ក្រុមគ្រួសារដែលបាត់បង់សាច់ញាតិច្រើននៅក្នុងគ្រោះថ្នាក់បាក់អគារនៅខេត្តកែប បង្ហាញក្តីសោកសង្រេងដែលសមាជិកគ្រួសារបានស្លាប់ និងរងរបួស ក្នុងនោះមានក្មេងៗតូចៗ ដែលអ្នកខ្លះមានអាយុទើបតែ៣ខែ និង៨ខែប៉ុណ្ណោះ។
ប្រតិបត្តិការជួយសង្រ្គោះមនុស្សពីគំនរអគារបាក់ក្នុងខេត្តកែបកាលពីថ្ងៃសុក្របានបញ្ចប់នៅរសៀលថ្ងៃត្រង់ ថ្ងៃអាទិត្យ ដែលចំណាយពេលប្រហែល៤៣ម៉ោង។ ការបាក់អគារនេះបណ្តាលឲ្យមនុស្ស៣៦នាក់ស្លាប់ ក្នុងនោះមានក្មេង និងស្ត្រីមានផ្ទៃពោះផងដែរ។
លោក សៀង ផាន អាយុ៤០ឆ្នាំ បានរួមដំណើរជាមួយម្តាយ ដើម្បីទទួលសពគ្រួសារចំនួន៤នាក់នៅមន្ទីរពេទ្យបង្អែកខេត្តកែប យកទៅធ្វើបុណ្យនៅខេត្តបាត់ដំបង។ សពនោះមានប្អូនប្រុសរបស់លោក ឈ្មោះ សៀង សឿន អាយុ ៣០ឆ្នាំ ប្អូនថ្លៃដែលជាភរិយារបស់លោក សៀង សឿន គឺអ្នកនាង រចនា ថារី អាយុ២២ឆ្នាំ និងកូនស្រីរបស់ពួកគេ សឿន ស្រីណា អាយុ៣ខែ និងកូនប្រុស ឈ្មោះ សឿន វិច្ឆ័យ អាយុ៩ឆ្នាំ។
លោកបានថ្លែងប្រាប់ VOA ពេលរៀបចំទទួលសពរបស់សាច់ញាតិទៅស្រុកកំណើតក្នុងខេត្តបាត់ដំបងថា៖ «ប្អូនប្រុសទទួលមរណភាពដោយឧបទ្ទវហេតុ ដោយសារការរលំអគារហើយ។ មានការសោកស្តាយជាខ្លាំង តែបើកម្មរបស់ប្អូនត្រូវទទួល»។
អ្នកស្រី សៀង ផាត់ អាយុ៦១ឆ្នាំ ជាម្តាយជនរងគ្រោះ ឈ្មោះ សៀង សឿន ដែលបានស្លាប់ មានប្រសាសន៍ពេលអង្គុយក្បែររថយន្តដឹកសពថា កូនប្រុសរបស់អ្នកស្រី បាននាំភរិយាមកធ្វើការនៅខេត្តកែបនេះ បានប្រហែលបីខែហើយ ដោយមានកូនពីរនាក់មកនៅជាមួយផង ហើយពួកគេបានស្លាប់។
អ្នកស្រីបានថ្លែងថា៖ «មានអារម្មណ៍ថា ស្តាយ សោកស្តាយ ដែលកូនអាយុខ្លី»។
ក្រៅពីពួកគេ មានក្រុមគ្រួសារផ្សេងទៀត ក៏កំពុងរៀបចំទទួលសាកសព ដឹកទៅស្រុកកំណើតរបស់ពួកគេផងដែរ។
លោក ជ័យ ភៀង អាយុ៥១ឆ្នាំ មកពីស្រុករមាសហែក ខេត្តស្វាយរៀងបានបាត់បង់ប្អូនស្រី ២នាក់ ក្មួយម្នាក់ អាយុប្រហែល ១ឆ្នាំ និងចៅម្នាក់។
លោកមានប្រសាន៍ថា៖ «អារម្មណ៍នឹកក្មួយចង់ងាប់ហើយ។ មិនដឹងធ្វើយ៉ាងម៉េច ចេះកាត់ចិត្តកាត់ថ្លើមទៅ។ គ្នាមិនទាន់ដឹងអីផង មិនទាន់ចេះស៊ីផង ងាប់ទៅវិញ»។
បើតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកខេត្តកែប ដែល VOA ទទួលបាន ក្មេងមានចំនួន ៦នាក់ ដែលបានស្លាប់ ក្នុងនោះមានអាយុ៣ខែ ៨ខែ ១ឆ្នាំ ៤ឆ្នាំ ៨ឆ្នាំ ៩ឆ្នាំ និង១០ឆ្នាំ។
ចំណែកអ្នកស្រី ឈន ផល្លី អាយុ៣៦ឆ្នាំ ទើបតែមកធ្វើការនៅទីនេះ បានមួយសប្តាហ៍ប៉ុណ្ណោះ។ អ្នកស្រីថា គ្រោងឈប់ធ្វើការ និងត្រឡប់ទៅផ្ទះវិញនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃអាទិត្យនេះ។ ប៉ុន្តែគ្រោះថ្នាក់បានកើតរួចទៅហើយ។ អ្នកស្រីដែលជាជនរងគ្រោះចុងក្រោយដែលត្រូវបានជួយសង្រ្គោះ និងរស់រានមានជីវិត ក្រោយជាប់ក្នុងគំនរថ្មនៅបាតខាងក្រោមជាង៤០ម៉ោងបានថ្លែងថា៖ «ដល់ពេលដួលត្រូវដំបូង ខ្ញុំអត់ដឹង។ ដល់ពេលខ្ញុំភ្ញាក់ឡើងងងឹត ខ្ញុំថា អគារនេះបាក់ហើយហ្នឹង។ ប្អូនខ្ញុំវានៅកៀន។ ហើយម្នាក់ទៀតនៅកៀនខ្ញុំដែរ ហើយខ្ញុំនៅកណ្តាល វាមានប្រហោង»។
