ការស្ទង់មតិជាតិនៅក្នុងស.រ.អា.បង្ហាញថា លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យបាននាំមុខបន្តិចលើលោក Donald Trump បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនៅក្នុងសប្តាហ៍ចុងក្រោយបង្អស់នៃការឃោសនាបោះឆ្នោតប្រធានាធិបតី។
ក៏ប៉ុន្តែការបើកធ្វើការស៊ើបអង្កេតជាថ្មីអំពីអ៊ីម៉ែលរបស់លោកស្រី Clinton នៅពេលលោកស្រីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសបានបន្ថែមភាពមិនទៀងទាត់មួយទៅក្នុងការខិតខំប្រឹងប្រែងរបស់លោកស្រី ដើម្បីឱ្យបានទទួលតំណែងកំពូលក្នុងសេតវិមាន។
ការស្ទង់មតិជាតិមួយចំនួនកាលពីថ្ងៃចន្ទបានបង្ហាញថា លោកស្រី Clinton នាំមុខលោក Trump ពីមួយទៅបីភាគរយ ហើយបេក្ខជនទាំងពីរនាក់នេះមានការគាំទ្រប្រកិតៗគ្នានៅក្នុងរដ្ឋមួយចំនួនមានការប្រកួតប្រជែងគ្នាខ្លាំងដែលនឹងសម្រេចអំពីលទ្ធផលនៃការបោះឆ្នោតនេះ ដែលនឹងធ្វើឱ្យបេក្ខជនម្នាក់ក្នុងបណ្តាបេក្ខជនទាំងពីរនាក់នេះក្លាយទៅជាប្រធានាធិបតីទី៤៥ របស់ប្រទេសអាមេរិក។ការស្ទង់មតិឯទៀតៗនៅតែបង្ហាញថាលោកស្រី Clinton មានទំនងជាងមុនថានឹងទទួលជ័យជម្នះ។
ការឃោសនាបោះឆ្នោតក្នុងរយៈពេលយូរនេះដែលមានការបត់បែនច្រើននាំឱ្យក្រុមអ្នកបោះឆ្នោតមិនចូលចិត្តជាមួយបេក្ខជនទាំងពីរនាក់នេះ មានភាពល្អក់កករថែមទៀតនៅពេលលោក James Comey នាយកទីភ្នាក់ងារ FBI បានប្រកាសអំពីការស៊ើបអង្កេតថ្មីមួយដើម្បីពិនិត្យមើលអ៊ីម៉ែលរាប់ពាន់ដែលបានត្រូវរកឃើញនៅក្នុងកុំព្យូទ័រ របស់ប្តីនៃសហការីសំខាន់ម្នាក់របស់លោកស្រី Clinton។
ពួកអ្នកស៊ើបអង្កេតបានទទួលដីកាឆែកឆេរមួយ ហើយនៅពេលនេះកំពុងខិតខំព្យាយាមធ្វើឱ្យដឹងថាតើអ៊ីម៉ែលទាំងនេះ មានឯកសារខាងសន្តិសុខជាតិឬទេនៅពេលដែលលោកស្រី Clinton កាន់តំណែងជាអ្នកការទូតកំពូលរបស់ប្រទេសអាមេរិកពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣។
នៅពេលដែលពួកខាងគណបក្សប្រជាធិបតេយ្យបរិហាររិះគន់ការបើកធ្វើការស៊ើបអង្កេតជាថ្មីដោយលោក Comey នេះ លោក Trump បាននិយាយប្រាប់ការប្រជុំមហាជនមួយនៅក្នុងរដ្ឋ Michigan ថា «វាជាសេចក្តីក្លាហានខ្លាំង» ដែលលោក Comey ពីនិត្យមើលអ៊ីម៉ែល របស់លោកស្រី Clinton ជាថ្មី។ លោក Trump បានថ្លែងថា «អ្វីដែលលោកបានធ្វើជាការត្រឹមត្រូវ»។
លោកស្រី Clinton បានមានប្រសាសន៍ប្រាប់ក្រុមអ្នកគាំទ្រលោកស្រីដែលអបអរសាទរទទួលលោកស្រីនៅក្នុងរដ្ឋ Ohio ថា លោកស្រីមានការទុកចិត្តថាពួកអ្នកស៊ើបអង្កេតនឹងសម្រេចការសន្មតដូចគ្នានៅក្នុងការស៊ើបអង្កេតថ្មីនេះដូចដែលពួកគេបានសម្រេចនៅក្នុងការពិនិត្យកាលពីពេលមុនដែរ។ លោកស្រីបានប្រកាសថា «គ្មានអ្វីខុសទេនៅទីនេះ»៕