សហរដ្ឋអាមេរិក បានចាកចេញជាផ្លូវការពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុនៅថ្ងៃពុធនេះ ដោយធ្វើទៅតាមការសន្យារយ:ពេលមួយឆ្នាំរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងជាសាកលមួយនេះ ដែលត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ សហរដ្ឋអាមេរិក គឺជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនបំផុតទី ២ ក្នុងពិភពលោក។
ប៉ុន្តែ លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដ៏ស្វិតស្វាញនៅក្នុងសហរដ្ឋអាមេរិក នឹងកំណត់ថាតើការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ នឹងធ្វើបានយូរប៉ុណ្ណាទេ។ គូប្រជែងរបស់លោក Trump គឺលោក Joe Biden បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ បានសន្យាថា សហរដ្ឋអាមេរិក នឹងចូលរួមក្នុងកិច្ចព្រមព្រៀងនេះវិញ បើលោកជាប់ឆ្នោត។
អ្នកស្រី Patricia Espinosa លេខាធិការប្រតិបត្តិនៃលេខាធិការដ្ឋានអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) បាននិយាយថា៖ «ការដកខ្លួនរបស់សហរដ្ឋអាមេរិក នឹងធ្វើឲ្យមានចន្លោះប្រហោងនៅពេលនេះ និងនៅក្នុងកិច្ចប្រឹងប្រែងជាសកលដើម្បីសម្រេចឲ្យបាននូវគោលដៅ និងមហិច្ឆតារបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ»។
សហរដ្ឋអាមេរិកនៅតែជាភាគីមួយនៃលេខាធិការដ្ឋានអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នេះ។ អ្នកស្រី Espinosa បាននិយាយថា លេខាធិការដ្ឋាននេះនឹងត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជ្រោមជ្រែងសហរដ្ឋអាមេរិក ដើម្បីចូលរួមឡើងវិញនៅក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសនេះ»។
លោក Trump បានប្រកាសពីដំបូងអំពីចេតនារបស់លោកក្នុងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនេះ កាលពីខែមិថុនា ឆ្នាំ ២០១៧ ក្រោមហេតុផលថា កិច្ចព្រមព្រៀងនេះ អាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែលោក Trump ទើបតែអាចដកសហរដ្ឋអាមេរិកចេញជាផ្លូវការបាននៅពេលនេះ ព្រោះត្រូវបំពេញលក្ខខណ្ឌមួយចំនួនរបស់កិច្ចព្រមព្រៀងនេះសិន។
ការដកខ្លួនចេញនេះ ធ្វើឲ្យសហរដ្ឋអាមេរិកក្លាយជាប្រទេសតែមួយគត់ក្នុងចំណោមប្រទេសជាហត្ថលេខីទាំង ១៩៧ ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុនេះ៕