ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​មិន​គាំទ្រ​បក្ស​ប្រឆាំង​រឿង​ផ្ទៀង​ផ្ទាត់​ផែនទី


ព្រះអង្គម្ចាស់​នរោត្តម រាណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច ក្រោយ​ការ​ដង្ហែក្បួន​របស់​គណបក្ស​ព្រះអង្គ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី១៩ ខែ​មករា ឆ្នាំ២០១៥។ (AP/ ហេង ស៊ីនិត)
ព្រះអង្គម្ចាស់​នរោត្តម រាណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច ក្រោយ​ការ​ដង្ហែក្បួន​របស់​គណបក្ស​ព្រះអង្គ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី១៩ ខែ​មករា ឆ្នាំ២០១៥។ (AP/ ហេង ស៊ីនិត)

ព្រះអង្គ​ម្ចាស់ នរោត្តម ​រណ​ឫទ្ធិ​ ប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុន​ស៊ីន​ប៉ិច​ នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បង្ហាញ​​ព្រះ​ទ័យមិន​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ការ​ស្រាវជ្រាវ​រក​ផែនទី​របស់​កម្ពុជា​នោះ​ទេ។

ព្រះអង្គ​ម្ចាស់ នរោត្តម ​រណ​ឫទ្ធិ​ ប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុន​ស៊ីន​ប៉ិច​ នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បង្ហាញព្រះ​ទ័យ​គាំទ្រ​ការ​ផ្ទៀង​ផ្ទាត់​ផែនទី​របស់​រាជ​រដ្ឋាភិបាល​ដឹកនាំ ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន និង​បាន​បញ្ជាក់​ជំហរ​របស់​ព្រះអង្គថា​ ព្រះ​អង្គ មិន​គាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ការ​ស្រាវជ្រាវ​រក​ផែនទី​របស់​កម្ពុជា​នោះ​ទេ។

ក្នុង​សម្លៀក​បំពាក់​សខ្មៅ​ និង​ឈ​រនៅលើ​បរិវេណ​នៃ​កន្លែង​បន់​ស្រន់​មួយ​នៅ​លើ​វត្ត​ភ្នំ​ដូន​ពេញ ព្រះ​អង្គម្ចាស់​ វ័យ​៧១ព្រះវស្សា​ មាន​បន្ទូល​ថា​ ការ​ផ្ទៀង​ផ្ទាត់​ផែន​ទី​កន្លង​មក បង្ហាញ​ថា រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ប្រើ​ប្រាស់​ផែនទី​ត្រឹម​ត្រូវ​នៅ​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ពីព្រោះ​ផែន​ទី​ដែល​រដ្ឋាភិបាល​ប្រើ​មាន​លក្ខណៈ​ស៊ីគ្នា​នឹង​ផែន​ទីចំនួន​១៨ផ្ទាំង​ ដែល​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​ខ្ចី​ និង​ផែន​ទី​ចំនួន​២៦ផ្ទាំង ដែល​ប្រទេស​បារាំង​បាន​ប្រគល់​ជូនផង។ ព្រះអង្គ​មាន​បន្ទូល​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖

«ខ្ញុំ​អត់​គាំទ្រ​សង្គ្រោះ​ជាតិ​ទេ។ ខ្ញុំ​គាំទ្រ​សម្តេច​នាយក»។

ឆ្លើយ​តប​ទៅនឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ដែល​ថា ​បក្ស​ប្រឆាំង​តែង​តែ​ចោទ​រដ្ឋាភិបាល​ក្នុង​ការ​ប្រើ​ប្រាស់​ផែនទី​ក្លែង​ក្លាយ និង​ផែនទី​ចោរ ព្រះ​អង្គមាន​បន្តូលថា​៖

«ខ្ញុំ​ឲ្យ​ឯកឧត្តម យូ​ ហុកគ្រី​ លោក​អញ្ជើញ​ទៅ​ពិនិត្យ​ លោក​ថា​វា​ដូច​គ្នា​ រួច​វា​មិនដូច​គ្នា​អញ្ចឹង​ ហើយ​គាត់​បាន​ធ្វើ​កុប​ពី​(ថតសម្លង)​យក​មក​ឲ្យ​ខ្ញុំ​មើល​ទៀត​ មិន​មែន​តែ​ឯកឧត្តម​យូ ហុក​គ្រី​ ថា​«ក‍» ខ្ញុំ​ថា​តាម​«ក‍»​ទេ ក៏​ខ្ញុំ​ឈរ​មើល​សិន​ ខ្ញុំ​មើល​ឃើញ​ថា​ វា​ដាក់​ទៅ​ វា​ដូច​គ្នា​ ខ្សែ​ក្រហម​ អា​ខ្សែ​ខ្មៅ​ វា​មិន​ដែល​ឆ្ងាយ​ដូច​អ្វី​មួយ​ ដែល​សម្តេច​នាយក គាត់​បង្ហាញ​ពី​យប់​មិញ​ តំបន់​ដាក់​ដាំ​ តំបន់​ដាក់​ហ៊ូត​នោះ​ទេ​ មិនមែន​អាហ្នឹង​ទេ​ មិន​ឆ្ងាយ​ដល់​ម្លឹង​ទេ​ គ្រាន់​តែ​វាស៊ី​គ្នា​ ស៊ីគ្នា​ ប៉ុន្តែ​ឲ្យ​វា​ខុស​គ្នា​ស្រឡះ​ អត់​មាន​ខុស​ស្រឡះ​ទេ»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បទបញ្ជា​កាល​ពី​ថ្ងៃ​អង្គារ​កន្លងទៅ​ឲ្យ​ចាប់​ខ្លួន​ជន​ទាំង​ឡាយ​ណា ដែល​និយាយ​ថា​ «ផែន​ទី​ក្លែង​ក្លាយ»​ នៅ​ពេល​ដែល​លោក​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ការ​ផ្ទៀង​ផ្ទាត់​ផែនទី ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​ និង​ផែនទី​ដែល​អង្គការ​សហប្រជាជាតិ​ឲ្យ​ ហើយ​នឹង​ផែន​ទី​ដែល​បារាំង​ប្រគល់​ជូន​កាល​ពី​ដើម​ខែ​កញ្ញា​នេះ។

