បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋនៃប្រទេសស៊ីរីបានរាយការណ៍ថា មនុស្សរាប់សិបគ្រួសារបានរត់គេចខ្លួនចេញពីក្រុង Aleppo ដែលត្រូវឡោមព័ទ្ធក្រោយពេលកងកម្លាំងរដ្ឋាភិបាលបានបើកតំបន់របៀងមនុស្សធម៌មួយ។ ក្រុងនេះបានត្រូវហាមប្រាមមិនឱ្យមនុស្សចេញចូលច្រើនសប្តាហ៍មកហើយ នៅពេលដែលកងកម្លាំងរដ្ឋាភិបាលបានទម្លាក់គ្រាប់បែកលើក្រុងនេះ។
ពួកមន្ត្រីអ.ស.ប.និងក្រុមផ្តល់ជំនួយបានសុំឱ្យរដ្ឋាភិបាលស៊ីរីបើកផ្លូវចូលក្នុងក្រុងនេះដើម្បីផ្តល់ជំនួយសង្គ្រោះ ដោយបានព្រមានថា មនុស្សប្រមាណ៣សែននាក់នៅទីនោះប្រឈមមុខនឹងការខ្វះខាតម្ហូបអាហារ។
នៅពេលជាមួយគ្នានេះ ក្រុមចម្រុះដឹកនាំដោយស.រ.អា.ដែលប្រយុទ្ធប្រឆាំងនឹងពួករដ្ឋឥស្លាមបានរាយការណ៍ថា មានការវាយប្រហារតាមអាកាសបន្ថែមទៀតលើក្រុងសំខាន់មួយនៅខាងក្រៅក្រុង Aleppo ដែលនៅទីនោះពួកជនសកម្មប្រយុទ្ធបានប្រយុទ្ធដើម្បីរក្សាការត្រួតត្រាផ្នែកកណ្តាលក្រុងនេះ។
ក្រុមយោធាស.រ.អា.បានរាយការណ៍ថា មានការវាយប្រហារតាមអាកាស១១លើកនៅជិតក្រុង Manbij ដោយយកកងឯកភាពកលយុទ្ធនិងទីតាំងប្រយុទ្ធរបស់ពួករដ្ឋឥស្លាម ជាទីដៅនៃការវាយប្រហារ។ ក្រុមចម្រុះក៏បានរាយការណ៍ដែរអំពីការវាយប្រហារតាមអាកាស៩លើកប្រឆាំងនឹងទីដៅរដ្ឋឥស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់។
វីអូអេផ្នែកផ្សាយជាភាសា Kurde បានរាយការណ៍ថា មានការប្រយុទ្ធគ្នានៅផ្នែកកណ្តាលនៃក្រុង Manbij បន្តទៀតនៅពេលមានការវាយប្រហារតាមអាកាស។កងជីវពលមួយប្រឆាំងនឹងពួករដ្ឋឥស្លាម កំពុងប្រយុទ្ធប្រឆាំងនឹងពួកជនសកម្មប្រយុទ្ធនៅក្នុងក្រុងនេះពីផ្លូវមួយទៅផ្លូវមួយទៀតនៅពេលដែលកងកម្លាំងក្រុមចម្រុះរឹតបន្តឹងការឡោមព័ទ្ធជារង្វង់មូលជុំវិញសំបុកពួករដ្ឋឥស្លាម នៅផ្នែកកណ្តាលក្រុងនេះ។
យុទ្ធជនម្នាក់បាននិយាយប្រាប់វីអូអេថា លោកបានឃើញសាកសពជនសកម្មប្រយុទ្ធមួយចំនួនដែលបានត្រូវសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រដែលបានចាប់ផ្តើមធ្វើនៅពេលរសៀល ហើយបានបន្តរហូតដល់ពេលយប់។នៅក្នុងហេតុការណ៍មួយដាច់ដោយឡែក កងយោធាស.រ.អា.កំពុងស្ទង់ប៉ាន់មើលការចោទប្រកាន់ទីបីលើពួកគេ ដែលថាមានពួកជនស៊ីវិលស្លាប់នៅក្នុងការវាយប្រហារតាមអាកាសមួយដោយក្រុមចម្រុះនៅជិតក្រុង Manbij៕