សង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាលពន្លឿនការស៊ើបអង្កេតដោយតម្លាភាព និងអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់លើករណីបាក់រលំអគារទាំងនៅខេត្តព្រះសីហនុ និងខេត្តកែប ដែលសរុបទាំងពីរលើកនេះ បណ្តាលឲ្យមនុស្សចំនួន៦៤នាក់ស្លាប់។
ក្នុងរយៈពេលជាង៦ខែចុងក្រោយនេះ មានករណីបាក់អគារដែលកំពុងសាងសង់ចំនួនពីរ មួយស្ថិតក្នុងខេត្តព្រះសីហនុ កាលពីខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យមនុស្សចំនួន២៨នាក់ស្លាប់ និង២៦នាក់របួស។ ករណីបាក់អគារនៅខេត្តកែប កាលពីថ្ងៃសុក្រ បានបណ្តាលឲ្យមនុស្សចំនួន៣៦នាក់ស្លាប់ និង២៣នាក់រងរបួស។
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើ ប្រាប់ VOA ថា អាជ្ញាធរគឺជាអ្នកមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យលើការសាងសង់ ហើយអនុវត្តច្បាប់លើករណីមិនប្រក្រតីណាមួយ។
លោកបន្តថា រដ្ឋាភិបាលត្រូវធានាថា ការត្រួតពិនិត្យគុណភាពអគារ ត្រូវធ្វើឡើងឲ្យបានត្រឹមត្រូវ និងហ្មត់ចត់៖ «ប្រសិនបើគុណភាពហ្នឹងវាមិនតាមស្តង់ដារទេ ហេតុអីឈានទៅដល់ការសាងសង់ដល់ទៅប្រាំមួយប្រាំពីរជាន់។អាហ្នឹងយើងវិភាគខ្លួនយើងអញ្ចឹង។ ខ្ញុំមិនហ៊ានចោទភាគីខាងណាពុករលួយ ឬមិនពុករលួយទេ»។
ចំណែកលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលើកឡើងថា មានកត្តាដែលគួរឲ្យសង្ស័យជាច្រើន ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការអនុញ្ញាតឲ្យសំណង់មិនមានច្បាប់ជាច្រើនអាចសាងសង់និងបន្តការសាងសង់បាន។ លោកបន្តថា ថ្នាក់ដឹកនាំរដ្ឋាភិបាលត្រូវរឹតបន្តឹងច្បាប់ឲ្យបានម៉ឺងម៉ាត់ដើម្បីធានាថា ករណីបាក់អគារនឹងមិនកើតមាននៅកម្ពុជាតទៅទៀត៖
«សំណង់ដែលបានសាងសង់នៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះគឺមានច្រើនអគារមែនទែន ទាំងនៅភ្នំពេញនិងបណ្តាខេត្តនានា។ អញ្ចឹងសំណួរសួរថា តើករណីបែបហ្នឹងអាចនឹងកើតមានពេលណា នៅទីកន្លែងណាទៀត? ហើយបើសិនជាយើងទប់ស្កាត់កុំឲ្យកើតមានលើកទីបីទៀត តើត្រូវធ្វើអីខ្លះ? កិច្ចការនេះត្រូវទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់និងមានការទទួលខុសត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត»។
ក្រោយការបាក់រលំអគារក្នុងខេត្តទាំងពីរ គេឃើញមន្រ្តីសង្គមស៊ីវិលនិងអ្នកប្រើបណ្តាញសង្គមមួយចំនួន បានជំរុញឲ្យមានការស្វែងរកមន្រ្តីដែលអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការអនុញ្ញាតឲ្យមានការសាងសង់ ព្រមទាំងជំរុញឲ្យមានការដកតំណែងមន្រ្តីជាន់ខ្ពស់ដែលជាថ្នាក់ដឹកនាំខេត្តមួយចំនួនផង។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់លទ្ធផលនៃការស៊ើបអង្កេតថា មានមន្រ្តីណាម្នាក់ពាក់ព័ន្ធនឹងការរលំបាក់អគារទាំងពីរនៅឡើយ។
កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ក្រោយករណីបាក់អគារនៅក្នុងខេត្តកែប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើសន្និសីទសារព័ត៌មាននៅទីនោះ ដោយប្រកាសថា ករណីនៃការបាក់អគារនៅខេត្តកែប មិនមានមន្រ្តីរូបណាមានកំហុស ដើម្បីទទួលខុសត្រូវនោះទេ។ លោកបន្តថា មេការដែលបានស្លាប់ក្នុងគំនរអគារទើបជាអ្នកមានកំហុសត្រូវទទួលខុសត្រូវ ដោយសារការចាក់ប្លង់សេមិនត្រឹមត្រូវតាមស្តង់ដារ និងសាងសង់ខុសពីប្លង់។
«ខ្ញុំអាចបញ្ជាក់បានថា អត់មានការដកចៅហ្វាយខេត្ត ឬក៏អនុខេត្តទេ។ អាហ្នឹងនិយាយគ្នាឲ្យច្បាស់ទៅលើកន្លែងហ្នឹង កុំឲ្យមានការសង្ស័យ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា សម្រាប់ករណីបាក់អគារក្នុងខេត្តព្រះសីហនុកាលពីជាង៦ខែមុន ក៏មិនមានមន្រ្តីណាម្នាក់ត្រូវបានដកតំណែងនោះដែរ។ ទោះយ៉ាងណាគេឃើញលោក យន្ត មីន ដែលជាអតីតអភិបាលខេត្តព្រះសីហនុ បានលាលែងតំណែងនាពេលនោះ ប៉ុន្តែលោក ហ៊ុន សែន បានតែងតាំងលោកឲ្យមានតំណែងខ្ពស់ជាងមុន។