នៅ​ក្នុង​បទ​បង្ហាញ​នោះ​ លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​លា​ឈប់​ពី​តំណែង​បើ​ការ​ផ្ទៀង​ផ្ទាត់​នោះ​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​ផែនទី​មិន​ត្រឹម​ត្រូវ​ ដើម្បី​កំណត់​ខណ្ឌ​សីមា​ជាមួយ​ប្រទេស​វៀតណាម​ពិត​មែន​នោះ។​ ក៏​ប៉ុន្តែ​លោក​ថា​ ការ​ពិត​ត្រូវ​បាន​លាត​ត្រដាង​ ហើយ​ថា​ក្រុម​បក្ស​ប្រឆាំង​កំពុង​ទទួល​បាបកម្ម។

«ទេវតា​មាន​ភ្នែក​ ទេវតា​ពិត​ជា​មិន​ដាក់​ទណ្ឌកម្ម​ ចំពោះ​អ្នក​ដែល​បាន​ប្រព្រឹត្ត​នូវ​អំពើ​ល្អ​ទេ​ ហើយ​ទេវតា​បាន​កំពុង​នឹង​ដាក់​បណ្តាសា​ ទៅ​លើ​ពួក​អ្នក​ដែល​បាន​ធ្វើ​អំពើ​អាក្រក់។​ អ្នក​ខ្លះ​កំពុង​រត់​ចោល​ស្រុក​ អ្នក​ខ្លះ​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង»។

ព្រះ​អង្គម្ចាស់ នរោត្តម​ រណឫទ្ធិ ធ្លាប់​ធ្វើ​ជា​សហ​នាយក​រដ្ឋមន្ត្រី​ទី១ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ១៩៩៣​ និង​ជា​គូប្រជែង​កម្លាំង​យោធា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ដែល​ជា​សហ​នាយក​រដ្ឋមន្ត្រី​ទី២​នាពេល​នោះ។ ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរឈាម​រវាង​កម្លាំង​ទ័ព​ស្មោះ​នឹង​សមេ្តច​ក្រុម​ព្រះ នរោត្តម ​រណឫទ្ធិ​ និង​លោក ហ៊ុន សែន បាន​ផ្ទុះ​ ឡើង​នៅ​ចំកណ្តាល​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃ​ទី​៥ និង​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​វាយ​ប្រហារ​គ្នា​នា​ពេល​នោះ ​មាន​កង​ទ័ព​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ​អង្គម្ចាស់ នរោត្ត​ម រណឫទ្ធិ​ ទាំង​នាយ​ឧត្តម​សេនីយ៍​ និង​ពល​ទាហាន​ប្រមាណ​ជាង​២០០នាក់ ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់។

លោក យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ប្រាប់​វីអូអេថា​ជំហរ​នយោ​បាយ​របស់​ព្រះ​អង្គម្ចាស់ នរោត្តម​ រណឫទ្ធិ​ ដែល​ទោរទន់ទៅ​រក​បក្ស​កាន់​អំណាច​នេះ ហើយ​ដែល​ធ្វើ​ឲ្យ​បក្ស​រាជា​និយម​របស់​ព្រះ​អង្គម្ចាស់​បាត់​បង់​អាសនៈ​អស់​ ពី​រដ្ឋសភា​ជាតិ​ ហើយ​ថា គណបក្ស​ហ៊ុន​ស៊ីនប៉ិច​មិន​មែនជា​គូប្រជែង​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ។

«ជំហរ​នយោបាយ​របស់​គាត់​ហ្នឹង​ហើយ​ ដែល​ធ្វើ​ការ​តាំង​ពី​ឆ្នាំ១៩៩៣​មក​ បាត់​បង់​កៅ​អី​អស់​រលីញ​ចេញ​ពី​រដ្ឋសភា។ គណបក្ស​គាត់​មិន​មែន​ជា​គូប្រជែង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ​មាន​គូប្រជែង​តែ​មួយ​គត់​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ»។

