ជាថ្មីម្តងទៀត អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន៧៨បានសម្តែងការមិនពេញចិត្តចំពោះការបន្តឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស ហើយបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវការយាយីតាមផ្លូវតុលាការ និងការប្រើប្រាស់អំពើហិង្សានានាមកលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញកាលពីថ្ងៃអាទិត្យម្សិលមិញ។
ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាបានបដិសេដការទទូចនេះ ដោយលើកឡើងថា តុលាការកម្ពុជាកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ និងដោយឯករាជ្យ។
លោកនី ចរិយា អគ្គលេខាធិការរងគ.ជ.ប. និងមន្ត្រីសមាគមអាដហុកបួនរូបផ្សេងទៀត រួមមានលោកនី សុខា លោកណៃ វ៉ង់ដា លោកយី សុខសាន្ត និងលោកស្រីលឹម មុន្នី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងនាំទៅសាកសួរកាលពីចុងខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ។
គិតត្រឹមថ្ងៃទី៦ ខែមីនាឆ្នាំ២០១៧នេះ អ្នកទាំង៥ត្រូវបានឃុំខ្លួនអស់រយៈពេលចំនួន៣១២ថ្ងៃ ឬប្រហែល១០ខែ។ ក្នុងអំឡុងពេលនេះ អ្នកទាំង៥ត្រូវបានតុលាការបដិសេធការស្នើសុំនៅក្រៅឃុំ៦ដងមកហើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដដែល។
សេចក្តីថ្លែងការណ៍នេះលើកឡើងថា ការវាយប្រហារលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជានាពេលចុងក្រោយនេះគឺហាក់ដូចជាយុទ្ធសាស្ត្ររបស់អាជ្ញាធរកម្ពុជាដែលបានគិតទុកយ៉ាងច្បាស់លាស់ក្នុងការដាក់ទណ្ឌកម្ម និងរារាំងការបញ្ចេញសំឡេងជំទាស់នានា ខណៈការបោះឆ្នោតឃុំសង្កាត់នឹងឈានចូលមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុន ហើយនឹងការបោះឆ្នោតជាតិនាឆ្នាំ២០១៨។
អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិទាំង៧៨គូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖
«យើងមានការព្រួយបារម្ភចំពោះការកើនឡើងនៃភាពធ្ងន់ធ្ងរនៃការបង្ក្រាបរបស់រដ្ឋាភិបាលមកលើសេរីភាពមូលដ្ឋាន ដែលអ្នកការពារសិទ្ធិមនុស្សត្រូវបានក្លាយជាគោលដៅនៃការគំរាមកំហែង ការយាយីតាមផ្លូវតុលាការ និងការប្រើប្រាស់អំពើហិង្សា។ ... ការវាយប្រហារមកលើបុគ្គលដែលធ្វើការលើបញ្ហាសិទ្ធិមនុស្សដោយសន្តិភាព និងត្រឹមត្រូវតាមផ្លូវច្បាប់ គឺជារឿងខុសច្បាប់ មិនអាចទទួលយកបាន និងត្រូវតែបញ្ឈប់»។
អ្នកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលជាហត្ថលេខីមួយរូបនៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ បញ្ជាក់ប្រាប់ VOA ថា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិទាំង៧៨ចង់ឲ្យរដ្ឋាភិបាល និងតុលាការធានាថា មន្ត្រីការពារសិទ្ធិមនុស្សទាំង៤រូប និងបុគ្គលិកគ.ជ.ប.មួយរូបទទួលបានសិទ្ធិជំនុំជម្រះដោយយុត្តិធម៌។
«...ចង់ឃើញស្ថានការណ៍មួយ ជាពិសេសសិទ្ធិមនុស្ស ហើយជាពិសេសតួអង្គសំខាន់ ដែលដើរតួក្នុងការលើកកម្ពស់ការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាត្រូវបានការពារ ជាជាងការត្រូវបានដាក់ទោសទណ្ឌ»។
