អតីតគណបក្សប្រឆាំងនិងរដ្ឋាភិបាលកម្ពុជាបានបង្ហាញយុទ្ធសាស្រ្តថ្មីរៀងៗខ្លួន នៅពេលដែលគណបក្សសង្គ្រោះជាតិបានរៀបចំផែនការដើម្បីឱ្យថ្នាក់ដឹកនាំវិលចូលប្រទេសកម្ពុជាវិញ ប៉ុន្តែត្រូវបានឆ្លើយតបភ្លាមៗដោយការបញ្ចេញដីកាចាប់ខ្លួននៅពេលមេដឹកនាំសំខាន់ៗទាំងនេះឈានជើងចូលក្នុងប្រទេស។
យោងតាមដីកាបញ្ជាឱ្យចាប់ខ្លួន ដែលចេញកាលពីថ្ងៃទី១២ ខែមីនា ដោយលោកកូយ សៅ ដែលជាចៅក្រមស៊ើបសួរ ហើយទើបតែបញ្ចេញជាសាធារណៈកាលពីថ្ងៃអាទិត្យនេះ គឺមេក្រុមអតីតបក្សប្រឆាំងទាំងនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដោយសារតែសកម្មភាពដែលពួកគេធ្វើនៅក្រៅប្រទេសក្រោយពីតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧។
ថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិទាំង៨រូប មានលោកសម រង្ស៊ី លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និងលោក តុ វ៉ាន់ចាន់។ អ្នកទាំងនេះកំពុងតែរស់នៅនិរទេសខ្លួនក្រៅប្រទេស។
ប៉ុន្តែលោកសម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានបញ្ជាក់ប្រាប់ដល់មន្ត្រី គណបក្សកាលពីថ្ងៃសៅរ៍ថា លោកនឹងត្រូវតែវិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ២០១៩នេះ បើទោះបីជារងការគំរាមកំហែងយ៉ាងណាក៏ដោយ។
លោកសម រង្ស៊ី បានថ្លែងថា ការប្តេជ្ញាចិត្តវិលត្រឡប់ទៅវិញនេះ គឺដើម្បីរួមគ្នាជាមួយនឹងអ្នកនយោបាយគ្រប់និន្នាការជួយសង្គ្រោះប្រទេសកម្ពុជា កុំឱ្យរងគ្រោះក្លាយជាកម្មសិទ្ធិឯកជនរបស់បុគ្គលម្នាក់ និងក្រុមគ្រួសារមួយ ដែលលោកនិយាយយោងដល់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកសម រង្ស៊ី បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា៖
«ប្រទេសកម្ពុជាបានក្លាយទៅជាកម្មសិទ្ធិឯកជនរបស់បុគ្គលម្នាក់ និងក្រុមគ្រួសារមួយហើយបុគ្គលនិងក្រុមគ្រួសារនោះបាន និងកំពុងពុះច្រៀកប្រទេសកម្ពុជាយកទៅលក់ជាដុំៗឱ្យបរទេស។ ដូច្នេះ យើងត្រូវតែការពារទ្រព្យសម្បត្តិ ផលប្រយោជន៍ ភាពថ្លៃថ្នូរ និងភាពជាម្ចាស់ការរបស់ប្រជារាស្ត្រ»។
លោកសម រង្ស៊ី បន្ថែមថា ដំណើរមាតុភូមិនិវត្តន៍របស់លោកក៏ដើម្បីជួយកុំឱ្យប្រទេសកម្ពុជារងសម្ពាធពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិ ដែលនឹងប៉ះពាល់ដល់កម្មករ-កម្មការិនីកម្ពុជាជិតមួយលាននាក់ផងដែរ។
លោកបានលើកឡើងថា៖ «ដើម្បីសម្រេចបំណងនេះ ជនជាតិខ្មែរគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ គ្រប់គណបក្សនយោបាយ ត្រូវតែរួមកម្លាំងគ្នាដើម្បីរំដោះប្រទេសជាតិយើងពីក្រញ៉ាំបុគ្គល និងក្រុមគ្រួសារនោះដែលកំពុងតែប្លន់ និងបំផ្លាញជាតិ ហើយនាំមកនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា។ យើងត្រូវតែរួមគ្នាដើម្បីសង្គ្រោះជាតិយើងទាំងអស់គ្នា»។
