ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅទូទាំងពិភពលោក នឹងធ្វើបាតុកម្មព្រមៗគ្នា ប្រឆាំងនឹងការបោះឆ្នោតជាតិដោយទទូចសុំពលរដ្ឋកម្ពុជា កុំឱ្យចេញទៅបោះឆ្នោត និងទាមទារសុំឱ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់លទ្ធផលឆ្នោតនេះ។
បាតុកម្ម នឹងរៀបចំឡើងនៅថ្ងៃទី២៨ និង២៩ខែកក្កដា គឺស្របពេលដែលពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា នឹងចេញទៅបោះឆ្នោតជ្រើសរើសសមាជិកសភាអណត្តិទី៦នៅថ្ងៃអាទិត្យនេះ។ វាជាការបោះឆ្នោតមួយ ដែលរងការរិះគន់ជាអន្តរជាតិដោយសារគ្មានវត្តមានគណបក្សសង្គ្រោះជាតិចូលរួម។
នេះ គឺជាការជំរុញចុងក្រោយមួយរបស់អតីតគណបក្សប្រឆាំង បន្ទាប់ពីពួកគេបានធ្វើយុទ្ធនាការការទូតនៅឆាកអន្តរជាតិជាច្រើនខែ ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់មន្ត្រីគណបក្សចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
លោកស្រី ណាឡែន ស្មីត អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនបានបញ្ជាក់ប្រាប់ VOA ថា៖
«បាតុកម្មនេះគឺជាការប្រឆាំងនឹងការបោះឆ្នោតក្លែងក្លាយរបស់រដ្ឋាភិបាលនៅស្រុកខ្មែរ។ យើងធ្វើនេះគឺចង់បង្ហាញការគាំទ្ររបស់បងប្អូននៅស្រុកក្រៅដល់បងប្អូននៅក្នុងស្រុកដើម្បីឱ្យបងប្អូនធ្វើពហិការកុំទៅបោះឆ្នោត។ សូមកុំទៅបោះឆ្នោតឱ្យសោះ»។
មានគណបក្សនយោបាយចំនួន២០ កំពុងតែធ្វើយុទ្ធនាការឃោសនាប្រកួតប្រជែងគ្នា ដើម្បីដណ្តើមអាសនៈសភាចំនួន១២៥ និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ដែលកាន់អំណាចជិត៤០ឆ្នាំ ត្រូវបានគេរំពឹងថា អាចនឹងទទួលបានជ័យជម្នះយ៉ាងច្រើន និងដោយងាយស្រួលដោយសារតែគ្មានគូប្រជែងណា ដែលមានកម្លាំងប្រហាក់ប្រហែលដូចក្នុងការបោះឆ្នោតឆ្នាំ២០១៣។
លោក អ៊ុង ឫទ្ធី ប្រធានគណបក្សសង្គ្រោះជាតិនៅអាមេរិក បានបញ្ជាក់ថា បាតុកម្មនេះ នឹងមានរៀបចំធ្វើនៅតាមរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក ដែលមានដូចជានៅរដ្ឋកាលីហ្វញ៉ា វ៉ាស៊ីនតោនស្តេត ញ៉ីវយ៉កនិងប្រទេសកាណាដាជាដើម។ លោកបានបន្ថែមថា សហគមន៍អន្តរជាតិក៏មិនគាំទ្រការបោះឆ្នោតនេះទេ ហើយប្រទេសកម្ពុជាអាចនឹងមានបញ្ហាខាងសេដ្ឋកិច្ច និងនយោបាយនៅក្រោយពីការបោះឆ្នោត។
លោកបានបន្ថែមថា៖
«អាមេរិកគឺច្បាស់ហើយគឺដូចលោកអាឡាំង លូវឹនសលនឹងចេញសេចក្តីប្រកាសហើយនឹងចូលរួមបាតុកម្មផងដែរហើយយើងឃើញថាសហភាពអឺរ៉ុបក៏បានចេញសេចក្តីប្រកាសហើយដើម្បីដាក់សម្ពាធខាងសេដ្ឋកិច្ចនិងខាងពាណិជ្ជកម្មធ្វើយ៉ាងម៉េចឱ្យមន្ត្រី លោកហ៊ុនសែនឱ្យយល់ថាគេមិនពេញចិត្តនឹងការបោះឆ្នោតដែលនឹងធ្វើឡើងសព្វថ្ងៃនេះព្រោះថាជាការបោះឆ្នោតមួយក្លែងក្លាយមិនយុត្តិធម៌ហើយគ្មានការចូលរួមពីគណបក្សធំដែលសមជាដៃគូប្រកួតប្រជែងយកសន្លឹកឆ្នោតពីប្រជាពលរដ្ឋខ្មែរ»។
