នៅថ្ងៃរសៀលថ្មីៗនេះមួយ លោក Grant Oh រត់កាត់ក្នុងបរិវេណសាកលវិទ្យាល័យ Southern California នៅពេលដែលលោកកំពុងព្យាយាមយកឈ្នះការប្រណាំងឆ្លងឧបសគ្គមួយ។ ពេលមួយនោះ លោកបានប្រទះនឹងរនាំងបិទខ្ទប់របស់ប៉ូលិសមួយហើយមួយទៀតនៅតាមផ្លួវទៅបន្ទប់ស្នាក់នៅរបស់លោក ខណៈដែលមន្ត្រីប៉ូលិសកំពុងចាប់ខ្លួនបាតុករដែលកំពុងបាតុកម្មប្រឆាំងនឹងសង្រ្គាមរវាងអ៊ីស្រាអែលនិងហាម៉ាស់។
ស្ថានភាពចលាចលនេះ ជាចំណុចកំពូលចុងក្រោយនៃជីវិតសិក្សានៅមហាវិទ្យាល័យមួយដែលបានចាប់ផ្តើមអំឡុងពេលជំងឺរាតត្បាត ដែលមានភាពចលាចលឥតឈប់ឈរដោយសារការប្រយុទ្ធដើម្បីភាពប្រក្រតី។ លោក Oh បានខកខានមិនបានចូលរួមពិធីជប់លៀងនិងពិធីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យដោយសារកំណើនការរីករាលដាលជំងឺកូវីដ១៩ កាលពីឆ្នាំ ២០២០។
លោកបានចាប់ផ្តើមថ្នាក់រៀនតាមប្រព័ន្ធអនឡាញនៅមហាវិទ្យាល័យ។ ពេលនេះយុវជនអាយុ ២០ ឆ្នាំរូបនេះ បានខកខានពិធីសំខាន់មួយទៀតក្នុងជីវិតគឺ សាកលវិទ្យាល័យ Southern California បានលុបពិធីចែកសញ្ញាបត្រដ៏សំខាន់ដែលត្រូវបានគេរំពឹងថានឹងមានមនុស្សប្រមាណ៦៥,០០០នាក់ចូលរួម។
ពិធីទទួលសញ្ញាបត្ររបស់លោកតែមួយដែលលោកបានចូលរួម គឺនៅអនុវិទ្យាល័យដែលគ្មានមួកនិងឈុតទទួលសញ្ញាប័ត្រទេ។
លោក Oh បាននិយាយថា៖ «វាមិនគួរឲ្យជឿទេ។ ខ្ញុំចាំថាពេលចាប់ផ្តើមឆ្នាំសិក្សាទី ១ រុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែន ហើយបាតុកម្ម Black Lives Matter ជំងឺកូវីដ និងការរើសអើងខ្លាចជាតិសាសន៍ផ្សេង កើតឡើងបន្ទាប់ពីខ្ញុំរៀនចប់ថ្នាក់ទី ១២។ ខ្ញុំនៅតែភ្ញាក់ផ្អើលដែលយើងរស់នៅក្នុងពិភពលោកមួយដែលមានកំហឹងខ្លាំង និងសុខចិត្តបំផ្លាញខ្លួនឯង»។
លោក Oh ដែលនឹងទទូលសញ្ញាប័ត្រផ្នែកការលើកកម្ពស់សុខភាព និងការបង្ការជំងឺ បន្ថែមថា ការខកខានពេលវេលាដ៏គួរឱ្យចងចាំមួយរបស់លោកមិនសំខាន់ដូចអ្វីដែលកំពុងកើតឡើងទេ។ លោកនិយាយថា៖ «មនុស្សកំពុងបាត់បង់ជីវិត»។
បរិវេណមហាវិទ្យាល័យជាទីតាំងពេញនិយមសម្រាប់បាតុកម្មតាំងពីជំនាន់ទាមទារសិទ្ធិស៊ីវិលដល់សង្រ្គាមវៀតណាម និងបាតុកម្មប្រឆាំងរបបអាផាថេតនៅអាហ្វ្រិកខាងត្បូង។ ប៉ុន្តែអ្នកជំនាញនិយាយថា និស្សិតបច្ចុប្បន្ននេះក៏មានភាពតានតឹងបន្ថែម ដោយសារពួកគេបានឆ្លងកាត់ការរស់នៅដោយដាច់ពីគេនិងការភ័យខ្លាចជំងឺរាតត្បាត និងឥទ្ធិពលពីបណ្តាញសង្គមប្រចាំថ្ងៃ ដែលកំពុងផ្សព្វផ្សាយទង្វើខុសរបស់ពិភពលោកនានាយ៉ាងខ្លាំងខ្លាមិនដូចពេលណាទាំងអស់។
វាមិនត្រឹមតែការខកខានព្រឹត្តិការណ៍ជីវិតសំខាន់ៗទេ។ ការសិក្សានានាបង្ហាញថា យុវជន Generation Z ទទួលរងគ្រោះពីនៃការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តខ្ពស់ជាងយុវជន Millennials នេះបើយោងតាមអ្នកស្រី Jean Twenge ដែលជាអ្នកជំនាញចិត្តសាស្ត្រនិងសាស្ត្រាចារ្យនៅសាកលវិទ្យាល័យរដ្ឋ San Diego ដែលអ្នកស្រីបាននិពន្ធសៀវភៅមួយក្បាលដែលមានចំណងជើងថា «Generations»។ អ្នកស្រីនិយាយថា ភាពអវិជ្ជមានដែលបានរីកសាយនៅលើបណ្តាញសង្គមក្នុងល្បឿនលឿននិងទំធំជាងភាពវិជ្ជមាន ជាមូលហេតុចម្បង។
អ្នកស្រីនិយាយថា៖ «Gen Z មានភាពទុទិដ្ឋិនិយមខ្លាំងជាង Millennials។ សំណួរទៅថ្ងៃមុខនោះគឺថា តើពួកគេនឹងប្រើភាពទុទិដ្ឋិនិយមនេះដើម្បីការផ្លាស់ប្តូរវិជ្ជមានជាក់លាក់ឬទេ ឬតើពួកគេប្រើវាដើម្បីបង្កើតការបំផ្លាញនិងភាពវឹកវរ?»
