ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី៖​ លោក កឹម សុខា ​ធ្វើ​នយោបាយ​ឈរ​លើ​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ និង​អហិង្សា


លោក ផែង ហេងសហ​មេធាវីការពារ​ក្តីលោក​​កឹម សុខា ថ្លែង​នៅ​ក្រៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​ ថ្ងៃទី​២០ ខែមិថុនា​ ឆ្នាំ​២០២៤។​ (ហ៊ុល​ រស្មី/​វីអូអេ)​
លោក ផែង ហេងសហ​មេធាវីការពារ​ក្តីលោក​​កឹម សុខា ថ្លែង​នៅ​ក្រៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​ ថ្ងៃទី​២០ ខែមិថុនា​ ឆ្នាំ​២០២៤។​ (ហ៊ុល​ រស្មី/​វីអូអេ)​

សហ​មេធាវី​ការពារក្តី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​លោក ​កឹម សុខា ​បាន​បន្ត​ការពារ​កូន​ក្តី​ថា​ ជា​អ្នក​នយោបាយ​ដែល​ដើរ​តាម​គោល​ការណ៍​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ ​ក្នុង​ពេល​ដែល​តុលាការ​សាលា​ឧទ្ធរណ៍​កំពុង​បន្ត​សវនាការ​ជំនុំ​ជម្រះ​បណ្តឹង​សាទុក្ខ​របស់​មេ​ដឹកនាំ​នយោបាយ​ជំទាស់​រូប​នេះ។​

ក្រោយ​សវនាការ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ សហ​មេធាវី​ការពារ​ក្តី​លោក ​កឹម សុខា ​មួយ​រូប ​គឺ​លោក ​ផែង ហេង​ ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​ក្រៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ថា​ កូនក្តី​គឺ​ជា​អ្នក​នយោបាយ​អហិង្សា​និយម​ ពោល​គឺ​មិន​មែន​ជា​បុគ្គល​ដែល​មាន​គំនិត​គិត​ប្រើ​អំពើ​ហិង្សា​ដើម្បី​ដណ្តើម​អំណាច​នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «ការ​ចោទ​ឯកឧត្តម​កឹម​ សុខា​នេះ​ គឺ​មិន​មាន​ភាព​ប្រាកដ​ប្រជា​ទេ​ ព្រោះ​ទាំង​សម្តី​ ទាំងការ​អនុវត្ត​ជាក់​ស្តែង​របស់​គាត់​គឺ​ តាំង​ពី​មុន​បង្កើត​សង្គ្រោះ​ជាតិ ​តាំងពី​អាណត្តិ​ទី​១​មក​ គឺ​គាត់​តែង​តែ​ធ្វើ​កិច្ច​ការ​ដោយ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ ដែល​ខ្ញុំ​នៅ​ចាំ ​សូម្បី​តែ​នៅ​សភា​ ក៏​គាត់​ជា​ប្រធាន​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​ ហើយ​មក​ព្រឹទ្ធ​សភា​ដែល​គាត់​ចូល​មក​ហ៊្វុនស៊ិនប៉ិច​ ក៏​គាត់​ជា​ប្រធាន​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​ក្នុង​កូតា​ហ៊្វុនស៊ិនប៉ិច​នៅ​ព្រឹទ្ធ​សភា​ដែរ​ រហូត​ដល់​គាត់​បង្កើត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស»។​

បើ​តាម​លោក​ ផែង ហេង​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​មើល​រំលង​ពី​សមិទ្ធ​ផល​ការងារ​ និង​ពាក្យ​សម្តី ​និង​របៀប​របប​នៃ​ការ​ធ្វើ​នយោបាយ​ដោយ​អហិង្សា​របស់​លោក​កឹម សុខា។​ លោក​បន្ថែម​ថា​ អយ្យការ​ក៏​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ ​ដើម្បី​ដាក់​បន្ទុក ​និង​គាំទ្រ​ដល់​ការ​ចោទ​ប្រកាន់​លើ​កូន​ក្តី​របស់​លោក​ដែរ។​

លោក​ថ្លែង​ថា៖​ «ផ្ទុយ​ទៅ​វិញ​ ឯកឧត្តម ​កឹម សុខា​ ទាំង​សម្តី​ ទាំង​សកម្មភាព​ ទាំង​រូបភាព​ និង​ លទ្ធផល​ការងារ​របស់​គាត់​ គឺ​បញ្ជាក់​ថា​ គាត់​ជា​អ្នក​អហិង្សា។​ គាត់​ជា​អ្នក​នាំ​ប្រជា​ពលរដ្ឋ​ទៅ​បោះឆ្នោត​ ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នេះ ​ក៏​គាត់​បាន​ពន្យល់​នៅ​ក្នុង​សុន្ទរកថា​ គាត់​ជា​ច្រើន​ ដូច្នេះ​ហើយ​ការ​ដែល​ប្តឹង​មក​សាលា​ឧទ្ធរណ៍​នេះ​គឺ​យើង​នឹង​លើក​អំពី​ចំណុច​ខ្វះ​ខាត​ក្នុង​សាលក្រម​ ដែល​មិន​បាន​គិតគូរ​ដល់​ពី​ភស្តុតាង​ដោះ​បន្ទុក​របស់​ឯក​ឧត្តម​ កឹម សុខា»។​

