ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​ CPJ រិះគន់​សេចក្តី​សម្រេច​សាលាឧទ្ធរណ៍​ដែល​អនុញ្ញាត​ឲ្យ​ស៊ើប​អង្កេត​បន្ថែម​លើ​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី


រូបឯកសារ៖ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅទីក្រុងភ្នំពេញ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ទៅដល់សាលាដំបូងរាជធានីភ្នំពេញ នៅទីក្រុងភ្នំពេញ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩។

អង្គការ​ការពារ​សិទ្ធិ​សេរីភាព​របស់​អ្នក​សារព័ត៌មាន​អន្តរជាតិ​មួយ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​រិះគន់​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍​កម្ពុជា ដែល​បាន​សម្រេច​ច្រាន​ចោលបណ្តឹង​សាទុក្ខ​របស់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​ពីរ​រូប ដោយ​ស្នើ​ឲ្យ​សាលាឧទ្ធរណ៍​នេះ​បដិសេធ​ការ​ស៊ើបអង្កេត​បន្ថែម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​បទ​ចោទ​ចារកម្ម​មក​លើ​អ្នក​ទាំង​ពីរ។

គណៈកម្មការ​ការពារ​អ្នក​សារព័ត៌មាន ឬ Committee to Protect Journalists (CPJ) អះអាង​ថា ការ​បន្ត​កាត់ទោស​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី​នេះ នឹង​បន្ត​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ខូចខាត​កាន់តែ​ខ្លាំង។

លោក Shawn Crispin មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​តំបន់​អាស៊ី​អាគ្នេយ៍​ប្រចាំ​គណៈកម្មការ CPJ បាន​ថ្លែង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ នៅ​ថ្ងៃ​ទី២៨ ខែមករា​នេះ​ថា៖

«អាជ្ញាធរ​កម្ពុជា​គួរ​តែ​ឈប់​ចាត់​ទុក​អ្នក​យក​ព័ត៌មាន​លោក យាង សុធារិន្ទ និង​លោក អ៊ួន ឈិន ដូចជា​ឧក្រិដ្ឋជន​តទៅ​ទៀត ហើយ​គួរ​តែ​ទម្លាក់​បទចោទ​ប្រកាន់​ក្លែងក្លាយ​មក​លើ​អ្នក​ទាំងពីរ។ កាលណា​ការ​បៀតបៀន​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​លើ​អ្នក​យក​ព័ត៌មាន​ទាំងពីរ​រូប​នេះ​នៅ​តែ​បន្ត នោះ​ភាព​ជឿទុក​ចិត្ត​បាន​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់កម្ពុជា​ដែល​កំពុង​តែ​រង​ការ​ខូចខាត​រួច​ហើយ​នោះ នឹង​កាន់តែ​ខូចខាត​ខ្លាំង​ជាង​មុន‍»។

មន្ត្រី​ CPJ ជាន់​ខ្ពស់​រូប​នេះ​បាន​ថ្លែង​ដូច្នេះ នៅ​ថ្ងៃ​អង្គារ ក្រោយ​ពេល​ដែល​សាលាឧទ្ធរណ៍​បាន​សម្រេច​ច្រាន​ចាល​ការ​ស្នើ​សុំ​របស់​មេធាវី​លោក យាង សុធារិន្ទ និង​លោក​ អ៊ួន ឈិន ឲ្យ​សាលា​ឧទ្ធរណ៍​បដិសេធ​សេចក្តី​សម្រេច​របស់​តុលាការ​រាជធានី​ភ្នំពេញ ដែល​មាន​បំណង​ស៊ើប​អង្កេត​បន្ថែម​ទៀត​លើ​បុរស​ទាំងពីរ ពី​បទ​ចារកម្ម។

អតីត​អ្នក​សារ​ព័ត៌មាន​អាស៊ី​សេរី​ទាំង​ពីរ​រូប ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ និង​ឃុំ​ខ្លួន ​កាល​ពី​ថ្ងៃទី​១៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ ​ដោយ​តុលាការ​ចោទ​ប្រកាន់​ថា​ ​ពួក​គេ​ទាំង​ពីរ​បាន​ផ្តល់​ព័ត៌មាន​ឲ្យ​រដ្ឋ​បរទេស​ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ ​បច្ចុប្បន្ន​ ពួក​គេ​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​បណ្តោះអាសន្ន ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ ​បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ​អស់​រយៈពេល​ជិត​ដប់​ខែ។

​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​កក្កដា​ ឆ្នា​២០១៩​កន្លង​ទៅ លោក​ អ៊ួន ឈិន​ និង​លោក​ យាង សុធារិន្ទ​ ត្រូវ​បាន​តុលាការ​កាត់​ទោស តែ​មិន​មាន​ការ​ប្រកាស​សាលក្រម។ ​កាលពី​ថ្ងៃ​ទី​៣​ ខែ​តុលា​ ​ឆ្នាំ​២០១៩ ​តុលាការ​បាន​បង្គាប់​ឲ្យ​ស៊ើប​អង្កេត​សំណុំ​រឿង​ពួកគេ​ឡើង​វិញ ​ដោយ​មិន​កំណត់​ថ្ងៃ​បើក​សវនាការ ​ដោយ​គ្រាន់តែ​បញ្ជាក់​ថា​ ​សំណុំ​រឿង​នេះ​មិន​ទាន់​មាន​ព័ត៌មានគ្រប់​គ្រាន់​ ​និង​ត្រូវ​ការ​ពេល​វេលា​សម្រាប់​បន្ត​ការ​ស៊ើប​អង្កេត៕

XS
SM
MD
LG