លោក យឹម សុវណ្ណ បានហៅប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន​ ដែល​ថា​គណបក្ស​ប្រឆាំង​កំពុង​រង​នូវ​បណ្តាសា​នោះ​គ្រាន់​តែ​ជា​អបិយ​ជំនឿ​ប៉ុណ្ណោះ។ លោក​ថា ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ម្តង​ទៀត​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ ថាតើ​អ្នក​ត្រូវ​អ្នក​ណា​ខុស​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ដែល​ក្នុង​ពេលនេះ​ប្រជា​ពលរដ្ឋ​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​សន្ឋឹក​សន្ឋាប់​ដល់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក កែម ឡី អ្នក​ស្រាវជ្រាវ​សង្គម​ និង​ជា​អ្នកវិភាគ​នយោបាយ​ មិន​ធ្វើ​អត្ថា​ធិប្បាយ​លើ​ជំហរ​នយោ​បាយរបស់​ព្រះអង្គម្ចាស់ នរោត្តម ​រណឫទ្ធិ ចំពោះ​ការ​ផ្ទៀង​ផ្ទាត់​ផែនទី​នោះ​ទេ។ តែ​លោក​ថា គណបក្ស​ហ៊្វុន​ស៊ីនប៉ិច​បាន​ក្លាយ​ទៅ​ជា​បក្ស​រណប​នៃ​គណបក្ស​កាន់​អំណាច ដើម្បី​បន្ត​ជីវិត​នយោបាយ​អ្នក​រាជានិយមតទៅ​ទៀត។​

«អ្ហា​នេះ​ជា​ទស្សនៈ​នយោបាយ​ព្រះ​អង្គ​ ប៉ុន្តែ​គណបក្ស​ហ៊្វុន​ស៊ីប៉ិច​អស់​មាន​ថា​ធាតុ​ដើម​ អស់​មាន​អ្ហាប្រភព​ដើម​របស់​គណបក្ស ​ហើយ​ក្លាយ​ទៅ​ជា​គណបក្ស​រណប​ ហើយ​គ្រាន់​តែ​ជា​ឈ្នាប់​មួយ​សម្រាប់គណបក្ស​ប្រជាជន​ធ្វើ​ជា​ដៃ​គូ​ ក្នុង​កាលៈ​ទេសៈ​ណាមួយ​ទេ​ ហើយ​វាគ្រាន់​តែ​ជាការ​រក្សា​កេរ្តិ៍​ដំណែល​នៃ​ទំនាក់​ទំនង​រវាង​ហ៊្វុនស៊ីនប៉ិច​ និង​គណបក្ស​ប្រជាជន​ ឬទំនាក់​ទំនង​រវាង​ហ៊្វុនស៊ីនប៉ិច និង​ចិន​ទេ​ និយាយ​ការ​ពិត»។

គណបក្ស​ហ៊្វុនស៊ីនប៉ិច​ទទួល​បាន​ការ​គាំទ្រ​ដោយ​សម្លេង​ច្រើន​លើសលប់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ​អង្គ​ការសហ​ប្រជាជាតិ​កាល​ពី​ឆ្នាំ​១៩៩៣​ ដោយ​ទទួល​បាន​អាសនៈ​ចំនួន​៥៨។ អាសនៈ​របស់​គណបក្ស​នយោបាយ​រាជា​និយម​មួយ​នេះ​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​រហូត​ដល់​សូន្យ​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នាឆ្នាំ​២០១៣​ ដោយ​សារ​គណបក្ស​នេះ​បាន​បែក​បាក់​ផ្ទៃ​ក្នុង​យ៉ាង​ធ្ងន់​ធ្ងរ។​ ជាង​នេះ​ទៅ​ទៀត ព្រះអង្គ​ម្ចាស់​នរោត្តម ​រណ​ឫទ្ធិ ក៏​ធ្លាប់ត្រូវ​បាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ធ្វើ​បក្ស​ប្រហារ​បណ្តេញ​ព្រះ​អង្គ​ចេញ​ពី​តំណែង​ជា​ប្រធាន​គណបក្ស​កាល​ពី​ឆ្នាំ​២០០៦​ផង​ដែរ។​

ព្រះអង្គ​ម្ចាស់​នរោត្តម ​រណឫទ្ធិ​អតីត​ប្រធាន​រដ្ឋសភា​ជាតិ​ បាន​យាង​មក​ធ្វើ​ជាប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​វិញកាល​ពី​ដើម​ឆ្នាំ​២០១៥។ ថ្លែងចំពោះ​មុខ​អ្នក​សារព័ត៌មាន ​កាលពី​ថ្ងៃ​សុក្រ ព្រះអង្គម្ចាស់​មាន​បន្ទូល​ថា​ ព្រះអង្គ​នឹង​ប្រឹង​ឲ្យ​អស់​ពី​កាយ​ពល ដើម្បី​ដណ្តើម​យក​២៦​អាសនៈ​មក​ជូន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​របស់​ព្រះ​អង្គ​វិញ​ក្នុង​ពេល​បោះឆ្នោត​ជា​សាកល​ឆ្នាំ​២០១៨ខាងមុខ៕

XS
SM
MD
LG