ការ​អត្ថាធិប្បាយ​របស់​លោក ​ផែង ហេង ​អំពី​ប្រវត្តិ​នយោបាយ​របស់​លោក​ កឹម សុខា ​កើត​ឡើង​ ខណៈ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​បន្ត​ស្តាប់​ភស្តុតាង​ពាក់​ព័ន្ធ​ផ្សេងៗ​ក្នុង​សំណុំ​រឿង​របស់​លោក ​កឹម សុខា​ នៅ​ក្នុង​សវនាការ​លើក​ទី​១១​ ដែល​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។​

លោកអាង ឧត្តម​ សហ​មេធាវីការពារ​ក្តី​លោក​កឹម សុខា ថ្លែង​នៅ​ក្រៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​ ថ្ងៃទី​២០ ខែមិថុនា​ ឆ្នាំ​២០២៤។​ (ហ៊ុល​ រស្មី/​វីអូអេ)
លោកអាង ឧត្តម​ សហ​មេធាវីការពារ​ក្តី​លោក​កឹម សុខា ថ្លែង​នៅ​ក្រៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​ ថ្ងៃទី​២០ ខែមិថុនា​ ឆ្នាំ​២០២៤។​ (ហ៊ុល​ រស្មី/​វីអូអេ)

សហ​មេធាវី​ការពារក្តី​ឱ្យ​លោក​ កឹម សុខា ​មួយ​រូប​ទៀត​ គឺលោក ​អាង ឧត្តម ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ក្រុម​មេធាវី​នឹង​ជំរុញ​ឱ្យ​តុលាការ​សាលាឧទ្ធរណ៍​ពិនិត្យ​លើ​ភស្តុតាង​ដែល​ដោះ​បន្ទុក​លោក​ កឹម សុខា ​ដោយសារ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចៅក្រម​ពឹង​ផ្អែក​ខ្លាំង​តែ​លើ​របាយ​ការណ៍​របស់​នគរបាល។​

លោក​ថ្លែង​ថា៖​ «ចៅក្រម​សាលាដំបូង​គាត់​លើក​យក​តែ​ចំណុច​ យក​តែ​ភស្តុតាង​ណា​ដែល​គាត់​យល់​ថា​ជា​ភស្តុតាង​មាន​ប្រយោជន៍​សម្រាប់​ដាក់​បន្ទុក ឯ​ភស្តុតាង​ដែល​យើង​បាន​ដាក់​ជាច្រើន​ ដូច​ជា​ភស្តុតាង​ផ្ទុយ​ ភស្តុតាង​ដោះបន្ទុក​ តុលាការ​អត់​មាន​លើក​យក​មក​អះអាង​ទេ។ ​អត់​មាន​លើក​យក​មក​អះអាង​ទេ​ គឺ​ភាគ​ច្រើន​ពឹង​ផ្អែក​ទៅ​លើ​របាយ​ការណ៍​នគរបាល ភាគ​ច្រើន​បំផុត។ ​ដល់​គាត់​ទាល់​ចំណុច​ ដឹង​ម៉េច​ ​គាត់​លើក​ដូច​លោក​ ផែង ហេង ​លើក​អំបាញ់មិញ​ថា​ ទាល់​ចំណុច​ ឯកឧត្តម​កឹម សុខា​ ទៅ​ជា​... ​ទង្វើ​ក្បត់​ពាក្យ​សម្តី​ទៅ​វិញ ​ហើយ​សុទ្ធ​តែ​យក​លេស​អ៊ីចេះ យក​លេស​អ៊ីចុះ​រហូត​ គឺ​ថា​ គ្មាន​មូលដ្ឋាន​ច្បាប់។​ យើង​នឹង​តតាំង​គ្នា​លម្អិត​នៅ​ក្នុង​សេចក្តី​សន្និដ្ឋាន​របស់​យើង​នៅក្នុង​ពេល​ចុង​បញ្ចប់»។​

អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ លោក ​ឃុន លាងម៉េង​ បញ្ជាក់​ប្រាប់​វីអូអេ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ដំណាក់​កាល​សវនាការ​លើក​ទី​១១​ នេះ​ «ក្រុម​ប្រឹក្សា​ពិនិត្យ​ភស្តុតាង​ទាំង​អស់​ទាំង​ភស្តុតាង​ដាក់​បន្ទុក​ និង​ដោះ​បន្ទុក​ដើម្បី​ក្រុម​ប្រឹក្សា​សភា​ព្រហ្មទណ្ឌ​យក​មក​ពិចារណា»។​

