ធ្វើ​ឱ្យ​ទឹក​ទន្លេ​មេគង្គ​មាន​ការ​ប្រែប្រួល។ អ៊ីចឹង​កាល​ណា​យើង​និយាយ​បញ្ហា​ យើង​ចាប់ផ្តើមនិយាយពី​ការ​ប្រែប្រួល​សិន វា​ប្រែប្រួល​ដោយ​សារ​អ្វី»។

នៅ​ក្នុង​ពិធី​បិទ​បញ្ចប់​យុទ្ធនាការ​របស់​អង្គការ​អុកស្វាម អ្នកស្រី កែវ កណិកា ប្រធាន​គម្រោង​បរិយាប័ន្ន​២​នៃ​អង្គការ​អុក​ស្វាម ក៏​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​របស់​ទន្លេ​មេគង្គ ដែល​ត្រូវគិត​គូរ​ ​ខ្វាយ​ខ្វល់​ និង​ដោះស្រាយ​ជា​មួយ​គ្នា។

អ្នក​ស្រី​ថ្លែង​ថា៖ ​«ក្នុង​ចំណែក​មួយ​ជា​បុគ្គល​ ក៏ដូច​ជា​យើង​ធ្វើ​ការ​នៅ​ក្នុង​គម្រោង​ ហៅ​ថា​អភិបាល​កិច្ច​ទឹកទន្លេ​មេគង្គ​ សូម​ឱ្យ​ទាំង​អស់​គ្នា​មាន​ការ​ចូលរួម​ ចាប់​ផ្តើម​ជជែក ចាប់​ផ្តើម​វិភាគ​ ចាប់​ផ្តើម​មើល​ឱ្យ​ឃើញ​ពី​បញ្ហា​ទន្លេ​ ឬ​បញ្ហា​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​ហ្នឹង មិនមែន​គ្រាន់​ជា​បញ្ហា​របស់​ពួក​គាត់​ទេ​ វា​គឺ​ជា​បញ្ហា​របស់​យើង​ទាំង​អស់គ្នា»។ ​

បើ​តាម​អ្នក​ស្រី កែវ កណិកា យុទ្ធនា​ការ ​«តាម​ដង​ទន្លេ​មេគង្គ​ជាមួយ​សាយ» គឺ​ចង់​ឱ្យ​យុវជន​ជំនាន់​ក្រោយ​យល់ដឹង​ និងស្គាល់​ពី​អត្ថប្រយោជន៍​ទន្លេ​មេគង្គ​ឱ្យ​កាន់​តែ​ច្បាស់​ និង​ចង់​ផ្សារ​ភ្ជាប់​យុវជន​ជាមួយ​វប្បធម៌​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគ​តិច ជាពិសេស​អ្នក​រស់នៅ​តាម​ដង​ទន្លេ​មេ​គង្គ និង​ដើម្បីបំផុស​គំនិត​ឱ្យ​ស្រឡាញ់​បរិស្ថាន។

​ទន្លេ​មេគង្គ​មាន​ប្រវែង​ជាង​៤​ពាន់​គីឡូម៉ែត្រ​ ហូរ​កាត់​ប្រទេស​ចិន​ មីយ៉ាន់ម៉ា ឡាវ​ ថៃ កម្ពុជា និង​វៀតណាម។ ទន្លេ​នេះ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​សេដ្ឋកិច្ច​ ផ្តល់​ឱកាស​សម្រាប់​ទេសចរណ៍តាម​បែប​ធម្មជាតិ​ និង​ផ្តល់​តម្រូវ​ការ​ថាម​ពល​នៅ​ក្នុង​តំបន់។

​អង្គការ​អុកស្វាម​ក៏​បាន​លើកឡើង​ពី​ការព្រួយ​បារម្ភ​អំពី​ការ​សាង​សង​ទំនប់​វារីអគ្គិសនី​ និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ ដែល​ត្រូវ​មើល​ឃើញ​ថា ជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សុខុមាល​ភាព​នៃ​ទន្លេ​មេគង្គ ហើយ​នៅ​តែ​បង្ក​គ្រោះថ្នាក់​ និង​ហានិភ័យ​ដល់​សហគមន៍​ ដែល​មាន​ប្រជាជន​យ៉ាង​ហោច​ណាស់​៧០​លាន​នាក់​កំពុង​អាស្រ័យ​ផល​លើ​ទឹក​ទន្លេ​ដ៏​មាន​សក្តានុ​ពល​នេះ​។

អង្គការ​អុកស្វាម​បន្ថែម​ថា​ផល​ប៉ះពាល់​សំខាន់​ៗ អាច​កើត​ឡើង​ក្នុង​បរិបទ​ផ្សេងៗ​គ្នា​ ដូច​ជា​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​ការ​ថែទាំ​សុខភាព ការ​អប់រំ លំនៅ​ឋាន​សមរម្យ ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ស្បៀង​នៃ​សហគមន៍​ដែល​ងាយ​រង​គ្រោះ​បំផុត ដែល​បរិបទ​ទាំង​នេះ នឹង​ឆ្លើយ​តប​មក​វិញ ជាមួយ​នឹង​ភាព​ក្រីក្រ​ដ៏រ៉ាំរ៉ៃ៕

XS
SM
MD
LG