បាតុករបានបោះតង់ធ្វើបាតុកម្មនៅក្នុងបរិវេណសាកលវិទ្យាល័យនានាដូចជាសាកលវិទ្យាល័យ Harvard សាកលវិទ្យាល័យ MIT សាកលវិទ្យាល័យ Stanford និងសាកលវិទ្យាល័យ Texas ក្នុងក្រុង Austin ដោយបង្កើនភាពតានតឹង ខណៈដែលសាលាជាច្រើនកំពុងរៀបចំសម្រាប់ពិធីប្រគល់សញ្ញាប័ត្រក្នុងរដូវផ្ការីកនេះ។ និស្សិតរាប់រយនាក់ត្រូវបានចាប់ខ្លួននៅទូទាំងប្រទេស។ ដោយបានធ្វើតាមបាតុកម្មនៅសាកលវិទ្យាល័យ Columbia និស្សិតនៅតាមមហាវិទ្យាល័យមួយចំនួនទៀតក្នុងសហរដ្ឋអាមេរិកបានបង្កើតជាជំរុំគាំទ្រជនជាតិប៉ាឡេស្ទីន ហើយសន្យាថានឹងមិនរើចេញទេ រហូតទាល់តែការទាមទាររបស់ពួកគេត្រូវបានបំពេញតាម។
បរិវេណសាកលវិទ្យាល័យនឹងត្រូវបានបិទក្នុងឆមាសនេះនៅសាកលវិទ្យាល័យ California State Polytechnic នៅទីក្រុង Humboldt។ សាកលវិទ្យាល័យនេះបានចរចាជាមួយនិស្សិតដែលបានជាប់ក្នុងការរាំងខ្ទប់នៅខាងក្នុងអគារមួយកាលពីថ្ងៃទី ២២ ខែមេសា ដែលពួកគេបានច្រានចោលការប៉ុនប៉ងរបស់ប៉ូលិសដើម្បីបណ្តេញពួកគេចេញ។
សាកលវិទ្យាល័យ Southern California បានប្រកាសកាលពីថ្ងៃទី ២២ ខែមេសា ថាខ្លួននឹងលុបចោលពិធីបញ្ចប់ការសិក្សាធំរបស់ខ្លួន បន្ទាប់ពីបាតុកម្មបានផ្ទុះឡើង មិនត្រឹមតែដើម្បីសង្រ្គាមអ៊ីស្រាអែលទេ តែគឺដោយសារការសម្រេចចិត្តរបស់សាលាកាលពីដើមខែមេសាក្នុងការលុបចោលសុន្ទរកថានិស្សិតឆ្នើមរបស់ខ្លួនគឺអ្នកនាង Asna Tabassum ដែលបានបង្ហាញការគាំទ្រសម្រាប់ជនជាតិប៉ាឡេស្ទីន។ មន្ត្រីសាកលវិទ្យាល័យបានលើកហេតុផលពីការបារម្ភផ្នែកសន្តិសុខ។
លោក Oh និយាយថា៖ «ដោយព្យាយាមបំបិទសំឡេងរបស់អ្នកនាង Asna វាបានធ្វើឲ្យគ្រប់យ៉ាងកាន់តែអាក្រក់»។ លោកបានបន្ថែមថា លោកសង្ឃឹមថា វានឹងគ្មានអំពើហិង្សានៅក្នុងថ្ងៃបញ្ចប់ការសិក្សានៅថ្ងៃទី ១០ ខែឧសភា នៅពេលដែលពិធីតូចៗនឹងត្រូវបានរៀបចំដោយដេប៉ាតឺម៉ង់សិក្សាផ្សេងៗ។
កញ្ញា Maurielle McGarvey បានបញ្ចប់ការសិក្សាវិទ្យាល័យក្នុងឆ្នាំ ២០១៩ ដូច្នេះនាងបានចូលរួមពិធីបញ្ចប់ការសិក្សា ប៉ុន្តែនាងបានផ្អាកមួយឆ្នាំពេលដែលសាកលវិទ្យាល័យជាច្រើនបង្កើតថ្នាក់រៀនអនឡាញ។ កញ្ញា McGarvey ដែលនឹងទទួលសញ្ញាបត្រផ្នែកការសរសេររឿងសិក្សាបន្ទាប់បន្សំផ្នែកការសិក្សាអំពីយេនឌ័រ និងយុត្តិធម៌សង្គម