អង្គការសង្គមស៊ីវិលចំនួនពីរ បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ការិយាល័យភាពអនុលោមទីប្រឹក្សាដោះស្រាយវិវាទនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ហៅកាត់ថា IFC បានទទួលពាក្យបណ្តឹង និងបន្តដំណើរការការពិនិត្យមើលបណ្តឹងចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្ស និងការរំលោភលើបទដ្ឋានអនុវត្តស្តង់ដារបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការសមធម៌កម្ពុជា និងអង្គការការពារសិទ្ធិមនុស្សលីកាដូ ការរំលោភបំពានជុំវិញកម្ចីឥណទានខ្នាតតូច ត្រូវបានប្រព្រឹត្តដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារចំនួនប្រាំមួយ ដែលផ្តល់កម្ចីឥណទានខ្នាតតូចនៅក្នុងប្រទេសកម្ពុជា។
ស្ថាប័នហិញ្ញវត្ថុទាំងនោះ រួមមាន ធនាគារអេស៊ីលីដា ធនាហត្ថា ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលរួមគ្នាកាន់កាប់ប្រមាណ៧៥ភាគរយ នៃកម្ចីឥណទានខា្នតតូចនៅក្នុងប្រទេសកម្ពុជាទាំងមូល។ នេះបើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារទី៣ ខែឧសភានេះ។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ក្រោយទទួលបានពាក្យបណ្តឹងនេះសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនឹងបន្តនីតិវិធីដោះស្រាយបណ្តឹងរបស់អតិថិជន ពាក់ព័ន្ធនឹងការរំលោភបំពានផ្សេងៗក្នុងការខ្ចីបុលនោះ។ លោកនិយាយថា៖
«យើងរង់ចាំមើលដំណើរការនីតិវិធី តើដំណើរការនីតិវិធីរបស់ស្ថាប័នឃ្លាំមើលសាជីវកម្មអន្តរជាតិនេះ មានវិធានការ និងនីតិវិធីក្នុងការដោះស្រាយ បណ្តឹងរបស់អតិថិជនហ្នឹងយ៉ាងម៉េច។ អ៊ីចឹង យើងជាអង្គការសង្គមស៊ីវិលទាំងពីរនេះ គ្រាន់តែជាការជួយទៅលើអតិថិជនដែលគាត់មិនដឹងថា មានការប្តឹងតាមនីតិវិធីឬក៏ទៅស្ថាប័នណាប៉ុណ្ណោះ»។
បើតាមលោក អំ សំអាត សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាស្ថាប័នឃ្លាំមើលដំណើរការផ្តល់កម្ចីទូទាំងសាកលលោក គឺជាសមាជិកមួយរបស់ធនាគារពិភពលោក។ សាវជីកម្មនេះក៏ជាស្ថាប័នផ្តល់ប្រាក់កម្ចីដល់ធនាគារ និងគ្រឹះស្ថាប័នមីក្រូហិរញ្ញវត្ថុនៅក្នុងពិភពលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។
សេចក្តីថ្លែងការណ៍របស់អង្គការសមធម៌កម្ពុជា និងអង្គការការពារសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងទៀតថា ស្ថាប័នទាំងប្រាំមួយខាងលើទទួលបានការអនុម័តទឹកប្រាក់ច្រើនជាង៤០០លានដុល្លារ ពីមូលនិធិសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ នៅរយៈពេលប្រាំឆ្នាំចុងក្រោយនេះ រួមមានកម្ចីឥណទានដោយផ្ទាល់ កម្ចីបញ្ចូលគ្នា កម្ចីឥណទាន និងការវិនិយោគផ្អែកលើសមភាពពីមូលនិធិដែលគាំទ្រដោយសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ៕