សហមេធាវីរបស់អនុប្រធានគណបក្សជំទាស់លោក ថាច់ សេដ្ឋា នៅថ្ងៃចន្ទនេះ បានស្នើយ៉ាងទទូចឱ្យតុលាការកំពូលទម្លាក់បទចោទមកលើកូនក្តីរបស់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងចេញសែកអត់ប្រាក់ដែលនាំឱ្យអ្នកនយោបាយជំទាស់រូបនេះបន្តស្ថិតក្រោមការឃុំខ្លួនក្នុងពន្ធនាគារ។
លោក ថាច់ សេដ្ឋា អាយុ ៧០ ឆ្នាំ ជាអ្នកនយោបាយជំទាស់ដែលមានដើមកំណើតខ្មែរក្រោម និងជាប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម។ លោកក៏ជាអតីតសមាជិកព្រឹទ្ធសភាផងដែរ។
ក្រោយបញ្ចប់សវនាការនៅតុលាការកំពូលកាលពីព្រឹកថ្ងៃចន្ទ សហមេធាវីការពារក្តីឱ្យអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា គឺលោក សឺន ជុំជួន ប្រាប់អ្នកសារព័ត៌មានថា កូនក្តីរបស់លោកនៅតែបដិសេធរាល់ភស្តុតាង និងថា លោកជាសហមេធាវីនៅតែទាមទារឱ្យមានការទម្លាក់បទចោទ ព្រោះការវិនិច្ឆ័យរបស់តុលាការគឺមិនអាចទទួលយកបាន។
លោកបន្ថែមថា ការកាត់ក្តីរបស់តុលាការនៅប្រទេសកម្ពុជាគឺមិនបានពិចារណទៅលើច្បាប់អន្តរជាតិនោះទេ គឺយោងតែទៅតាមច្បាប់ជាតិប៉ុណ្ណោះ។
លោកថ្លែងថា៖ «សូមឱ្យចៅក្រមទាំងឡាយវិនិច្ឆ័យទៅតាមច្បាប់ទាំងពីរហ្នឹងឱ្យបានមានភាពត្រឹមត្រូវនិងយុត្តិធម៌សម្រាប់ជនដែលជាប់ចោទ។ អានេះជារឿងមួយដែលយើងនៅតែមានការទាមទារឱ្យកូនក្តីយើងខ្ញុំរួចផុតពីបទចោទ»។
បើតាមសហមេធាវីរូបនេះ សាលដីការរបស់លោក ថាច់ សេដ្ឋា នឹងត្រូវប្រកាសនៅថ្ងៃទី ៣១ ខែឧសភា ខាងមុខនេះ។
សហមេធាវីមួយទៀតដែលការពារក្តីឱ្យលោក ថាច់ សេដ្ឋា គឺលោក ជូង ជូងី ប្រាប់អ្នកកាសែតថា នៅក្នុងសវនាការ សហមេធាវីបានលើកពីចំណុចខ្វះខាតនៃការកាត់ក្តីកន្លងមក ដែលយកតែឯកសារថតចម្លងមកដាក់បន្ទុកកូនក្តីរបស់លោក ដែលលោកថា វា «ខុសពីស្មារតីច្បាប់»។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំសូមឱ្យតុលាការកំពូលពិចារណានិងបដិសេធសេចក្តីសម្រេចរបស់សាលាដំបូងនិងសាលាឧទ្ធរណ៍ចោល ហើយនឹងលើកលែងការចោទប្រកាន់ចំពោះកូនក្តីខ្ញុំ»។
លោក សេដ្ឋា ត្រូវបានតុលាការចាប់ខ្លួន កាលពីខែមករា ឆ្នាំ ២០២៣ តាមបណ្តឹងមួយដែលបានចោទថា លោកបានចេញមូលប្បទានប័ត្រចំនួន៥សន្លឹកដែលគ្មានទឹកប្រាក់ កាលពីឆ្នាំ ២០១៩ ដើម្បីសងហាងបញ្ចាំ រិន ឆាយ (Rin Chhay Pawn Shop)។
នៅក្នុងសេចក្តីប្រកាស ចុះថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ របស់អង្គការសិទ្ធិមនុស្សលីកាដូដែលតាមដានករណីនេះ តុលាការសាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានកាត់ទោសលោកឱ្យជាប់ពន្ធនាគារ ១៨ខែ។ ក្រោយការប្រកាសសាលក្រមនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក សេដ្ឋា ត្រូវបានកងកម្លាំងបញ្ជូនខ្លួនទៅកាន់ពន្ធនាគារភ្លាមៗតាមការបង្គាប់របស់តុលាការ។
ក្រៅពីសំណុំរឿងចេញមូលប្បទានប័ត្រមិនអាចបើកប្រាក់បាននេះ អ្នកនយោបាយជំទាស់រូបនេះក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស នៅក្នុងករណីដាច់ដោយឡែកមួយទៀតកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ ផងដែរ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឱ្យមានការរើសអើង» នៅពេលលោកថ្លែងសារទៅកាន់អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០២៣ នៅប្រទេសកូរ៉េខាងត្បូង អំពីប្រវត្តិនៃការកកើតគណបក្សប្រជាជនកម្ពុជា និងថ្ងៃ៧មករា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ករណីរបស់លោក ថាច់ សេដ្ឋា គឺជារឿងចម្រូងចម្រាស ព្រោះមានភាពស្រពេចស្រពិលច្រើនពាក់ព័ន្ធនឹងភស្តតាងដាក់បន្ទុក ហើយរឿងនេះក៏ត្រូវបានគេជឿយ៉ាងទូលំទូលាយថា មានជាប់ហេតុផលនយោបាយ។
លោកថ្លែងថា៖ «ឥឡូវយើងមិនទាន់ដឹងថា សាលដីកាតុលាការកំពូលសម្រេចយ៉ាងម៉េចទេ គ្រាន់តែថា ករណីឯកឧត្តម ថាច់ សេដ្ឋា គឺមានការរិះគន់ច្រើន ហើយគេយល់ថា ជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់នាពេលកន្លងមកហ្នឹង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក និល ណុន ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះក្នុងសំណុំរឿងលោក ថាច់ សេដ្ឋា បាននៅឡើយទេនៅថ្ងៃចន្ទនេះ។
កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ តុលាការក្រុងភ្នំពេញបានកាត់ទោសលោក ថាច់ សេដ្ឋា ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ដោយយោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបរកណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ លោកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ និងបង្គាប់ឱ្យសងជាប្រាក់ពិន័យ ៣លានរៀល (ប្រមាណជា ៧៥០ ដុល្លារ) និងសងប្រាក់ទៅកាន់ដើមបណ្តឹង ដែលជាហាងបញ្ចាំ រិនឆាយ ចំនួន ៣៣.៤០០ដុល្លារ និង សំណងជំងឺចិត្ត៥លានរៀល (ប្រមាណ ១.២៥០ ដុល្លារ) ផងដែរ។ នេះបើតាមអង្គការការពារសិទ្ធិមនុស្សលីកាដូ៕
វេទិកាបញ្ចេញមតិ