អ្នកការពារសិទ្ធិមនុស្សនិងអ្នកឃ្លាំមើលសង្គមមួយចំនួនជំរុញឲ្យសាលាឧទ្ធរណ៍បើកការជំនុំជម្រះក្តីក្តាំរបស់លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសពីបទសន្ទិដ្ឋិភាពជាមួយបរទេសឬអំពើក្បត់ជាតិ កាលពីពីរឆ្នាំមុន។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃចន្ទថា សវនាការរឿងក្តីលោក កឹម សុខា បានឈានដល់ដំណាក់កាលនៃការធ្វើសេចក្តីសន្និដ្ឋានរបស់ភាគីអយ្យការនិងមេធាវី បន្ទាប់ពីបានបើកសវនាការអស់ជាច្រើនលើក។ ក៏ប៉ុន្តែ នីតិវិធីបន្តដែលនឹងឈានដល់ការប្រកាសសាលក្រមត្រូវបានពន្យារពេលជាបន្តបន្ទាប់។
បើតាមលោក អំ សំអាត ការអូសបន្លាយពេលនេះនាំឲ្យប៉ះពាល់ដល់សិទ្ធិរបស់លោក កឹម សុខា នៅក្នុងការទទួលបានការកាត់សេចក្តីដែលមានភាពយុត្តិធម៌ ហើយអ្នកនយោបាយជំទាស់ចាស់វស្សារូបនេះក៏មិនអាចដឹងថា តើលោកនឹងមានលទ្ធភាពវិលចូលឆាកនយោបាយវិញឬយ៉ាងណា។
លោកថ្លែងថា៖ «សាលាឧទ្ធរណ៍គួរតែពន្លឿននីតិវិធីករណីលោក កឹម សុខា នេះឲ្យបានឆាប់ ជាពិសេសពន្លឿននីតិវិធីឈានទៅដល់ការប្រកាសសាលដីកាទៅលើករណីនេះ ដើម្បីកុំឲ្យមានការរិះគន់ជាបន្តទៅទៀត ព្រោះកន្លងមក យើងឃើញថា មានការរិះគន់ច្រើនដែរទាក់ទងនឹងករណីលោក កឹម សុខា នេះ ថាជាករណីដែលជាប់ពាក់ព័ន្ធនឹងរឿងនយោបាយអីជាដើម។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុកលោក នី សុខា យល់ថា សាលាឧទ្ធរណ៍គួរតែពន្លឿននីតិវិធីជំនុំជម្រះសំណុំរឿងលោក កឹម សុខា ដែលជាអ្នកនយោបាយជាន់ខ្ពស់មួយរូប ដែលត្រូវការសិទ្ធិនៅក្នុងការធ្វើនយោបាយឡើងវិញ ដើម្បីជ្រោមជ្រែងដល់ដំណើរការប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ដូច្នេះ បើសិនជាយើងនៅពន្យារពេល ឬក៏យើងនៅអូសបន្លាយពេលវេលាបែបនេះ វាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិក្នុងការចូលរួមក្នុងវិស័យនយោបាយរបស់គាត់ ហើយដែលយើងដឹងថា នេះជារឿងមួយដើម្បីធានាបាននូវដំណើរការប្រជាធិបតេយ្យរឹងមាំមួយនៅក្នុងប្រទេកម្ពុជាយើងផង គឺត្រូវការឲ្យមានវត្តមានរបស់ក្រុមអ្នកដែលគេហៅថា ក្រុមគណបក្សជំទាស់នៅក្នុងរដ្ឋាភិបាល ឬក៏គណបក្សជំទាស់នៅក្នុងរដ្ឋសភាហ្នឹងឲ្យបាន ធ្វើយ៉ាងណាឲ្យមានជាលក្ខណៈពហុបក្សឲ្យបានត្រឹមត្រូវ»។
បើតាមលោក នី សុខា កម្ពុជាអាចនឹងរងសម្ពាធឬទណ្ឌកម្មផ្សេងៗពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ បើសិនរឿងក្តីលោក កឹម សុខា មិនត្រូវបានដោះស្រាយប្រកបដោយភាពត្រឹមត្រូវនិងឆាប់រហ័សនោះ។
លោក កឹម សុខា ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសពីបទសន្ទិដ្ឋិភាពជាមួយបរទេសឬគប់គិត ត្រូវរ៉ូវគ្នាជាមួយបរទេសដែលស្មើនឹងអំពើក្បត់ជាតិ កាលពីឆ្នាំ ២០២៣។ លោកត្រូវបានដាក់ឲ្យស្ថិតក្រោមការឃុំខ្លួននៅក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ។ អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនេះក៏ត្រូវបានតុលាការដកហូតសិទ្ធិធ្វើនយោបាយទាំងអស់ ហើយលោកក៏មិនត្រូវបានអនុញ្ញាតឲ្យជួបជនបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។