លោក អាឡាំង លូវឹនសល គឺជាអ្នកតំណាងរាស្រ្តអាមេរិកាំងដែលតែងតែយកចិត្តទុកដាក់បញ្ហាកម្ពុជាក្នុងនោះមានការអំពាវនាវឱ្យរៀបចំការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវតាមលទ្ធិប្រជាធិបតេយ្យជាដើម។
សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកបានដកខ្លួនចេញពីការគាំទ្រការបោះឆ្នោតលើកនេះហើយសហគមន៍អឺរ៉ុបកំពុងតែពិនិត្យមើលឋានៈអនុគ្រោះពន្ធ«រាល់មុខទំនិញលើកលែងតែអាវុធ»ដែលកម្ពុជាកំពុងប្រើប្រាស់ដើម្បីនាំទំនិញចូលទីផ្សាររបស់ខ្លួនដោយសារលក្ខខណ្ឌក្នុងការទទួលបានឋានៈនេះមានភ្ជាប់នឹងការគោរពសិទ្ធិមនុស្ស។ មានតែប្រទេសជប៉ុនមួយទេជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យដែលនៅបន្តគាំទ្រខាងផ្នែកបច្ចេកទេសដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ប៉ុន្តែជប៉ុនទើបតែបានប្រកាសនៅថ្ងៃពុធថានឹងមិនបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមក្នុងការបោះឆ្នោតនៅកម្ពុជាទេ។ នេះបើតាមការប្រកាសរបស់លោកYoshihide Suga រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ មន្ត្រីក្រសួងការបរទេសជប៉ុនម្នាក់បាននិយាយបន្ថែមប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថាការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីជប៉ុនបានពិចារណាសព្វជ្រុងជ្រោយពីស្ថានការណ៍នៅកម្ពុជា។
លោក ហៃ វណ្ណា ពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ដែលបានដឹកនាំបាតុកម្មក្នុងពេលកន្លងមកដើម្បីទាមទារជប៉ុន ឱ្យដកការគាំទ្របានប្រកាសថាលោកនឹងដឹកនាំបាតុកម្មមួយទៀតនៅថ្ងៃបោះឆ្នោត ដើម្បីជំរុញទឹកចិត្តពលរដ្ឋកុំទៅបោះឆ្នោត។
លោកបានបន្ថែមថា៖
«អ្វីដែលផ្តោតសំខាន់ជាងគេគឺយើងចង់ប្រាប់ពិភពលោកថាយើងជាប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសជប៉ុនគឺមិនទទួលស្គាល់ការបោះឆ្នោតនេះទេហើយយើងក៏នឹងមិនទទួលស្គាល់លទ្ធផលឆ្នោតជាពិសេសយើងមិនទទួលស្គាល់រដ្ឋាភិបាលប្រសូតចេញពីការបោះឆ្នោតក្លែងក្លាយនេះទេហើយបន្ទាប់មកទៀតយើងធ្វើបាតុកម្មនេះគឺចង់ប្រាប់ឱ្យអន្តរជាតិជាពិសេសគឺជប៉ុនថាយើងសុំឱ្យជប៉ុននិងអន្តរជាតិត្រៀមខ្លួនប្រកាសជាផ្លូវការមិនទទួលស្គាល់លទ្ធផល»។
រីឯនៅសហគមន៍អឺរ៉ុបក្បួនបាតុកម្មនឹងរៀបចំឡើងនៅប្រទេសបារាំង អាល្លឺម៉ង់និងប្រទេសស្វីស។
លោកសុខ សុផាតតំណាងគណបក្សសង្គ្រោះជាតិនៅប្រទេសបារាំងបានបញ្ជាក់ថាបាតុកម្មនឹងធ្វើឡើងនៅខាងមុខស្ថានទូតខ្មែរនៅទីក្រុងប៉ារីស៖
«ចំពោះខ្ញុំដែលនៅឯនាយសមុទ្រគឺជួយបងប្អូនគឺធ្វើបាតុកម្មនេះជាសក្ខីភាពនឹងជួយបងប្អូន។ ទីពីរធ្វើយ៉ាងណាដើម្បីឱ្យមានសម្ពាធអន្តរជាតិ។ ដូច្នេះបងប្អូននៅស្រុកណាដូចជានៅបារាំងគឺធ្វើកិច្ចការដាក់សម្ពាធខាងការទូតឱ្យបារាំងជួយបងប្អូន។ អ្នកនៅប្រទេសដទៃៗទៀតក៏ធ្វើដូចគ្នា។ ដូច្នេះហើយអីចឹងបានពេលនេះសម្ពាធអន្តរជាតិគឺខ្លាំងណាស់គឺធ្វើម៉េចឱ្យអ្នកដឹកនាំខ្មែរាល់ថ្ងៃហ្នឹងប្តូរនយោបាយ»។