អ្នកស្រីបានបាត់បង់កូនប្រុសម្នាក់ ប្អូនប្រុសម្នាក់ និងប្អូនស្រីម្នាក់ ខណៈស្វាមីក៏រងរបួសផងដែរ។
អ្នកស្រីបន្តថា ដោយសារបញ្ហាបាក់អគារនៅខេត្តព្រះសីហនុ កាលពីខែមិថុនា ឆ្នាំមុន អ្នកស្រីមានការព្រួយបារម្ភ ពេលប្អូនប្រុសឈ្មោះ ផ្លយ បបួលអ្នកស្រីមកធ្វើការនៅខេត្តកែប ពេលដែលអ្នកស្រីត្រឡប់ពីធ្វើការសំណង់នៅប្រទេសថៃ។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំអត់ហ៊ានចង់មកដែរ។ ខ្ញុំថា អញអត់ហ៊ានទៅទេអាផ្លយអើយ ខ្លាចបាក់។ វាថាបាក់អី គេធ្វើយ៉ាងមាំៗហើយ។ ខ្ញុំនឹកឃើញមក មកឃើញមាំរបស់គេមែន ប៉ុន្តែមិនដឹងថា មូលហេតុអីទេ (បានបាក់)»។
ចំណែកកុមារាម្នាក់ ឈ្មោះ គៀង ស្នា អាយុ១៤ឆ្នាំ រស់នៅម្តុំកន្លែងបាក់អគារ ជាមិត្តភក្តិរបស់កុមារា ៣នាក់ ដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុបាក់រលំអគារនះ។ កុមារារូបនេះបានជិះកង់ទៅមកក្បែរៗកាតាបរបស់មិត្តភក្តិរបស់គេ ដែលត្រូវបានប្រមូលពីគំនរអគារបាក់ មកគរទុកនៅខាងក្រៅ។ នោះគឺជាកាតាបរបស់ កុមារា លី គីមឆាយ អាយុ៨ឆ្នាំ ដែលបានស្លាប់។
គៀង ស្នា បានប្រាប់ VOA ថា គេមានអារម្មណ៍ថានឹកមិត្តភក្តិរបស់គេ ដែលទើបបានស្គាល់គ្នាជាង៣ខែ និងតែងតែលេងបាល់ទាត់ជាក្រុម៤នាក់ ជាមួយគ្នា។
ស្នាបាននិយាយថា៖ «អារម្មណ៍មិនដឹងទៅណាអស់ហើយ ព្រោះអីមិត្តភក្តិធ្លាប់លេងជាមួយគ្នា។ ដល់អត់មានមិត្តភក្តិអត់ដឹងគិតម៉េច...នឹក»។
កាលពីខែកក្កដា ឆ្នាំ២០១៩ ក្រោយការបាក់អគារនៅក្នុងខេត្តព្រះសីហនុ សម្លាប់មនុស្ស ២៨នាក់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់បានដាក់វិធានការដល់ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ទាំងអស់ក្នុងប្រទេសកម្ពុជាថា មិនត្រូវអនុញ្ញាតឲ្យកម្មករស្នាក់នៅក្នុងអគារដែលកំពុងសាងសង់នោះទេ។ ប៉ុន្តែនៅក្នុងសំណង់អគារដែលបាក់នៅខេត្តកែបនេះ មានកម្មករ និងក្មេងៗដែលជាកូនរបស់កម្មករបានស្នាក់នៅក្នុងនោះ។
លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីនៃអង្គការការពារសិទ្ធិពលករ ហៅកាត់ថា សង់ត្រាល់ដែលបានពិនិត្យមើលប្រតិបត្តិការជួយសង្រ្គោះអ្នកជាប់ក្នុងគំនរអគារ បានថ្លែងប្រាប់ VOA ថា ម្ចាស់សំណង់ត្រូវតែពិចារណាអំពីការឲ្យមានផ្ទះសម្រាប់គ្រួសារកម្មករស្នាក់នៅ ដើម្បីកាត់បន្ថយហានិភ័យដល់កុមារ និងស្ត្រីដែលជាក្រុមគ្រួសារកម្មករ។
