លោក Bernie Sanders សមាជិកព្រឹទ្ធសភារដ្ឋ Vermont និងលោកស្រី Hillary Clinton អតីតរដ្ឋមន្រ្តីការបរទេសសង្កត់ធ្ងន់លើបញ្ហាសេដ្ឋកិច្ច ខណៈដែលពួកគេរៀងខ្លួន ព្យាយាមយកឈ្នះនៅក្នុងការបោះឆ្នោតបឋមនៅថ្ងៃអង្គារស្អែកនេះនៅក្នុងរដ្ឋ Oregon និងរដ្ឋ Kentucky។
រដ្ឋទាំង២នេះ មានភាពខុសគ្នាជាច្រើនប៉ុន្តែមានចំនួនប្រតិភូប្រហាក់ប្រហែលគ្នា ដោយរដ្ឋ Oregon មានប្រតិភូចំនួន៧៤ ហើយរដ្ឋ Kentucky មានប្រតិភូចំនួន៦១។
លោក Sanders បានយកជ័យជម្នះយ៉ាងងាយស្រួលនៅក្នុងការបោះឆ្នោតបឋមកាលពីសប្តាហ៍មុននៅក្នុងរដ្ឋ West Virginia ដែលស្ថិតនៅជាប់នឹងរដ្ឋ Kentucky។
រដ្ឋទាំងនោះប្រតិបត្តិការឧស្សាហកម្មជីកធ្យូងថ្មធំៗ ប៉ុន្តែលោកស្រី Clinton បានស្នើកម្មវិធីមួយដែលផ្លាស់ប្ដូរឧស្សាហកម្មធ្យូងថ្មនេះឲ្យទៅជាឧស្សាហកម្មផ្សេងៗវិញ ដែលនេះបានធ្វើឲ្យម្ចាស់ឆ្នោតមានការអកអន់ស្រពន់ចិត្តនឹងលោកស្រី។
ប្រព័ន្ធរបស់គណបក្សប្រជាធិបតេយ្យដែលបែងចែកចំនួនប្រតិភូតាមសមាមាត្រគឺផ្អែកទៅលើការបោះឆ្នោត ដែលនេះមានន័យថាលោកស្រី Clinton និងលោក Sanders នឹងទទួលបានចំនួនប្រតិភូ ខណៈដែលពួកគេទាំង២រូបព្យាយាមដើម្បីទទួលបានប្រតិភូច្រើនបំផុតចំនួន២.៣៨៣ ដើម្បីទទួលបានការជ្រើសតាំងឲ្យធ្វើជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។ មុននឹងឈានដល់ការបោះឆ្នោតនៅថ្ងៃអង្គារស្អែកនេះ លោកស្រី Clinton មានប្រតិភូចំនួន១.៧១៦ ចំណែកឯលោក Sanders មានប្រតិភូចំនួន ១.៤៣៣ ពីក្នុងចំណោមរដ្ឋទាំងអស់ដែលបានធ្វើការបោះឆ្នោតបឋមឬបោះឆ្នោតនៅក្នុងគណបក្សរួចរាល់៕