ថ្នាក់ដឹកនាំនិងមន្ត្រីគណបក្សសង្គ្រោះជាតិបានជួបប្រជុំគ្នាកាលពីចុងសប្តាហ៍កន្លងមកនេះ នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិត ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ដើម្បីកំណត់យុទ្ធសាស្រ្តនយោបាយ និងវាយតម្លៃស្ថានការណ៍នយោបាយកម្ពុជានាពេលបច្ចុប្បន្នពីខាងក្រៅប្រទេស ដោយសារតែគណបក្សនេះមិនអាចធ្វើសកម្មភាពក្នុងប្រទេសកម្ពុជាបានឡើយ ក្រោយពីត្រូវតុលាការកំពូលរំលាយពីបទក្បត់ជាតិនិងហាមឃាត់មន្ត្រីចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ប្រាប់ VOA ថា លោកមិនមានការភ្ញាក់ផ្អើលទេចំពោះការចេញដីកាចាប់ខ្លួនលោក និងមន្ត្រីបក្សជាច្រើនរូបទៀត ដោយលោកចាត់ទុកថា វាជាយុទ្ធសាស្រ្តដដែលៗរបស់គណបក្សកាន់អំណាច។
លោកបានបន្ថែមថា៖
«និយាយរួមទៅរបបលោកហ៊ុន សែន មិនចង់ឱ្យគណបក្សសង្គ្រោះជាតិមានសកម្មភាព មានដំណើរការឡើងវិញ។ អីចឹងហើយបានគេចេញដីកាហ្នឹងសម្រាប់តែសមាជិកគណៈអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិដែលកំពុងតែធ្វើសកម្មភាពនយោបាយយ៉ាងខ្លាំងក្លានៅខាងក្រៅប្រទេសតតាំងជាមួយនឹងរបបលោកហ៊ុន សែន»។
រីឯលោកស្រីមូរ សុខហួរ អនុប្រធានម្នាក់ទៀតនៃគណបក្សបានបញ្ជាក់ថា ដីកាចោទនិងចាប់ខ្លួននេះគឺជាការបញ្ជាក់ថា រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនចង់ដោះស្រាយនយោបាយពាក់ព័ន្ធនឹងទណ្ឌកម្មសេដ្ឋកិច្ចដែលសហភាពអឺរ៉ុបកំពុងដំណើរការដាក់លើប្រទេសកម្ពុជា។ លោកស្រីបញ្ជាក់ថា វានឹងមិនរារាំងដល់គម្រោងការវិលត្រឡប់ចូលប្រទេសវិញក្នុងឆ្នាំ២០១៩នេះរបស់លោកសម រង្ស៊ី និងមន្ត្រីរបស់គណបក្សទេ។
លោក សម រង្ស៉ី និងមន្ត្រីគណបក្សបានអំពាវនាវជាបន្តបន្ទាប់ឱ្យប្រជាពលរដ្ឋ និងទាហាន ងើបប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រោយពីគណបក្សប្រជាជនកម្ពុជាដែលជាកាន់អំណាចរៀបចំការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំមុន ដោយមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ហើយបានឈ្នះយកអាសនៈសភាជាតិទាំងអស់ចំនួន១២៥។
រដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា សកម្មភាពរបស់លោក សម រង្ស៉ី និងបក្ខពួកមួយចំនួននោះ គឺជា«អំពើក្បត់ជាតិ ដែលញុះញង់ដើម្បីបង្កភាពវឹកវរក្នុងសង្គម»។
លោកផៃ ស៊ីផាន រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ប្រាប់ VOA ថា៖
«បុគ្គលទាំងប៉ុន្មានហ្នឹងដែលកំពុងតែហើយបានធ្វើអ្វីដែលគេហៅថាឧទ្ទាមកម្ម ប្រឆាំងតាំងពីមុនបោះឆ្នោតរហូតដល់ពេលនេះ។ ទោះបីជារដ្ឋាភិបាលសម្របសម្រួលឱ្យមានបរិយាកាសមួយ ក៏ប៉ុន្តែបុគ្គលនេះនៅតែបន្តសកម្មភាពឧទ្ទាមកម្មប្រឆាំងនឹងនាយករដ្ឋមន្ត្រីមួយ ដែលកើតចេញពីការបោះឆ្នោត ប្រឆាំងនឹងការបោះឆ្នោត ប្រឆាំងនឹងច្បាប់កម្ពុជារាប់តាំងពីរដ្ឋធម្មនុញ្ញផង»។
ប៉ុន្តែ លោកមិនបញ្ជាក់ថា តើនឹងមានការប្តឹងផ្តល់លើមន្ត្រីអតីតបក្សប្រឆាំងលើសពីនេះទៀតឬយ៉ាងណាទេ។
សហគមន៍អន្តរជាតិដែលនាំមុខដោយសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកកំពុងតែដំណើរការការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសកម្ពុជា បើសិនជាមិនដោះលែងលោកកឹម សុខា ប្រធានគណបក្សនិងអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញទេ។