អង្គការសិទ្ធិមនុស្សនិងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនបានរិះគន់ការផ្តន្ទាទោសនេះ ហើយបានស្នើឱ្យកម្ពុជាសា្តរលទ្ធិប្រជាធិបតេយ្យឡើងវិញ។
អ្នកស្រី ម៉េង សុភារី សហមេធាវីការពារក្តីលោក កឹម សុខា ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា គិតចាប់តាំងពីក្រុមមេធាវីបានដាក់លិខិតស្នើឲ្យសាលាឧទ្ធរណ៍បន្តនីតិវិធីជំនុំជម្រះចំនួនពីរលើកចុងក្រោយ គឺកាលពីខែតុលា និងវិច្ឆិកា ឆ្នាំ ២០២៤ មក ភាគីមេធាវីការពារក្តីលោក កឹម សុខា មិនទាន់មានដំណឹងជាក់លាក់ពីសាលាឧទ្ធរណ៍ ពាក់ព័ន្ធនឹងការបន្តនីតិវិធីជំនុំជម្រះក្តីក្តាំលោកកឹម សុខា ដែលកំពុងស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះនៅឡើយទេ។
អ្នកស្រីថ្លែងថា៖ «ចំពោះរឿងក្តីរបស់ឯកឧត្តម កឹម សុខា រហូតមកដល់ពេលនេះ នៅមិនទាន់មានតម្រុយ ឬមួយក៏មានដំណឹងណាមួយពីតុលាការថានឹងកំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់កម្មវិធីសវនាការបន្តរបស់គាត់ទៀតទេ»។
រីឯសហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន បានកត់សម្គាល់ថា ក្តីក្តាំលោកកឹម សុខា បានកើតឡើង នៅក្រោយពេលមានការចាប់ខ្លួនអតីតមេដឹកនាំបក្សជំទាស់រូបនេះនិងការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាដើមហេតុនាំមកនូវសម្ពាធផ្សេងៗពីបណ្តាប្រទេសលោកខាងលិចមកលើកម្ពុជា។
លោកយល់ថា ករណីលោក កឹម សុខា គួរតែត្រូវបានដោះស្រាយប្រកបដោយតម្លាភាពនៅតុលាការ ខណៈរឿងនេះមានជាប់ហេតុផលនយោបាយដែលគួរតែសម្របសម្រួលបញ្ចប់តាមផ្លូវនយោបាយ។
បើតាមលោក អ៊ូ ច័ន្ទរ័ត្ន សំណុំរឿងលោក កឹម សុខា នឹងបន្តមានឥទ្ធិពលអាក្រក់លើបរិយាកាសវិនិយោគនៅកម្ពុជា ប្រសិនរឿងដែលគេយល់ថាជាការរំលោភសិទ្ធិមនុស្ស នៅតែមិនអាចត្រូវលាងឲ្យជ្រះស្រឡះពីខែ្សភ្នែកវិនិយោគិននៅតាមបណ្តាប្រទេសលោកសេរី។
លោកថ្លែងថា៖ «ហើយករណីនេះមិនត្រឹមតែរឿងចំពោះរដ្ឋ និងរដ្ឋទេ វាពាក់ព័ន្ធទៅដល់អ្នកវិនិយោគទុនផ្សេងៗផងដែរ។ បើសិនជាមានការដោះស្រាយបានល្អប្រសើរ ខ្ញុំគិតថា ដំណើរការប្រជាធិបតេយ្យក្តី ការគោរពសិទ្ធិមនុស្សក្តី អាចនឹងរើបឡើងវិញ ហើយអាចផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនផ្សេងៗមកកម្ពុជាផង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោកឃុន លាងម៉េង បាននៅឡើយទេ ដោយលោកមិនទាន់ឆ្លើយតបសំណួរដែលផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រោម
គួររំឭកថា នៅពេលផ្តើមដំណើរការជំនុំជម្រះសំណុំរឿងលោក កឹម សុខា នៅសាលាឧទ្ធរណ៍ភ្នំពេញ ភាគីមេធាវីលោកកឹម សុខា បានស្នើឲ្យមានការកោះហៅមន្ត្រីនគរបាលមកបំភ្លឺពីការចាប់ខ្លួនអតីតមេបក្សប្រឆាំងរូបនេះ កាលពីឆ្នាំ ២០១៧។ ក៏ប៉ុន្តែចៅក្រមសាលាឧទ្ធរណ៍បានបដិសេធចោលសំណើនោះ ក្រោមហេតុផលថា ការកោះហៅមន្ត្រីនគរបាលគួរធ្វើឡើងក្នុងតំណាក់កាលស៊ើបសួរ។
ដំណាលពេលមានការបើកសវនាការនៅសាលាឧទ្ធរណ៍នោះ សហមេធាវីការពារក្តីលោក កឹម សុខា បានអះអាងថា កូនក្តីរបស់ពួកគេគឺជាអ្នកនយោបាយអហិង្សាដែលដើរតាមគោលការណ៍នៃការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដោយមិនមែនជាបុគ្គលដែលមានគំនិតគិតប្រើអំពើហិង្សាដើម្បីដណ្តើមអំណាចនោះទេ៕
វេទិកាបញ្ចេញមតិ