ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​ទន្លេមេគង្គ​សម្រេច​ឱ្យ​មាន​ការ​ពិនិត្យ​លើ​គណនេយ្យភាព​​ និង​ការ​តាមដាន​ការ​ប្រើប្រាស់ទឹក​​​​​​​


រូបឯកសារ៖ ទិដ្ឋភាព​ដង​ទន្លេ​មេគង្គ​មើល​ពី​លើ​អាកាស មើល​ពី​ស្រុក​ប៉ាកជុម ខេត្តឡូអ៊ី ប្រទេស​ថៃ ដែល​កំពុង​រីងស្ងួត​ហួតហែង​គួរ​ឲ្យព្រួយបារម្ភ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៩។
រូបឯកសារ៖ ទិដ្ឋភាព​ដង​ទន្លេ​មេគង្គ​មើល​ពី​លើ​អាកាស មើល​ពី​ស្រុក​ប៉ាកជុម ខេត្តឡូអ៊ី ប្រទេស​ថៃ ដែល​កំពុង​រីងស្ងួត​ហួតហែង​គួរ​ឲ្យព្រួយបារម្ភ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៩។

គណៈកម្មាធិការ​រួមនៃ​គណៈ​កម្មការ​ទន្លេមេគង្គ​បាន​សម្រេច​លើ​នីតិវិធី​ប្រតិបតិ្តការ​ដែល​នឹង​ធានា​តម្លាភាព​ គណនេយ្យភាព​ក្នុង​ការ​ប្រើប្រាស់​មូលនិធិ​ និង​បាន​ឈាន​ទៅបង្កើត​ប្រព័ន្ធ​ថ្មី​មួយជា​លើក​ដំបូង​ដើម្បី​ឃ្លាំ​មើល​ និង​រាយការណ៍​ពីការ​ប្រើ​ប្រាស់​ទឹក​នៅ​ក្នុង​ទន្លេមេគង្គ​ ដែល​ជា​ទន្លេ​ធំ​ជាង​គេ​បំផុត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ការ​សម្រេច​នេះ​ធ្វើឡើង​ក្នុង​កិច្ច​ប្រជុំ​កាលពី​ថ្ងៃ​អង្គារ​ក្នុង​ខេត្ត​សៀមរាប ​ដោយ​មាន​ការ​យល់​ស្របពីប្រទេស​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​ចំនួន​បួន​ ដែល​រួមមាន​កម្ពុជា​ ឡាវ​ ថៃ​ និង​វៀតណាម។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​គណៈកម្មការ​ទន្លេ​មេគង្គ​ចេញ​ផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។​

នៅ​ក្នុង​កិច្ចប្រជុំ​ដែល​រៀបចំ​ឡើង​ពីរ​ដង​ក្នុងមួយ​ឆ្នាំ​របស់​គណៈកម្មាធិការ​រួម​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​នោះ​ ​ លោក ​សូ សុភ័ទ្ទ អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​ និង​ជា​ប្រធាន​គណៈ​កម្មាធិការរួម​នៃ​គណៈ​កម្មការ​ទន្លេ​មេគង្គ​សម្រាប់​ឆ្នាំ​២០២២​ ត្រូវ​បាន​ស្រង់​សម្តី​ក្នុង​ន័យ​ដើម​ថា៖​ «យើង​ប្រើ​ប្រាស់​ប្រាក់​មូលនិធិ​សាធារណៈ​ ដូច្នេះ​ វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ដែល​យើង​ត្រូវ​មាន​តម្លាភាព​ និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មូលនិធិ​ដែល​យើង​បាន​ទទួល»។​

បើ​តាម​សេចក្តី​ប្រកាស​របស់​គណៈ​កម្មការ​ទន្លេមេគង្គ​ ចេញ​ផ្សាយ​នៅ​ថ្ងៃទី២៨​ ខែ​មេសា​ ទន្លេ​មេគង្គ​គឺ​ជាផ្លូវ​ទឹក​លំបាក​មួយ​ បន្ទាប់​ពី​កម្រិត​ទឹក​ចុះទាប​បួន​ឆ្នាំ​ជាប់ៗ​គ្នា។​

សេចក្តី​ប្រកាស​ដដែល​ឱ្យ​ដឹង​ថា​ ការ​តាមដាន​ការ​ប្រើប្រាស់​ទឹក​ និង​ទិន្នន័យ​ទឹក​ដែល​មាន​សុក្រឹតភាព​ត្រូវ​បាន​ចាត់​ទុក​ថា​ មាន​សារៈសំខាន់​ក្នុង​ការ​រៀបចំ​ឱ្យ​មាន​គោល​នយោបាយ​ល្អបំផុត ​ដែល​គាំទ្រ​ដល់​ការ​តស៊ូ​មតិ ​ធ្វើ​ឱ្យ​មាន​ឡើង​នូវ​ការ​តាំង​ចិត្ត​ខាង​នយោបាយ​ និង​ការ​វិនិយោគ​សាធារណៈ​ និងឯកជន។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទន្លេ​មេគង្គ ​និង​មនុស្ស​៦៥​លាន​នាក់​ដែល​អាស្រ័យ​លើ​ផ្លូវ​ទឹក​នេះ​សម្រាប់​ជីវភាព​រស់​នៅ​របស់​ពួក​គេ។

នៅ​ប្រទេស​កម្ពុជា​ គ្រោះ​រាំង​ស្ងួត​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រើ​ប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ ​ជាពិសេស​នៅ​តំបន់​ដាច់​ស្រយាល ​ដោយ​រដ្ឋាភិបាល​និយាយ​ថា​ កម្រិត​ភ្លៀង​ធ្លាក់​នៅ​រដូវ​វស្សា​កន្លង​ទៅ​មិន​ផ្តល់​ទឹក​គ្រប់​គ្រាន់​ដើម្បី​បំពេញ​តម្រូវការ​ចាំ​បាច់​នោះ​ទេ។​

របាយការណ៍​ដាច់​ដោយ​ឡែក​មួយ​ទៀត​បាន​បង្ហាញ​ដែរ​ថា​ សមត្ថភាព​ផ្គត់​ផ្គង់​ទឹក​សម្រាប់​ប្រព័ន្ធ​ធារាសាស្ត្រ​ដំណើរការ​បាន​តែ​២០​ភាគ​រយ​ប៉ុណ្ណោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG