គណបក្សធំៗទាំងពីរដែលមានកៅអីក្នុងរដ្ឋសភាគ្រោងនឹងណាត់ជួបគ្នានាសប្តាហ៍ខាងមុខ ក្រោយពេលដែលមានអរិយភាពនយោបាយនឹងគ្នាឡើងវិញនាពេលកន្លងមក។ នេះបើតាមការឲ្យដឹងរបស់តំណាងរាស្ត្រនៃគណបក្សទាំងពីរ។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ គណបក្សជំទាស់ ដែលមានសំឡេងភាគតិចក្នុងរដ្ឋសភា និងគណបក្សកាន់អំណាចរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចថា នឹងជួបគ្នាជាថ្មីទៀត ខណៈពេលដែលលោក សម រង្ស៊ី ចូលរួមបុណ្យសព១០០ថ្ងៃរបស់លោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា។
លោកសុខ ឦសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានឲ្យដឹងថា លោក សម រង្ស៊ី និងលោក ស ខេង បានឯកភាពថានឹងជួបគ្នានាសប្តាហ៍ខាងមុខ ដើម្បីជជែកបន្ថែមលើជំហររបស់គណបក្សទាំងពីរ ក្រោយពីជំនួបខ្លីមួយក្នុងពេលបុណ្យសព១០០ថ្ងៃរបស់លោក ជា ស៊ីម នោះ។
«បាទ! ប្រហែល១៥នាទីទៅ២០នាទី ព្រោះគាត់ទៅសួរសុខទុក្ខបុណ្យសម្តេច ជា ស៊ីម ដែរ។ គ្រាន់តែសុំជួប ដើម្បីជួបពិភាក្សាគ្នាតែប៉ុណ្ណឹង ហើយសមេ្តច ស ខេង គាត់ឆ្លើយថាជួបគ្នានៅសប្តាហ៍ក្រោយ ព្រោះថាលោករវល់បុណ្យ១០០ថ្ងៃសម្តេច ជា ស៊ីម បាទ»។
ស្របគ្នានោះដែរលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឲ្យដឹងពីការណាត់ជួបនេះ ក៏ប៉ុន្តែមិនទាន់មានការកំណត់ពេលវេលា និងប្រធានបទច្បាស់លាស់នោះទេ។ ទោះជាយ៉ាងនេះក៏ដោយ លោកបញ្ជាក់ថា គោលការណ៍របស់គណបក្សសង្គ្រោះជាតិគឺផ្តោតលើការងារមួយចំនួននៅចំពោះមុខ រួមមានការធ្វើឲ្យស្ថានភាពនយោបាយពេលបច្ចុប្បន្នប្រសើរឡើង និងការដោះលែងសកម្មជនរបស់គណបក្សសង្គ្រោះជាតិចេញពីការឃុំឃាំងជាដើម។
«បញ្ហាជាច្រើនដែលយើងត្រូវដោះស្រាយនេះ យើងសំឡឹងមើលទៅសកម្មជនគណបក្សមួយចំនួន ដែលកំពុងជាប់ឃុំ រួមទាំងសមាជិកព្រឹទ្ធសភារបស់គណបក្ស សម រង្ស៊ី ផងដែរ បាទ! យើងមានការជជែកអំពីវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ក៏ដូចជាបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។ ដរាបណា សកម្មជនរបស់យើងនៅក្នុងពន្ធនាគា ដរាបនោះយើងមានក្តីបារម្ភ ហើយយើងជំរុញឲ្យមានបរិយាកាសនយោបាយប្រសើរជាងនេះ»។
កាលពីពេលថ្មីៗនេះ នយោបាយនៃប្រទេសកម្ពុជាបានឡើងកម្តៅសារជាថ្មី បន្ទាប់ពីសកម្មជនព្រំដែនដែលដឹកនាំដោយតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិបានចុះទៅត្រួតពិនិត្យបង្គោលព្រំដែននៅខេត្តស្វាយរៀង ហើយបានបញ្ជាក់ពីការមន្ទិលសង្ស័យលើរដ្ឋាភិបាល ក្នុងការប្រើប្រាស់ផែនទីដើម្បីបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមនោះ។
