ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិទ្ធិមនុស្ស បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា គួរមានការឆ្លើយតបជាក់លាក់ជាបណ្តើរៗ ទៅនឹងសំណើរបស់សហភាពអឺរ៉ុប ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិលយ៉ាងដូច្នេះធ្វើឡើង បន្ទាប់ពីសហភាពអឺរ៉ុប បានឲ្យដឹងពីក្ដីសង្ឃឹមរបស់ខ្លួនកាលពីពេលថ្មីៗនេះថា នឹងឃើញការវិវត្តជាក់លាក់ និងប្រកបដោយចីរភាពនូវរាល់ក្ដីកង្វល់ទាំងអស់ដែលមាននៅក្រោមក្របខណ្ឌនៃកម្មវិធី «រាល់មុខទំនិញលើកលែងតែសព្វាវុធ» ឬ Everything But Arms (EBA)។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រាប់ VOA នៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលកម្ពុជាអាចផ្ដើមការឆ្លើយតបទៅនឹងអ្វីដែលសហភាពអឺរ៉ុបចង់បាន ដែលលោកបានសំដៅទៅដល់សេរីភាពរបស់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងត្រូវបានដាក់ឲ្យជាប់ឃុំក្នុងផ្ទះនោះ។
«ខ្ញុំគ្រាន់តែយល់ឃើញថា EU ប្រហែលជាគេចង់មើលឃើញ ការដោះលែងនៃមេដឹកនាំគណបក្សប្រឆាំង ហើយនិងការឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញនូវការហាមឃាត់របស់គណបក្សនយោបាយ ទោះបីជារដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់ ហើយបានឲ្យអ្នកដែលជាប់បម្រាមក្នុងការធ្វើនយោបាយហ្នឹងដាក់ស្នើសុំ ដើម្បីធ្វើសិទ្ធិនយោបាយឡើងវិញ ក៏ប៉ុន្តែអានេះ វាមិនមែនជាចំណុចមួយ ដែលសហគមន៍អឺរ៉ុបចង់បាន»។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា អង្គការសង់ត្រាល់ (Central) យល់ថា រដ្ឋាភិបាលកម្ពុជានៅមិនទាន់មានការឆ្លើយតបជាដុំកំភួន ជុំវិញការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញនៅឡើយ បន្ទាប់ពីសហភាពអឺរ៉ុបប្រកាសផ្ដើមដំណើរការដែលអាចឈានដល់ការព្យួរកម្ពុជាជាបណ្ដោះអាសន្នពីឋានៈអនុគ្រោះពន្ធ EBA នេះ។
មន្ត្រីការពារសិទ្ធិការងាររូបនេះ ផ្ដល់ការកត់សម្គាល់ថា សហភាពអឺរ៉ុប ទំនងជាចង់បានការរស់រានមានជីវិតរបស់គណបក្សសង្គ្រោះជាតិ និងការផ្ដល់តំណែងដល់ក្រុមមន្ត្រីគណបក្សប្រឆាំងដែលបានឈ្នះកៅអីនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧។
«ចំណុចដែលសំខាន់ ដែលជាគន្លឹះនៅក្នុងការដោះស្រាយវិបត្តិនយោបាយនៅក្នុងពេលបច្ចុប្បន្នហ្នឹង គឺទាក់ទងទៅនឹងការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យហ្នឹង ទាក់ទងនឹងគណបក្សប្រឆាំងហ្នឹង ដែលជាចំណុចមួយ ដែល EU មើលឃើញថា មិនទាន់មានការ រាជរដ្ឋាភិបាលមិនទាន់បានធ្វើអីមួយ នៅក្នុងការធានាថា លទ្ធិប្រជាធិបតេយ្យ គណបក្សប្រឆាំងហ្នឹងអាចមានវត្តមាននៅក្នុងដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាហ្នឹង។ អាហ្នឹង យើងអត់ឃើញមាន យើងគ្រាន់តែឃើញតែការបើកផ្លូវឲ្យគណបក្សប្រឆាំងហ្នឹងសុំសិទ្ធិនយោបាយឡើងវិញ។ ចំណុចមួយហ្នឹង យើងឃើញថា មានការវិវត្តតិចតួចទាក់ទងមកដល់បច្ចុប្បន្នហ្នឹង»។
លោកបានបន្ថែមថា ការផ្ដល់តំណែងដល់ក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលកាលពីឆ្នាំ ២០១៧ នោះ គឺជាចំណុចស្មុគស្មាញមួយសម្រាប់គណបក្សកាន់អំណាចដែលត្រូវដោះស្រាយ ខណៈដែលចំណុចដដែលនេះ គឺជាអ្វីដែលសហគមន៍អឺរ៉ុបចង់បានជាទីបំផុត បន្ថែមលើការស្តារលំហសេរីភាពក្រុមសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការពង្រឹងការគោរពសិទ្ធិមូលដ្ឋានជាច្រើនទៀត។
