លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់បញ្ជាក់ថា គណបក្សសង្គ្រោះជាតិមានកម្លាំងខ្លាំងហើយការបោះឆ្នោតជាតិឆ្នាំ២០១៨នឹងមានលក្ខណៈកាន់តែប្រកៀកប្រកិតគ្នារវាងគណបក្សធំៗទាំងពីរ។ នេះបើតាមការសង្កេតរបស់អ្នកវិភាគ។
លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគតបានបញ្ជាក់ថា ការបោះឆ្នោតកាលពីថ្ងៃអាទិត្យនេះក៏បង្ហាញពីការតស៊ូប្រឹងប្រែង និងទឹកចិត្តដ៏អស្ចារ្យរបស់ពលរដ្ឋកម្ពុជាក្នុងការចូលរួមសម្រេចលើជោគវាសនានៃប្រទេសជាតិផងដែរ។
លោកអ៊ូ វីរៈបានបញ្ជាក់ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទថា៖
«ជាទូទៅនៅតែបង្ហាញថា គណបក្សសង្គ្រោះជាតិជាគណបក្សមួយខ្លាំងហើយការបោះឆ្នោត២០១៨ប្រហែលជាមានភាពប្រកៀកប្រកិតគ្នាជាងការគិត»។
បើទោះបីជាលទ្ធផលផ្លូវការនឹងចេញផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី២៥ ខែមិថុនា ក៏ការបោះឆ្នោតដែលមានការតាមដានយ៉ាងខ្លាំងនេះបង្ហាញថា គណបក្សប្រឆាំងមានកម្លាំងកាន់តែកើនឡើង ដែលអាចសន្និដ្ឋានបានថា ការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៨គឺ ជាការប្រកួតតែពីរគណបក្សប៉ុណ្ណោះ។
លោកអ៊ូ វីរៈបានបន្ថែមថា៖
«ការបោះឆ្នោត២០១៨នេះគឺ គណបក្សតូចគ្មានសង្ឃឹមទេ។ គ្មានសង្ឃឹមដោយសារតែគណបក្សពីរកំពុងតែប្រកួតប្រជែងគ្នាប្រកិតប្រកើយអីចឹងគឺប្រជាពលរដ្ឋ និងសកម្មជនគាត់ឃើញថា ការចូលរួមរបស់គណបក្សទីបីគឺជាការរំខាន ឬអ្នកបំផ្លាញ ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងគណបក្សពីរធំៗហ្នឹង។ ដោយសារអីចឹងហើយបានជាគេយល់ថា បោះឆ្នោតដល់គណបក្សទីបី គឺជាការបំផ្លាញសន្លឹកឆ្នោតរបស់ខ្លួន»។
តួលេខមិនផ្លូវការ ដែលផ្សាយដោយមន្ត្រីគណបក្សប្រជាជនកម្ពុជាបង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះនៅឃុំសង្កាត់ចំនួន១.១៥៨ រីឯគណបក្សសង្គ្រោះជាតិឈ្នះបានឃុំសង្កាត់ចំនួន៤៨៧។ គណបក្សខ្មែររួបរួមជាតិឈ្នះបានមួយឃុំក្នុងចំណោមគណបក្ស ១០ផ្សេងទៀតដែលបានចូលរួមប្រកួតដែរ។
យ៉ាងណាក៏ដោយ លោកអ៊ូ វីរៈយល់ថា បក្សកាន់អំណាចអាចព្រងើយកន្តើយដោយការបកស្រាយខុសពីតួលេខនៃចំនួនមេឃុំចៅសង្កាត់ និងការបោះឆ្នោតថ្នាក់មូលដ្ឋាន ហើយគិតថា ខ្លួននៅតែខ្លាំងក្នុងខណៈពេលដែលលទ្ធផលសំឡេងពលរដ្ឋមានការប្រកៀកប្រកិតគ្នា។ លោកបន្ថែមថា បើមានការងាកចេញរបស់អ្នកបោះឆ្នោតតែបន្តិចនៅពេលបោះឆ្នោតជាតិ ដែលតែងតែផ្តល់ប្រៀបទៅគណបក្សមិនកាន់អំណាច គឺកម្លាំងនៃបក្សទាំងពីរស្មើគ្នា។