លោកសួន ប៊ុនសក្តិ អ្នកឯកទេសខាងផ្នែកសិទ្ធិមនុស្សបានលើកឡើងថា សភាពការណ៍នយោបាយកម្ពុជា«កាន់តែធ្ងន់ធ្ងរ»ទៅៗដែលអ្នកនយោបាយខិតខំចងបន្ថែមដោយមិនខិតខំរកដំណោះស្រាយទេ ជាពិសេសចំណាត់ការចុងក្រោយរបស់តុលាការ។
លោកបានបន្ថែមថា៖
«ខ្ញុំគិតថា ការដែលចេញជាចំណាត់ការរបស់តុលាការដើម្បីចាប់ខ្លួនគឺវាកាន់តែធ្ងន់ធ្ងរត្រង់ថា អ្នកនយោបាយកម្ពុជាគួរតែរកមធ្យោបាយសម្រុះសម្រួលគ្នាឱ្យមានកិច្ចព្រមព្រៀងនយោបាយ ដែលអាចធ្វើការជាមួយគ្នាបាន ដើម្បីជួយចូកជួយចែវការកសាងជាតិទៅមុខទៀត។ ហើយស្ថានភាពនយោបាយដែលរួមទាំងចំណាត់ការរបស់តុលាការដែលស្វែងរកការចាប់ខ្លួននេះគឺថាវាផ្ទុយពីឆន្ទៈ វាផ្ទុយពីបំណងប្រាថ្នារបស់សហគមន៍អន្តរជាតិ ដែលគេចង់ឃើញយើងត្រូវរ៉ូវគ្នាដែរ ហើយយើងទៅធ្វើអីចឹងទៅ គឺវាធ្វើឱ្យសភាពការណ៍នយោបាយកាន់តែវឹកវរទៅមុខ ហើយសហគមន៍អន្តរជាតិក៏អាចខកចិត្តជាមួយនឹងចំណាត់ការរបស់តុលាការ ដោយសារតែបញ្ហារឿងនយោបាយនេះដែរ»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានទុកពេលឱ្យមន្ត្រីភាគច្រើនក្នុងចំណោម១១៨នាក់ ដែលជាប់បម្រាមតុលាការរហូតដល់ខែមេសាខាងមុខ ដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយក៏បន្ថែមការគំរាមរឹបអូសទ្រព្យសម្បត្តិអ្នកដែលធ្វើនយោបាយក្រៅប្រទេសប្រឆាំងនឹងលោកផងដែរ ជាពិសេសអ្នកដែលហ៊ានប្រមាថជីវិតលោក។
រហូតមកដល់ពេលនេះ មានមន្ត្រីអតីតគណបក្សប្រឆាំងបានសុំសិទ្ធិធ្វើនយោបាយឡើងវិញជាបន្តបន្ទាប់ ដែលក្នុងនោះមានលោកគង់ គាំ លោកគង់ បូរ៉ា លោករៀល ខេមរិន្ទ្រ លោកស្រី ទេព សុទ្ធី និងលោកអ៊ូ ច័ន្ទរ័ត្ន ជាដើម។
លោកផៃ ស៊ីផាន បានសរសើរដល់អ្នកទាំងនេះថាបានយល់ដឹងនិងទទួលស្គាល់សាលដីការបស់តុលាការកំពូល។
លោកថា៖ «ហើយជម្រើសរបស់អ្នកទាំងអស់ហ្នឹងដែលចូលរៀបចំដើម្បីទទួលបាននីតិសម្បទាន គឺគេយល់ច្បាស់ថាជាកាត្វកិច្ចមួយចូលរួម ដើម្បីកសាងជាតិតាមរយៈការធ្វើនយោបាយនេះឯង។ រីឯអ្នកដែលតាំងខ្លួនថាជាអ្នកប្រជាធិបតេយ្យរហូតដល់ដាក់គំនាបថាគេក្បត់ជាតិ គ្រាន់តែជាអ្នកមួយបង្ហាញជំហរផ្តាច់ការ រៀបចំមិនឱ្យគេចាកចេញពីក្រុមឧទ្ទាមនោះ ដើម្បីចូលរួមសុខរួមទុក្ខជាមួយនឹងមហាជនកម្ពុជាតែប៉ុណ្ណោះ»។
លោកសួន ប៊ុនសក្តិ អ្នកឯកទេសសិទ្ធិមនុស្ស ក៏យល់ដែរថា វោហាសាស្រ្តនយោបាយរបស់អតីតគណបក្សប្រឆាំងដែលចង់ចាប់ខ្លួនអ្នកកាន់អំណាចក៏ជាការរុញច្រានសភាពការណ៍ឱ្យកាន់តែអាក្រក់ដែរ។
«ខ្មែរយើងវារីងរៃ។ វាខ្លោចផ្សារយូរហើយពីរឿងវិបត្តិនយោបាយនេះ។ ដូច្នេះយើងគួរតែបោះបង់គំនិតដែលមានចេតនាកម្ទេចគ្នា បំផ្លាញគ្នាទៅវិញទៅមក ផ្ទុយទៅវិញត្រូវរកមធ្យោបាយយ៉ាងម៉េចដែលត្រូវរ៉ូវគ្នាដើម្បីបង្កលក្ខណៈឱ្យមានបរិយាកាសមួយដែលធ្វើការជាមួយគ្នាបានទៅជាការប្រសើរ។ ចេតនាដែលចាប់ខ្លួនដែលដេញគួរតែលះបង់គំនិតហ្នឹងចោលទៅ»។
គណបក្សកាន់អំណាចមានពេលដល់ខែសីហាឆ្នាំ២០២០ ដើម្បីដោះស្រាយវិបត្តិនយោបាយដែលកំពុងមាននៅក្នុងប្រទេសកម្ពុជា មុននឹងសហភាពអឺរ៉ុបចាប់ផ្តើមដកហូតឋានៈអនុគ្រោះពន្ធ៕