ក្រសួងសុខាភិបាលក្រើនរំឮកដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងថែទាំសុខភាពអំឡុងពេលកម្ពុជាកំពុងជួបប្រទះអាកាសធាតុកើនឡើងកម្តៅខ្លាំង ដែលបង្កផលប៉ះពាល់ជាច្រើនដល់ការរស់នៅ។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អាកាសធាតុកើនឡើងកម្តៅ បង្កផលប៉ះពាល់ជាច្រើនដល់សុខភាព ជាពិសេសទៅលើ ទារក កុមារ ស្រ្តីមានផ្ទៃពោះ មនុស្សចាស់ និងបុគ្គលដទៃទៀតដែលធ្វើកិច្ចការងារក្រោមកម្តៅថ្ងៃ។
ការឡើងកម្តៅនៃអាកាសធាតុនេះអាចបង្កឱ្យប្រជាពលរដ្ឋមានអាការៈអស់កម្លាំង បែកញើសខ្លាំង ឈឺក្បាល វិលមុខ ដួលសន្លប់ និងបញ្ហាសុខភាពផ្សេងៗទៀតជាច្រើន។
ក្រសួងក៏បានណែនាំប្រជាពលរដ្ឋឱ្យផឹកទឹកឱ្យបានញឹកញាប់ទោះមិនស្រេកទឹកក៏ដោយ។ សម្រាប់ចំណីអាហារ ត្រូវចៀសវាងការបរិភោគអាហារណាដែលបង្កឱ្យមានជំងឺរាករូស និងជំងឺផ្សេងៗដែលបង្កឱ្យបាត់បង់ជាតិទឹកក្នុងរាងកាយ។
នៅពេលចេញក្រៅផ្ទះត្រូវមានការប្រុងប្រយត្ន័ជាមួយនឹងពន្លឺព្រះអាទិត្យ ដោយការស្លៀកសម្លៀកបំពាក់ស្រាលៗ ជិតៗ និងបាំងឆ័ត្រជាដើម ព្រមទាំងអនុវត្តវិធានការណ៍ផ្សេងៗដើម្បីការពារសុខភាពខ្លួនផ្ទាល់ និងក្រុមគ្រួសារ។
កាលពីថ្ងៃទី២ ខែមីនា កន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយមបានផ្សាយថា ប្រទេសកម្ពុជានឹងទទួលរងនូវបាតុភូតអែលនីញ៉ូ (El Niño) ដែលធ្វើឱ្យប្រឈមនូវអាកាសធាតុក្តៅហើយស្ងួត ដែលចាប់ពីខែមីនា រហូតដល់ខែឧសភា៕
វេទិកាបញ្ចេញមតិ