លោកអ៊ូវី រៈបានសរសើរដល់ការចូលរួមបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីរបស់ពលរដ្ឋខ្មែរ។ បើតាមតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថា មានពលរដ្ឋចំនួន ៨៩,៥២ភាគរយបានទៅបោះឆ្នោត។
លោកបន្ថែមថា៖ «នេះបង្ហាញពីការតស៊ូ ការប្រឹងប្រែង និងទឹកចិត្តដ៏អស្ចារ្យរបស់ពួកគាត់ក្នុងការចូលរួមសម្រេចជោគវាសនានៃប្រទេសជាតិរបស់ពួកគាត់ផងដែរ»
គណបក្សប្រជាជនកម្ពុជាបានចាញ់នៅក្នុងតំបន់យុទ្ធសាស្រ្តចំនួនបីគឺ រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តកំពង់ចាម។ លោកអ៊ូ វីរៈមើលឃើញថា ដោយសារមានការរីកចម្រើននៃអ៊ីនធឺណិត ដែលពលរដ្ឋចូលចិត្តប្រើប្រាស់បណ្តាញសង្គមដូចជា ហ្វេសប៊ុក និងការចុះថយឥទ្ធិពលវិទ្យុ និងទូរទស្សន៍។ ក្នុងពេលជាមួយគ្នានេះដែរនៅតំបន់ដែលមានអ្នកចំណូលថ្មីច្រើនគឺអ្នកបោះឆ្នោតមិនសូវមានមនោសញ្ចេតនាជាមួយនឹងអាជ្ញាធរមូលដ្ឋានទេ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ចាត់ទុកថាការបោះឆ្នោតកាលពីថ្ងៃអាទិត្យគឺជា ដំណើរការដ៏សំខាន់មួយនៅក្នុងដំណើរអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ហើយបានស្នើសុំឱ្យភាគីពាក់ព័ន្ធទទួលយកលទ្ធផលឆ្នោត៖
«យើងសូមអំពាវនាវដល់ពលរដ្ឋកម្ពុជា គណបក្សនយោបាយ និងស្ថាប័ននានាទទួលយកលទ្ធផលនៃការបោះឆ្នោតនេះដោយសន្តិវិធី និងក្នុងស្មារតីផ្សះផ្សា និងសហប្រតិបត្តិការ»។
លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិចាត់ទុកថា នេះគឺជាជំហាននៃការផ្លាស់ប្តូរវិជ្ជមានមួយ។
លោកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖
«លទ្ធផលនេះផងដែរគឺជា មូលដ្ឋានដែលអាចបញ្ជាក់បានថា យើងនឹងទទួលបាននូវជ័យជម្នះមួយជំហានទៀតក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាឆ្នាំ២០១៨ និងដើម្បីឈានទៅដឹកនាំប្រទេសនាពេលឆាប់ៗខាងមុខនេះ»។
លោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិអះអាងថា នៅក្នុងការបោះឆ្នោតជាតិគឺ គណបក្សប្រឆាំងតែងតែទទួលបានការគាំទ្របន្ថែមចំនួនជាង ១៥ភាគរយលើសពីការបោះឆ្នោតឃុំសង្កាត់។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានសម្តែងសុទិដ្ឋិនិយម បើទោះបីបាត់បង់អាសនៈជាច្រើនក៏ដោយ។
លោកបន្ថែមថា៖
«យើងចាត់ទុកថា ការឡើងចុះនៅតំបន់នីមួយៗគឺជា ការចាញ់សមរភូមិទេ មិនមែនចាញ់សង្គ្រាមទេ។ អីចឹងជារួមយើងឈ្នះសង្គ្រាមទាំងមូល។ ក៏ប៉ុន្តែក្នុងការឈ្នះសង្គ្រាមយើង មានការចាញ់សមរភូមិមួយពីរតែប៉ុណ្ណោះ»។
មានបណ្តឹងចំនួន៦៧បានដាក់ប្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងអំឡុងពេលឃោសនា និងការបោះឆ្នោតក្នុងនោះបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាមានចំនួន៤៨៕