គណៈកម្មការមួយត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេតករណីបាក់អគារនៅក្នុងខេត្តកែប។ ម្ចាស់អគារដែលជាប្តីប្រពន្ធជនជាតិខ្មែរពីរនាក់ត្រូវបញ្ជូនទៅតុលាការខេត្តកំពត ដោយសារខេត្តកែបមិនមានតុលាការ។
លោក ម៉ាន់ បូរ៉េត អ្នកនាំពាក្យសាលាដំបូងខេត្តកំពត ប្រាប់យ៉ាងខ្លីថា តុលាការបានទទួលសំណុំរឿងនិងការបញ្ជូនខ្លួនម្ចាស់សំណង់ទាំងពីរមកតុលាការរួចហើយ។
ចំណែកការបាក់អគារនៅខេត្តព្រះសីហនុកាលពីខែមិថុនា មិនទាន់មានការបង្ហាញលទ្ធផលនៃការស៊ើបអង្កេតនៅឡើយ រហូតមកដល់ពេលនេះ។
លោក ឡៅ ទិព្វសីហា ប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ ទទួលទូរស័ព្ទរបស់ VOA តែលោកនិយាយថា ស្តាប់មិនបានជាច្រើនដង។
ចំណែកលោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ប្រាប់ VOA នៅព្រឹកថ្ងៃច័ន្ទនេះថា ក្រសួងកំពុងបើកកិច្ចប្រជុំសំខាន់ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើករណីបាក់អគារនៅខេត្តព្រះសីហនុនេះ ប៉ុន្តែលោកថា ឲ្យរង់ចាំមើលការផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួង។
ករណីបាក់អគារនៅខេត្តព្រះសីហនុដែលមានម្ចាស់ជាជនជាតិចិន សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ ដែលម្នាក់ជាវិនិយោគិនលើគម្រោងអគារដែលបាក់រលំ ម្នាក់ជាថៅកែម៉ៅការសំណង់ ម្នាក់ជាអ្នកមើលការខុសត្រូវក្នុងការដ្ឋាននិងម្នាក់ទៀតជាជាងសំណង់ ដោយចោទប្រកាន់ពីបទល្មើសផ្សេងៗគ្នា។
VOA មិនអាចទាក់ទងលោក ហួត វិចិត្រ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ ដើម្បីសុំការអត្ថាធិប្បាយបាននៅឡើយ។
លោក ស្រេង វ៉ាន់លី មន្រ្តីសម្របសម្រួលអង្គការលីកាដូ ប្រចាំខេត្តព្រះសីហនុលើកឡើងថា ក្រោយករណីបាក់អគារក្នុងខេត្តព្រះសីហនុ លោកមិនទាន់ទទួលបានព័ត៌មានពាក់ព័ន្ធនឹងសវនាការរបស់តុលាការនៅឡើយទេ។ លោកបន្តថា សម្រាប់ការស៊ើបអង្កេតរបស់គណៈកម្មការក្រសួងលើការបាក់អគារ ក៏មិនទាន់ទទួលបានព័ត៌មានអ្វីនៅឡើយ។
លោក ព្រាប កុល នៃអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថា ការស៊ើបអង្កេតលើករណីបាក់រលំអគារនៅខេត្តព្រះសីហនុរហូតដល់ទៅជាង៦ខែ តែមិនទាន់មានលទ្ធផល គឺជាការអូសបន្លាយរយៈពេលយូរខ្លាំង ដែលលោកថា អាជ្ញាធរគួរពន្លឿនការដោះស្រាយដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនិងស្វែងរកការពិតដើម្បីចាត់វិធានការលើមន្រ្តីពាក់ព័ន្ធ និងទប់ស្កាត់ករណីសំណង់ឥតច្បាប់ផ្សេងទៀត។
កាលពីចុងខែធ្នូ ឆ្នាំ២០១៩ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងថា ក្នុងខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ មានសំណង់ឥតច្បាប់ច្រើនជាងសំណង់មានច្បាប់។ ទោះយ៉ាងណាលោកមិនបានបញ្ជាក់ថា តើសំណង់ទាំងនោះមានចំនួនប៉ុន្មាននោះទេ ប៉ុន្តែលោកបានប្រកាសថា នឹងចាត់វិធានការផ្លូវច្បាប់លើម្ចាស់សំណង់ឥតច្បាប់ទាំងនោះ។
«គួរឲ្យខ្មាសអៀន សំណង់នៅខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ សំណង់មានច្បាប់តិច សំណង់ឥតច្បាប់មានច្រើនហួសប្រមាណ។ សំណង់នេះ ត្រូវតែមានការយកចិត្តទុកដាក់»។
របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយកាលពីខែសីហា ឆ្នាំ២០១៨ ស្តីពី«ឆ្ពោះទៅសម្រេចសក្តានុពលនគរូបនីយកម្ម» បញ្ជាក់ថា ប្រទេសកម្ពុជាបានប្រឈមនឹង «គុណភាពអន់ថយនៃសំណង់លំនៅដ្ឋាន និងកង្វះហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានក្នុងទីប្រជុំជន»។
របាយការណ៍បានបន្ថែមថា ការផ្តល់ការអនុញ្ញាតឲ្យធ្វើសំណង់នៅតែជាបញ្ហាដោយសារគោលការណ៍«សង់ជាមុន ផ្តល់អាជ្ញាបណ្ណតាមក្រោយ»៕