កាលពីសប្ដាហ៍មុន ប្រតិភូសហភាពអឺរ៉ុបដឹកនាំដោយអ្នកស្រី Paola Pampaloni នាយកគ្រប់គ្រងទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនៃអគ្គនាយកដ្ឋានកិច្ចការបរទេសរបស់គណៈកម្មការអឺរ៉ុប បានមកដល់ប្រទេសកម្ពុជា ហើយបានពិភាក្សា ក្រោមក្របខណ្ឌ EBA ជាមួយក្រុមរដ្ឋមន្ត្រីសំខាន់ៗមួយចំនួនរបស់កម្ពុជា រួមមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការបរទេស។
ក្រោយការបញ្ចប់ទស្សនកិច្ចនៅកម្ពុជា សហភាពអឺរ៉ុប បានចេញសេចក្ដីប្រកាសមួយ ដោយបានបង្ហាញក្ដីសង្ឃឹមថានឹងមានការវិវត្តទៅមុខ «ជាក់លាក់និងប្រកបដោយចីរភាព» ដោយរដ្ឋាភិបាលកម្ពុជានឹងដោះស្រាយជា «បន្ទាន់» រាល់ក្តីកង្វល់របស់ខ្លួនពាក់ព័ន្ធនឹងការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
VOA ព្យាយាមសុំការអធិប្បាយពីក្រុមមន្ត្រីនាំពាក្យក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងក្រសួងពាណិជ្ជកម្ម តែនៅមិនទាន់អាចទាក់ទងបាននៅឡើយតាំងពីថ្ងៃចន្ទ មកដល់ថ្ងៃអង្គារនេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល មិនមានព័ត៌មានលម្អិតទាក់ទិនការពិភាក្សាអំពីប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA ដោយលោកថា ក្រសួងការបរទេសជាអ្នកទទួលបន្ទុកសម្របសម្រួលបញ្ហា EBA នេះ។
«បញ្ហា EBA គឺក្រសួងការបរទេសអ្នកទទួលបន្ទុកនៅក្នុងសាច់រឿងហ្នឹងនោះណ៎ា! ហើយគេបានរៀបចំអន្តរក្រសួង ក្នុងការជជែកគ្នាពីចំណុចនីមួយៗទាំងអស់។ ពូអត់ទាន់បានដឹងមិនទាន់ទទួលបាន អ្វីទៅដែលជារបាយការណ៍ពីក្រសួងការបរទេសនៅឡើយទេ»។
ពាក់ព័ន្ធទៅនឹងបញ្ហា EBA ដដែលនេះ សភាពាណិជ្ជកម្មកម្ពុជា និងតំណាងខាងវិស័យឯកជនផ្សេងទៀត មានទាំងខាងសភាពាណិជ្ជកម្មសហភាពអឺរ៉ុប អ្នកផលិតសំលៀកបំពាក់នៅកម្ពុជា ឬ GMAC និងសហជីព បានលើកឡើងពីក្ដីកង្វល់ចំពោះផលប៉ះពាល់ ដែលអាចកើតមានមកលើសេដ្ឋកិច្ចនៃប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
ពួកគេបានលើកឡើងនៅក្នុងលិខិតមួយផ្ញើជូនអ្នកស្រី Cecilia Malmstrom រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប កាលពីខែមករា ឆ្នាំ ២០១៩ ថា ទោះបីសហភាពអឺរ៉ុបមិនទាន់ផ្ដល់សេចក្ដីសន្និដ្ឋានចុងក្រោយថា នឹងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាក៏ដោយ ក៏«ផលវិបាកជាច្រើននៃការសម្រេចចិត្តនេះនឹងបង្កការខូចខាតខាងសេដ្ឋកិច្ចធ្ងន់ធ្ងរមកលើប្រទេសកម្ពុជា»។
ក៏ប៉ុន្តែមេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពេលមានវត្តមានប្រតិភូសហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជាកាលពីសប្ដាហ៍មុនថា កម្ពុជាមិនស្លាប់នោះទេ បើអត់ EBA ហើយកម្ពុជាក៏មិនអាចក្លាយជាប្រទេសអ្នកមាននោះដែរ បើកម្ពុជានៅបន្តបាន EBA នោះ។
លោក ហ៊ុន សែន លើកឡើងថា កម្ពុជាត្រូវរស់ដោយខ្លួនឯង ដើម្បីការពារឯករាជ្យភាពរបស់ខ្លួន។
កាលពីថ្ងៃចន្ទលោក ហ៊ុន សែន ក៏បានប្រកាសជាសាធារណៈជាថ្មីទៀតថា លោកនឹងមិនដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ពីការឃុំឃាំងក្នុងផ្ទះនោះទេ ដោយចោទថា លោក កឹម សុខា បានហាមឃាត់មិនឱ្យមន្ត្រីបក្សប្រឆាំងផ្សេងទៀត សុំសិទ្ធិធ្វើនយោបាយឡើងវិញ៕