គណបក្សសង្គ្រោះជាតិក៏បានដឹកនាំធ្វើយុទ្ធនាការមួយហៅថា«ម្រាមដៃស្អាត»ដើម្បីសុំពលរដ្ឋឱ្យធ្វើពហិការការបោះឆ្នោតនេះ។ សកម្មជននិងអ្នកគាំទ្របានថតជារូបថតម្រាមដៃគ្មានប្រឡាក់ទឹកខ្មៅហើយបង្ហោះតៗគ្នាតាមបណ្តាញសង្គមដោយសារតែពួកគេមិនមានបណ្តាញឃោសនានៅក្នុងប្រទេស។
រដ្ឋាភិបាលកម្ពុជាបានបង្កើនសម្ពាធលើអ្នកបោះឆ្នោតដោយបានប្រកាសប្តឹងអ្នកអ្នកដែលហ៊ានចូលរួមយុទ្ធនាការនេះហើយក៏មានការបង្កការលំបាកដល់គណបក្សមិនចំណុះរដ្ឋាភិបាលដែលកំពុងធ្វើយុទ្ធនាការឃោសនាផងដែរ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលអ្នកតាមដាននយោបាយមើលឃើញថាមិនស្ថិតក្រោមឥទ្ធិពលនយោបាយរបស់គណបក្សកាន់អំណាចបានត្អូញត្អែពីការយាយីរំខានទាំងនេះប៉ុន្តែប្រកាសបន្តយុទ្ធនាការនិងចូលរួមការបោះឆ្នោតបើទោះបីជាជួបការលំបាកខ្លះបង្កឡើងដោយអាជ្ញាធរមូលដ្ឋានក៏ដោយ។
លោក យ៉ង សាំងកុមារ បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបញ្ជាក់ប្រាប់វីអូអេថា៖
«ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏យើងសម្រេចចិត្តបន្តចូលរួមក្នុងការបោះឆ្នោតហ្នឹងជាពិសេសបន្តយុទ្ធនាការការបោះឆ្នោតទៅមុខទៀតដោយសារទីមួយបញ្ហាដែលយើងជួបប្រទះត្រូវបានកែលម្អក្នុងរយៈពេលបួន-ប្រាំថ្ងៃចុងក្រោយនេះហើយទីពីរនៅពេលដែលយើងទៅជួបជាមួយប្រជាពលរដ្ឋនៅច្រើនកន្លែងទៅឃើញថាប្រជាពលរដ្ឋភាគច្រើនគាត់សម្តែងការគាំទ្រហើយគាត់ចង់ទៅបោះឆ្នោតហើយគាត់គិតថាគណបក្សប្រជាធិបតេយ្យមូលដ្ឋានគឺជាជម្រើសថ្មីមួយរបស់គាត់។ ណាមួយទៀតយើងបានជួបតំណាងសហគមន៍អន្តរជាតិហើយគ្មានប្រទេសណាមួយបញ្ជាក់ជំហរថាគេមិនទទួលស្គាល់ការបោះឆ្នោតនេះទេ»។
យ៉ាងណាក៏ដោយ អ្នកវិភាគឯករាជ្យនានារំពឹងថាអ្នកដែលចេញមកបោះឆ្នោតលើកនេះអាចមិនច្រើនដូចការបោះឆ្នោតក្នុងពេលកន្លងមកទេដោយសារការអំពាវនាវរបស់គណបក្សសង្គ្រោះជាតិនឹងនៅតែមានប្រសិទ្ធភាពលើអ្នកដែលធ្លាប់បោះឆ្នោតគាំទ្របក្សនេះក្នុងពេលកន្លងមក។
អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកកំពុងតែពិនិត្យមើលសេចក្តីព្រាងច្បាប់ថ្មីមួយលេខ៥៧៥៤ដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាណាដែលបានចូលរួមធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
បើយោងតាមមន្ត្រីគណបក្សសង្គ្រោះជាតិគឺសេចក្តីព្រាងច្បាប់នេះមិនទាន់បានសម្រេចមុនការបោះឆ្នោតនេះទេ។ ប៉ុន្តែពួកគេសង្កត់ធ្ងន់ថាចំនួនអ្នកចេញមកបោះឆ្នោតតិចឬច្រើនអាចជាកត្តាជំរុញដល់ការសម្រេចចិត្តមួយចំនួនថែមទៀតរបស់សហគមន៍អន្តរជាតិផងដែរ៕