យ៉ាងហោចណាស់មានសកម្មជន និងមន្ត្រីរបស់គណបក្សសង្គ្រោះជាតិជាង១០រូប ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ក្នុងនោះក៏មានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី ដែលមានសញ្ជាតិបារាំងផងដែរ។ តុលាការក្រុងភ្នំពេញបានចោទលោកពីបទ«ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយនិងញុះញង់» ក្រោយពីលោកបានបង្ហោះកិច្ចព្រមព្រៀងនាឆ្នាំ១៩៧៩ទៅលើទំព័រហ្វេសប៊ុក ដែលក្នុងនោះលោកនិយាយថា កម្ពុជាបានបាត់បង់ទឹកដីទៅវៀតណាមច្រើនជាងវៀតណាមបាត់បង់ទឹកដីមកកម្ពុជា។
គណបក្សកាន់អំណាចរបស់លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានស្វះស្វែងខ្ចីផែនទី និងធ្វើការផ្ទាត់ផែនទីពីប្រទេសបារាំង និងអង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ថា ខ្លួនប្រើផែនទីត្រឹមត្រូវ។
កាលពីថ្ងៃសៅរ៍កន្លងទៅ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះសារនយោបាយនៅក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកទាក់ទងនឹងបញ្ហាព្រំដែន។ លោកសរសេរថា លោកមិនចោទប្រកាន់បុគ្គលណា ឬគណបក្សនយោបាយណាមួយឡើយ ហើយក៏មិនឆ្លើយតបទៅនឹងការចោទប្រកាន់ពីបុគ្គលណា ឬគណបក្សនយោបាយណាមួយដែរ។
លោក អ៊ូ វីរៈ នាយកវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយក្នុងស្រុកមួយ បានបញ្ជាក់ថា ជំនួបរវាងគណបក្សធំៗទាំងពីរនាសប្តាហ៍ខាងមុខនេះ គឺគ្រាន់តែជាការផ្សាំ និងការបន្ធូរបន្ថយអរិភាពរវាងគណបក្សទាំងពីរ ដើម្បីឈានដល់កិច្ចព្រមព្រៀងណាមួយនោះ។ ហើយការប្រកាសរបស់លោក សម រង្ស៊ី ថា នឹងឈប់និយាយរឿងកិច្ចការព្រំដែន និងការបោះបង្គោលព្រំដែនគឺជាជំហានធំមួយ ដែលនាំឲ្យគណបក្សទាំងពីរវិលមករកតុចរចា។
«នេះជាសញ្ញាមួយថា ជាការផ្សះផ្សារនៃវប្បធម៌សន្ទនា ហើយវាអាចឈានទៅដល់បញ្ហាអីធំៗមួយចំនួនផ្សេងទៀត ដូចជាការដោះលែងសកម្មជន បញ្ហាកំណែទម្រង់បទបញ្ជារដ្ឋសភាអីជាដើម។ ប៉ុន្តែខ្ញុំមើលទៅការជួបគ្នានាសប្តាហ៍ខាងមុខនេះ គឺមិនឈានដល់ការដោះស្រាយបញ្ហាធំៗអ្វីទេ តែគ្រាន់តែជាការផ្សាំៗឡើងវិញនោះទេបាទ!»។
លោកអ៊ូ វីរៈបានបន្ថែមថា៖
«គណបក្សប្រជាជនកម្ពុជាគឺគាត់ចង់បានតែប៉ុណ្ណឹងទេតើ! គឺចង់បានឲ្យគណបក្សសម រង្ស៊ី គណបក្សសង្គ្រោះជាតិឈប់លើកឡើងបញ្ហាព្រំដែន ឈប់យកបញ្ហាព្រំដែនទៅជាបាតុកម្ម អឺជាតិនិយម។ គាត់ចង់បានតែប៉ុណ្ណឹង ហើយគាត់ចង់បានឲ្យមានវប្បធម៌សន្ទនា គឺឈប់ធ្វើការរិះគន់ខ្លាំងៗ។ អញ្ចឹងគាត់បាននូវអ្វីដែលគាត់ចង់បានហើយនាពេលបច្ចុប្បន្ននេះ»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលធ្លាប់មានអរិភាពនឹងគ្នានេះ ធ្លាប់បានវិលមកតុចរចា និងបានបង្កើតកិច្ចព្រមព្រៀងនយោបាយដែលមានឈ្មោះថា«វប្បធម៌សន្ទនា» កាលពីដើមឆ្នាំកន្លងទៅ។ ក៏ប៉ុន្តែកិច្ចព្រមព្រៀង ដែលមានភាពផុយស្រួយនេះបានជួបភាពរកាំរកោះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិចាប់ផ្តើមលើកពីបញ្ហាព្រំដែន និងផែនទី៕