ការប្រយុទ្ធគ្នាជាបន្តរវាងក្រុមទាហានប្រជែងគ្នាពីរនៅក្នុងប្រទេសស៊ូដង់បានធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងដើម្បីពង្រឹងកិច្ចឈប់បាញ់គ្នានៅថ្ងៃពុធនេះ ស្របពេលដែលមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិម្នាក់បានធ្វើដំណើរទៅដល់ប្រទេសស៊ូដង់ដើម្បីពិភាក្សាអំពីការផ្ដល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលរាប់លាននាក់ដែលជាប់គាំងនៅទីនោះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ដំណើរទស្សនកិច្ចរបស់មន្ត្រីកំពូលផ្នែកមនុស្សធម៌នៃអង្គការសហប្រជាជាតិលោក Martin Griffiths នេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីប្រទេសស៊ូដង់ខាងត្បូងដែលនៅជិតខាងប្រទេសស៊ូដង់បានប្រកាសថា ភាគីជម្លោះទាំងពីរបានឯកភាពគ្នា«ជាគោល ការណ៍» ចំពោះកិច្ចឈប់បាញ់គ្នារយៈពេល៧ថ្ងៃ។
អំពើហិង្សាដ៏ប្រល័យបានផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសារវាងលោកនាយឧត្តម សេនីយ៍ Abdel Fattah al-Burhan ដែលជាមេដឹកនាំជាក់ស្ដែងរបស់ប្រទេសស៊ូដង់និងជាមេបញ្ជាការកងទ័ព និងលោកនាយឧត្តមសេនីយ៍ Mohamed Hamdan Daglo ដែលជាមេបញ្ជាការកងកម្លាំងជំនួយរហ័សទាហានប៉ារ៉ា (RSF)។
តាំងពីការប្រយុទ្ធគ្នានេះបានកើតឡើងមក មនុស្សយ៉ាងហោចណាស់ ៥២៨ នាក់ត្រូវបានសម្លាប់ ហើយមនុស្សជិត ៤.៦០០ នាក់ទៀតបានរងរបួស។ នេះបើយោងតាមតួលេខថ្មីចុង ក្រោយបង្អស់របស់ក្រសួងសុខាភិបាលស៊ូដង់ ដែលតួលេខនេះទំនងជាមិនពេញលេញនោះទេ។
ជនជាតិស៊ូដង់រាប់ម៉ឺននាក់បានគេចចេញទៅកាន់ប្រទេសជិតខាង ដែលអាចបង្កឱ្យមាន «មហន្តរាយ»មនុស្សធម៌ដែលមានផលប៉ះពាល់ដល់តំបន់ទាំងមូល។
នៅថ្ងៃពុធនេះ លោក Griffiths បានធ្វើដំណើរទៅដល់ទីក្រុង Port Sudan នៃប្រទេសស៊ូដង់ នៅជាប់សមុទ្រក្រហម (Red Sea) ក្នុងដំណើរបេសកកម្មបន្ទាន់មួយដើម្បីស្វែងរកវិធីបញ្ជូនជំនួយមនុស្សធម៌ទៅឱ្យពលរដ្ឋស៊ូដង់រាប់លាននាក់ដែលមិនអាចគេចខ្លួនពីការប្រយុទ្ធនេះបាន។
លោក Griffiths បានបញ្ជាក់នៅលើ Twitter ថា៖ «[ខ្ញុំ] ទើបមកដល់ទីក្រុង Port Sudan ដើម្បីបញ្ជាក់ជាថ្មីអំពីការតាំងចិត្តរបស់អង្គការសហប្រជាជាតិចំពោះប្រជាជនស៊ូដង់»។
នៅពេលមុននេះ ក្រសួងការបរទេសស៊ូដង់ខាងត្បូងបានប្រកាសថាលោក Burhan និងលោក Daglo «បានឯកភាពគ្នាជាគោលការណ៍ចំពោះកិច្ចឈប់បាញ់គ្នារយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១១ ខែឧសភា»។
ភាគីជម្លោះទាំងពីរនៅមិនទាន់អះអាងជាផ្លូវការអំពីកិច្ចឈប់បាញ់គ្នាថ្មីនេះនៅឡើយទេ៕