នៅសាកលវិទ្យាល័យ Southern California បានហៅវាថាជារឿង «គួរឲ្យឈឺចាប់» ហើយនាងបាននិយាយថាសាកលវិទ្យាល័យបានដោះស្រាយស្ថានភាពនេះមិនត្រឹមត្រូវ។ នាងបាននិយាយថា ប៉ូលិសមានដំបង បានស្រែកដាក់នាងពេលនាងកំពុងកាន់បដាមួយនៅពេលនាងនិងបាតុករផ្សេងទៀតកំពុងអធិដ្ឋានបែបសាសនាជី្វហ្វ។
កញ្ញា McGarvey និយាយថា៖ «វាជាបទពិសោធន៍ដែលធ្លាក់ចុះជារួមមួយ។ ការដកចេញភាពប្រក្រតីចុងក្រោយបង្អស់នេះ កើតមានបន្ទាប់ពីការរឹតបន្តឹងចម្លែកៗ និងការផ្លាស់ប្តូរទំនៀមទម្លាប់ និងប្រពៃណីជាច្រើន»។
កញ្ញា McGarvey បាននិយាយថា សារអ៊ីម៉ែលរបស់សាកលវិទ្យាល័យដែលប្រកាសពីការលុបចោលពីធីបញ្ចប់ការសិក្សានោះ បានធ្វើឲ្យយើងឈឺចាប់ដោយមានដាក់រូបថតរបស់និស្សិតបញ្ចប់ការសិក្សាកន្លងមកបោះមួករបស់ពួកគេយ៉ាងសប្បាយរីករាយ។ កញ្ញានិយាយថា៖ «វាធ្វើឲ្យរឿងនេះកាន់តែឈឺចាប់»។
និស្សិតនៅសាកលវិទ្យាល័យផ្សេងទៀតក៏មិនសប្បាយចិត្តដែរ។
និស្សិតស្រី កញ្ញា Abbie Barkan ដែលមានអាយុ ២១ ឆ្នាំមកទីក្រុង Atlanta រដ្ឋ Georgia និងបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Texas ក្នុងពេលពីរសប្តាហ៍ទៀតផ្នែកសារព័ត៌មាន និងជាមនុស្សម្នាក់ក្នុងចំណោមនិស្សិតជី្វហ្វ ដែលបានបក់ទង់ជាតិស្រែកប្រឆាំងនឹងបាតុករគាំទ្រប៉ាឡេស្ទីននៅក្នុងបរិវេណសាលាកាលពីថ្ងៃទី ២២ ខែមេសាបាននិយាយថា៖ «ពិន្ទុរបស់យើងក៏បានរងគ្រោះ»។
និស្សិតឆ្នាំទី ៤ ម្នាក់ទៀតនៅសាកលវិទ្យាល័យ Minnesota កញ្ញា Sarah Dawley ដែលបានចូលរួមបាតុកម្មគាំទ្រប៉ាឡេស្ទីន រីករាយដែលគម្រោងកម្មវិធីបញ្ចប់ការសិក្សានៅសាលានាងមិនបានប្តូរ។ ប៉ុន្តែនាងបាននិយាយថា នាងមានអារម្មណ៍មិនល្អក្នុងពេលប៉ុន្មានសប្តាហ៍មុន។ នាងរន្ធត់ចិត្តនៅពេលដែលមហាវិទ្យាល័យបានកោះហៅប៉ូលិស។ ប៉ុន្តែនាងបាននិយាយថា នាងមានក្តីសង្ឃឹមដែលបានឆ្លងកាត់ជំងឺរាតត្បាតនិងក្លាយជាផ្នែកនៃសហគមន៍មួយដែលក្រោកឈរឡើងគាំទ្រអ្វីដែលពួកគេជឿ។
កញ្ញា Dawley និយាយថា៖ «ខ្ញុំគិតថា មនុស្សជាច្រើននឹងបន្តធ្វើរឿងដ៏អស្ចារ្យដោយសារអ្វីដែលកើតឡើងទាំងនេះ យើងពិតជាយកចិត្តទុកដាក់លើបញ្ហាសង្គមយ៉ាងខ្លាំង»៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ
វេទិកាបញ្ចេញមតិ