ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​ថា ខ្លួន​កំពុងស៊ើប​អង្កេត​ករណី​អ៊ីម៉ែល​ថ្មី​របស់​លោកស្រី Clinton


បេក្ខជន​ប្រធានាធិបតីគណបក្ស​ប្រជាធិបតេយ្យ អ្នកស្រី Hillary Clinton ថ្លែង​ទៅ​កាន់​ការ​ជួប​ជុំ​នៅឧទ្យាន​ Smale Riverfront Park ទីក្រុង​ Cincinnati រដ្ឋ Ohio កាល​ពី​ថ្ងៃទី៣១ តុលា ២០១៦។
បេក្ខជន​ប្រធានាធិបតីគណបក្ស​ប្រជាធិបតេយ្យ អ្នកស្រី Hillary Clinton ថ្លែង​ទៅ​កាន់​ការ​ជួប​ជុំ​នៅឧទ្យាន​ Smale Riverfront Park ទីក្រុង​ Cincinnati រដ្ឋ Ohio កាល​ពី​ថ្ងៃទី៣១ តុលា ២០១៦។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា ខ្លួន​កំពុង​ធ្វើ​ការ​ជាមួយ​នឹង​ទីភ្នាក់ងារ FBI ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​ថ្មី​ចំពោះ​ករណី​អ៊ីម៉ែល​របស់​លោកស្រី Hillary Clinton ឲ្យ​បាន​កាន់តែ​ឆាប់។

លោក James Comey ដែល​ជា​ប្រធាន​របស់​ទីភ្នាក់ងារ FBI បាន​ប្រាប់​សភា​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា មន្ត្រី​ពង្រឹង​ច្បាប់​នឹង​ធ្វើ​ការ​វិភាគ​លើ​អ៊ីម៉ែល​ថ្មី​មួយ​ចំនួន ដែល​បាន​រក​ឃើញ​នៅ​ក្នុង​កុំព្យូទ័រ ក្នុង​អំឡុង​ពេល​ការ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​លោក​អតីត​សមាជិក​សភា Anthony Weiner។

លោក Weiner ជា​ស្វាមី​អ្នកស្រី Huma Abedin ដែល​ជា​ជំនួយការ​ជិតស្និទ្ធ​របស់​លោកស្រី Clinton។ នា​ពេល​បច្ចុប្បន្ន​នេះ លោក Weiner រស់នៅ​បែក​គ្នា​ពី​អ្នកស្រី Huma Abedin។ លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​ផ្ញើ​អ៊ីម៉ែល​ទៅ​វិញ​ទៅ​មក​ក្នុង​ន័យ​ស្នេហា​ជាមួយ​នឹង​ក្មេង​ស្រី​អាយុ ១៥ ឆ្នាំ ម្នាក់។ លោក Weiner និង​អ្នកស្រី Abedin ប្រហែល​ជា​បាន​ប្រើ​កុំព្យូទ័រ​មួយ​រួម​គ្នា។

លោក​ប្រធាន FBI James Comey បាន​និយាយ​ថា អ្នក​ស៊ើប​អង្កេត​បាន​រក​ឃើញ​អ៊ីម៉ែល ដែល​ប្រហែល​ជា​ទាក់ទង​នឹង​ករណី​ស៊ើប​អង្កេត​របស់​ពួកគេ​ពី​មុន​អំពី​អ៊ីម៉ែល ដែល​បាន​ផ្ញើ និង​ទទួល​ដោយ​លោកស្រី Hillary Clinton នៅ​ពេល​ដែល​លោកស្រី​ធ្វើ​ជា​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក។

ទីភ្នាក់ងារ FBI បាន​បិទ​បញ្ចប់​ការ​ស៊ើប​អង្កេត​នេះ​តាំង​ពី​ខែ​កក្កដា​មក​ម្ល៉េះ។ លោក Comey បាន​បញ្ជាក់​ថា ទោះបីជា​លោកស្រី Clinton មាន​ការ​ធ្វេស​ប្រហែស​នៅ​ក្នុង​ការ​ប្រើប្រាស់​អ៊ីម៉ែល​ក៏​ពិត​មែន លោកស្រី​មិន​បាន​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​អ្វី​នោះ​ទេ​ពាក់ព័ន្ធ​នឹង​ករណី​អ៊ីម៉ែល​នេះ​ទេ​។

កន្លង​មក លោក Comey មិន​បាន​ផ្ដល់​នូវ​ព័ត៌មាន​ណា​មួយ​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​អ្នក​ស៊ើប​អង្កេត​បាន​រក​ឃើញ​ដើម្បី​ចាប់ផ្ដើម​នូវ​ការ​ស៊ើប​អង្កេត​ជា​ថ្មី​នោះ​ទេ ហើយ​ការ​ទើប​តែ​ប្រកាស​អំពី​រឿង​នេះ គឺ​ជិត​ដល់​ថ្ងៃ​បោះ​ឆ្នោត​មក​ដល់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ និង​សមាជិក​ភាគ​ច្រើន​នៃ​គណបក្ស​សាធារណរដ្ឋ រួម​ទាំង​អ្នក​គាំទ្រ​របស់​ពួកគេ​មាន​ការ​ងឿងឆ្ងល់​អំពី​ថា​តើ​មាន​រឿង​អ្វី​កំពុង​តែ​កើត​ឡើង​នោះ៕

XS
SM
MD
LG