សេចក្តីថ្លែងការណ៍ដដែលនេះក៏បានលើកឡើងអំពីករណីរបស់សកម្មជនតវ៉ាដីធ្លីដ៏លេចធ្លោមួយរូបគឺលោកស្រីទេព វន្នី ដែលត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ កាលពីសប្តាហ៍មុនពីបទ«ប្រើប្រាស់អំពើហិង្សាដោយចេតនា»។
បន្ថែមពីលើនេះ សេចក្តីថ្លែងការណ៍បានរៀបរាប់បន្តទៀតថា អ្នកឃ្លាំមើលការរំលោភបំពានសិទ្ធិមនុស្សចំនួន២រូបត្រូវបានតុលាការកោះហៅដើម្បីសាកសួរក្រោមការសង្ស័យថា បានប្រព្រឹត្តល្មើសពីបទ«ហិង្សាដោយចេតនា» អំឡុងពេលបាតុកម្ម បើទោះបីជាពួកគេផ្ទាល់គឺជាជនរងគ្រោះនៃការវាយដំពីសំណាក់កងកម្លាំងសន្តិសុខក៏ដោយ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់ VOA ថា សេចក្តីថ្លែងការណ៍នេះគឺជាការកាន់ជើងមន្ត្រីសង្គមស៊ីវិលគ្នាឯងប៉ុណ្ណោះ។លោកថា មិនថា បុគ្គលទាំងនោះមានសមាសភាពជាអ្វីនោះទេ ពួកគេត្រូវប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ដូចគ្នា។
«គាត់យល់តែម្ខាង គាត់កាន់ជើងគ្នាគាត់។ ខ្មែរគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ អីចឹងមិនមែនថា ព្រះសង្ឃ សាសនា អ្នកបួស ឬអ្នកធ្វើការក្រៅរដ្ឋាភិបាល ឬសង្គមស៊ីវិលអីទេ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ទាំងអស់គ្នា។ ឲ្យតែប្រព្រឹត្តបទល្មើសហើយគឺត្រូវទទួលខុសត្រូវមុខច្បាប់»។
កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសអាមេរិកបានចេញផ្សាយរបាយការណ៍មួយស្ដីពីសិទ្ធិមនុស្សឆ្នាំ២០១៦។ របាយការណ៍នេះឲ្យដឹងថា កម្ពុជាកំពុងជួបប្រទះបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងររួមមាន ប្រព័ន្ធតុលាការគ្មានប្រសិទ្ធភាព និងស្ថិតក្រោមឥទ្ធិពលរបស់អ្នកនយោបាយ ការកើនឡើងនៃការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ ព្រមទាំងការព្រមាន និងការចាប់ដាក់ពន្ធនាគារដើម្បីបំបិទសំឡេងប្រឆាំងរដ្ឋាភិបាល។
លោកសុខ ឥសាន បានលើកឡើងថា ការវាយតម្លៃដែលថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនល្អនោះ គឺមិនមានអ្វីភ្ញាក់ផ្អើលនោះទេ។ ហើយលោកបន្តថា រដ្ឋាភិបាលកម្ពុជាមិនបានលូកដៃចូលក្នុងភាពឯករាជ្យរបស់តុលាការនោះទេ។
«យើងអត់មានជ្រៀតជ្រែកអីទៅក្នុងកិច្ចការតុលាការទេ។ រាល់បញ្ហាដែលសម្តេចតេជោហ៊ុន សែន លោកមានប្រសាសន៍ពាក់ព័ន្ធនឹងបញ្ហាតុលាការ មិនមានន័យថា បញ្ជា បង្គាប់ ឬលូកដៃចូលកិច្ចការផ្ទៃក្នុងតុលាការទេ។ ប៉ុន្តែជាការមានមតិ បង្ហាញការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខទុក្ខពលរដ្ឋ ដែលពាក់ព័ន្ធនឹងផ្លូវតុលាការ។ ការចាត់ចែងយ៉ាងណា វាអាស្រ័យទៅលើសិទ្ធិឯករាជ្យរបស់តុលាការ»។
បើតាមរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកដដែល វប្បធម៌និទណ្ឌភាពនៅកម្ពុជានៅតែកើតមាន បើទោះបីជានាពេលកន្លងមក រដ្ឋាភិបាលកម្ពុជាបានផ្ដន្ទាទោសមន្ដ្រីរបស់ខ្លួនមួយចំនួនក៏ដោយ៕