បន្ទាប់ពីត្រូវបានរំសាយពីការងារ ក្រុមបុគ្គលិកប៉ុស្តិ៍ទូរទស្សន៍ CNC បានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការសង្គមស៊ីវិលការពារសិទ្ធិការងារ ដើម្បីទាមទារប្រាក់អត្ថប្រយោជន៍ដែលនិយោជកមិនបានទូទាត់ឲ្យ ស្របតាមច្បាប់ការងារនៅក្នុងប្រទេស។
ស្ថានីយ៍ទូរទស្សន៍ CNC បានចាប់ផ្តើមកាត់បន្ថយបុគ្គលិកផ្នែកព័ត៌មាន និងបច្ចេកទេសប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះ ចំនួនប្រមាណ ២០នាក់ ដោយលើកពីហេតុផលនៃវិបត្តិហិរញ្ញវត្ថុ។
អ្នកអត្ថាធិប្បាយព័ត៌មានប្រចាំបុស្តិ៍ទូរទស្សន៍ CNC លោក យ៉ង់ សុភា បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា លោក និងបុគ្គលិកដែលត្រូវបានរំសាយការងារចំនួន ១០នាក់ បានដាក់ពាក្យស្នើសុំជំនួយផ្លូវច្បាប់ពីសហភាពការងារកម្ពុជា ពាក់ព័ន្ធនឹងប្រាក់អត្ថប្រយោជន៍ការងារដែលក្រុមហ៊ុនមិនទាន់បានផ្តល់ឲ្យតាមគោលការណ៍ការងារ។
លោកបានឲ្យដឹងទៀតថា ក្រុមហ៊ុន Cambodian Broadcasting Service Co.,Ltd ដែលគ្រប់គ្រងលើប៉ុស្តិ៍ទូរទស្សន៍ CNC មិនបានផ្តល់ជាប្រាក់បំណាច់ឆ្នាំចាប់តាំងពីឆ្នាំទីមួយមក គួបផ្សំនឹងប្រាក់ជំងឺចិត្ត និងប្រាក់បន្ទាប់បន្សំដទៃទៀត ដល់បុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារនោះទេ ដោយក្រុមហ៊ុនបានត្រឹមតែផ្តល់ប្រាក់បំណាច់ប្រចាំឆ្នាំសម្រាប់តែមួយឆ្នាំចុងក្រោយតែប៉ុណ្ណោះ ។
លោក យ៉ង់ សុភា ដែលបានបំពេញការងារជាអ្នកអត្ថាធិប្បាយព័ត៌មាននៅប៉ុស្តិ៍ទូរទស្សន៍ CNC អស់រយៈពេលជាង៨ឆ្នាំមកនេះ បាននិយាយថា៖ «ស្របពេលដែលកាត់ហើយហ្នឹងគឺ គាត់មិនបានឲ្យផលសំណងទៅតាមច្បាប់ហ្នឹង ឲ្យបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។ នៅមានភាពខ្វះចន្លោះ ដែលយើងខ្ញុំកំពុងទាមទារនេះ។ តាមពិតទៅ ក្រុមហ៊ុនប្រសិនបើគាត់មានបញ្ហាហ្នឹងមែន គួរតែធ្វើឲ្យរៀបរយជាងហ្នឹង គួរតែព្យួរការងារ ជូនដំណឹងអីតាមរយៈលិខិតអ៊ីចឹងទៅ។ ប៉ុន្តែនេះអត់ទេ គឺគាត់មកបញ្ឈប់ភ្លាមៗ ដែលធ្វើឲ្យយើងខ្ញុំហ្នឹងពិបាកស្វែងរកការងារធ្វើថ្មី រកចំណូលដើម្បីទៅដោះស្រាយជីវភាពរៀងៗខ្លួននេះបាទ»។
អ្នកអត្ថាធិប្បាយព័ត៌មានរូបនេះ បានពន្យល់បន្ថែមថា មូលហេតុនៅពីក្រោយការរំសាយបុគ្គលិកមួយចំនួននេះ គឺដោយសារក្រុមហ៊ុនកំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុ ហើយក្រុមហ៊ុនបានផ្តល់ឲ្យនូវប្រាក់ខែចុងក្រោយ និងប្រាក់អតីតភាព និងប្រាក់បំណាច់ឆ្នាំគិតតែមួយឆ្នាំចុងក្រោយតែប៉ុណ្ណោះដល់បុគ្គលិកដែលត្រូវបានរំសាយពីការងារ។