មុន​នឹង​ឈាន​ដល់​ដំណាក់​កាល​ពិនិត្យ​ភស្តុតាង​ផ្សេងៗ​ឡើង​វិញ​ក្នុង​សំណុំ​រឿង​លោក ​កឹម សុខា ​នេះសហ​មេធាវី​ការពារ​ក្តី​លោក​កឹម សុខា ​បាន​បញ្ជាក់​ថា​ សវនាការ​បណ្តឹង​សាទុក្ខ​របស់​លោក ​កឹម សុខា​ នឹង​ធ្វើ​ឡើង​ត្រឹម​តែ​៩​លើក​ប៉ុណ្ណោះ ​ ប៉ុន្តែ​សវនាការ​បាន​អូស​ពេល​មក​ដល់​លើក​ទី​១១​ នៅ​ថ្ងៃ​ទី​២០​ ខែ​មិថុនា​នេះ​ ហើយ​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​បន្ត​ទៀត​នៅ​ថ្ងៃទី​៤​ ខែ​កក្កដា​ ខាង​មុខ។

លោក យី សុខសាន្ត​ នៅសាលាឧទ្ធរណ៍ភ្នំពេញ ថ្ងៃទី​២០ ខែមិថុនា​ ឆ្នាំ​២០២៤។ (ហ៊ុល រស្មី/វីអូអេ)​
លោក យី សុខសាន្ត​ នៅសាលាឧទ្ធរណ៍ភ្នំពេញ ថ្ងៃទី​២០ ខែមិថុនា​ ឆ្នាំ​២០២៤។ (ហ៊ុល រស្មី/វីអូអេ)​

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​លោក​ យី សុខសាន្ត​ ដែល​តាម​ដាន​សវនាការ​របស់​លោក​ កឹម សុខា ​ថ្លែង​ថា​ សវនាការ​ជំនុំ​ជម្រះ​នៅ​សាលា​ឧទ្ធរណ៍​អាច​នឹង​មាន​រយៈ​ពេល​យូរ​ ព្រោះ​កាល​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​តុលាការ​បាន​បើក​សវនាការ​រហូត​ដល់​ជាង​៦០​ដង។​

លោក​ថ្លែង​ថា៖ ​«បើ​តាម​ការ​កត់​សម្គាល់​ ​អា​នេះ​វា​ទៅ​តាម​សាច់​រឿង​នៃ​ប្រធាន​ក្រុម​ប្រឹក្សា​ដែល​គាត់​ដាក់​ថាដោយ​សារ​តែ​រឿង​នេះ​ វា​មាន​ច្រើន​ ហើយ​កន្លង​មក​ បើ​យើង​គិត​នៅ​ក្នុង​សាលា​ដំបូង​ វា​រហូត​ដល់​ទៅ​៦០​ជាង​សវនាការ​ ហើយ​ពេល​មក​ឧទ្ធរណ៍​ ទោះបី​បង្រួញ​យ៉ាង​ណា​ក៏​មិន​អាច​តិច​ដែរ​ តាម​ការ​កត់​សម្គាល់»។​

ចំណែក​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត ​យល់​ថា​ សំណុំ​រឿង​លោក​ កឹម សុខា​ មាន​ជាប់​ហេតុផល​នយោបាយ​ ដូច្នេះ​លោក​ថា​ មាន​តែ​ការ​ស្រុះ​ស្រួល​ខាង​នយោបាយ​ប៉ុណ្ណោះ​ដែល​អាច​បើក​ផ្លូវ​ឱ្យ​អ្នក​នយោបាយ​ជំទាស់​ចាស់​វស្សា​រូប​នេះ​អាច​វិល​ចូល​ឆាក​នយោបាយ​សាជា​ថ្មី។​

លោក ​កឹម សុខា ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោស​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ​ឬ​គប់គិត ​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​បរទេស ​ដែល​ស្មើ​នឹង​អំពើ​ក្បត់​ជាតិ​កាល​ពី​ឆ្នាំ​២០២៣ ​ហើយ​តាម​ការ​ផ្តន្ទាទោស​នោះ​ លោក​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ​រយៈ​ពេល​២៧​ឆ្នាំ។ ​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​រូប​នេះ​ក៏​ត្រូវ​បាន​តុលាការ​ដក​ហូត​សិទ្ធិ​ធ្វើ​នយោបាយ​ទាំង​អស់​ ហើយ​លោក​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​ជន​បរទេស ​លើក​លែង​តែមាន​ការ​អនុញ្ញាត​ពី​តុលាការ។​ អង្គការ​សិទ្ធិ​មនុស្ស​ និង​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​រិះគន់​ការ​ផ្តន្ទាទោស​នេះ ​និង​ស្នើ​ឱ្យ​កម្ពុជា​សា្តរ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG