កាលពីថ្ងៃអង្គារ លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យ និងលោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋបានធ្វើការប្រជុំជាមួយក្រុមអ្នកគាំទ្ររៀងៗខ្លួននៅក្នុងរដ្ឋនានាដែលអស់លោកទាំងពីរថាមានសារៈសំខាន់នៅក្នុងសប្តាហ៍ចុងក្រោយបង្អស់នៃយុទ្ធនាការឃោសនាបោះឆ្នោត។
លោកស្រី Clinton បានឈប់សំចតនៅក្នុងក្រុងបីក្នុងរដ្ឋ Florida ដែលជាកន្លែងមានថ្ងៃរះចែងចាំង និងជាកន្លែងដែលមានពួកអ្នកទេសចរទៅកម្សាន្តជាច្រើននៅក្នុងផ្នែកអាគ្នេយ៍ប្រទេសអាមេរិក។ រដ្ឋនេះលោក Trump បានសារភាពថាលោកត្រូវតែឈ្នះឆ្នោតក្នុងរដ្ឋនេះដើម្បីបានកាន់តំណែងកំពូលក្នុងសេតវិមាននៅក្នុងការបោះឆ្នោតនៅថ្ងៃអង្គារក្រោយនេះ។
ការស្ទង់មតិមួយចំនួនកាលពីពេលថ្មីៗនេះបង្ហាញថា លោកមានការគាំទ្រមួយភាគរយលើសលោកស្រី Clinton នៅក្នុងរដ្ឋ Florida ក៏ប៉ុន្តែលទ្ធផលនៅទីនោះនៅតែមិនប្រាកដជា ដែលជាហេតុនាំឱ្យបេក្ខជនទាំងពីរនាក់នេះទៅទស្សនាច្រើនដងក្នុងរដ្ឋនេះនៅក្នុងប៉ន្មានថ្ងៃចុងក្រោយនៃការឃោសនា។
កាលពីថ្ងៃអង្គារ លោក Trump ទៅបំពេញទស្សនកិច្ចក្នុងរដ្ឋពីរដែលនៅទីនោះការស្ទង់មតិច្រើនខែមកហើយបានបង្ហាញថា លោកស្រី Clinton មានការគាំទ្រច្រើនជាងលោកគឺរដ្ឋ Pennsylvania នៅក្នុងប៉ែកខាងកើតប្រទេស និងរដ្ឋ Wisconsin នៅក្នុងតំបន់កណ្តាលខាងលិច ក្នុងសេចក្តីសង្ឃឹមថា ក្រុមអ្នកបោះឆ្នោតក្នុងរដ្ឋទាំងនេះបោះឆ្នោតឱ្យលោកបានច្រើនជាងលោកស្រី Clinton ដើម្បីប្រគល់ឱ្យលោកនូវមាគារទៅតំណែងប្រធានាធិបតី នៅមុនលោកធ្វើដំណើរត្រឡប់ទៅកាន់រដ្ឋ Florida វិញនៅថ្ងៃពុធ។
ការស្ទង់មតិនៅទូទាំងប្រទេសនៅតែបង្ហាញថា លោកស្រី Clinton អតីតរដ្ឋមន្ត្រីការបរទេសនាំមុខលោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យប្រមាណពីពីរទៅបួនភាគរយ៕