លោកមានប្រសាសន៍ថា៖ «ចំណុចដែលយើងគួរមានការកែសម្រួល ដើម្បីជាប្រយោជន៍នៃប្រជាពលរដ្ឋរបស់យើងបន្តទៀតគឺថា កន្លែងសំណង់គួរតែមានកន្លែងស្នាក់នៅរបស់កម្មករផង ព្រោះថា ក្នុងហ្នឹងយើងឃើញថា មានទាំងស្ត្រីមានផ្ទៃពោះ មានទាំងកុមារផងដែលស្ថិតនៅក្នុងអគារ។ បើសិនបើកុមារ និងស្រ្តីមានកន្លែងស្នាក់នៅ ប្រហែលជាគាត់មិនរងអំពីការបាក់អគារហ្នឹងទេ។ យើងឃើញថា ក្នុងសំណង់នេះអត់មានកន្លែងស្នាក់នៅសម្រាប់កម្មករស្នាក់នៅទេ»។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបិទប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះក្នុងអគារបាក់នៅខេត្តកែបថា ពុំមានថ្នាក់ដឹកនាំខេត្តណាម្នាក់ នឹងត្រូវដកចេញពីតំណែង ឬលាឈប់ពីតំណែងឡើយ។
លោកហ៊ុន សែនបានថ្លែងថា មានកំហុសឆ្គងមួយចំនួនក្នុងការសាងសង់អគារមួយនេះ។
លោកមានប្រសាសន៍ថា៖ «យើងទទួលស្គាល់ចំណុចខ្វះខាតនៅទីនេះ។ គ្រាន់តែយើងសិក្សាជាបឋម យើងឃើញមានចំណុចខ្វះខាតពីរួចទៅហើយ។ តែខ្ញុំមិនសន្និដ្ឋានជំនួសអ្នកបច្ចេកទេសទេ។ ទី១ គឺផ្នែកខាងគូសប្លង់ ផ្នែកទំហំប៉ុណ្ណេះៗៗ តាក់តែងខុស។ បានន័យថាដែកតូចជាង កម្រិតបច្ចេកទេសដែលគេផ្តល់។ កំហុសទី២ គឺកំហុសទាក់ទិន នឹងបញ្ហាប្លង់សេ។ គេត្រូវការ២៨ថ្ងៃ ទើបអាចដកក្តារពុម្ពបាន។ ក៏ប៉ុន្តែតាមដែលយើងទទួលព័ត៌មានបាន គឺមិនដល់១០ថ្ងៃទេ ដែលគាត់ដកក្តារពុម្ពហ្នឹងចេញតែម្តង ដើម្បីឈានឡើងទៅចាក់អាលើទៀត»។
ចំណែកជនរងគ្រោះរស់រានមានជីវិតពីការបាក់អគារបានអះអាងប្រាប់ VOA ថា ការផ្ទុកលើសទម្ងន់ ការសាងសង់ប្លង់សេបន្ថែមនៅផ្នែកខាងលើ និងការស្ថាបនាអគារនៅទីទួលខ្ពស់ ជិតជើងភ្នំ ជាមូលហេតុធ្វើឲ្យអគារបាក់។
ភ្លាមៗក្រោយពីអគារបាក់សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់អគារ ឈ្មោះ ឯក សារុន និងភរិយារបស់លោកឈ្មោះ ឈីវ សុធី។
របាយការណ៍របស់ក្រុមធនាគារពិភពលោកចេញផ្សាយកាលពីខែសីហា ឆ្នាំ២០១៨ ដែលនិយាយអំពី«ឆ្ពោះទៅសម្រេចសក្តានុពលនគរូបនីយកម្ម» បានបញ្ជាក់ថាប្រទេសកម្ពុជា បានប្រឈមនឹង «គុណភាពអន់ថយនៃសំណង់លំនៅដ្ឋាន និងកង្វះហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានក្នុងទីប្រជុំជន»។ របាយការណ៍បានបញ្ជាក់បន្ថែមថា ការផ្តល់ការអនុញ្ញាតឲ្យធ្វើសំណង់នៅតែជាបញ្ហាត្រង់ថា «សង់សិន អាជ្ញាបណ្ណតាមក្រោយ»។
គួរបញ្ជាក់ថា ការបាក់អគារដែលបណ្តាលឲ្យមនុស្សស្លាប់ច្រើនលើកទីពីរនេះបានធ្វើឲ្យកម្មករដែលធ្វើការសំណង់ និងប្រជាពលរដ្ឋទូទៅ កាន់តែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគុណភាពសំណង់នៅប្រទេសកម្ពុជា៕