បើតាមលោក យ៉ង់ សុភា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មានបុគ្គលិកចំនួន ២២នាក់ហើយ ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ បន្ទាប់ពីក្រុមហ៊ុនបានហៅទូរសព្ទមកបុគ្គលិកជាបន្តបន្ទាប់ ដោយជូនដំណឹងថា មានកិច្ចប្រជុំជាមួយផ្នែកធនធានមនុស្ស ហើយបុគ្គលិកនៅតាមបណ្តាខេត្តត្រូវយកឧបករណ៍ និងគ្រឿងសម្ភាររបស់ក្រុមហ៊ុនមកជាមួយផងដែរ ដើម្បីធ្វើជំរឿន ដោយមិនបានប្រាប់ថា នឹងមានការបញ្ឈប់ការងារនោះទេ។
ប្រធានសហភាពការងារកម្ពុជា លោក អាត ធន់ បានប្រាប់វីអូអេថា មេធាវីបានជួបជាមួយនឹងបុគ្គលិកទាំងនោះរួចហើយ ដើម្បីពន្យល់គោលការណ៍និងនីតិវិធីផ្សេងៗ។ លោកបានបន្តថា អង្គការរបស់លោកក៏កំពុងរៀបចំឯកសារ ដើម្បីធ្វើជាតំណាងចរចា ប្រសិនបើនៅតែមិនមានដំណោះស្រាយជាមួយភាគីក្រុមហ៊ុន។
លោកបានថ្លែងថា៖ «នៅពេលដែលមានបណ្តឹងគឺយើងនឹងសិក្សាឲ្យបានច្បាស់លាស់។ បន្ទាប់មក គឺយើងដាក់លិខិតទៅក្រុមហ៊ុន ដូចជា ករណីខាងបុគ្គលិក CTN ហ្នឹងគឺយើងនឹងធ្វើដូចគ្នានេះដែរ។ ហើយក្នុងករណីដែលមិនមានការជជែកគ្នាឯកភាពទេ យើងប្តឹងទៅក្រសួងការងារ ហើយបន្ទាប់មកគឺ យើងនឹងបន្តនីតិវិធីទៅតាមផ្លូវច្បាប់ទៀត»។
នាយករងផ្នែកព័ត៌មាននៅប៉ុស្តិ៍ទូរទស្សន៍ CNC កញ្ញា អ៊ុង ចាន់សោភា សុំមិនធ្វើការអត្ថាធិប្បាយ ដោយលើកឡើងថា ខាងក្រុមហ៊ុនកំពុងពិនិត្យដោះស្រាយបញ្ហាខាងលើនេះ។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី បានស្នើឲ្យភាគីដែលជាប់ពាក់ព័ន្ធក្នុងបញ្ហាខាងលើគោរពតាមលក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចសន្យាការងារ និងគោលការណ៍ច្បាប់ការងារ ដើម្បីបញ្ចៀសជម្លោះអូសបន្លាយ និងការខាតបង់ផ្សេងៗ។
«ហើយដែលយើងដឹងហើយនៅក្នុងករណីនៃការបញ្ចប់ការងារ វាមានផលប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះ ឬក៏កត្តិយសរបស់នយោជិត។ ខ្ញុំយល់ឃើញថា ភាគីនយោជក និងនយោជិតគួរតែពិភាក្សាគួរតែពិនិត្យលទ្ធភាពនៅក្នុងការដោះស្រាយបញ្ហាហ្នឹងដោយប្រើប្រាស់ច្បាប់ការងារជាគោលរួម។ ហើយនៅក្នុងករណីដែលយើងបង្កឲ្យមានទំនាស់ ឬមានបញ្ហា ខ្ញុំគិតថា គ្មានផលអីចំណេញសម្រាប់ភាគីទាំងពីរទេ»។
បើតាមប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ កន្លងមកនេះ មានអ្នកសារព័ត៌មានជាង ២០នាក់ផងដែរ ដែលអង្គការរបស់លោកបានទទួលដំណឹង និងជួយដោះស្រាយពាក់ព័ន្ធនឹងការបញ្ឈប់ដោយមិនបានផ្តល់ជាប្រាក់សំណង ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតនោះ៕